០៦ ឧសភា ២០២៦

Written on 29/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃពុធ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ២៧

ព្រះជាម្ចាស់ឈរនៅក្បែរយើងក្នុងគ្រាមានអាសន្ន

មើលហ្ន៎ ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! (វវ ២១,៣)។

បន្ទរទី១ ៖ ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ហើយ​តែងតាំង​លោក​ជា​ព្រះអង្គ​ម្ចាស់ និង​ជា​ព្រះសង្គ្រោះ អាលេលូយ៉ា !

(ក)

ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះរបស់ខ្ញុំ
ខ្ញុំមិនភ័យខ្លាចនរណាឡើយ ព្រះអម្ចាស់ជាកំពែងការពារជីវិតខ្ញុំ
ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។

ពេលពួកមនុស្សពាល គឺបច្ចាមិត្ត និងអ្នកប្រឆាំងខ្ញុំ
នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ
ពួកគេបែរជាជំពប់ដួលទៅវិញ។

ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ខ្ញុំមិនភ័យខ្លាចអ្វីដែរ
ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ
ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។

ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្តីតែមួយគត់
ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្តីនេះ
គឺឱ្យស្នាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អស់មួយជីវិត
ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអម្ចាស់
និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ

ដ្បិតនៅពេលខ្ញុំមានអាសន្ន
ព្រះអង្គតែងតែឱ្យខ្ញុំជ្រកក្នុងទីជម្រករបស់ព្រះអង្គ
ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់លើថ្មដា។

ឥឡូវនេះ ព្រះអង្គលើកខ្ញុំឡើងឱ្យខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ
ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកជ័យឃោស
ខ្ញុំនឹងច្រៀង ហើយស្មូតទំនុកតម្កើងថ្វាយព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ហើយ​តែងតាំង​លោក​ជា​ព្រះអង្គ​ម្ចាស់ និង​ជា​ព្រះសង្គ្រោះ អាលេលូយ៉ា !

បន្ទរទី២ ៖ ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះ ខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ព្រះ‌អម្ចាស់ ជា​មិន​ខាន! អាលេលូយ៉ា!

(ខ)

មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ (មក ១៤,៥៧)។

(បទពាក្យ ៧)

៧- ឱព្រះម្ចាស់អើយសូមសណ្តាប់ ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង  
  អាណិតឆ្លើយតបកុំឆ្មៃឆ្មើង មកខ្ញុំវិញផងកុំកន្តើយ
៨- ទូលបង្គំនឹកដល់ព្រះបន្ទូល ព្រះអង្គថ្លែងពោលទុកមកហើយ  
  ចូរស្វែងរកយើងនឹងបានស្បើយ ខ្ញុំមិនព្រងើយស្វែងរកភក្ត្រ
៩- សូមទ្រង់អាណិតដល់រូបខ្ញុំ កុំពួនសំងំនៅលួចលាក់  
  កុំព្រះពិរោធកុំអន់អាក់ កុំបណ្តេញអ្នកបម្រើចោល
  ព្រះអង្គសង្គ្រោះទូលបង្គំ កុំទុករូបខ្ញុំនៅតែលតោល  
  ឱព្រះសង្គ្រោះដូចស្រមោល កុំទុកខ្ញុំចោលដូច្នេះណា
១០- ទោះឪពុកម្តាយទូលបង្គំ បោះបង់ចោលខ្ញុំឱ្យឯកា  
  ព្រះម្ចាស់នៅតែថែរក្សា ប្រណីមេត្តាជាប់ជានិច្ច
១១- សូមព្រះអម្ចាស់បង្រៀនខ្ញុំ ស្គាល់ផ្លូវឧត្តមគ្មានកលកិច្ច  
  ដើរតាមមាគ៌ាមិនបែរគេច ព្រោះខ្មាំងមានល្បិចចាំឃ្លាំមើល
១២- សូមកុំបណ្តោយឱ្យខ្ញុំធ្លាក់ ចូលក្នុងអន្ទាក់ខ្មាំងងងើល  
  សាក្សីក្លែងក្លាយបង្កាច់មួល អ្នកនោះតែងពោលពាក្យឃោរឃៅ
១៣- ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន ឃើញសុខក្សេមក្សាន្តមិនអាស្រូវ  
  មង្គលកើតពីព្រះម្ចាស់នៅ ក្នុងលោកតទៅជាមិនខាន
១៤- ចូរទុកចិត្តលើព្រះអម្ចាស់ ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន  
  ចូរមានកម្លាំងចិត្តក្លាហាន នោះអ្នកនឹងមានសុភមង្គល
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះ ខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ព្រះ‌អម្ចាស់ ជា​មិន​ខាន! អាលេលូយ៉ា!

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះគ្រីស្ដជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
ក្នុង​ចំណោម​មនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ។

បន្ទរទី៣ ៖ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយសារ​ព្រះអង្គ និង​សម្រាប់​ព្រះ‌អង្គ!។ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះអង្គ អស់​កល្បជានិច្ច! អាលេលូយ៉ា !

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យ
បងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក
រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រា ដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយសារ​ព្រះអង្គ និង​សម្រាប់​ព្រះ‌អង្គ!។ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះអង្គ អស់​កល្បជានិច្ច! អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៧,២៤-២៧)

រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​មាន​មុខងារ​ជា​បូជា‌ចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឱ្យនរណា​បាន​ទេ ព្រោះ​ព្រះ‌អង្គ​គង់​នៅ​អស់​កល្ប‌ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះ‌អង្គ បាន​ជា​ស្ថាពរ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​រហូត ដើម្បី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឱ្យពួក​គេ។ មាន​តែ​មហា​បូជា‌ចារ្យ​ដ៏​ប្រសើរ​ដូច​ព្រះ‌យេស៊ូនេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​ស្ថាន​បរម‌សុខទៅ​ទៀត។ ព្រះ‌អង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ‌បូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជាជន​ផង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​ព្រះ‌កាយ​ព្រះ‌អង្គ​ផ្ទាល់​ជា​យញ្ញ‌បូជា ម្ដង​ជា​សូរេច។

បន្ទរ ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ បើ​អ្នក​រាល់​គ្នាស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នាប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តតើនឡើងពីចំណោមមនុស្សស្លាប់ ហើយទៅគង់នៅខាងស្តាំព្រះបិតា។ ចូរយើងទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គមានព្រះជន្មគង់នៅអស់កល្បជានិច្ច សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គនឹកដល់អ្នកបម្រើពិធីបុណ្យទាំងអស់ដែលបានបម្រើព្រះអង្គ
—សូមឱ្យការរស់នៅដ៏វិសុទ្ធរបស់ពួកគេ ធ្វើជាគំរូសម្រាប់ប្រជាជនព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គប្រទានស្មារតីនៃយុត្តិធម៌ និងសេចក្តីសុខសាន្ត ដល់ថ្នាក់ដឹកនាំយើងខ្ញុំ
—ដើម្បីឱ្យក្រុមគ្រួសារទាំងអស់អាចរស់នៅដោយសុខដុមរមនា។ (បន្ទរ)

សូមព្រះអង្គដឹកនាំថ្ងៃនីមួយៗរបស់យើងខ្ញុំ ឱ្យទៅក្នុងមាគ៌ានៃការសង្រ្គោះ
—ហើយសូមព្រះអង្គចាក់បំពេញមកផែនដីយ៉ាងបរិបូណ៌ ដើម្បីជាប្រយោជន៍ដល់ជនទុគ៌ត។ (បន្ទរ)

បពិត្រព្រះគ្រីស្តជាព្រះសង្រ្គោះ និងជាពន្លឺបំភ្លឺពិភពលោក ! ព្រះអង្គបានត្រាស់ហៅស្នាព្រះហស្តចេញពីសេចក្តីស្លាប់ មកកាន់ជីវិតវិញ
—សូមឱ្យពន្លឺរបស់ព្រះអង្គបំភ្លឺបងប្អូនយើងខ្ញុំ ដែលលាចាកលោកនេះ ជារៀងរហូតផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានបង្កើតមនុស្សឱ្យមានលក្ខណៈដ៏ប្រសើរដូចព្រះអង្គ។ ព្រះអង្គប្រោសព្រះយេស៊ូឱ្យទទួលសិរីរុងរឿង ព្រះអង្គក៏បើកផ្លូវឱ្យយើងខ្ញុំស្គាល់ព្រះអង្គដែរ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតមនុស្សគ្រប់ជាតិសាសន៍ឱ្យស្គាល់ និងគោរពថ្វាយបង្គំព្រះអង្គតាមប្រពៃណីរៀងៗខ្លួន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។