រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃអាទិត្យ
ថ្ងៃសៅរ៍ (ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៤១,១-៩
ពាក្យអធិដ្ឋានក្នុងគ្រាមានអាសន្ន
“ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវទូតឡើងទៅលើ
ជាមួយពាក្យអធិដ្ឋានរបស់ប្រជាជនដ៏វិសុទ្ធ នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់” (វវ ៨,៤)។
បន្ទរទី១ ៖ បពិត្រព្រះជាអម្ចាស់ ! យើងខ្ញុំសូមអង្វរព្រះអង្គ សូមព្រះអង្គសព្វព្រះហឫទ័យទទួលយើងខ្ញុំ និងសក្ការបូជាដែលយើងខ្ញុំថ្វាយទៅព្រះអង្គនៅថ្ងៃនេះ រួមជាមួយចិត្តសោកស្តាយ និងការដាក់ខ្លួនផង។
| ១ | ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមអង្វរព្រះអង្គ សូមមេត្តាយាងមកជួយ ទូលបង្គំជាប្រញាប់! ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំផង! |
| ២ | សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច ! |
| ៣ | ឱព្រះអម្ចាស់អើយ! សូមរក្សាមាត់ទូលបង្គំ សូមកុំឱ្យទូលបង្គំពោលពាក្យអាក្រក់ឡើយ។ |
| ៤ | សូមកុំបណ្តោយឱ្យចិត្តទូលបង្គំ លំអៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើទុច្ចរិតរួមជាមួយមនុស្សទុច្ចរិត សូមកុំឱ្យទូលបង្គំចូលរួមជប់លៀងជាមួយពួកគេឡើយ។ |
| ៥ | បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសទូលបង្គំ ដោយចិត្តស្មោះត្រង់ ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិដ្ឋានតបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។ |
| ៦ | សូមឱ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម ហើយសូមឱ្យបច្ចាមិត្តស្ដាប់សេចក្ដីដែលទូលបង្គំនិយាយ ដោយសុទ្ធចិត្ត។ |
| ៧ | “ដីប្រេះចេញពីគ្នាយ៉ាងណា សូមឱ្យស្ថានមនុស្សស្លាប់បើកចំហ លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ” ។ |
| ៨ | បពិត្រព្រះជាអម្ចាស់! ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឱ្យទូលបង្គំបាត់បង់ជីវិត។ |
| ៩ | សូមការពារទូលបង្គំឱ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅរបស់មនុស្សទុច្ចរិតឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះជាអម្ចាស់ ! យើងខ្ញុំសូមអង្វរព្រះអង្គ សូមព្រះអង្គសព្វព្រះហឫទ័យទទួលយើងខ្ញុំ និងសក្ការបូជាដែលយើងខ្ញុំថ្វាយទៅព្រះអង្គនៅថ្ងៃនេះ រួមជាមួយចិត្តសោកស្តាយ និងការដាក់ខ្លួនផង។
ទំនុកតម្កើងលេខ ១៤២
ព្រះអង្គជាជម្រករបស់ទូលបង្គំ
អ្វីដែលបានសរសេរនៅក្នុងទំនុកតម្កើងនេះ
ត្រូវបានបំពេញនៅក្នុងទុក្ខលំបាករបស់ព្រះអម្ចាស់យើង (សន្តហ៊ីលឡារី)។
បន្ទរទី២ ៖ ចូរស្រែករកព្រះអម្ចាស់ ព្រះអង្គនឹងសណ្តាប់ពាក្យអ្នក ចូរអង្វររកព្រះអង្គ នោះទ្រង់នឹងឆ្លើយតបមកអ្នកវិញថា៖ យើងនៅទីនេះហើយ។
(បទកាកគតិ)
| ២- | ខ្ញុំខំបន្លឺ | សម្លេងរន្ទឺ | អង្វរព្រះម្ចាស់ |
| ស្រែកដោយទទូច | ឱ្យទ្រង់ឮច្បាស់ | ព្រោះរូបខ្ញុំនេះ | |
| វេទនាពេកក្រៃ | ។ | ||
| ៣- | ខ្ញុំទូលព្រះអង្គ | ឱ្យបានជ្រាបផង | នូវអស់អត្ថន័យ |
| ពីពាក្យត្អូញត្អែរ | ទុក្ខសោករីងរៃ | វេទនារាល់ថ្ងៃ | |
| ស្ទើរក្ស័យជីវិត | ។ | ||
| ៤- | ពេលទូលបង្គំ | មានទុក្ខក្រៀមក្រំ | បាក់ធ្លាក់ទឹកចិត្ត |
| ព្រះអង្គជ្រាបច្បាស់ | ពីដំណើរពិត | ពួកគេជុំជិត | |
| ដាក់អន្ទាក់ខ្ញុំ | ។ | ||
| ៥- | សូមទ្រង់ទតចុះ | គ្មាននរណាសោះ | អើពើទូលបង្គំ |
| គ្មានទីជ្រកកោន | ឱ្យបានសមរម្យ | នរណាក៏ពុំ | |
| រវល់ឡើយណា | ។ | ||
| ៦- | បពិត្រព្រះម្ចាស់ | ខ្ញុំស្រែកពោលនេះ | អង្វរទ្រង់ថា |
| ទ្រង់ជាជម្រក | នៅក្នុងលោកា | គ្មានអ្វីអស្ចារ្យ | |
| ជាងព្រះអង្គឡើយ | ។ | ||
| ៧- | សូមទ្រង់ប្រណី | សម្តែងហឫទ័យ | កុំបីកន្តើយ |
| ដ្បិតទូលបង្គំ | ទាល់ច្រកអស់ហើយ | រំដោះឱ្យស្បើយ | |
| ពីជនអប្រីយ៍ | ។ | ||
| ៨- | សូមដោះលែងខ្ញុំ | ផុតពីទុក្ខធំ | មានសិទ្ធិសេរី |
| ដើម្បីខ្ញុំអាច | ថ្កើងព្រះនាមល្បី | ចំណោមប្រុសស្រី | |
| នៃជនសុចរិត | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ចូរស្រែករកព្រះអម្ចាស់ ព្រះអង្គនឹងសណ្តាប់ពាក្យអ្នក ចូរអង្វររកព្រះអង្គ នោះទ្រង់នឹងឆ្លើយតបមកអ្នកវិញថា៖ យើងនៅទីនេះហើយ។
បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)
ព្រះគ្រីស្ដជាអ្នកបម្រើរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ សូម្បីតែព្រះគ្រីស្តក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតបានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ព្រះអង្គត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។
| ៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
| ៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
| ៨ | ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
| ៩ | ហេតុនេះហើយ បានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
| ១០ | ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
| ១១ | និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូម្បីតែព្រះគ្រីស្តក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតបានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ព្រះអង្គត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៦,១-៤ក)
ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលការប្រណីសន្ដោសរបស់ព្រះអង្គ យកមកទុកចោលជាអសារឥតការឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា: «យើងបានឆ្លើយតបមកអ្នកនៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួយអ្នកនៅថ្ងៃណាដែលយើងសង្គ្រោះមនុស្សលោក»។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក!។ យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់។
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះសណ្តាប់ និងអាណិតអាសូរយើងខ្ញុំផង! *ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ "មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ” ។
ពាក្យអង្វរសកល
ចូរយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្តជាព្រះអម្ចាស់ ដែលបានក្លាយជាព្រះបរមគ្រូ ជាគំរូ និងជាបងរបស់យើង។ ចូរយើងទូលទៅព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចាក់បង្ហូរព្រះជន្មផ្ទាល់មកលើប្រជារាស្រ្តព្រះអង្គផង !
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គក្លាយជាមនុស្សដូចយើងខ្ញុំសព្វគ្រប់ប្រការ ប៉ុន្តែ គ្មានបាបសោះ។ សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះចែករំលែកជាមួយអ្នកដទៃទាំងអំណរសប្បាយ និងទុក្ខព្រួយ
—ដើម្បីឱ្យយើងខ្ញុំលូតលាស់កាន់តែជ្រៅក្នុងសេចក្តីស្រឡាញ់ជារៀងរាល់ថ្ងៃ។ (បន្ទរ)
សូមជួយយើងខ្ញុំឱ្យចេះយកអាហារទៅឱ្យអ្នកដែលឃ្លាន
—និងយកទឹកមកឱ្យអ្នកដែលស្រេក។ (បន្ទរ)
ព្រះអង្គបានលើកឡាសារឡើងចេញពីសេចក្តីស្លាប់
—សូមព្រះអង្គប្រោសឱ្យមរណបុគ្គលដែលបានស្លាប់ ព្រោះតែអំពើបាប អាចរស់ឡើងវិញដោយសារជំនឿ និងកែប្រែចិត្តគំនិតផង។ (បន្ទរ)
សូមព្រះអង្គជម្រុញឱ្យមនុស្សជាច្រើនដើរតាមព្រះអង្គ ដោយមានចិត្តខ្នះខ្នែង និងល្អឥតខ្ចោះ
—តាមរយៈគំរូនៃព្រះនាងព្រហ្មចារិនីម៉ារី និងសន្តបុគ្គលទាំងឡាយ។ (បន្ទរ)
សូមឱ្យមរណបុគ្គលរស់ឡើងវិញក្នុងសិរីរុងរឿងរបស់ព្រះអង្គ
—ដើម្បីឱ្យពួកគេបានរីករាយនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គ អស់កល្បជានិច្ច។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតឲ្យមនុស្សលោក និងប្រោសឲ្យគេមានសុភមង្គលយ៉ាងពេញលេញ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យចេះស្រឡាញ់ និងបម្រើព្រះអង្គ ដើម្បីយើងខ្ញុំអាចស្គាល់មាគ៌ាឆ្ពោះទៅកាន់ព្រះអង្គឯស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

