១១ ឧសភា ២០២៦

Written on 02/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៦ ថ្ងៃចន្ទ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៤៥

ចម្រៀង​នៅ​ពេល​ព្រះរាជា​រៀប​អភិសេក

“ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!” (មថ ២៥,៦)។

បន្ទរទី១ ៖ សូម​លើក​តម្កើង​ព្រះអង្គ​ដែល​យាង​មកក្នុង​ព្រះនាម​ព្រះអម្ចាស់។

(ក)

ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ
ខ្ញុំ​តែង​បទ​ចម្រៀង​នេះ​ថ្វាយ​ព្រះ‌មហា​ក្សត្រ។
សូម​ឱ្យ​សម្ដីខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។

ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ព្រះ‌អង្គ​ទេ​ ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ
ព្រះ‌អង្គ​មាន​សំនួន‌វោហារ​ដ៏​ពូកែ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ប្រទាន​ពរ​ដល់​ព្រះ‌អង្គ​រហូត​ត​ទៅ។

ឱ​វីរ‌បុរស​ដ៏​មាន​ឫទ្ធិអើយ
សូម​ពាក់​ព្រះ‌ខ័នរាជ្យ​ដ៏​រុង‌រឿង និង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​របស់​ព្រះ‌អង្គ​ទៅ។

សូម​ព្រះ‌អង្គ​យាង​គង់​លើ​ព្រះ‌រាជ‌រថប្រកប​ដោយ​សិរី‌រុង​រឿង
ដើម្បី​ច្បាំង​ការ‌ពារ​សេចក្ដីពិត និង​សេចក្ដីសុចរិត​ទៀង​ត្រង់
សូម​ព្រះ‌អង្គ​ទទួល​មហា​ជោគ‌ជ័យ ដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

សូម​ឱ្យ​ព្រួញ​ដ៏​មុត​របស់​ព្រះ‌អង្គបាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ
សូម​ឱ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយនៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌រាជា។

បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
ហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌

ព្រះ‌អង្គ​តែង‌តែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ជា​ព្រះ​របស់​ព្រះ‌អង្គ​
ជ្រើស‌រើស​ព្រះ‌អង្គពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះ‌អង្គ
ហើយ​ប្រទាន​ឱ្យ​ព្រះ‌អង្គមាន​អំណរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ។

ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​ក្រអូប​ទៅ​ដោយក្លិន​ប្រេង​ទេព្វិរូ
និង​ខ្លឹមចន្ទន៍‌ក្រឹស្នា មាន​ក្រុម​តន្ដ្រីប្រគំ​ភ្លេង​ថ្វាយ​ព្រះ‌អង្គ
នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។
១០
ស្រី​ស្នំ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​បុត្រីរបស់​ស្តេច​នគរ​នានា
ហើយ​ព្រះ‌មហា​ក្សត្រិ‌យានី​ ទ្រង់​គ្រឿង​អលង្ការ
ធ្វើពី​មាស​ដ៏​ល្អ​ប្រណីត គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​លើក​តម្កើង​ព្រះអង្គ​ដែល​យាង​មកក្នុង​ព្រះនាម​ព្រះអម្ចាស់។

បន្ទរទី២ ៖ អ្នក​ណា​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ ឱ្យមក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គលការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គលហើយ!» ។ អាលេលូយ៉ា!

(ខ)

(បទព្រហ្មគីតិ)

១១ ព្រះម្ចាស់ក្សត្រីយ៍អើយ កុំកន្តើយសណ្តាប់ខ្ញុំ  
  កុំនឹកនាពួនយំ ដល់រាជវង្សព្រះនាងអី
១២ សូមឱ្យមហាក្សត្រ បានគាប់ចិត្តអង្គក្សត្រីយ៍  
  បង្គំគាល់ក្រាបថ្វាយ កុំនឿយណាយទ្រង់ជាម្ចាស់
១៣ អ្នកមានក្រុងទីរ៉ុស ទាំងស្រីប្រុសមានច្រើនណាស់  
  នាំតង្វាយទាំងអស់ តម្រង់ឆ្ពោះផ្គាប់ក្សត្រី
១៤ ព្រះនាងគង់នៅក្នុង ព្រះរាជវាំងសុខពេកក្រៃ  
  រូបឆោមស្រស់ឥតបី ព្រះភូសារំលេចមាស
១៥ គេដង្ហែព្រះនាង ចូលក្នុងវាំងមនុស្សដេរដាស  
  ភីលៀងមានច្រើនណាស់ ហែទៅគាល់ព្រះរាជា
១៦ ព្រះនាងចូលទៅកាន់ វិមានស្ថានអង្គក្សត្រា  
  អស់ទាំងរាស្ត្រប្រជា គ្រប់ៗគ្នារីករាយក្រៃ
១៧ បពិត្រព្រះមហាក្សត្រ មេត្តាចាត់បុត្រថ្លាថ្លៃ  
  គ្រងរាជ្យដ៏ប្រពៃ តពីព្រះអយ្យកោស្តេច
១៨ ទូលបង្គំនឹងថ្លាថ្លែង រំលឹកចែងឥតមានភ្លេច  
  ព្រះនាមល្អបណ្តាច់ នាំគ្នាលើកថ្កើងព្រះអង្គ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ អ្នក​ណា​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ ឱ្យមក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គលការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គលហើយ!» ។ អាលេលូយ៉ា!

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ

បន្ទរទី៣ ៖  យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះហឫទ័យ​ប្រណីសន្ដោស​ មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះអង្គ អាលេលូយ៉ា !

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង
នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស
ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖  យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះហឫទ័យ​ប្រណីសន្ដោស​ មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះអង្គ អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៨,១ខ-៣ក)

យើង​មាន​មហា​បូជា‌ចារ្យមួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្ថាន​បរម‌សុខ។ ព្រះ‌អង្គ​នៅ​បម្រើ​ក្នុង​ទី‌សក្ការៈ និង​ក្នុង​ព្រះ‌ពន្លាដ៏​ពិត​ប្រាកដ ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។ ចំពោះ​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប គេ​តែង‌តាំង​ឱ្យថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងព្រះនាងម៉ារី 

បន្ទរ៖ ព្រះ‌វិញ្ញាណ​ដែល​សម្ដែង​សេចក្ដីពិត ព្រះ‌អង្គចេញ​ពីព្រះ‌បិតា​មក។ ព្រះ‌អង្គនឹង​ធ្វើជា​បន្ទាល់អំពីខ្ញុំ ហើយ​អ្នក​រាល់​គ្នាក៏ធ្វើជា​បន្ទាល់អំពីខ្ញុំ​ដែរ អាលេលូយ៉ា!

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះគ្រីស្តជាព្រះអម្ចាស់ ដែលបានធ្វើឱ្យពិភពលោកមានសិរីរុងរឿង ដោយការរស់ឡើងវិញរបស់ព្រះអង្គ។ ចូរយើងទូលទៅព្រះអង្គ ដោយអំណរសប្បាយអស់ពីដួងចិត្តថា ៖

បន្ទរ៖ បពិត្រព្រះគ្រីស្តជាម្ចាស់នៃជីវិតយើងខ្ញុំអើយ ! សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត ! ព្រះអង្គបានធ្វើដំណើរតាមផ្លូវជាមួយពួកសាវ័ក
—សូមព្រះអង្គគង់នៅជាមួយព្រះសហគមន៍ ក្នុងដំណើរជីវិតនេះផង។ (បន្ទរ)

សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំយឺតក្នុងការជឿឡើយ
—ប៉ុន្តែ សូមឱ្យយើងខ្ញុំត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកាសពីព្រះអង្គដែលមានជ័យជម្នះលើសេចក្តីស្លាប់។ (បន្ទរ)

សូមព្រះអង្គទតមកអស់អ្នកដែលមិនបានទទួលស្គាល់វត្តមានរបស់ព្រះអង្គ ដោយព្រះហឫទ័យសប្បុរស
—សូមបង្ហាញព្រះអង្គឱ្យពួកគេបានស្គាល់ ដើម្បីពួកគេអាចទទួលស្វាគមន៍ព្រះអង្គទុកជាព្រះសង្រ្គោះ។ (បន្ទរ)

តាមរយៈឈើឆ្កាង ព្រះអង្គបាននាំការសម្រុះសម្រួលមកមនុស្សលោក ក្នុងព្រះកាយរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទានការរួបរួមគ្នា និងសេចក្តីសុខសាន្ត ឱ្យដល់ប្រជាជាតិទាំងឡាយផង។ (បន្ទរ)

ព្រះអង្គវិនិច្ឆ័យទោសទាំងមនុស្សរស់ និងមនុស្សស្លាប់
—សូមព្រះអង្គលើកលែងទោសបាបរបស់គ្រីស្តបរិស័ទ ដែលចែកឋានទៅហើយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាប្រកបដោយធម៌មេត្តាករុណាដ៏លើសលប់ ! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺមនុស្សលោក ឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូល និងជឿសង្ឃឹមលើព្រះគ្រីស្ត។ សូមព្រះអង្គមេត្តាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធយាងមកទាក់ទាញចិត្តមនុស្សលោកសព្វថ្ងៃនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
 
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។