១៣ មេសា ២០២៦

Written on 21/01/2026
Mary Siya Khim

 រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃចន្ទ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៤៥

ចម្រៀង​នៅ​ពេល​ព្រះរាជា​រៀប​អភិសេក

“ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!” (មថ ២៥,៦)។

បន្ទរទី១ ៖ សូម​លើក​តម្កើង​ព្រះអង្គ​ដែល​យាង​មកក្នុង​ព្រះនាម​ព្រះអម្ចាស់។

(ក)

ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ
ខ្ញុំ​តែង​បទ​ចម្រៀង​នេះ​ថ្វាយ​ព្រះ‌មហា​ក្សត្រ។
សូម​ឱ្យ​សម្ដីខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។

ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ព្រះ‌អង្គ​ទេ​ ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ
ព្រះ‌អង្គ​មាន​សំនួន‌វោហារ​ដ៏​ពូកែ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ប្រទាន​ពរ​ដល់​ព្រះ‌អង្គ​រហូត​ត​ទៅ។

ឱ​វីរ‌បុរស​ដ៏​មាន​ឫទ្ធិអើយ
សូម​ពាក់​ព្រះ‌ខ័នរាជ្យ​ដ៏​រុង‌រឿង និង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​របស់​ព្រះ‌អង្គ​ទៅ។

សូម​ព្រះ‌អង្គ​យាង​គង់​លើ​ព្រះ‌រាជ‌រថប្រកប​ដោយ​សិរី‌រុង​រឿង
ដើម្បី​ច្បាំង​ការ‌ពារ​សេចក្ដីពិត និង​សេចក្ដីសុចរិត​ទៀង​ត្រង់
សូម​ព្រះ‌អង្គ​ទទួល​មហា​ជោគ‌ជ័យ ដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

សូម​ឱ្យ​ព្រួញ​ដ៏​មុត​របស់​ព្រះ‌អង្គបាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ
សូម​ឱ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយនៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌រាជា។

បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
ហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌

ព្រះ‌អង្គ​តែង‌តែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ជា​ព្រះ​របស់​ព្រះ‌អង្គ​
ជ្រើស‌រើស​ព្រះ‌អង្គពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះ‌អង្គ
ហើយ​ប្រទាន​ឱ្យ​ព្រះ‌អង្គមាន​អំណរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ។

ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​ក្រអូប​ទៅ​ដោយក្លិន​ប្រេង​ទេព្វិរូ
និង​ខ្លឹមចន្ទន៍‌ក្រឹស្នា មាន​ក្រុម​តន្ដ្រីប្រគំ​ភ្លេង​ថ្វាយ​ព្រះ‌អង្គ
នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។
១០
ស្រី​ស្នំ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​បុត្រីរបស់​ស្តេច​នគរ​នានា
ហើយ​ព្រះ‌មហា​ក្សត្រិ‌យានី​ ទ្រង់​គ្រឿង​អលង្ការ
ធ្វើពី​មាស​ដ៏​ល្អ​ប្រណីត គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​លើក​តម្កើង​ព្រះអង្គ​ដែល​យាង​មកក្នុង​ព្រះនាម​ព្រះអម្ចាស់។

បន្ទរទី២ ៖ អ្នក​ណា​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ ឱ្យមក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គលការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គលហើយ!» ។ អាលេលូយ៉ា!

(ខ)

(បទព្រហ្មគីតិ)

១១- ព្រះម្ចាស់ក្សត្រីយ៍អើយ កុំកន្តើយសណ្តាប់ខ្ញុំ  
  កុំនឹកនាពួនយំ ដល់រាជវង្សព្រះនាងអី
១២- សូមឱ្យមហាក្សត្រ បានគាប់ចិត្តអង្គក្សត្រីយ៍  
  បង្គំគាល់ក្រាបថ្វាយ កុំនឿយណាយទ្រង់ជាម្ចាស់
១៣- អ្នកមានក្រុងទីរ៉ុស ទាំងស្រីប្រុសមានច្រើនណាស់  
  នាំតង្វាយទាំងអស់ តម្រង់ឆ្ពោះផ្គាប់ក្សត្រី
១៤- ព្រះនាងគង់នៅក្នុង ព្រះរាជវាំងសុខពេកក្រៃ  
  រូបឆោមស្រស់ឥតបី ព្រះភូសារំលេចមាស
១៥- គេដង្ហែព្រះនាង ចូលក្នុងវាំងមនុស្សដេរដាស  
  ភីលៀងមានច្រើនណាស់ ហែទៅគាល់ព្រះរាជា
១៦- ព្រះនាងចូលទៅកាន់ វិមានស្ថានអង្គក្សត្រា  
  អស់ទាំងរាស្ត្រប្រជា គ្រប់ៗគ្នារីករាយក្រៃ
១៧- បពិត្រព្រះមហាក្សត្រ មេត្តាចាត់បុត្រថ្លាថ្លៃ  
  គ្រងរាជ្យដ៏ប្រពៃ តពីព្រះអយ្យកោស្តេច
១៨- ទូលបង្គំនឹងថ្លាថ្លែង រំលឹកចែងឥតមានភ្លេច  
  ព្រះនាមល្អបណ្តាច់ នាំគ្នាលើកថ្កើងព្រះអង្គ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ អ្នក​ណា​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ ឱ្យមក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គលការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គលហើយ!» ។ អាលេលូយ៉ា!

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ

បន្ទរទី៣ ៖ យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះហឫទ័យ​ប្រណីសន្ដោស​ មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះអង្គ អាលេលូយ៉ា !

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង
នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស
ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះហឫទ័យ​ប្រណីសន្ដោស​ មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះអង្គ អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៨,១ខ-៣ក)

យើង​មាន​មហា​បូជា‌ចារ្យមួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្ថាន​បរម‌សុខ។ ព្រះ‌អង្គ​នៅ​បម្រើ​ក្នុង​ទី‌សក្ការៈ និង​ក្នុង​ព្រះ‌ពន្លាដ៏​ពិត​ប្រាកដ ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។ ចំពោះ​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប គេ​តែង‌តាំង​ឱ្យថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងព្រះនាងម៉ារី 

បន្ទរ៖ អ្នក​ណា​កើត​មក​ជា​មនុស្ស អ្នក​នោះ​នៅ​តែ​ជា​មនុស្ស​ដដែល រីឯ​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ​វិញ មាន​ព្រះ‌វិញ្ញាណ​ក្នុង​ខ្លួន។ អាលេលូយ៉ា!

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះគ្រីស្តជាព្រះអម្ចាស់ ដែលបានធ្វើឱ្យពិភពលោកមានសិរីរុងរឿង ដោយការរស់ឡើងវិញរបស់ព្រះអង្គ។ ចូរយើងទូលទៅព្រះអង្គ ដោយអំណរសប្បាយអស់ពីដួងចិត្តថា ៖

បន្ទរ៖ បពិត្រព្រះគ្រីស្តជាម្ចាស់នៃជីវិតយើងខ្ញុំអើយ ! សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត ! ព្រះអង្គបានធ្វើដំណើរតាមផ្លូវជាមួយពួកសាវ័ក
—សូមព្រះអង្គគង់នៅជាមួយព្រះសហគមន៍ ក្នុងដំណើរជីវិតនេះផង។ (បន្ទរ)

សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំយឺតក្នុងការជឿឡើយ
—ប៉ុន្តែ សូមឱ្យយើងខ្ញុំត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកាសពីព្រះអង្គដែលមានជ័យជម្នះលើសេចក្តីស្លាប់។ (បន្ទរ)

សូមព្រះអង្គទតមកអស់អ្នកដែលមិនបានទទួលស្គាល់វត្តមានរបស់ព្រះអង្គ ដោយព្រះហឫទ័យសប្បុរស
—សូមបង្ហាញព្រះអង្គឱ្យពួកគេបានស្គាល់ ដើម្បីពួកគេអាចទទួលស្វាគមន៍ព្រះអង្គទុកជាព្រះសង្រ្គោះ។ (បន្ទរ)

តាមរយៈឈើឆ្កាង ព្រះអង្គបាននាំការសម្រុះសម្រួលមកមនុស្សលោក ក្នុងព្រះកាយរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទានការរួបរួមគ្នា និងសេចក្តីសុខសាន្ត ឱ្យដល់ប្រជាជាតិទាំងឡាយផង។ (បន្ទរ)

ព្រះអង្គវិនិច្ឆ័យទោសទាំងមនុស្សរស់ និងមនុស្សស្លាប់
—សូមព្រះអង្គលើកលែងទោសបាបរបស់គ្រីស្តបរិស័ទ ដែលចែកឋានទៅហើយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គប្រោសឱ្យយើងខ្ញុំហៅព្រះអង្គថា «ព្រះបិតា»។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានចិត្តគំនិតស្របតាមឋានៈខ្លួនជាបុត្រធីតាព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។