ថ្ងៃពុធ សប្តាហ៍បុណ្យចម្លង
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១ ៖ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ អាលេលូយ៉ា! ។
| ១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។ |
| ២ | សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ អាលេលូយ៉ា! ។
ទំនុកតម្កើងលេខ ១១៤,១-៨
ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប
អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីបផងដែរ (សន្តអូគូស្ទីន)។
បន្ទរទី២៖ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន។ អាលេលូយ៉ា !
(បទពាក្យ ៧)
| ១- | ពេលអ៊ីស្រាអែលបានចាកចេញ | ពីអេស៊ីបវិញហើយពេលនោះ | |
| ពូជពង្សយ៉ាកុបចេញទាំងអស់ | ពីដីបរទេសមិនសល់នៅ | ។ | |
| ២- | ឯប្រជាជនជាតិយូដា | បានក្លាយទៅជាឥតហ្មងសៅ | |
| ជាប្រជាជាតិមិនអាស្រូវ | វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ | ។ | |
| ៣- | ពេលទឹកសមុទ្រឃើញពួកគេ | តក់ស្លុតម៉្លេះទេមិនបង្អង់ | |
| គេចខ្លួនថយទៅមិនរេរង់ | ទាំងយ័រដាន់ផងក៏ថយដែរ | ។ | |
| ៤- | ភ្នំតូចភ្នំធំភ្នំទាំងអស់ | នៅមិនស្ងៀមសោះដូចពពែ | |
| លោតទៅលោតមកមិនឈប់ទេ | ភ្នំតូចលោតដែរដូចកូនចៀម | ។ | |
| ៥- | ឱសមុទ្រអើយម្តេចក៏អ្នក | រត់គេចជាជាក់ទៅនៅស្ងៀម | |
| អ្នកធ្លាប់រលកលោតរវាម | ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ | ។ | |
| ឱទឹកទន្លេយ័រដាន់អើយ | ពេលនេះម្តេចឡើយរត់លឿនម៉្លេះ | ||
| ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ | តើរឿងទាំងនេះមកពីអ្វី | ។ | |
| ៦- | ភ្នំអើយម្តេចអ្នកមិនឈប់លោត | ផ្លាស់ប្តូររហូតដូចសត្វព្រៃ | |
| ភ្នំតូចអើយអ្នកលោតព្រោះអ្វី | មិនស្គាល់យប់ថ្ងៃមិនសម្រាក | ។ | |
| ៧- | ឱផែនដីអើយចូររីករាយ | អំណរសប្បាយចំពោះភក្រ្ត | |
| ព្រះជាអម្ចាស់របស់អ្នក | និងចំពោះភក្រ្តព្រះយ៉ាកុប | ។ | |
| ៨- | គឺទ្រង់បានធ្វើឱ្យសិលា | ប្រែក្លាយទៅជាបឹងសាយសព្វ | |
| ឱ្យថ្មប្រែក្លាយជាប្រភព | ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន។ អាលេលូយ៉ា !
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)
វិវាហមង្គលការកូនចៀម
បន្ទរទី៣៖ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ» ។ អាលេលូយ៉ា !
| ១ | អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
| ២ | ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ អាលេលូយ៉ា! |
| ៥ | អាលេលូយ៉ា! អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។ អាលេលូយ៉ា! |
| ៦ | អាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
| ៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា! អាលេលូយ៉ា! ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ» ។ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៧,២៤-២៧)
រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យ ដែលពុំអាចផ្ទេរទៅឲ្យនរណាបានទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាព្រះអង្គក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គ បានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេ។ មានតែមហាបូជាចារ្យដ៏ប្រសើរដូច ព្រះយេស៊ូនេះហើយ ដែលយើងត្រូវការ គឺមហាបូជាចារ្យដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសស្ថានបរមសុខទៅទៀត។ ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ជាយញ្ញបូជា ម្ដងជាសូរេច។
បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា! ។
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។ ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឲ្យគេ អាលេលូយ៉ា !
ពាក្យអង្វរសកល
ព្រះគ្រីស្តតើនឡើងពីចំណោមមនុស្សស្លាប់ ហើយទៅគង់នៅខាងស្តាំព្រះបិតា។ ចូរយើងទូលអង្វរព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គមានព្រះជន្មគង់នៅអស់កល្បជានិច្ច សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គនឹកដល់អ្នកបម្រើពិធីបុណ្យទាំងអស់ដែលបានបម្រើព្រះអង្គ
—សូមឱ្យការរស់នៅដ៏វិសុទ្ធរបស់ពួកគេ ធ្វើជាគំរូសម្រាប់ប្រជាជនព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គប្រទានស្មារតីនៃយុត្តិធម៌ និងសេចក្តីសុខសាន្ត ដល់ថ្នាក់ដឹកនាំយើងខ្ញុំ
—ដើម្បីឱ្យក្រុមគ្រួសារទាំងអស់អាចរស់នៅដោយសុខដុមរមនា។ (បន្ទរ)
សូមព្រះអង្គដឹកនាំថ្ងៃនីមួយៗរបស់យើងខ្ញុំ ឱ្យទៅក្នុងមាគ៌ានៃការសង្រ្គោះ
—ហើយសូមព្រះអង្គចាក់បំពេញមកផែនដីយ៉ាងបរិបូណ៌ ដើម្បីជាប្រយោជន៍ដល់ជនទុគ៌ត។ (បន្ទរ)
បពិត្រព្រះគ្រីស្តជាព្រះសង្រ្គោះ និងជាពន្លឺបំភ្លឺពិភពលោក ! ព្រះអង្គបានត្រាស់ហៅស្នាព្រះហស្តរបស់ព្រះអង្គចេញពីសេចក្តីស្លាប់ មកកាន់ជីវិតវិញ
—សូមឱ្យពន្លឺរបស់ព្រះអង្គបំភ្លឺបងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះ ជារៀងរហូតផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គប្រទានសុភមង្គលមកយើងខ្ញុំ តាមរយៈបុណ្យចម្លងជារៀងរាល់ឆ្នាំ។ សូមព្រះអង្គប្រោសប្រណីយើងខ្ញុំឲ្យរស់នៅដោយសុចរិត និងមានអំណរសប្បាយ អស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

