១៩ កុម្ភៈ ២០២៧

Written on 02/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃសុក្រ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៤១

ពាក្យអធិដ្ឋានរបស់អ្នកមានជំងឺ

”ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ” (មក ១៤,១៨)។

បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតមេត្តាប្រោសទូលបង្គំឱ្យបានជាផង ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។

២ អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត មានសុភមង្គលហើយ
នៅថ្ងៃមានអាសន្ន ព្រះអម្ចាស់នឹងរំដោះអ្នកនោះជាមិនខាន។
៣
ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ
ហើយអ្នកនោះ មានសុភមង្គលនៅលើផែនដី
ព្រះអង្គមិនបណ្តោយឱ្យគេធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវឡើយ។
៤
ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេដេកឈឺចុកចាប់
ទោះបីឈឺយ៉ាងណាក្តី ក៏ព្រះអង្គប្រោសគេឱ្យជាសះស្បើយឡើងវិញ។
៥
ខ្ញុំនឹកគិតថា ឱព្រះអម្ចាស់អើយ!
សូមអាណិតមេត្តាប្រោសទូលបង្គំឱ្យបានជាផង
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។
៦
សត្រូវរបស់ទូលបង្គំ នាំគ្នានិយាយអាក្រក់ពីទូលបង្គំ
គេបន់ឱ្យតែទូលបង្គំស្លាប់ គេបន់ឱ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។
៧
អ្នកដែលមកសួរសុខទុក្ខទូលបង្គំ ក៏មានគំនិតមិនល្អ
គេមកប្រមូលដំណឹងអាក្រក់
លុះចេញទៅវិញ គេនិយាយបរិហារពីទូលបង្គំ។
៨
អស់អ្នកដែលស្អប់ទូលបង្គំ
និយាយខ្សឹបខ្សៀវដាក់គ្នាអំពីទូលបង្គំថា
ទូលបង្គំគេចមិនផុតពីស្លាប់។
៩
គេពោលថា “ជំងឺគាត់មើលមិនជាទេ!
គាត់ពុំអាចក្រោកឡើងវិញបានឡើយ”។
១០
សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត
ជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។
១១
ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
សូមប្រោសទូលបង្គំ ឱ្យបានជាឡើងវិញផង
នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ ឱ្យសមនឹងអំពើរបស់គេ។
១២
បើខ្មាំងសត្រូវរបស់ទូលបង្គំ
លែងមានជ័យជម្នះលើទូលបង្គំ
នោះទូលបង្គំដឹងច្បាស់ថា
ព្រះអង្គពិតជាស្រឡាញ់ទូលបង្គំមែន។
១៣
ព្រះអង្គបានជួយទូលបង្គំ
ហើយប្រោសទូលបង្គំឱ្យជាទាំងស្រុង
ព្រះអង្គប្រទានឱ្យទូលបង្គំ
នៅជាមួយព្រះអង្គរហូតតរៀងទៅ។
១៤
សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
តាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! អាម៉ែន!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតមេត្តាប្រោសទូលបង្គំឱ្យបានជាផង ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។

ទំនុកតម្កើងលេខ ៤៦

ព្រះជាម្ចាស់ជាជម្រក និងជាបង្អែក​ដ៏​រឹង‌មាំរបស់យើង

”នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា អេម៉ានូអែល” ប្រែ​ថា «ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​យើង» (មថ ១,២៣)។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រកដ៏​រឹង‌មាំ​សម្រាប់​យើង។

(បទពាក្យ ៧)​

២- ព្រះអម្ចាស់ជាទីជម្រក ឱ្យយើងចូលជ្រករាល់ខែឆ្នាំ  
  ព្រះអង្គតែងតែប្រុងប្រៀបចាំ មិនមើលបំណាំពេលអាសន្ន ។
៣- ទោះបីផែនដីប្រេះរញ្ជួយ ភ្នំប្រែរលួយដោយទាន់ហន់  
  ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ ជាច្រើនរយជាន់ខ្ញុំមិនភ័យ ។
៤- ទោះបីសមុទ្របោកបាចសាច ជួនជោរជួននាចយ៉ាងណាក្តី  
  ទោះភ្នំកក្រើកខ្ទ័រផែនដី ក៏យើងមិនភ័យមិនខ្ចីខ្លាច ។
៥- មានទន្លេមួយនាំអំណរ សិរីបវរស្រោចបាចសាច  
  បុរីព្រះម្ចាស់មានអំណាច វិសុទ្ធក្រៃពេកព្រះដំណាក់ ។
៦- ព្រះម្ចាស់គង់ក្នុងបុរីណា បានក្តីសុខាមិនអន់អាក់  
  ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ តាំងពីថ្ងៃរះព្រឹកព្រលឹម ។
៧- ជនជាតិនានាតែងគំរាម នគរកើតសង្គ្រាមភ័យជ្រួលជ្រើម  
  ព្រះម្ចាស់បន្លឺសូរសៀងឡើង ផែនដីត្រូវប៉ើងបែកខ្ចាត់ខ្ចាយ ។
៨- ព្រះជាអម្ចាស់នៃពិភព ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ  
  ព្រះលោកយ៉ាកុបមិនទន់ជ្រាយ កំពែងមាំក្រៃនៃយើងខ្ញុំ ។
៩- ចូរនាំគ្នាមើលស្នាព្រះហស្ត របស់ព្រះម្ចាស់ដ៏ឧត្តម  
  កិច្ចការអស្ចារ្យទាំងតូចធំ ដែលទ្រង់ខិតខំលើផែនដី ។
១០- ទ្រង់បានប្រមូលធ្នូលំពែង ខែលខ្លីដាវវែងគ្មានសល់អី  
  រទេះគ្រឿងក្រោះបោះទៅដី ដុតខ្ទេចគ្មានស្តាយមិនស្រណោះ ។
១១- ចូរឈប់ច្បាំងទៅត្រូវដឹងថា គឺយើងនេះណាជាព្រះម្ចាស់  
  យើងគ្រប់គ្រងលើជាតិទាំងអស់ មិនសល់ចន្លោះលើលោកា ។
១២- ព្រះអម្ចាស់នៃភពផែនដី ស្ម័គ្រស្មោះមេត្រីគ្រប់ៗគ្នា  
  គង់នៅជាមួយរាល់វេលា កំពែងការពារដ៏មាំមួន ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រកដ៏​រឹង‌មាំ​សម្រាប់​យើង។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកតម្កើងនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ ព្រះអម្ចាស់​អើយ ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំព្រះអង្គ។

៣ “ឱព្រះជាម្ចាស់ ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម
គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!
៤
បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ!
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ!
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់​អើយ ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៥,១៦.១៩-២០)

ដូច្នេះ សូម​បង‌ប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អធិដ្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​ជា​សះ‌ស្បើយ។ ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិតមាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។ បង‌ប្អូន​អើយ ក្នុង​ចំណោម​បង‌ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្ដី​ពិត ហើយ​បើ​មាន​ម្នាក់​ទៀត​នាំ​គាត់​ឲ្យ​វិល​ត្រឡប់​មក​វិញ តោង​ដឹង​ថា អ្នក​ដែល​នាំ​មនុស្ស​បាប​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដែល​គេ​វង្វេង​នោះ បាន​សង្គ្រោះ​ជីវិត​គេ​ឲ្យ​រួច​ពី​ស្លាប់ ព្រម​ទាំង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់​ផង។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្តអំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បង‌ប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ចូរ​ទុក​តង្វាយ​របស់​អ្នកនៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះ‌ស្រួល​នឹង​បង‌ប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។

ពាក្យអង្វរសកល

ព្រះគ្រីស្តជាព្រះអម្ចាស់បានប្រោសឱ្យប្រជារាស្រ្តរបស់ព្រះអង្គវិសុទ្ធ ដោយព្រះលោហិតរបស់ព្រះអង្គ។ ចូរយើងស្រែកអង្វរព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គអាណិតមេត្តាដល់ប្រជារាស្រ្តរបស់ព្រះអង្គផង !

ឱព្រះសង្រ្គោះដ៏ជាទីស្រឡាញ់ ! តាមរយៈទុក្ខលំបាករបស់ព្រះអង្គ សូមបង្រៀនយើងខ្ញុំឱ្យចេះបរិច្ចាគធនធានដែលយើងមាន សូមប្រទានកម្លាំងឱ្យយើងខ្ញុំចេះប្រឆាំងនឹងសេចក្តីអាក្រក់ និងទុក្ខលំបាក ហើយសូមព្រះអង្គពង្រីកសេចក្តីសង្ឃឹមរបស់យើង
—ដូច្នេះ យើងខ្ញុំអាចត្រៀមខ្លួនរួចជាស្រេច ដើម្បីអបអរសាទរព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ (បន្ទរ)

សូមព្រះអង្គប្រោសឱ្យគ្រីស្តបរិស័ទទាំងអស់ ធ្វើជាព្យាការីរបស់ព្រះអង្គ ដើម្បីឱ្យមនុស្សលោកបានស្គាល់ព្រះនាមព្រះអង្គក្នុងគ្រប់ទីកន្លែង
—ហើយធ្វើជាសាក្សីអំពីព្រះអង្គ ដោយមានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់។ (បន្ទរ)

សូមព្រះអង្គប្រទានកម្លាំងដល់អ្នកដែលមានទុក្ខព្រួយ
—ហើយសូមព្រះអង្គជួយយើងខ្ញុំឱ្យលើកពួកគេឡើង ដោយសារការស្រឡាញ់ និងព្រួយបារម្ភរបស់យើងខ្ញុំ។ (បន្ទរ)

សូមព្រះអង្គប្រៀនប្រដៅមនុស្សទៀងត្រង់ ឱ្យមើលឃើញពីទុក្ខលំបាករបស់ព្រះអង្គ ក្នុងសេចក្តីឈឺចាប់របស់ពួកគេ
—ហើយសូមបង្ហាញឫទ្ធានុភាពនៃការសង្រ្គោះរបស់ព្រះអង្គ ឱ្យអ្នកដទៃបានឃើញផង។ (បន្ទរ)

ឱម្ចាស់នៃជីវិតយើងខ្ញុំអើយ ! សូមព្រះអង្គនឹកចាំដល់អស់អ្នកដែលបានលាចាកពីលោកនេះ
—សូមប្រោសប្រទានឱ្យពួកគេមានជីវិតរស់ឡើងវិញដ៏រុងរឿង រួមជាមួយព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតាអើយ ! ព្រះអង្គប្រោសឲ្យយើងខ្ញុំរៀបចំខ្លួនសម្រាប់បុណ្យចម្លងខាងមុខនេះ ដើម្បីរំឭកដល់ព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ តាមរយៈការតមខាងផ្លូវកាយ សូមព្រះអង្គមេត្តាជួយឲ្យយើងខ្ញុំបង្កើតផលផ្លែល្អខាងផ្លូវចិត្ត។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។