២៤ មីនា ២០២៦

Written on 14/01/2026
Mary Siya Khim

បុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ

(បុណ្យឱឡារិក)

(ពេលល្ងាចទី១)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៣

បន្ទរទី១៖ មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ ។

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអម្ចាស់!

ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!

តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!

ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជាជាតិ​ទាំងឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។

តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើនឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត

ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃនិង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។

ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ

ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជារាស្ដ្រ​របស់​ព្រះអង្គ។

ព្រះអង្គ​ប្រទាន​ឲ្យ​ស្ត្រីអារ​មាន​កូន
ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ ។

ទំនុកតម្កើងលេខ ១៤៧,១២-២០

បន្ទរទី២៖ ព្រះជាម្ចាស់​នឹង​តាំង​បុត្រ​នោះឲ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែលអស់​កល្ប‌ជានិច្ច។

(បទព្រហ្មគីតិ)

១២- ក្រុងយេរូសាឡឹម កុំស្ងាត់ស្ងៀមនៅរេរង់  
  ព្រមទាំងក្រុងស៊ីយ៉ូន ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣- ដ្បិតព្រះអង្គការពារ អ្នករាល់គ្នាបានសុខណាស់  
  ទ្រង់ឲ្យពរដល់រាស្រ្ត ដែលរស់ពាសពេញទីក្រុង
១៤- ទ្រង់ប្រទានទឹកដី មានសេរីសុខត្រចង់  
  សន្តិភាពគ្រប់ជ្រុង ស្រូវបម្រុងច្រើនមហិមា
១៥- នៅលើផ្ទៃផែនដី ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា  
  ផ្សព្វផ្សាយគ្រប់ទិសា ពីបញ្ជាព្រះអម្ចាស់
១៦- ព្រះអង្គឲ្យទឹកកក ធ្លាក់ចុះមកច្រើនដេរដាស  
  សន្សើមត្រជាក់ណាស់ ក៏ធ្លាក់ចុះតាមបញ្ជា
១៧- ព្រះអង្គធ្វើឲ្យព្រឹល ធ្លាក់មិនខ្ជិលច្រើនមហិមា  
  ឲ្យមានធាតុរងា តើនរណាអាចទ្រាំបាន?
១៨- ពេលទ្រង់មានបន្ទូល ធ្វើឲ្យព្រឹលទាំងប៉ុន្មាន  
  ទឹកកកគ្រប់ទីស្ថាន រលាយបានជាទឹកអស់
  ធ្វើឲ្យមានទាំងខ្យល់ បោកវិលវល់មិនឈប់សោះ  
  បក់យកទឹកទាំងនោះ ហូរតាមជ្រោះទៅមិនសល់
១៩- ទ្រង់សម្តែងឲ្យពូជ លោកយ៉ាកុបស្តាប់បន្ទូល  
  ក្រឹត្យវិន័យនិមល ឲ្យអ៊ីស្រាអែលបានដឹង
២០- ព្រះអង្គពុំបញ្ជា សព្វកិច្ចការអស់ទាំងហ្នឹង  
  ឲ្យជាតិសាសន៍ផ្សេងដឹង វិន័យទ្រង់នោះសោះឡើយ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ព្រះជាម្ចាស់​នឹង​តាំង​បុត្រ​នោះឲ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែលអស់​កល្ប‌ជានិច្ច។

បទលើកតម្កើងតាមលិខិតភីលីព ២,៦-១១

បន្ទរទី៣៖ ព្រះបន្ទូលដែលគង់នៅអស់កល្បជានិច្ច ប្រសូតចេញពីព្រះបិតា មុនកាលសម័យទាំងអស់។ នៅថ្ងៃនេះ ព្រះអង្គបានបង្ហាញខ្លួន ដោយប្រសូតជាមនុស្ស ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំ។

ទោះ‌បី​ព្រះ‌អង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់ក៏​ដោយ
ក៏​ព្រះ‌អង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះ
ទុក​ជា​កម្ម‌សិទ្ធិដាច់​មុខ​របស់​ព្រះ‌អង្គ​ឡើយ។

ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​បាន​លះ‌បង់អ្វីៗ​ទាំង​អស់មក​យក​ឋានៈ​ជា​ទាសករ
ព្រះ‌អង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ
ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជាមនុស្ស​សាមញ្ញ​ដែរ។

ព្រះ‌អង្គ​បាន​ដាក់ខ្លួន ធ្វើតាម​ព្រះ‌បញ្ជារហូត​ដល់​សោយ​ទិវង្គត
គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់លើក​តម្កើង​ព្រះអង្គ​ឡើង
យ៉ាង​ខ្ពង់ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គ
មាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់
១០
ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី
ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ
១១
និងឲ្យ​មនុស្ស​គ្រប់​ភាសា​ងប្រកាស​ឡើងថា ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់
ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះបន្ទូលដែលគង់នៅអស់កល្បជានិច្ច ប្រសូតចេញពីព្រះបិតា មុនកាលសម័យទាំងអស់។ នៅថ្ងៃនេះ ព្រះអង្គបានបង្ហាញខ្លួន ដោយប្រសូតជាមនុស្ស ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ១,១-២)

ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត​គង់​នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​ព្រះ‌បន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់ (ដ្បិត​ជីវិត​នេះ​បាន​លេច​មក​ឲ្យ​យើង​ឃើញ ហើយ​យើង​សូម​ផ្ដល់​សក្ខី‌ភាព និង​សូម​ជូន​ដំណឹង​មក​បង‌ប្អូន អំពី​ជីវិត​អស់​កល្ប‌ជានិច្ចដែល​បែរ​ទៅ​រក​ព្រះ‌បិតា និង​លេច​មក​ឲ្យ​យើង​ឃើញ)។

បន្ទរ៖ មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ *និងមានផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុប។ បន្ទរឡើងវិញ៖…
—ស្រ្តីក្រមុំព្រហ្មចារីបានផ្តល់កំណើតដល់ព្រះសង្រ្គោះ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធនឹង​យាង​មក​សណ្ឋិត​លើនាង គឺឫទ្ធា‌នុភាព​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​គ្រប​បាំង​នាង។

ពាក្យអង្វរសកល

នៅថ្ងៃនេះ ព្រះបិតាដែលគង់នៅអស់កល្បជានិច្ច បានចាត់ទេវទូតរបស់ព្រះអង្គឱ្យជូនដំណឹងល្អដល់ព្រះនាងម៉ារីអំពីការសង្រ្គោះ។ ចូរយើងវិលទៅរកព្រះជាម្ចាស់ ហើយអធិដ្ឋានដោយមានទំនុកចិត្តថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញដួងចិត្តយើងខ្ញុំជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គផង !

ព្រះអង្គបានជ្រើសរើសព្រះនាងព្រហ្មចារិនីម៉ារី ធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ
—សូមព្រះអង្គអាណិតអាសូរដល់អស់អ្នកដែលស្វែងរកព្រះអំណោយទាននៃការសង្រ្គោះរបស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានចាត់ទេវទូតកាព្រីអែល ឱ្យទៅជម្រាបព្រះនាងម៉ារីអំពីដំណឹងនៃសេចក្តីសុខសាន្ត និងអំណរសប្បាយ
—ដែលផ្តល់ឱ្យពិភពលោកទាំងមូលនូវអំណរនៃការសង្រ្គោះ និងព្រះអំណោយនៃសេចក្តីសុខសាន្តដ៏ពិតប្រាកដ។ (បន្ទរ)

ព្រះនាងម៉ារីបានយល់ព្រមឱ្យព្រះវិញ្ញាណដ៏វិសុទ្ធគ្របបាំងលើនាង ហើយព្រះបន្ទូលរបស់ព្រះអង្គយាងមកគង់នៅក្នុងចំណោមយើងខ្ញុំ
—សូមព្រះអង្គពាល់ដួងចិត្តរបស់យើងខ្ញុំ ដើម្បីយើងខ្ញុំអាចទទួលស្វាគមន៍ព្រះគ្រីស្ត ដូចជាព្រះនាងម៉ារីបានធ្វើផង។ (បន្ទរ)

ព្រះអង្គទតមកអ្នកបន្ទាបខ្លួន ដោយសេចក្តីស្រឡាញ់ ហើយបំពេញអ្នកស្រេកឃ្លាន ដោយព្រះអំណោយទានរបស់ព្រះអង្គ
—សូមព្រះអង្គលើកអ្នកដួលឱ្យក្រោកឈរឡើង ជួយទំនុកបម្រុងដល់អស់អ្នកដែលត្រូវការ ព្រមទាំងជួយលួងលោម និងផ្តល់កម្លាំងដល់អ្នកដែលហៀបនឹងផុតដង្ហើមផង។ (បន្ទរ)

បពិត្រព្រះជាអម្ចាស់នៃយើងខ្ញុំ ! ព្រះអង្គតែមួយគត់ដែលធ្វើការអស្ចារ្យ ហើយរួមជាមួយព្រះអង្គ អ្វីៗទាំងអស់អាចប្រព្រឹត្តទៅបានដោយរលួន
—សូមព្រះអង្គប្រទានការសង្រ្គោះដ៏ពេញលេញឱ្យយើងខ្ញុំ នៅពេលព្រះអង្គប្រោសឱ្យមនុស្សស្លាប់បានរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះបន្ទូលព្រះអង្គទទួលរូបកាយពីព្រះនាងព្រហ្មចារិនីម៉ារី ហើយទៅជាមនុស្ស។ យើងខ្ញុំប្រកាសថា ព្រះបុត្រាពិតជាព្រះអម្ចាស់ផង ពិតជាមនុស្សផង ហើយព្រះអង្គយាងមករំដោះ និងសង្គ្រោះយើងខ្ញុំ។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំដែលជឿសង្ឃឹមលើព្រះអង្គ រស់នៅតាមឋានៈជាបុត្រធីតារបស់ព្រះអង្គជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។