០៩ មេសា ២០២៦

Written on 20/01/2026
Mary Siya Khim

ថ្ងៃព្រហស្បតិ៍ សប្តាហ៍បុណ្យចម្លង

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ​ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំង​ប៉ុន្មាន​ មកដាក់​ក្រោម​ព្រះបាទា​របស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១ ៖ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ អាលេលូយ៉ា! ។

ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។

សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ អាលេលូយ៉ា! ។

ទំនុកតម្កើងលេខ ១១៤,១-៨

ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប

អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីប​ផង​ដែរ​ (សន្តអូគូស្ទីន)។

បន្ទរទី២៖ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌អង្គ​ឯ‌ណេះ​សិន។ អាលេលូយ៉ា !

(បទពាក្យ ៧)

១- ពេលអ៊ីស្រាអែលបានចាកចេញ ពីអេស៊ីបវិញហើយពេលនោះ  
  ពូជពង្សយ៉ាកុបចេញទាំងអស់ ពីដីបរទេសមិនសល់នៅ
២- ឯប្រជាជនជាតិយូដា បានក្លាយទៅជាឥតហ្មងសៅ  
  ជាប្រជាជាតិមិនអាស្រូវ វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ
៣- ពេលទឹកសមុទ្រឃើញពួកគេ តក់ស្លុតម៉្លេះទេមិនបង្អង់  
  គេចខ្លួនថយទៅមិនរេរង់ ទាំងយ័រដាន់ផងក៏ថយដែរ
៤- ភ្នំតូចភ្នំធំភ្នំទាំងអស់ នៅមិនស្ងៀមសោះដូចពពែ  
  លោតទៅលោតមកមិនឈប់ទេ ភ្នំតូចលោតដែរដូចកូនចៀម
៥- ឱសមុទ្រអើយម្តេចក៏អ្នក រត់គេចជាជាក់ទៅនៅស្ងៀម  
  អ្នកធ្លាប់រលកលោតរវាម ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ
  ឱទឹកទន្លេយ័រដាន់អើយ ពេលនេះម្តេចឡើយរត់លឿនម៉្លេះ  
  ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ តើរឿងទាំងនេះមកពីអ្វី
៦- ភ្នំអើយម្តេចអ្នកមិនឈប់លោត ផ្លាស់ប្តូររហូតដូចសត្វព្រៃ  
  ភ្នំតូចអើយអ្នកលោតព្រោះអ្វី មិនស្គាល់យប់ថ្ងៃមិនសម្រាក
៧- ឱផែនដីអើយចូររីករាយ អំណរសប្បាយចំពោះភក្រ្ត  
  ព្រះជាអម្ចាស់របស់អ្នក និងចំពោះភក្រ្តព្រះយ៉ាកុប
៨- គឺទ្រង់បានធ្វើឱ្យសិលា ប្រែក្លាយទៅជាបឹងសាយសព្វ  
  ឱ្យថ្មប្រែក្លាយជាប្រភព ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌អង្គ​ឯ‌ណេះ​សិន។ អាលេលូយ៉ា !

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

វិវាហមង្គលការកូនចៀម

បន្ទរទី៣៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ‌ខ្លាច​អ្វីឡើយ! សុំ​ទៅ​ប្រាប់​បង‌ប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ» ។ អាលេលូយ៉ា !

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព

ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌
អាលេលូយ៉ា!

អាលេលូយ៉ា!
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។
អាលេលូយ៉ា!

អាលេលូយ៉ា!
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ

យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ‌ខ្លាច​អ្វីឡើយ! សុំ​ទៅ​ប្រាប់​បង‌ប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ» ។ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៣,១៨.២២)

សូម្បី​តែ​ព្រះ‌គ្រីស្ត ក៏​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិតបាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើគុត តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់ ហើយ​ពួក​ទេវទូត ព្រម​ទាំង​វត្ថុស័ក្តិ‌សិទ្ធិនានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា! ។

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ចូរ​មើល​ដៃ​ជើង​ខ្ញុំ គឺ​ពិត​ជា​ខ្ញុំ​មែន ! អាលេលូយ៉ា !

ពាក្យអង្វរសកល

ព្រះគ្រីស្តតើនឡើងពីចំណោមមនុស្សស្លាប់ ទុកដូចជាផលផ្លែដំបូងនៃអស់អ្នកដែលសម្រាន្តលក់។ ចូរយើងកោតសរសើរព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ បពិត្រព្រះយេស៊ូ ! ព្រះអង្គជាផលផ្លែដំបូងដែលកើតពីចំណោមមនុស្សស្លាប់ សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់យេស៊ូ ! សូមព្រះអង្គនឹកដល់ព្រះសហគមន៍ដ៏វិសុទ្ធ ដែលព្រះអង្គបានសង់លើក្រុមគ្រីស្តទូត ហើយលាតសន្ធឹងដល់ទីដាច់ស្រយាលនៃផែនដី
—ហើយសូមព្រះអង្គប្រទានព្រះពរដល់អស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ (បន្ទរ)

ព្រះអង្គជាគ្រូពេទ្យដែលព្យាបាលទាំងព្រលឹង និងរូបកាយ
—សូមព្រះអង្គយាងមក ហើយសង្រ្គោះយើងខ្ញុំក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គប្រោសអ្នកជំងឺឱ្យបានជាសះស្បើយ និងប្រទានកម្លាំងដល់ពួកគេ
—សូមរំដោះពួកគេឱ្យរួចពីភាពទន់ខ្សោយរបស់ខ្លួនផង។ (បន្ទរ)

សូមព្រះអង្គជួយដល់អស់អ្នកដែលធ្លាក់ទឹកចិត្ត ឬរាងកាយ
—ដោយក្តីមេត្តារបស់ព្រះអង្គ សូមលើកអ្នកដែលត្រូវការជំនួយ ឱ្យក្រោកឈរឡើងវិញផង។ (បន្ទរ)

តាមរយៈឈើឆ្កាង និងការរស់ឡើងវិញ ព្រះអង្គបានបើកផ្លូវឱ្យមនុស្សចូលទៅកាន់ជីវិតអមតៈ
—សូមព្រះអង្គប្រោសឱ្យបងប្អូនដែលលាចាកលោកនេះ បានទទួលអំណរសប្បាយនៃព្រះរាជ្យរបស់ព្រះអង្គ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ ឲ្យរួបរួមគ្នាក្នុងមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រោសឲ្យអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក មានចិត្តថ្លើមតែមួយ មានជំនឿតែមួយ និងសេចក្តីស្រឡាញ់តែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។