១៦ ឧសភា ២០២៦

Written on 10/02/2026
Mary Siya Khim

បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ

(បុណ្យឱឡារិក)

(ពេលល្ងាចទី១)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៣

បន្ទរទី១៖ ខ្ញុំ​បាន​ចេញ​ពី​ព្រះ‌បិតា​មក​ក្នុង​លោក​នេះ ហើយ​ឥឡូវ ខ្ញុំ​ចេញ​ពី​លោក​នេះ​ទៅ​ឯ​ព្រះ‌បិតា​វិញ» អាលេលូយ៉ា!

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ! ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!

តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!

ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។

តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត

ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។

ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ

ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ត្រីអារ​មាន​កូន
ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ខ្ញុំ​បាន​ចេញ​ពី​ព្រះ‌បិតា​មក​ក្នុង​លោក​នេះ ហើយ​ឥឡូវ ខ្ញុំ​ចេញ​ពី​លោក​នេះ​ទៅ​ឯ​ព្រះ‌បិតា​វិញ» អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១១៧

បន្ទរទី២៖ កាល​ព្រះ‌អម្ចាស់​យេស៊ូមាន​ព្រះ‌បន្ទូល​ទាំង​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ ឱ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ អាលេលូយ៉ា!

(បទពាក្យ៧)

១- ឱប្រជាជនទាំងឡាយអើយ ចូរសរសើរហើយលើកតម្កើង  
  អស់ប្រជារាស្រ្តឆ្មៃឆ្មើង តម្កើងសិរីនៃព្រះអង្គ
២- ដ្បិតព្រះអង្គមានហឫទ័យ ករុណាប្រណីពេកកន្លង  
  សប្បុរសស្មោះស្ម័គ្រឥតមានហ្មង នឹងយើងរហូតតរៀងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ កាល​ព្រះ‌អម្ចាស់​យេស៊ូមាន​ព្រះ‌បន្ទូល​ទាំង​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ ឱ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)

បន្ទរទី៣៖ ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្សប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពីស្ថាន​បរម‌សុខ​មក អាលេលូយ៉ា!

១៧ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះ
ហើយ​ក៏​មាន​ព្រះ‌ជន្ម​គង់​នៅតាំង​ពី​ដើម​រៀង​មក​ដែរ!
យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ព្រោះ​ព្រះអង្គ​បាន​យក​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លារបស់​ព្រះ‌អង្គ
មក​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ឡើង។
១៨
ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង
ហើយ​ពេល​ដែល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ពិរោធក៏​មក​ដល់​ដែរ
គឺ​ជា​ពេល​កំណត់​ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោសមនុស្ស​ស្លាប់។
នៅ​ពេល​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់ពួក​ព្យាការី
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដល់​ប្រជាជន​ដ៏‌វិសុទ្ធ
និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ‌នាម​ព្រះ‌អង្គ
ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ហើយ​ក៏​ជា​ពេល​ដែល​ព្រះ‌អង្គ
ត្រូវ​បំផ្លាញអស់​អ្នក​ដែល​បាន​បំផ្លាញ​ផែន‌ដី​ដែរ»។
១០
«ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ
ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យព្រះ‌ជាម្ចាស់​របស់​យើង
ព្រម​ទាំង​អំណាច​ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ក៏​បាន​មក​ដល់​ដែរ
ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង‌ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ
គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង‌ប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់
នៅ​មុខ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​របស់​យើង។
១១
បង‌ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ
ហើយ​បង‌ប្អូន​ទាំង​នោះ​បាន​ស៊ូប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។
១២
ហេតុ​នេះ ស្ថាន​បរម‌សុខ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ
ចូរ​មាន​អំណរ​សប្បាយ​ឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្សប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពីស្ថាន​បរម‌សុខ​មក អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ២,៤-៦)

ព្រះ‌ជាម្ចាស់​ដែល​តែង‌តែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឱ្យ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​ព្រះ‌គ្រីស្ត​វិញ​ដែរ។ ព្រះ‌ជាម្ចាស់បាន​សង្គ្រោះ​បង‌ប្អូន មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស។ ព្រះ‌អង្គបាន​ប្រោស​យើង​ឱ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ និង​ឱ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរម‌សុខ រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

បន្ទរ៖ ព្រះ‌ជាម្ចាស់យាង​ឡើង​ទៅ ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះ‌អម្ចាស់​យាង​ទៅ​មុខ អម​ដោយ​សំឡេង​ត្រែ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ទូល‌បង្គំបាន​សម្ដែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ឱ្យ​អស់​អ្នក ដែល​ព្រះ‌អង្គ​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ទូល‌បង្គំ​ស្គាល់​ហើយ។ ទូល‌បង្គំសូម​អង្វរ​ព្រះ‌អង្គ​ឱ្យ​អ្នក​ទាំង​នោះ ទូល‌បង្គំមិន​អង្វរ​ព្រះ‌អង្គ​ឱ្យ​មនុស្ស​លោក​ឡើយ ហើយ​ទូល‌បង្គំទៅ​ឯ​ព្រះ‌អង្គ​វិញ អាលេលូយ៉ា!

ពាក្យអង្វរសកល

ចូរយើងប្រកាសអំពីព្រះគ្រីស្តដែលគង់នៅខាងស្តាំព្រះបិតា ដោយអំណរសប្បាយខាងវិញ្ញាណថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់យេស៊ូ ! ព្រះអង្គជាព្រះមហាក្សត្រនៃសិរីរុងរឿង !

ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! ព្រះអង្គបានទទួលយកភាពទន់ខ្សោយរបស់យើងខ្ញុំ ដើម្បីលើកតម្កើងសិរីរុងរឿងនៅស្ថានបរមសុខ សូមព្រះអង្គដកអំពើបាបចេញពីពិភពលោក
—និងសូមស្តារយើងខ្ញុំនូវភាពគ្មានទោស ដែលជារបស់យើងឡើងវិញ មុនពេលយើងធ្លាក់ក្នុងអំពើបាប។ (បន្ទរ)

ព្រះអង្គបានយាងចុះពីស្ថានបរមសុខ មកធ្វើធម្មយាត្រានៃសេចក្តីស្រឡាញ់
—សូមប្រោសឱ្យយើងខ្ញុំដើរតាមផ្លូវដូចគ្នានឹងព្រះអង្គ ដើម្បីចូលទៅកាន់ព្រះភក្រ្តព្រះអង្គ។ (បន្ទរ)

ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងទាញយកអ្វីៗទាំងអស់មកឯព្រះអង្គ
—សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំណាម្នាក់ ឃ្លាតចេញឆ្ងាយពីព្រះកាយព្រះអង្គឡើយ។ (បន្ទរ)

កន្លែងដែលព្រះអង្គយាងទៅមុនយើងខ្ញុំក្នុងសិរីរុងរឿង
—សូមឱ្យយើងខ្ញុំដើរតាមព្រះអង្គអស់ពីចិត្ត និងគំនិត។ (បន្ទរ)

បពិត្រព្រះជាម្ចាស់ ជាព្រះដ៏ពិតប្រាកដ ! យើងខ្ញុំទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអង្គ ប្រៀបដូចជាចៅក្រមរបស់យើង
—សូមឱ្យយើងខ្ញុំមើលឃើញសិរីរុងរឿង និងធម៌មេត្តាករុណារបស់ព្រះអង្គនៅជាមួយមរណបុគ្គលទាំងអស់ផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតា ! ព្រះបុត្រាយាងឡើងស្ថានបរមសុខ នៅពេលក្រុមសាវ័កកំពុងតែសម្លឹងមើល។ សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានកិត្តិយសដ៏ខ្ពស់ ដោយប្រោសឱ្យព្រះយេស៊ូគង់នៅជាមួយយើងខ្ញុំ ក្នុងពេលដែលយើងខ្ញុំរស់នៅលើផែនដីនេះ និងនៅពេលយើងខ្ញុំនៅស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។