១៨ មីនា ២០២៦

Written on 13/01/2026
Mary Siya Khim

សន្តយ៉ូសែប ជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារី

(បុណ្យឱឡារិក)

(ពេលល្ងាចទី១)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៣

បន្ទរទី១៖ លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូ ហៅថាព្រះគ្រីស្ត ។

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់! អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអម្ចាស់!

ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!

តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!

ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជាជាតិ​ទាំងឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។

តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើនឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត

ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃនិង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។

ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ

ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជារាស្ដ្រ​របស់​ព្រះអង្គ។

ព្រះអង្គ​ប្រទាន​ឲ្យ​ស្ត្រីអារ​មាន​កូន
ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូ ហៅថាព្រះគ្រីស្ត ។

ទំនុកតម្កើងលេខ ១៤៦

បន្ទរទី២៖ ព្រះជាម្ចាស់​បាន​ចាត់​ទេវទូត​កាព្រីអែល​ឲ្យ​ទៅ​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ដើម្បី​ជួប​នឹង​ស្ត្រីក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់ ឈ្មោះ​យ៉ូសែប ។

(បទពាក្យ ៧)

១- ឱព្រះអម្ចាស់អើយខ្ញុំសូម តម្កើងទាំងព្រមដោយចិត្តស្មោះ  
  ឥតមានលាក់លៀមទុកកៀនកោះ បញ្ចេញដោយស្មោះអស់ពីចិត្ត
២- ខ្ញុំសូមសរសើរលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត  
  ខ្ញុំស្មូតចម្រៀងមានបែបបទ ឲ្យបានចាំស្ទាត់ពេលនៅរស់
៣- កុំទុកចិត្តពួកមនុស្សលោក មានច្រើនគរគោកចិត្តមិនស្មោះ  
  កុំទុកចិត្តមេដឹកនាំនោះ ពុំអាចសង្គ្រោះបានឡើយណា
៤- ពេលដែលដង្ហើមគេត្រូវផុត ជីវិតរលត់អស់សង្ខារ  
  ក្លាយជាធូលីដីអសារ ទាំងគម្រោងការរលាយព្រម
៥- អ្នកដែលព្រះលោកយ៉ាកុបជួយ សង្គ្រោះផុតព្រួយហើយសង្ឃឹម  
  ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម រស់ដោយញញឹមគ្មានភិតភ័យ
៦- ព្រះអង្គបង្កើតទាំងផ្ទៃមេឃ ផែនដីល្អឯកធំពេកក្រៃ  
  សមុទ្រព្រមទាំងអស់អ្វីៗ សន្យាថ្លាថ្លៃទ្រង់មិនភ្លេច
៧- ព្រះអង្គរកយុត្តិធម៌ឲ្យ ដល់អ្នកទន់ខ្សោយមិនកែគេច  
  ចែកអាហារដល់អ្នកឃ្លានស្រេច ហើយទ្រង់សម្រេចលែងអ្នកទោស
៨- ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ ហើយលើកអស់អ្នកដែលនៅរស់  
  អស់ក្តីសង្ឃឹមគ្មានអ្វីសោះ ស្រឡាញ់អ្នកស្មោះត្រង់ល្អជា
៩- ព្រះម្ចាស់គាំទ្រជនបរទេស មេម៉ាយនិងអស់ក្មេងកំព្រា  
  តែទ្រង់ធ្វើឲ្យគម្រោងការ ជនខូចពាលាវិនាសបង់
១០- ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ អស់កល្បជានិច្ចតយូរលង់  
  ឱក្រុងស៊ីយ៉ូនដ៏រឿងរុង ព្រះអ្នកនឹងគ្រងរាជ្យតទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ព្រះជាម្ចាស់​បាន​ចាត់​ទេវទូត​កាព្រីអែល​ឲ្យ​ទៅ​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ដើម្បី​ជួប​នឹង​ស្ត្រីក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់ ឈ្មោះ​យ៉ូសែប ។

បទលើកតម្កើងតាមលិខិតអេភេសូ (១,៣-១០)

បន្ទរទី៣៖ នាងម៉ារី មាតារបស់ព្រះយេស៊ូ ត្រូវជាគូដណ្តឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ ។

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត
ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង
ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​វិសុទ្ធ
និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។

ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ

ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង
ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។

ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើសលប់​របស់​ព្រះអង្គ។

ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត
គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។

ព្រះអង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំង
នៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ តាម​បំណង​ដ៏​សប្បុរស
ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០
ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឲ្យ​បាន​សម្រេច
នៅ​គ្រា​ចុង​ក្រោយបំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរមសុខ
និង​នៅ​លើ​ផែនដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នាងម៉ារី មាតារបស់ព្រះយេស៊ូ ត្រូវជាគូដណ្តឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ៣,២៣-២៤)

គ្រប់​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ ចូរ​ធ្វើឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ ដោយ​ដឹង​ថា បង‌ប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះ‌អម្ចាស់​ទុក​ជា​កម្រៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ គឺ​ព្រះ‌គ្រីស្ត ចូរ​បម្រើ​ព្រះ‌អង្គ​ទៅ។

បន្ទរ៖ មនុស្ស​សុចរិត*នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ។ បន្ទរឡើងវិញ៖…
—ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះ‌វិហាររបស់​ព្រះ‌ជាម្ចាស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ (អាលេលូយ៉ា!)។

ពាក្យអង្វរសកល

រាល់បិតុភាពទាំងនៅស្ថានបរមសុខ និងនៅលើផែនដី មានប្រភពចេញមកពីព្រះជាម្ចាស់។ ចូរយើងវិលត្រឡប់ទៅរកព្រះអង្គវិញ ហើយទូលថា ៖

បន្ទរ៖ ឱព្រះបិតាយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអធិដ្ឋានរបស់យើងខ្ញុំផង !

បពិត្រព្រះបិតាដ៏វិសុទ្ធគ្រប់យ៉ាង ! ព្រះអង្គបានសម្តែងឱ្យសន្តយ៉ូសែបដឹងពីគម្រោងការនៃការសង្រ្គោះអស់កល្បជានិច្ច ក្នុងអង្គព្រះគ្រីស្ត
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំយល់កាន់តែស៊ីជម្រៅអំពីព្រះបុត្រាព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ និងជាមនុស្សដ៏ពិតប្រាកដ។ (បន្ទរ)

បពិត្រព្រះបិតាដែលគង់នៅស្ថានបរមសុខ ! ព្រះអង្គបានចិញ្ចឹមបក្សាបក្សីនៅលើអាកាស ហើយឱ្យទីវាលបង្កើតភោគផលផ្លែផ្កានៅលើផែនដី
—សូមព្រះអង្គប្រទានអាហារប្រចាំថ្ងៃឱ្យបុត្រធីតាព្រះអង្គ ទាំងខាងព្រលឹង និងរូបកាយ។ (បន្ទរ)

ឱព្រះដែលបង្កើតសកលលោកអើយ ! ព្រះអង្គបានប្រគល់ស្នាព្រះហស្តរបស់ព្រះអង្គឱ្យយើងខ្ញុំមើលថែរក្សា
—សូមឱ្យអស់អ្នកដែលធ្វើការ ទទួលបានរង្វាន់ដែលមកពីកម្លាំងញើសឈាមខ្លួនឯងផង។ (បន្ទរ)

ឱព្រះជាម្ចាស់នៃសេចក្តីសុចរិតគ្រប់យ៉ាង ! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំទាំងអស់គ្នាធ្វើដូចព្រះអង្គ
—សូមសន្តយ៉ូសែបជួយជំរុញយើងខ្ញុំឱ្យដើរតាមមាគ៌ានៃភាពដ៏វិសុទ្ធរបស់ព្រះអង្គជានិច្ចផង។ (បន្ទរ)

សូមព្រះអង្គទតមើលមកអស់អ្នកដែលជិតផុតដង្ហើម និងមរណបុគ្គល ដោយព្រះហឫទ័យសប្បុរស និងប្រទានឱ្យពួកគេនូវធម៌មេត្តាករុណារបស់ព្រះអង្គ
—តាមរយៈពាក្យទូលអង្វររបស់ព្រះយេស៊ូ ព្រះនាងម៉ារី និងសន្តយ៉ូសែបផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានប្រោសឲ្យសន្តយ៉ូសែបទទួលបន្ទុកថែទាំព្រះយេស៊ូជាព្រះសង្គ្រោះ។ តាមរយៈពាក្យទូលអង្វររបស់សន្តយ៉ូសែប សូមមេត្តាប្រោសឲ្យព្រះសហគមន៍បានទទួលការសង្រ្គោះពីព្រះអង្គ ហើយបង្ហាញដល់មនុស្សលោកសព្វថ្ងៃនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។