០៨ មីនា ២០២៦

Written on 08/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃអាទិត្យ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ ឱ​ព្រះជាអម្ចាស់​អើយ សូម​រំដោះយើងខ្ញុំដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ។ សូមប្រទានព្រះហឫទ័យប្រណីសន្តោសមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំវិលត្រឡប់មករកព្រះអង្គវិញ។

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។

សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ
ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱ​ព្រះជាអម្ចាស់​អើយ សូម​រំដោះយើងខ្ញុំដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ។ សូមប្រទានព្រះហឫទ័យប្រណីសន្តោសមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំវិលត្រឡប់មករកព្រះអង្គវិញ។

ទំនុកតម្កើងលេខ ១១១

ស្នា​ព្រះហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អម្ចាស់

ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់អើយ !
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យស្ញប់ស្ញែងពន់ពេកណាស់ (វវ ១៥,៣)។

បន្ទរទី២៖ យើងបានទទួលការប្រោសលោះ ដោយសារ​ព្រះលោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះគ្រីស្ត ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាកស្នាម។

(បទពាក្យ ៧)

១- ចូរលើកតម្កើងព្រះជាម្ចាស់ ប្រសើរពេកណាស់លើលោកា  
  ខ្ញុំថ្កើងព្រះអង្គហួសសិរសា ក្នុងហ្វូងមនុស្សម្នាដែលទៀងត្រង់
២- គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ ប្រសើរពេកណាស់ខ្ពស់ឧត្តុង  
  អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ ស្វះស្វែងយល់ផងកុំរារែក
៣- គ្រប់ស្នាព្រះហស្តបានបញ្ចោញ រស្មីចិញ្ចែងភ្លឺអនេក  
  សេចក្តីសុចរិតល្អពន់ពេក មិនប្រេះបាក់បែកនៅរហូត
៤- ព្រះអង្គទ្រង់សព្វព្រះហឫទ័យ ឱ្យយើងស្រមៃមិនរលត់  
  ដល់ការអស្ចារ្យខ្ពស់បំផុត ហឫទ័យអាណិតចិត្តអាសូរ
៥- ព្រះអង្គប្រទានទាំងអាហារ ដល់អ្នកវេទនាស្រែកទ្រហោ  
  អ្នកដែលកោតខ្លាចទ្រង់អាសូរ សម្ពន្ធមានយូរធ្លាប់មេត្រី
៦- ព្រះអង្គសម្តែងអានុភាព ឱ្យរាស្ត្រជ្រួតជ្រាបឥតសង្ស័យ  
  គឺព្រះអង្គបានឱ្យទឹកដី ប្រជាដទៃមកពួកគេ
៧- គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ សុទ្ធតែអំពើល្អឥតរេ  
  សុចរិតយុត្តិធម៌ឥតប្រួលប្រែ ដូច្នេះគួរតែជឿទាំងស្រុង
៨- បញ្ហាទាំងនោះឥតចន្លោះ មិនបាត់មួយសោះស្ថិតគង់វង្ស  
  សុចរិតល្អល្អះភ្លឺត្រចង់ ក្តីពិតទៀងត្រង់យ៉ាងប្រពៃ
៩- ព្រះអង្គរំដោះប្រជារាស្ត្រ ពួកគេទាំងអស់មានសិរី  
  ទ្រង់បានចងសម្ពន្ធមេត្រី នឹងរាស្ត្រប្រុសស្រីរហូតទៅ
  ព្រះនាមព្រះអង្គគង់ទីខ្ពស់ វិសុទ្ធឥតមោះឥតហ្មងសៅ  
  បារមីគួរស្ញែងខ្លាចពេកកូវ រាល់យប់ថ្ងៃត្រូវតែគោរព
១០- អ្នកណាដែលចង់មានប្រាជ្ញា គួរតែគិតថាមានប្រភព  
  ប្រាជ្ញានឹងកើតមានសព្វគ្រប់ បើអ្នកគោរពខ្លាចព្រះម្ចាស់
  អ្នកដែលធ្វើតាមប្រាជ្ញានេះ គេអាចត្រិះរិះបានល្អល្អះ  
  យើងសូមតម្កើងព្រះអម្ចាស់ ជាព្រះខ្ពង់ខ្ពស់រហូតទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ យើងបានទទួលការប្រោសលោះ ដោយសារ​ព្រះលោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះគ្រីស្ត ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាកស្នាម។

បទលើកតម្កើងតាមលិខិតរបស់លោកសិលា (១សល ២,២១-២៤)

ព្រះគ្រិស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ព្រះអង្គទទួលយកទុក្ខលំបាក ដោយមានសេរីភាព

បន្ទរទី៣ ៖ លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើងមក​ដាក់​លើ​ខ្លួន​លោក។

២១ ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន​មកឲ្យ​រងទុក្ខ​លំបាក​យ៉ាង​នេះ
ព្រោះ​ព្រះ‌គ្រីស្តក៏​បាន​រងទុក្ខ​លំបាកសម្រាប់​បងប្អូន
ទុក​ជា​គំរូ​ឲ្យបងប្អូន​ដើរ​តាម​គន្លង​របស់​ព្រះអង្គ​ដែរ។
២២
ព្រះអង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ
ហើយ​ក៏​ពុំ​ដែល​មាន​ព្រះបន្ទូល​វៀច​វេរ​ណា
ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ឡើយ។
២៣
ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះអង្គ ក៏​ព្រះអង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ
ព្រះអង្គ​បាន​រងទុក្ខ​លំបាក តែ​ព្រះអង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ
ព្រះអង្គ​ផ្ញើជីវិត​ទៅ​លើ​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។
២៤
ព្រះគ្រីស្តបាន​ផ្ទុក​បាបរបស់​យើងក្នុង​ព្រះកាយ​របស់​ព្រះអង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង
ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិននឹង​បាប​ត​ទៅ​មុខ​ទៀត
ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត។
បងប្អូន​បាន​ជា​សះ‌ស្បើយ ដោយសារស្នាម​របួស​របស់​ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើងមក​ដាក់​លើ​ខ្លួន​លោក។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៩,២៤-២៧)

បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា‌ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បង‌ប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់។ អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែង‌តែ​លត់‌ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តំរា​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប‌សូន្យ​ទៅ។ រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​ឡើយ។ ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទី‌ដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់‌ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹង‌តែង ហើយ​ខ្ញុំ​ធ្វើម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។

បន្ទរ៖ ឱព្រះ‌អម្ចាស់​អើយ! សូម​ព្រះ​សណ្តាប់ និង​អាណិត‌អាសូរ​យើង​ខ្ញុំ​ផង! *ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំ​ឲ្យ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ។

ពាក្យអង្វរសកល

ចូរលើកតម្កើងព្រះជាម្ចាស់ជាព្រះបិតា ព្រះអង្គបាននាំប្រជាជនដែលព្រះអង្គបានជ្រើសរើសឱ្យកើតជាថ្មី ចេញពីគ្រាប់ពូជដែលមិនចេះរលួយ តាមរយៈព្រះបន្ទូលដែលគង់នៅអស់កល្បជានិច្ច។ ដោយយើងជាបុត្រធីតាព្រះអង្គ យើងទូលសូមព្រះអង្គថា ៖

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រោសប្រណីប្រជារាស្រ្តព្រះអង្គផង !

បពិត្រព្រះជាម្ចាស់នៃព្រះហឫទ័យមេត្តាករុណា! សូមព្រះអង្គសណ្តាប់ពាក្យអធិដ្ឋានរបស់យើងខ្ញុំដែលថ្វាយទៅព្រះអង្គ សម្រាប់ប្រជាជនទាំងមូល
—សូមឱ្យពួកគេស្រេកឃ្លានព្រះបន្ទូលព្រះអង្គ ខ្លាំងជាងអាហារខាងរូបកាយផង។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ និងមានសេចក្តីស្រឡាញ់យ៉ាងក្លៀវក្លាចំពោះប្រជាជាតិរបស់យើងខ្ញុំ និងមនុស្សទាំងអស់
—សូមឱ្យយើងខ្ញុំប្រព្រឹត្តកិច្ចការណាដែលជួយកសាងពិភពលោក ក្នុងសេចក្តីសុខសាន្ត និងសេចក្តីសប្បុរស។ (បន្ទរ)

សូមព្រះអង្គទតមកដោយព្រះហឫទ័យស្រឡាញ់ចំពោះអស់អ្នកដែលបានកើតជាថ្មី ក្នុងអគ្គសញ្ញាជ្រមុជទឹក
—ដើម្បីឱ្យពួកគេបានធ្វើជាថ្មគ្រឹះដ៏មានជីវិត ក្នុងព្រះដំណាក់នៃព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)

ព្រះអង្គបានធ្វើឱ្យអ្នកក្រុងនីនីវេកែប្រែចិត្តគំនិត ដោយសារសេចក្តីប្រៀនប្រដៅរបស់ព្យាការីយ៉ូណាស
—ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ សូមព្រះអង្គប៉ះពាល់ចិត្តអ្នកបាប ដោយការប្រកាសព្រះបន្ទូលនៃព្រះអង្គផង។ (បន្ទរ)

សូមឱ្យអស់អ្នកដែលបានចែកឋានទៅហើយ មានសង្ឃឹមថានឹងបានជួបជាមួយព្រះគ្រីស្ត ដែលជាចៅក្រមរបស់ពួកគេ
—សូមឱ្យពួកគេមានអំណររីករាយជារៀងរហូត ក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គ ឲ្យអស់អ្នកដែលផ្ញើជីវិតទៅលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គប្រទានព្រះអំណោយទានដ៏អស្ចារ្យនេះដល់អស់បងប្អូនយើងខ្ញុំ ដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។