២៣ មេសា ២០២៦

Written on 26/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃព្រហស្បតិ៍

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៣២

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ជា​មួយព្រះ‌បាទ​ដាវីឌ

ព្រះជាម្ចាស់នឹងតាំងបុត្រនោះ ឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ (លក ១,៣២)។

បន្ទរទី១ ៖ ព្រះជាម្ចាស់​នឹង​តាំង​បុត្រ​នោះឱ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ ជា​ព្រះអយ្យកោ​របស់​ព្រះអង្គ អាលេលូយ៉ា!

(ក)

ឱព្រះអម្ចាស់អើយ! សូមនឹកដល់ព្រះបាទដាវីឌ
និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។

ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់
គឺទ្រង់បានសន្យាជាមួយព្រះដ៏មានព្រះចេស្តារបស់លោកយ៉ាកុបថា ៖

“ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ
ទូលបង្គំនឹងមិនឡើងទៅដេកនៅលើគ្រែទូលបង្គំទេ

ទូលបង្គំមិនព្រមបិទភ្នែក ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ

ដរាបណាទូលបង្គំពុំទាន់រកកន្លែងថ្វាយព្រះអង្គបាន
ដរាបណាទូលបង្គំពុំទាន់រកព្រះដំណាក់ថ្វាយព្រះដ៏មានចេស្តារបស់លោកយ៉ាកុបបានទេនោះ!” ។

យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា
យើងបានរកឃើញហិបនេះនៅតំបន់យ៉ាអារ។

ចូរយើងនាំគ្នាចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ចូរយើងក្រាបនៅទាបព្រះបាទារបស់ព្រះអង្គ!

ឱព្រះអម្ចាស់អើយ! សូមតើនឡើង
សូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ
ហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតរៀងទៅ។

សូមឱ្យអស់លោកបូជាចារ្យរបស់ព្រះអង្គប្រព្រឹត្តអំពើសុចរិតជានិច្ច
សូមឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ស្រែកហ៊ោរឡើងយ៉ាងសប្បាយ!
១០
ដោយយល់ដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមកុំបោះបង់ចោលស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេកនេះឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់​នឹង​តាំង​បុត្រ​នោះឱ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ ជា​ព្រះអយ្យកោ​របស់​ព្រះអង្គ អាលេលូយ៉ា!

បន្ទរទី២ ៖ មាន​តែ​ព្រះគ្រីស្តមួយ​គត់ ដែល​ជា​ព្រះអធិបតី ព្រះអង្គ​ជា​ព្រះមហា​ក្សត្រ ធំ​លើស​មហាក្សត្រ​នានា ជា​ព្រះអម្ចាស់​ធំ​លើស​អម្ចាស់​នានា អាលេលូយ៉ា!

(ខ)

(បទព្រហ្មគីតិ)

១១- ព្រះអង្គបានសន្យា នឹងស្តេចដាវីឌល្អឯក  
  យើងនឹងតែងតាំងពូជ ឱ្យគ្រងរាជ្យជាបន្ត
១២- ប្រសិនបើបុត្រអ្នក កាន់បានជាក់សម្ពន្ធល្អ  
  មេត្រីយើងតៗ ហើយធ្វើតាមយើងប្រដៅ
  នោះពូជគេនឹងបាន ល្អថ្កើងថ្កានមិនអាស្រូវ  
  ឡើងគ្រងរាជ្យតទៅ តកូនចៅឥតស្រាកស្រាន្ត
១៣- ព្រះអម្ចាស់បានជ្រើស ពិនិត្យរើសក្រុងថ្កើងថ្កាន  
  ជាទីល្អចំណាន ស៊ីយ៉ូនបានជាលំនៅ
១៤- យើងនឹងស្នាក់សម្រាក រហូតជាក់មិនចេញទៅ  
  ចង់រស់ស្ថិតនិត្យនៅ កន្លែងនេះមិនទៅណា
១៥- យើងនឹងប្រទានពរ ក្រុងបវរតាមត្រូវការ  
  ឱ្យអ្នកខ្សត់វេទនា មានអាហារមិនខ្វះទេ
១៦- យើងនឹងសង្គ្រោះក្រុង ឱ្យរឿងរុងល្អឡើងទ្វេ  
  ដោយបូជាចារ្យគេ ឱ្យរាស្ត្រហ៊ោរអរអនេក
១៧- ទីនេះយើងឱ្យស្តេច មានអំណាចខ្ពស់ពន់ពេក  
  កើតចេញមកពីពូជ នៃដាវីឌដ៏ខ្លាំងក្លា
  យើងនឹងរៀបចំឱ្យ ស្តេចអង្គក្រោយមានចេស្តា  
  គ្រងរាជ្យយូរវស្សា ជំនួសស្តេចយើងអភិសេក
១៨- យើងនឹងធ្វើឱ្យខ្មាំង បាក់មុខខ្លាំងខ្មាសពន់ពេក  
  តែយើងនឹងឱ្យរាជ្យ របស់គេបានថ្កុំថ្កើង
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ មាន​តែ​ព្រះគ្រីស្តមួយ​គត់ ដែល​ជា​ព្រះអធិបតី ព្រះអង្គ​ជា​ព្រះមហា​ក្សត្រ ធំ​លើស​មហាក្សត្រ​នានា ជា​ព្រះអម្ចាស់​ធំ​លើស​អម្ចាស់​នានា អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨ និង ១២,១០-១២)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ព្រះអម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹងព្រះអង្គ​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏‌វិសុទ្ធ​ដូច​ព្រះអង្គ អាលេលូយ៉ា!

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ
ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញអស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង
ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹងព្រះអង្គ​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏‌វិសុទ្ធ​ដូច​ព្រះអង្គ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៣,១៨.២២)

សូម្បី​តែ​ព្រះ‌គ្រីស្តក៏​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិតបាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បីនាំ​បង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់ ហើយ​ពួក​ទេវទូត ព្រម​ទាំង​វត្ថុស័ក្តិ‌សិទ្ធិនានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ...
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរម‌សុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់​កល្ប‌ជានិច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឱ្យ​នោះ គឺ​ខ្លួន​ខ្ញុំផ្ទាល់​ដែល​ត្រូវ​បូជា​សម្រាប់​ឱ្យ​មនុស្ស​លោក​មាន​ជីវិត» អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តតើនឡើងពីចំណោមមនុស្សស្លាប់ ទុកដូចជាផលផ្លែដំបូងនៃអស់អ្នកដែលសម្រាន្តលក់។ ចូរយើងកោតសរសើរព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ បពិត្រព្រះយេស៊ូ ! ព្រះអង្គជាផលផ្លែដំបូងដែលកើតពីចំណោមមនុស្សស្លាប់ សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់យេស៊ូ ! សូមព្រះអង្គនឹកដល់ព្រះសហគមន៍ដ៏វិសុទ្ធ ដែលព្រះអង្គបានសង់លើក្រុមគ្រីស្តទូត ហើយលាតសន្ធឹងដល់ទីដាច់ស្រយាលនៃផែនដី
—សូមព្រះអង្គប្រទានព្រះពរដល់អស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ (បន្ទរ)

ព្រះអង្គជាគ្រូពេទ្យដែលព្យាបាលទាំងព្រលឹង និងរូបកាយ
—សូមព្រះអង្គយាងមក ហើយសង្រ្គោះយើងខ្ញុំក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គប្រោសអ្នកជំងឺឱ្យបានជាសះស្បើយ និងប្រទានកម្លាំងដល់ពួកគេ
—សូមព្រះអង្គរំដោះពួកគេឱ្យរួចពីភាពទន់ខ្សោយរបស់ខ្លួនផង។ (បន្ទរ)

សូមព្រះអង្គជួយដល់អស់អ្នកដែលធ្លាក់ទឹកចិត្ត ឬរាងកាយ
—ដោយក្តីមេត្តារបស់ព្រះអង្គ សូមព្រះអង្គលើកអ្នកត្រូវការជំនួយឱ្យឈរឡើងវិញផង។ (បន្ទរ)

តាមរយៈឈើឆ្កាង និងការរស់ឡើងវិញ ព្រះអង្គបានបើកផ្លូវឱ្យមនុស្សចូលទៅកាន់ជីវិតអមតៈ
—សូមព្រះអង្គប្រោសឱ្យបងប្អូនដែលលាចាកលោក នេះ បានទទួលអំណរសប្បាយនៃព្រះរាជ្យរបស់ព្រះអង្គ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គប្រោសមនុស្សគ្រប់ជាតិសាសន៍ឱ្យស្គាល់ព្រះអង្គ ដោយមិនរើសមុខនរណាឡើយ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។