០១ មីនា ២០២៦

Written on 05/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃអាទិត្យ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ សូម​ព្រះជាអម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ្យរបស់​ព្រះករុណា លាតសន្ធឹងរួមជាមួយប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ។

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។

សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​ព្រះជាអម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ្យរបស់​ព្រះករុណា លាតសន្ធឹងរួមជាមួយប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ។

ទំនុកតម្កើងលេខ ១១៥

សូមលើកតម្កើងព្រះជាម្ចាស់ដ៏ពិតប្រាកដ

មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ
បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ (១ថស ១,៩)។

បន្ទរទី២៖ យើងខ្ញុំក្រាបថ្វាយបង្គំព្រះជាម្ចាស់ជាព្រះតែមួយគត់ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី។

(បទកាកគតិ)

១- បពិត្រព្រះម្ចាស់ ខ្ញុំមិនគួរសោះ ឱ្យគេតម្កើង
  មានតែព្រះអង្គ ទើបត្រូវលើកឡើង ឱ្យខ្ពស់ថ្កុំថ្កើង
    ព្រោះទ្រង់សប្បុរស
២- ម្តេចក៏ប្រជា គ្រប់ជាតិនានា នាំគ្នាសួរស្រុះ
  មកយើងខ្ញុំថា "ពួកឯងទាំងអស់ តើព្រះឯងនោះ
    ស្ថិតនៅឯណា? "
៣- ព្រះរបស់ខ្ញុំ នៅទីបរម សុខឥតឧបមា
  ទ្រង់សព្វព្រះទ័យ ធ្វើកិច្ចអស្ចារ្យ អ្វីសព្វប្រការ
    បានឥតមានទាស់
៤- ឯព្រះពួកអ្នក ប្រាកដជាជាក់ ព្រះក្លែងក្លាយស្មោះ
  ខ្លះធ្វើពីឈើ គគីរកកោះ ពីប្រាក់ពីមាស
    ជាព្រះមនុស្សច្នៃ
៥- ព្រះនោះមានមាត់ និយាយមិនកើត មិនដែលចេញស្តី
  តាមតែជាងឆ្លាក់ ដាក់មកធ្វើអ្វី ភ្នែកឥតប្រស្រី
    មើលអ្វីមិនបាន
៦- រីឯត្រចៀក មានប្រាកដជាក់ តែមិនចំណាន
  ព្រោះស្តាប់មិនកើត មិនដឹងដើមដាន ច្រមុះដែលមាន
    តែមិនដឹងក្លិន
៧- មានសព្វទាំងដៃ តែមិនអាចលៃ ប៉ះពាល់ឬកាន់
  មានជើងនៅស្ងៀម ព្រោះដើរមិនបាន បំពង់កមាន
    តែគ្មានសំឡេង
៨- សូមឱ្យអស់អ្នក ដែលបានដាប់ឆ្លាក់ រូបព្រះនោះឯង
  ហើយផ្ញើជីវិត គ្មានគិតកោតក្រែង ឱ្យគេចំបែង
    ដូចព្រះទាំងនោះ
៩- អ៊ីស្រាអែលអើយ ចូរកុំកន្តើយ ជីវិតផ្ញើព្រះ
  នោះទ្រង់នឹងជួយ អ្នកបានទាំងអស់ ជាខែលគ្រឿងក្រោះ
    ពាំងអ្នករាល់គ្នា
១០- ពូជពង្សរបស់ អរ៉ុនទាំងអស់ ចូរអ្នកម្នីម្នា
  ផ្ញើជន្មជីវ៉ា លើព្រះនាមា ទ្រង់នឹងការពារ
    ឱ្យអ្នកបានសុខ
១១- អ្នកដែលកោតខ្លាច ព្រះមានអំណាច នឹងមិនជួបទុក្ខ
  បើផ្ញើជីវិត អ្នកនឹងបានសុខ ពីនេះទៅមុខ
    ផុតទុក្ខល្ហើយល្ហែ
១២- ព្រះមិនបំភ្លេច សូម្បីតួចតិច ដល់ពួកយើងទេ
  ព្រះអង្គឱ្យពរ យើងកើនឡើងទ្វេ អ៊ីស្រាអែលដែរ
    និងលោកអរ៉ុន
១៣- ព្រះអង្គប្រទាន ពរទាំងអ្នកមាន អ្នកតូចអ្នកធំ
  ដែលចេះកោតខ្លាច ក្រាបថ្វាយបង្គំ យកព្រះជាធំ
    ជាម្លប់ថ្លៃថ្លា
១៤- សូមព្រះប្រទាន ពរនោះឱ្យមាន ដល់អ្នករាល់គ្នា
  បានចម្រើនឡើង គ្រប់ពេលវេលា បានសុខរមនា
    កូនចៅប្រុសស្រី
១៥- សូមអ្នកទទួល កុំបីអំពល់ ពីម្ចាស់មេឃដី
  ទ្រង់ប្រទានពរ បវរសួស្តី ព្រះអម្ចាស់ថ្លៃ
    ជាព្រះយើងពិត
១៦- ផ្ទៃមេឃផែនដី សន្លឹមអន្លាយ គឺជាកម្មសិទ្ធ
  របស់ព្រះម្ចាស់ តែមួយអង្គគត់ ព្រះអង្គអាណិត
    ឱ្យដីមកមនុស្ស
១៧- មនុស្សស្លាប់ជាខ្មោច មានក្លិនអសោច៍ ពុំអាចថ្កើងយស
  អស់អ្នកដែលចុះ ទៅស្ថានក្រោមនោះ ក៏ពុំមានឈ្មោះ
    តម្កើងសិរី
១៨- គឺយើងនេះហើយ គ្មានអ្នកផ្សេងឡើយ ដែលរស់លើដី
  បានលើកតម្កើង ព្រះអង្គរាល់ថ្ងៃ ឥតមានសំចៃ
    ជារៀងរហូត
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ យើងខ្ញុំក្រាបថ្វាយបង្គំព្រះជាម្ចាស់ជាព្រះតែមួយគត់ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី។

បទលើកតម្កើងតាមលិខិតរបស់សន្តសិលា (១សល ២,២១ខ-២២.២៣ខ-២៤)

ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ព្រះអង្គសព្វព្រះហឫទ័យរងទុក្ខលំបាក

បន្ទរទី៣ ៖ ព្រះជាម្ចាស់​ពុំ​បាន​ទុក​ព្រះបុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​បាន​បញ្ជូន​ព្រះបុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា។

២១ ព្រះ‌គ្រីស្តក៏​បាន​រងទុក្ខ​លំបាក សម្រាប់​បង‌ប្អូន ទុក​ជា​គំរូ
ឲ្យបងប្អូន​ដើរ​តាម​គន្លង​របស់​ព្រះអង្គ​ដែរ។
២២
ព្រះអង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ
ហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណា
ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ។
២៣
ព្រះអង្គ​បាន​រងទុក្ខ​លំបាក តែ​ព្រះ‌អង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ
ព្រះអង្គ​ផ្ញើជីវិត​ទៅ​លើ​ព្រះជាម្ចាស់ ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។
២៤
ព្រះ‌គ្រីស្តបាន​ផ្ទុក​បាបរបស់​យើង
ក្នុង​ព្រះ‌កាយ​របស់​ព្រះ‌អង្គដែល​ជាប់​លើ​ឈើ​ឆ្កាង
ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត
ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត។
បង‌ប្អូន​បាន​ជា​សះ‌ស្បើយ​ ដោយ‌សារស្នាម​របួស​របស់​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់​ពុំ​បាន​ទុក​ព្រះបុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​បាន​បញ្ជូន​ព្រះបុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៩,២៤-២៧)

បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា‌ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បង‌ប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់។ អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែង‌តែ​លត់‌ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តំរា​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប‌សូន្យ​ទៅ។ រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​ឡើយ។ ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទី‌ដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់‌ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹង‌តែង ហើយ​ខ្ញុំ​ធ្វើម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។

បន្ទរ៖ ឱព្រះ‌អម្ចាស់​អើយ! សូម​ព្រះ​សណ្តាប់ និង​អាណិត‌អាសូរ​យើង​ខ្ញុំ​ផង! *ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ «កុំ​និយាយ​ប្រាប់​នរណាអំពី​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្សមាន​ជីវិត​រស់​ឡើង​វិញ» ។

ពាក្យអង្វរសកល

ចូរយើងបន្តអរព្រះគុណព្រះគ្រីស្ត ដែលជាព្រះបរមគ្រូនៃយើង និងជាព្រះសិរសា បានយាងមកដើម្បីបម្រើ និងប្រព្រឹត្តកិច្ចការល្អចំពោះមនុស្សទាំងអស់។ ដោយចិត្តជឿជាក់ និងការបន្ទាបខ្លួន យើងខ្ញុំទូលព្រះអង្គថា ៖

បន្ទរ៖ ឱព្រះជាអម្ចាស់អើយ ! សូមយាងមកសួរសុខទុក្ខក្រុមគ្រួសាររបស់ព្រះអង្គផង !

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គគង់ជាមួយអស់លោកអភិបាល អស់លោកបូជាចារ្យនៃព្រះសហគមន៍ ដែលចែករំលែកតួនាទីរបស់ព្រះអង្គជាព្រះសិរសា និងជាគង្វាល
—សូមឱ្យអស់លោកដឹកនាំប្រជារាស្រ្តព្រះអង្គឆ្ពោះទៅព្រះបិតា ក្រោមការណែនាំរបស់ព្រះអង្គផង។ (បន្ទរ)

សូមឱ្យទេវទូតរបស់ព្រះអង្គគង់នៅជាមួយអ្នកដំណើរទាំងឡាយ
—ដើម្បីថែរក្សាពួកគេឱ្យមានសុវត្ថិភាព ទាំងក្នុងព្រលឹង និងរូបកាយ។ (បន្ទរ)

សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះបម្រើសេចក្តីត្រូវការរបស់អ្នកដទៃ
—ហើយឱ្យយើងខ្ញុំបានដូចព្រះអង្គ ដែលយាងមកដើម្បីបម្រើ មិនមែនឱ្យគេបម្រើព្រះអង្គឡើយ។ (បន្ទរ)

សូមព្រះអង្គប្រោសឱ្យក្រុមគ្រួសារនីមួយៗ ចេះបម្រើគ្នាទៅវិញទៅមក
—ដូច្នេះ ដោយមានជំនួយពីព្រះអង្គ គ្រួសារអាចក្លាយជាក្រុងមួយដែលរឹងមាំ និងមានការបង្រួបបង្រួមគ្នា។ (បន្ទរ)

សូមព្រះអង្គអាណិតអាសូរដល់មរណបុគ្គលទាំងឡាយ
—សូមព្រះអង្គនាំពួកគេទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែងអើយ ! ព្រះអង្គចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់ ឲ្យធ្វើជាព្រះបន្ទូលក្នុងលោកនេះ។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់ស្តាប់សេចក្តី ដែលព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំ តាមរយៈអ្នកដទៃ និងតាមរយៈព្រឹត្តិការណ៍នានាប្រចាំជីវិតយើងខ្ញុំ។ សូមប្រោសឲ្យយើងខ្ញុំមានជំនឿមាំមួន ដើម្បីស្គាល់សិរីរុងរឿងរបស់ព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅជាមួយយើងខ្ញុំសព្វថ្ងៃនេះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។