២០ មីនា ២០២៧

Written on 15/01/2026
Mary Siya Khim

បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក

ថ្ងៃសៅរ៍ (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១០៥-១១២

ការស្មឹងស្មាធិ៍លើច្បាប់របស់ព្រះជាម្ចាស់

វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក (យហ ១៥,១២)។

បន្ទរទី១ ៖ «ខ្ញុំ​តែង​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះវិហារជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ»។ តែឥឡូវនេះ អ្នកបានវាយខ្ញុំ ព្រមទាំងនាំខ្ញុំទៅឱ្យគេឆ្កាងថែមទៀតផង។

១០៥ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀង ដែលបំភ្លឺជំហានទូលបង្គំ
និងជាពន្លឺដែលបំភ្លឺផ្លូវរបស់ទូលបង្គំ។
១០៦
ទូលបង្គំសូមសន្យាដោយឥតងាករេថា
ទូលបង្គំនឹងប្រតិបត្តិតាមសេចក្តីសម្រេចដ៏សុចរិតរបស់ព្រះអង្គ។
១០៧
បពិត្រព្រះអម្ចាស់! ទូលបង្គំរងទុក្ខវេទនាខ្លាំងពន់ពេកណាស់
សូមប្រោសប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ
ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
១០៨
ឱព្រះអម្ចាស់អើយ! សូមទទួលពាក្យអង្វររបស់ទូលបង្គំ ទុកជាតង្វាយ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!
១០៩
ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច
ប៉ុន្តែ ទូលបង្គំមិនភ្លេចធម្មវិន័យរបស់ព្រះអង្គទេ។
១១០
មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ
តែទូលបង្គំមិនវង្វេងចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ។
១១១
ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ
ដំបូន្មានទាំងនេះធ្វើឱ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។
១១២
ទូលបង្គំប្តេជ្ញាចិត្តធ្វើតាមក្រិត្យវិន័យរបស់ព្រះអង្គ
គឺជារង្វាន់របស់ទូលបង្គំរហូតដល់ទីបំផុត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ «ខ្ញុំ​តែង​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះវិហារជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ»។ តែឥឡូវនេះ អ្នកបានវាយខ្ញុំ ព្រមទាំងនាំខ្ញុំទៅឱ្យគេឆ្កាងថែមទៀតផង។

ទំនុកតម្កើងលេខ ១៦

បពិត្រព្រះអម្ចាស់ ! ព្រះអង្គជាចំណែកមត៌ករបស់ខ្ញុំ

ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ព្រះ‌អង្គ​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដីស្លាប់ (កក ២,២៤)។

បន្ទរទី២៖ ព្រះជាអម្ចាស់​យាង​មក​ជួយ​ខ្ញុំហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខ។

(បទពាក្យ ៧)

១- ឱព្រះជាម្ចាស់ដ៏ឧត្តម សូមការពារខ្ញុំឱ្យសុខសាន្ត  
  ដ្បិតទូលបង្គំសុំផ្ញើប្រាណ ជ្រកក្រោមទីស្ថានម្លប់បារមី ។
២- ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា ព្រះអង្គពិតជាអម្ចាស់ថ្លៃ  
  ក្រៅពីព្រះអង្គឥតមានអ្វី ផ្តល់មង្គលជ័យគ្រាអាសន្ន ។
៣- អារុក្ខអារក្សអ្នកតាព្រៃ ម្ចាស់ទឹកម្ចាស់ដីកាលពីមុន  
  ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ ផ្តល់តែទារុណរាល់វេលា ។
៤- ទូលបង្គំនឹងមិនចូលរួម មិនទទួលព្រមរួមជាគ្នា  
  គោរពនិងថ្វាយយញ្ញបូជា មិនពោលនាមាព្រះក្លែងក្លាយ ។
៥- បពិត្រព្រះអម្ចាស់ឧត្តម ព្រះអង្គជាចំណែកស្រស់ស្រាយ  
  មត៌កនៃខ្ញុំឥតក្លែងក្លាយ ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា ។
៦- ព្រះអង្គប្រទានកេរមត៌ក វិសេសឥតអាក់ដ៏ថ្លៃថ្លា  
  មកទូលបង្គំខ្ញុំនេះណា ជាកេរអស្ចារ្យប្រសើរផុត ។
៧- ខ្ញុំសូមតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គនេះសែនមោះមុត  
  ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ ទោះយប់ងងឹតក៏តឿនដែរ ។
៨- ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ ដែលជាទម្លាប់ទ្រង់គង់ក្បែរ  
  ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ ខ្ញុំមិនបែកបែរញាប់ញ័រឡើយ ។
៩- ហេតុនេះបានជាខ្ញុំរីករាយ ត្រេកអរសប្បាយបានល្ហែល្ហើយ  
  ខ្ញុំបានសម្រាកកាយធូរស្បើយ ដោយសុខសាន្តហើយផុតកង្វល់ ។
១០- ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ ឱ្យរងទុក្ខធំស្លាប់សោតសល់  
  ព្រះអង្គក៏មិនបណ្តោយដល់ សពបម្រើផ្ទាល់ស្អុយរលួយ ។
១១- ព្រះអង្គបង្ហាញផ្លូវជីវិត ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ  
  ដោយព្រះអង្គនៅគង់ជាមួយ ទូលបង្គំគ្មានព្រួយអរសប្បាយ ។
  ដោយព្រះអង្គគង់នៅខាងស្តាំ ជាប់ជាប្រចាំមិនជិនណាយ  
  ទូលបង្គំសែនរីករាយសប្បាយ អស់កល្បវែងឆ្ងាយតរៀងទៅ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ៖ ព្រះជាអម្ចាស់​យាង​មក​ជួយ​ខ្ញុំហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខ។

បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្តជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ព្រះអម្ចាស់យេស៊ូបាន​ដាក់​ខ្លួន ធ្វើតាម​ព្រះបញ្ជារហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។

៦ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
៧
ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។
៨
ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
៩
ហេតុនេះហើយ បានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០
ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១
និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់យេស៊ូបាន​ដាក់​ខ្លួន ធ្វើតាម​ព្រះបញ្ជារហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ១,១៨-២១)

បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​លោះ​បង‌ប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរសរបស់​បង‌ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែង‌តែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ត ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​តាំង​ព្រះ‌គ្រីស្ត មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង‌ប្អូន។ តាម‌រយៈ​ព្រះ‌គ្រីស្ត បង‌ប្អូន​ជឿ​លើ​ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុង​រឿង​មក​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់។

បន្ទរ៖ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត *យើងខ្ញុំសូមកោតសរសើរព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដ្បិតព្រះអង្គបានសង្រ្គោះពិភពលោក ដោយសារឈើឆ្កាងរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ចូរលើកតម្កើងព្រះមហាក្សត្រនៃយើង ព្រះអង្គជាព្រះរាជវង្សនៃព្រះបាទដាវីឌ និងជាព្រះប្រោសលោះនៃពិភពលោក។ ចូរលើកតម្កើងព្រះសង្រ្គោះដែលយាងមក តាមពាក្យទំនាយរបស់ពួកព្យាការី។

ពាក្យអង្វរសកល

មុនពេលព្រះគ្រីស្តរងទុក្ខលំបាក ព្រះអង្គបានទតមកក្រុងយេរូសាឡឹម ហើយយំស្រណោះក្រុងនោះ ព្រោះពួកគេមិនបានដឹងពីពេលកំណត់ ដែលព្រះជាម្ចាស់យាងមករកពួកគេនោះឡើយ។ ព្រះអង្គត្រូវរងទុក្ខ ព្រោះតែអំពើបាបរបស់យើង ចូរយើងលើកតម្កើងព្រះអង្គ ហើយទូលថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គមេត្តាអាណិតប្រជារាស្រ្តរបស់ព្រះអង្គផង !

ព្រះអង្គបានប្រមូលអ្នកក្រុងយេរូសាឡឹម មកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដូចមេមាន់ក្រុងកូនរបស់វា
—សូមប្រៀនប្រដៅមនុស្សទាំងអស់ ឱ្យស្គាល់ពីពេលដែលព្រះអង្គយាងមកនោះផង។ (បន្ទរ)

សូមព្រះអង្គកុំបោះបង់អស់អ្នកដែលបានបោះបង់ចោលព្រះអង្គឡើយ
—ហើយសូមព្រះអង្គបង្វែរចិត្តគំនិតរបស់យើងខ្ញុំ ឱ្យវិលទៅរកព្រះអង្គជាព្រះជាម្ចាស់នៃយើង។ (បន្ទរ)

ដោយទុក្ខលំបាករបស់ព្រះអង្គ ទ្រង់បានប្រទានព្រះអំណោយទានដល់ពិភពលោក
—សូមជួយយើងខ្ញុំឱ្យរស់នៅដោយមានព្រះវិញ្ញាណ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ក្នុងអគ្គសញ្ញាជ្រមុជទឹកនោះផង។ (បន្ទរ)

ដោយទុក្ខលំបាករបស់ព្រះអង្គ សូមជួយយើងខ្ញុំឱ្យចេះបដិសេធខ្លួនឯងចោល
—ហើយរៀបចំខ្លួន ដើម្បីអបអរព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ (បន្ទរ)

ព្រះអង្គសោយរាជ្យក្នុងសិរីរុងរឿងរបស់ព្រះបិតា
—សូមទ្រង់នឹកចាំដល់អស់អ្នកដែលបានទទួលមរណភាពនៅថ្ងៃនេះផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គសព្វព្រះហឫទ័យរងទុក្ខលំបាក និងសោយទិវង្គតយ៉ាងសែនអាម៉ាស់ ដើម្បីសង្គ្រោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យយល់ពីគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ហើយសូមប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមព្រះយេស៊ូជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។