២០ មេសា ២០២៦

Written on 23/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃចន្ទ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២៣

ព្រះជាម្ចាស់ជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តព្រះអង្គ

ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះ‌យេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖
«ឱ​ព្រះ‌អម្ចាស់ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!» (មថ ២០,៣០)។

បន្ទរទី១ ៖ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើជា​ពន្លឺបំភ្លឺអ្នករហូត​ត​រៀង​ទៅ ព្រះ​របស់​អ្នក​ជា​ពន្លឺដ៏​ត្រចះត្រចង់​ដល់​អ្នក។

ឱព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខអើយ!
ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​ប្រណី‌សន្ដោស
ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន
និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រីរបស់​ខ្លួន​យ៉ាង​នោះ​ដែរ។

ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាយើងខ្ញុំ
សូមអាណិតមេត្តាយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេមើលងាយខ្លាំងណាស់។

យើងខ្ញុំពុំអាចទ្រាំទ្រនឹងការមើលងាយពីសំណាក់មនុស្សព្រហើន
ព្រមទាំងការជេរប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់បានទៀតឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើជា​ពន្លឺបំភ្លឺអ្នករហូត​ត​រៀង​ទៅ ព្រះ​របស់​អ្នក​ជា​ពន្លឺដ៏​ត្រចះត្រចង់​ដល់​អ្នក។

ទំនុកតម្កើងលេខ ១២៤

ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ

លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថាៈ “កុំខ្លាចអី! ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ
ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ” (កក ១៨,៩-១០)។

បន្ទរទី២ ៖ លប់​បាន​ធ្លុះធ្លាយ ហើយ​យើង​ក៏​រត់​រួច អាលេលូយ៉ា!

(បទពាក្យ ៧)

១- ប្រសិនបើគ្មានព្រះអម្ចាស់ មិនជួយសន្តោសគាំទ្រទេ  
  សូមអ៊ីស្រាអែលពោលហូរហែរ ពោលកុំទំនេរតាមយើងថា
២- ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងនោះគ្រប់វេលា  
  ពេលណាសត្រូវលើកគ្នីគ្នា សម្រុកពុះពារវាយលើយើង
៣- ពេលណាគេមានកំហឹងខ្លាំង គេមកប្រឆាំងយើងនឹងប៉ើង  
  គេនឹងត្របាក់លេបពួកយើង មិនឱ្យរស់បានសុខសាន្តឡើយ
៤- យើងនឹងលិចលង់ក្នុងសមុទ្រ ភិតភ័យតក់ស្លុតឥតមានស្បើយ  
  ទឹកហូរនាំយើងគ្មានកោះត្រើយ ទៅកាន់ទីឆ្ងាយគ្មានគោលដៅ
៥- ពេលយើងកំពុងអស់កម្លាំង មានទឹកកួចខ្លាំងពន្លិចទៅ  
  ដល់បាតជលសាដ៏សែនជ្រៅ ជីវិតយើងត្រូវលង់ក្សិណក្ស័យ
៦- សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់ជាព្រះមានបារមី  
  ទ្រង់ពុំប្រគល់យើងក្នុងដៃ ធ្វើរំពានៃពួកនោះឡើយ
៧- យើងរួចជីវិតដូចបក្សី គេចផុតពីដៃព្រានព្រៃហើយ  
  គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ យើងបានធូរស្បើយរស់ជីវ៉ា
៨- ព្រះអម្ចាស់បានសង្គ្រោះយើង ដោយព្រះនាមថ្កើងមានចេស្តា  
  គឺព្រះអង្គដែលមានមេត្តា បង្កើតមេឃានិងផែនដី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ លប់​បាន​ធ្លុះធ្លាយ ហើយ​យើង​ក៏​រត់​រួច អាលេលូយ៉ា!

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះរបស់យើង

បន្ទរទី៣ ៖ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ» អាលេលូយ៉ា!

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង
ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ
និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង
នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស
ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ» អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៨,១ខ-៣ក)

យើង​មាន​មហា​បូជា‌ចារ្យមួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្ថាន​បរម‌សុខ។ ព្រះ‌អង្គ​នៅ​បម្រើ​ក្នុង​ទី‌សក្ការៈ និង​ក្នុង​ព្រះ‌ពន្លាដ៏​ពិត​ប្រាកដ ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។ ចំពោះ​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប គេ​តែង‌តាំង​ឱ្យថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ថា៖ «កិច្ច‌ការ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឱ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាត់​ឱ្យ​មក»។ អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះវិញ្ញាណដ៏វិសុទ្ធបានលើករូបកាយព្រះគ្រីស្តឱ្យមានជីវិតឡើងវិញ ហើយធ្វើឱ្យរូបកាយនោះ ក្លាយទៅជាប្រភពនៃជីវិត។ ចូរយើងដង្ហោយហៅរកព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ ដោយអំណរសប្បាយក្នុងដួងចិត្តថា ៖

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គធ្វើឱ្យអ្វីៗទាំងអស់ថ្មីឡើង និងមានជីវិតផង !

ឱព្រះសង្រ្គោះនៃពិភពលោក និងជាព្រះមហាក្សត្រនៃការបង្កើតថ្មី ! សូមលើកចិត្តគំនិតយើងខ្ញុំ ឆ្ពោះទៅរកព្រះរាជ្យរបស់ព្រះអង្គ
—គឺកន្លែងដែលព្រះអង្គគង់នៅខាងស្តាំព្រះបិតា។ (បន្ទរ)

បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែមានវត្តមាននៅក្នុងព្រះសហគមន៍ជានិច្ច
—សូមព្រះអង្គណែនាំព្រះសហគមន៍ឱ្យចូលទៅក្នុងសេចក្តីពិតគ្រប់ចំពូក តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធផង។ (បន្ទរ)

សូមព្រះអង្គបង្ហាញក្តីមេត្តាដល់អ្នកជំងឺ អ្នកមានបន្ទុកធ្ងន់ និងអ្នកជិតផុតដង្ហើម
—ដើម្បីឱ្យអ្នកទាំងនោះ អាចទទួលកម្លាំង និងសេចក្តីក្លាហានពីសេចក្តីស្រឡាញ់របស់ព្រះអង្គ។ (បន្ទរ)

ឱព្រះពន្លឺដែលមិនចេះរលត់! ថ្ងៃកាន់តែជិតមកដល់ហើយ យើងខ្ញុំសូមថ្វាយទៅព្រះអង្គជាពាក្យកោតសរសើរ ទុកជាដង្វាយ
—ហើយសូមព្រះអង្គប្រទានសិរីរុងរឿងនៃការរស់ឡើងវិញ ដល់អស់បងប្អូនយើងខ្ញុំដែលបានលាចាកពីលោកនេះ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! កាលពីដើមព្រះអង្គគាប់ព្រះហឫទ័យនឹងលោកស្ទេផាន ដែលមានប្រាជ្ញាមកពីព្រះវិញ្ញាណ។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានប្រាជ្ញាវាងវៃ ហ៊ានធ្វើជាសាក្សីរបស់ព្រះយេស៊ូគ្រីស្តក្នុងលោកនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។