០៨ ឧសភា ២០២៦

Written on 30/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃសុក្រ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៤១

ពាក្យអធិដ្ឋានរបស់អ្នកមានជំងឺ

”ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ” (មក ១៤,១៨)។

បន្ទរទី១ ៖ ព្រះ‌គ្រីស្តមាន​សម្បត្តិ​ដ៏​ច្រើន ព្រះ‌អង្គ​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ ដើម្បី​ឱ្យ​បង‌ប្អូន​បាន​ទៅ​ជា​អ្នក​មាន ដោយ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។ អាលេលូយ៉ា!

អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត មានសុភមង្គលហើយ
នៅថ្ងៃមានអាសន្ន ព្រះអម្ចាស់នឹងរំដោះអ្នកនោះជាមិនខាន។

ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ
ហើយអ្នកនោះ មានសុភមង្គលនៅលើផែនដី
ព្រះអង្គមិនបណ្តោយឱ្យគេធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវឡើយ។

ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេដេកឈឺចុកចាប់
ទោះបីឈឺយ៉ាងណាក្តី ក៏ព្រះអង្គប្រោសគេឱ្យជាសះស្បើយឡើងវិញ។

ខ្ញុំនឹកគិតថា ឱព្រះអម្ចាស់អើយ!
សូមអាណិតមេត្តាប្រោសទូលបង្គំឱ្យបានជាផង
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។

សត្រូវរបស់ទូលបង្គំ នាំគ្នានិយាយអាក្រក់ពីទូលបង្គំ
គេបន់ឱ្យតែទូលបង្គំស្លាប់ គេបន់ឱ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។

អ្នកដែលមកសួរសុខទុក្ខទូលបង្គំ ក៏មានគំនិតមិនល្អ
គេមកប្រមូលដំណឹងអាក្រក់
លុះចេញទៅវិញ គេនិយាយបរិហារពីទូលបង្គំ។

អស់អ្នកដែលស្អប់ទូលបង្គំ
និយាយខ្សឹបខ្សៀវដាក់គ្នាអំពីទូលបង្គំថា
ទូលបង្គំគេចមិនផុតពីស្លាប់។

គេពោលថា “ជំងឺគាត់មើលមិនជាទេ!
គាត់ពុំអាចក្រោកឡើងវិញបានឡើយ”។
១០
សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត
ជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។
១១
ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
សូមប្រោសទូលបង្គំ ឱ្យបានជាឡើងវិញផង
នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ ឱ្យសមនឹងអំពើរបស់គេ។
១២
បើខ្មាំងសត្រូវរបស់ទូលបង្គំ
លែងមានជ័យជម្នះលើទូលបង្គំ
នោះទូលបង្គំដឹងច្បាស់ថា
ព្រះអង្គពិតជាស្រឡាញ់ទូលបង្គំមែន។
១៣
ព្រះអង្គបានជួយទូលបង្គំ
ហើយប្រោសទូលបង្គំឱ្យជាទាំងស្រុង
ព្រះអង្គប្រទានឱ្យទូលបង្គំ
នៅជាមួយព្រះអង្គរហូតតរៀងទៅ។
១៤
សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
តាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! អាម៉ែន!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌គ្រីស្តមាន​សម្បត្តិ​ដ៏​ច្រើន ព្រះ‌អង្គ​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ ដើម្បី​ឱ្យ​បង‌ប្អូន​បាន​ទៅ​ជា​អ្នក​មាន ដោយ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ៤៦

ព្រះជាម្ចាស់ជាជម្រក និងជាបង្អែក​ដ៏​រឹង‌មាំរបស់យើង

”នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា អេម៉ានូអែល” ប្រែ​ថា «ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​យើង» (មថ ១,២៣)។

បន្ទរទី២ ៖ មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រពបុរី​របស់​ព្រះ‌ជាម្ចាស់ អាលេលូយ៉ា!

(បទពាក្យ ៧)​

២- ព្រះអម្ចាស់ជាទីជម្រក ឱ្យយើងចូលជ្រករាល់ខែឆ្នាំ  
  ព្រះអង្គតែងតែប្រុងប្រៀបចាំ មិនមើលបំណាំពេលអាសន្ន
៣- ទោះបីផែនដីប្រេះរញ្ជួយ ភ្នំប្រែរលួយដោយទាន់ហន់  
  ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ ជាច្រើនរយជាន់ខ្ញុំមិនភ័យ
៤- ទោះបីសមុទ្របោកបាចសាច ជួនជោរជួននាចយ៉ាងណាក្តី  
  ទោះភ្នំកក្រើកខ្ទ័រផែនដី ក៏យើងមិនភ័យមិនខ្ចីខ្លាច
៥- មានទន្លេមួយនាំអំណរ សិរីបវរស្រោចបាចសាច  
  បុរីព្រះម្ចាស់មានអំណាច វិសុទ្ធក្រៃពេកព្រះដំណាក់
៦- ព្រះម្ចាស់គង់ក្នុងបុរីណា បានក្តីសុខាមិនអន់អាក់  
  ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ តាំងពីថ្ងៃរះព្រឹកព្រលឹម
៧- ជនជាតិនានាតែងគំរាម នគរកើតសង្គ្រាមភ័យជ្រួលជ្រើម  
  ព្រះម្ចាស់បន្លឺសូរសៀងឡើង ផែនដីត្រូវប៉ើងបែកខ្ចាត់ខ្ចាយ
៨- ព្រះជាអម្ចាស់នៃពិភព ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ  
  ព្រះលោកយ៉ាកុបមិនទន់ជ្រាយ កំពែងមាំក្រៃនៃយើងខ្ញុំ
៩- ចូរនាំគ្នាមើលស្នាព្រះហស្ត របស់ព្រះម្ចាស់ដ៏ឧត្តម  
  កិច្ចការអស្ចារ្យទាំងតូចធំ ដែលទ្រង់ខិតខំលើផែនដី
១០- ទ្រង់បានប្រមូលធ្នូលំពែង ខែលខ្លីដាវវែងគ្មានសល់អី  
  រទេះគ្រឿងក្រោះបោះទៅដី ដុតខ្ទេចគ្មានស្តាយមិនស្រណោះ
១១- ចូរឈប់ច្បាំងទៅត្រូវដឹងថា គឺយើងនេះណាជាព្រះម្ចាស់  
  យើងគ្រប់គ្រងលើជាតិទាំងអស់ មិនសល់ចន្លោះលើលោកា
១២- ព្រះអម្ចាស់នៃភពផែនដី ស្ម័គ្រស្មោះមេត្រីគ្រប់ៗគ្នា  
  គង់នៅជាមួយរាល់វេលា កំពែងការពារដ៏មាំមួន
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រពបុរី​របស់​ព្រះ‌ជាម្ចាស់ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកតម្កើងនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ «ចូរ​ច្រៀង​ថ្វាយ​ព្រះអម្ចាស់ ព្រះអង្គ​មាន​ជ័យជម្នះ​ដ៏​ត្រចះ‌ត្រចង់» អាលេលូយ៉ា!

“ឱព្រះជាម្ចាស់ ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម
គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!

បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ!
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ!
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «ចូរ​ច្រៀង​ថ្វាយ​ព្រះអម្ចាស់ ព្រះអង្គ​មាន​ជ័យជម្នះ​ដ៏​ត្រចះ‌ត្រចង់» អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៥,៨-១០)

ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​ក៏​ដោយ ព្រះ‌អង្គ​ក៏​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​រង‌ទុក្ខ​លំបាក។ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ប្រកាស​តែង‌តាំង​ព្រះ‌អង្គ​ជា​មហា​បូជា‌ចារ្យ តាម​របៀប​ព្រះ‌បាទ​មែល‌គីសេ‌ដែក​ដែរ។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្តសម្លាញ់របស់​ខ្លួន​នោះ​ឡើយ អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ចូរយើងកោតសរសើរព្រះអង្គ ហើយទូលថា ៖

បន្ទរ៖ ឱព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ! សូមប្រទានព្រះពរដល់ប្រជារាស្រ្តព្រះអង្គ !

យើងខ្ញុំសូមទូលអង្វរព្រះយេស៊ូជាអម្ចាស់ សម្រាប់អ្នកបម្រើពិធីបុណ្យទាំងអស់របស់ព្រះសហគមន៍
—ដូចអស់លោកបានធ្វើពិធីកាច់នំប៉័ងនៃជីវិតសម្រាប់យើងខ្ញុំយ៉ាងណា សូមឱ្យអស់លោកផ្ទាល់បានទទួលនូវការចិញ្ចឹម និងកម្លាំងយ៉ាងនោះដែរ។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់គ្រីស្តបរិស័ទគ្រប់និកាយ ដើម្បីឱ្យមនុស្សទាំងអស់សាកសមនឹងការត្រាស់ហៅរបស់ខ្លួន
—ហើយសូមព្រះអង្គការពារពួកគេក្នុងការរួបរួមនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដោយសារចំណងនៃសេចក្តីសុខសាន្ត។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ថ្នាក់ដឹកនាំយើងខ្ញុំ សូមឱ្យពួកគេដឹកនាំដោយយុត្តិធម៌ និងមេត្តា
—ហើយផ្សព្វផ្សាយភាពសុខដុម និងសេចក្តីសុខសាន្ត ទៅដល់ពិភពលោក។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ខ្លួនយើងខ្ញុំផ្ទាល់ ដើម្បីឱ្យដួងចិត្តរបស់យើងខ្ញុំបានជ្រះស្អាតបរិសុទ្ធ និងច្រៀងសរសើរតម្កើងព្រះអង្គ ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ
—សូមឱ្យយើងខ្ញុំរួមគ្នាសាជាថ្មីជាមួយនឹងបងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះ យើងខ្ញុំសូមសរសើរចំពោះសេចក្តីសប្បុរសរបស់ព្រះអង្គ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គលើកព្រះយេស៊ូឱ្យទទួលសិរីរុងរឿង ហើយទ្រង់បានប្រោសឱ្យមនុស្សគ្រប់ជាតិសាសន៍ទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំ ទៅជាសញ្ញាសម្គាល់នៃគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គនៅលើផែនដី។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។