១៤ ឧសភា ២០២៦

Written on 04/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៦ ថ្ងៃព្រហស្បតិ៍

សន្តម៉ាធីយ៉ាស ជាគ្រីស្តទូត

(បុណ្យគោរព)

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៦,១០-១៩

បន្ទរទី១៖ គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ‌ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជា‌និច្ច (អាលេលូយ៉ា!)។

១០ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។
១១

ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា 
យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្សណា​ម្នាក់​បាន​ឡើយ។
១២

តើ​ខ្ញុំ​អាច​យក​អ្វីមក​តប​ស្នងនឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អម្ចាស់​បាន​សម្ដែង​មក​លើ​រូប​ខ្ញុំ?
១៣

ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះអម្ចាស់ដែល​បាន​រំដោះ​ខ្ញុំ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៤

ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ។
១៥

ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់
នៅ​ពេល​ប្រជាជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។
១៦

ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ 
ដូច​ម្ដាយ​របស់​ទូល‌បង្គំដែរ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំឱ្យ​រួច​ពី​ស្លាប់។
១៧

ទូលបង្គំសូម​ថ្វាយ​យញ្ញបូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៨

ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ
១៩

គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរទី១៖ គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ‌ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជា‌និច្ច (អាលេលូយ៉ា!)។

ទំនុកតម្កើងលេខ ១២៦

បន្ទរទី២៖ រីឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើជា​អ្នក​បម្រើ​ទៅ​វិញ (អាលេលូយ៉ា!)។

(បទព្រហ្មគីតិ)

១- ពេលព្រះដឹកនាំអ្នក ដែលជំពាក់ខ្លួនជាឈ្លើយ  
  មកក្រុងស៊ីយ៉ូនហើយ យើងធូរស្បើយដូចយល់សប្តិ
២- យើងសើចហ៊ោរសប្បាយ អរក្អាកក្អាយឥតមានឈប់  
  ស្រែកជ័យឃោសន៍សាយសព្វ លាន់សូរស័ព្ទគ្រប់ទិសា
  ពេលនោះក្នុងចំណោម ជាតិទាំងព្រមគេពោលថា  
  ព្រះម្ចាស់មានចេស្តា ធ្វើអស្ចារ្យចំពោះគេ
៣- ព្រះអង្គបានធ្វើការ ដ៏អស្ចារ្យអ្វីម៉េ្លះទេ  
  យើងលែងគិតគ្នាន់គ្នេរ បានល្ហើយល្ហែអរសប្បាយ
៤- ឱព្រះម្ចាស់ឧត្តម សូមប្រោសខ្ញុំឱ្យរីកសាយ  
  ដូចរហោស្ថានឆ្ងាយ សូមប្រែក្លាយមានទឹកហូរ
៥- អ្នកណាសាបព្រោះស្រូវ ដោយសោកសៅគួរអាសូរ  
  ទាំងទឹកភ្នែកជន់ជោរ នឹងច្រូតយកទាំងសប្បាយ
៦- គេយកពូជទៅព្រោះ ទាំងស្រណោះយំសោកស្តាយ  
  ក្រោយមកគេប្រែក្លាយ ហ៊ោសប្បាយដោយអំណរ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ រីឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើជា​អ្នក​បម្រើ​ទៅ​វិញ (អាលេលូយ៉ា!)។

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

បន្ទរទី៣៖ ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ (អាលេលូយ៉ា!)។

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត 
ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង
ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត 
តាំង​ពី​មុន​កំណើត​ពិភពលោក​មក​ម៉្លេះ ដើម្បី​ឱ្យ​យើង​វិសុទ្ធ 
និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ 
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។

ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឱ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ

ដើម្បី​ឱ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស 
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង 
ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។

ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង 
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឱ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។

ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត 
គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាងវៃ​គ្រប់​យ៉ាង។

ព្រះអង្គ​បាន​ប្រោស​ឱ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំង
នៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ តាម​បំណង​ដ៏​សប្បុរស 
ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០

ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឱ្យ​បាន​សម្រេច
នៅ​គ្រា​ចុង​ក្រោយបំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ 
និង​នៅ​លើ​ផែន‌ដី ឱ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,១១-១៣)

គឺ​ព្រះអង្គ​ហើយដែល​បាន​ប្រទាន​ឱ្យ​អ្នក​ខ្លះ​មាន​មុខងារ​ជា​គ្រីស្តទូត ឱ្យ​អ្នក​ខ្លះ​ថ្លែង​ព្រះ‌បន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹងល្អ អ្នក​ខ្លះ​ជា​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន ដើម្បី​រៀបចំ​ប្រជាជន​ដ៏‌វិសុទ្ធ​ឱ្យ​បំពេញ​មុខងារ​បម្រើ និង​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត​ឡើង រហូត​ដល់​យើង​ទាំង​អស់​រួម​គ្នា មាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កម្ពស់​របស់​ព្រះ‌គ្រីស្ត​ដែល​បំពេញ​អ្វីៗ​ទាំង​អស់។
 
បន្ទរ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាអំពីសិរីរុងរឿងរបស់ព្រះអង្គ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖...
-ហើយប្រកាសនៅក្នុងចំណោមប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ មិន‌មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស‌រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស‌រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឱ្យ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​ឱ្យ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។

ពាក្យអង្វរសកល

បងប្អូនជាទីស្រឡាញ់ ! យើងបានសង់ឡើងនៅលើគ្រឹះនៃក្រុមគ្រីស្តទូត។ ចូរយើងទូលទៅព្រះបិតាដ៏មានឫទ្ធានុភាព សម្រាប់ប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះព្រះសហគមន៍របស់ព្រះអង្គ !

បពិត្រព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឱ្យក្រុមគ្រីស្តទូតបានឃើញព្រះបុត្រាព្រះអង្គមុនគេ ក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់ —យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមប្រោសប្រទានឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គ រហូតដល់ចុងបំផុតនៃពិភពលោក។ (បន្ទរ)
 
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកប្រកាសដំណឹងល្អដល់ជនក្រីក្រ
—សូមជួយយើងខ្ញុំឱ្យចេះប្រកាសដំណឹងល្អនេះ ដល់គ្រប់ស្នាព្រះហស្តរបស់ព្រះអង្គផង។ (បន្ទរ)
 
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមក សាបព្រោះគ្រាប់ពូជនៃជីវិតអមតៈ
—សូមប្រោសឱ្យយើងខ្ញុំដែលធ្វើការសាបព្រោះគ្រាប់ពូជនេះ អាចចូលរួមចំណែកក្នុងអំណរសប្បាយនៃការប្រមូលផលនោះផង។ (បន្ទរ)
 
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកសម្រុះសម្រួលយើងខ្ញុំ ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះលោហិតរបស់ព្រះបុត្រា
—សូមជួយយើងខ្ញុំទាំងអស់គ្នា ឱ្យសម្រេចបាននូវកិច្ចការឆ្ពោះទៅរកការផ្សះផ្សានេះផង។ (បន្ទរ)
 
ព្រះបុត្រាគង់នៅខាងស្តាំព្រះអង្គ នៅស្ថានបរមសុខ
—សូមឱ្យមរណបុគ្គលចូលក្នុងព្រះរាជ្យនៃអំណរសប្បាយនោះដែរ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គបានជ្រើសរើសឱ្យសន្តម៉ាធីយ៉ាសចូលរួមក្នុងចំណោមក្រុមគ្រីស្តទូត។ តាមរយៈពាក្យទូលអង្វររបស់លោក សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយដឹងថា ព្រះអង្គស្រឡាញ់យើងខ្ញុំយ៉ាងខ្លាំង និងរាប់បញ្ចូលយើងខ្ញុំនៅក្នុងចំណោមអស់អ្នកដែលព្រះអង្គបានជ្រើសរើស។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។