២១ មេសា ២០២៦

Written on 23/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃអង្គារ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២៥

ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ

សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្ត...ដល់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ (កាឡ ៦,១៦)។

បន្ទរទី១ ៖ «សូម​ឱ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដីសុខសាន្ត! ខ្ញុំទេតើ កុំភ័យខ្លាចអ្វីឡើយ អាលេលូយ៉ា!

១- អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់
អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូនដែលស្ថិតស្ថេររហូត ឥតរង្គើឡើយ។
២-
ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា
ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ
តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ចយ៉ាងនោះដែរ។
៣-
ដ្បិតស្តេចពាលពុំអាចគ្រប់គ្រងលើទឹកដីរបស់មនុស្សសុចរិតបានទេ
ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅប្រព្រឹត្តអំពើទុច្ចរិតឡើយ។
៤-
ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យសប្បុរស
ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។
៥-
រីឯអស់អ្នកដែលដើរតាមមាគ៌ាដ៏វៀចវេរវិញ
សូមព្រះអម្ចាស់ដេញគេឱ្យទៅជាមួយអស់អ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិតចុះ។
សូមឱ្យអ៊ីស្រាអែលបានប្រកបដោយសេចក្តីសុខសាន្ត!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «សូម​ឱ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដីសុខសាន្ត! ខ្ញុំទេតើ កុំភ័យខ្លាចអ្វីឡើយ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១៣១

ដូចកូននៅជាប់ទ្រូងម្តាយ

ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ
អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព (មថ ១១,២៩)។

បន្ទរទី២ ៖ អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ អាលេលូយ៉ា!

(បទកាកគតិ)

១- បពិត្រព្រះម្ចាស់ ទូលបង្គំជាមនុស្ស ដែលមិនអំនួត
  មិនវាយឫកខ្ពស់ មិនអាងមិនអួត មិនចង់ប្រកួត
    អ្នកតូចអ្នកទាប
  ខ្ញុំមិនលោភលន់ ចង់បានទ្រព្យធន គេជាដរាប
  មិនចង់បានអ្វី ដែលធំហួសមាឌ លើសសមត្ថភាព
    របស់ខ្ញុំឡើយ
២- តែផ្ទុយទៅវិញ ចិត្តខ្ញុំពោរពេញ ស្ងៀមស្ងាត់ព្រងើយ
  ដូចជាកូនក្មេង ជាប់ទ្រូងម្តាយហើយ វាធ្វើកន្តើយ
    នឹងអ្វីទាំងអស់
៣- អ៊ីស្រាអែលអើយ កុំបង្អង់ឡើយ ទុកចិត្តលើព្រះ
  តាំងពីឥឡូវ តទៅឥតខ្ចោះ រហូតដល់អស់
    កប្បកល្បជានិច្ច
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)

ទំនុកនៃការប្រោះលោះ

បន្ទរទី៣ ៖ សូមឱ្យអ្វីៗសព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក គោរពបម្រើព្រះអង្គ។ ព្រះអង្គ​បង្គាប់​យ៉ាង​ណាក៏​កើត​មាន​យ៉ាង​នោះ​មែន អាលេលូយ៉ា!

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង
ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី” ។
១២
“កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ​
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមឱ្យអ្វីៗសព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក គោរពបម្រើព្រះអង្គ។ ព្រះអង្គ​បង្គាប់​យ៉ាង​ណាក៏​កើត​មាន​យ៉ាង​នោះ​មែន អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ២,៤-៥)

សូម​បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌គ្រីស្ត ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​ព្រះ‌ជាម្ចាស់​បាន​រើស​យក ព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។ រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំគ្នា​ឡើង កសាង​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌វិញ្ញាណ ធ្វើជា​ក្រុម​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ដើម្បីថ្វាយ​យញ្ញ‌បូជា​ខាង​វិញ្ញាណ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះយេស៊ូ‌គ្រីស្ត។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ដ្បិត​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឱ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ហើយ​ផ្ដល់​ជីវិត​ឱ្យ​មនុស្ស​លោក អាលេលូយ៉ា!

ពាក្យអង្វរសកល

ពេលព្រះគ្រីស្តស្ថិតក្នុងទីងងឹតនៃផែនដី ព្រះអង្គបានឃើញពន្លឺនៃសិរីរុងរឿងថ្មីមួយ។ ចូរយើងស្រែករកព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ ៖ ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អស់លោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក សូមឱ្យអស់លោកមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើព្រះសហគមន៍
—ហើយរៀបចំប្រជាជនមួយសម្រាប់ព្រះអង្គ ដើម្បីប្រព្រឹត្តរាល់កិច្ចការល្អ។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អ្នកទាំងឡាយណាដែលបង្រៀននៅក្នុងព្រះសហគមន៍
—សូមឱ្យពួកគាត់ស្វែងរកសេចក្តីពិតរបស់ព្រះអង្គ ដោយចិត្តស្មោះត្រង់ផង។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់គ្រីស្តបរិស័ទទាំងអស់ សូមឱ្យពួកគេមានជ័យជម្នះលើការសាកល្បងនៃជំនឿ
—ហើយឱ្យគេបានទទួលរង្វាន់នៃជ័យជម្នះ ក្នុងព្រះរាជ្យរបស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានលុបបំបាត់ទោសកំហុសរបស់យើងខ្ញុំ ដោយបោះវាភ្ជាប់នឹងឈើឆ្កាង
—សូមព្រះអង្គរំដោះយើងខ្ញុំឱ្យរួចពីច្រវាក់អស់ទាំងនេះ ហើយសូមនាំយើងខ្ញុំចេញពីភាពងងឹតផង។ (បន្ទរ)

ព្រះអង្គបានយាងចុះទៅស្ថានក្រោម ហើយបានបើកទ្វារឱ្យមនុស្សស្លាប់ចូលទៅកាន់ជីវិត
—សូមព្រះអង្គទទួលស្វាគមន៍បងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះ ទៅក្នុងព្រះរាជ្យព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! កាលពីដើមព្រះអង្គបានប្រទានឱ្យលោកស្ទេផានធ្វើជាសាក្សីអំពីសេចក្តីពិត រហូតដល់បូជាជីវិតដូចព្រះយេស៊ូ។ សូមព្រះអង្គមេត្តាប្រោសប្រទានដល់យើងខ្ញុំជាគ្រីស្តបរិស័ទ ដែលកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដ៏វិសុទ្ធ មានជំនឿមាំមួន និងមានសេចក្តីក្លាហានហ៊ានបញ្ជាក់ជំនឿរបស់ខ្លួន ដូចលោកស្ទេផាន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។