១១ កុម្ភៈ ២០២៦

Written on 24/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៥ ថ្ងៃពុធ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ២៧

ព្រះជាម្ចាស់ឈរនៅក្បែរយើងក្នុងគ្រាមានអាសន្ន

មើលហ្ន៎ ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! (វវ ២១,៣)។

បន្ទរទី១ ៖ ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! ។

(ក)

ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះរបស់ខ្ញុំ
ខ្ញុំមិនភ័យខ្លាចនរណាឡើយ ព្រះអម្ចាស់ជាកំពែងការពារជីវិតខ្ញុំ
ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។

ពេលពួកមនុស្សពាល គឺបច្ចាមិត្ត និងអ្នកប្រឆាំងខ្ញុំ
នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ
ពួកគេបែរជាជំពប់ដួលទៅវិញ។

ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ខ្ញុំមិនភ័យខ្លាចអ្វីដែរ
ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ
ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។

ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្តីតែមួយគត់
ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្តីនេះ
គឺឱ្យស្នាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អស់មួយជីវិត
ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអម្ចាស់
និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ

ដ្បិតនៅពេលខ្ញុំមានអាសន្ន
ព្រះអង្គតែងតែឱ្យខ្ញុំជ្រកក្នុងទីជម្រករបស់ព្រះអង្គ
ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់លើថ្មដា។

ឥឡូវនេះ ព្រះអង្គលើកខ្ញុំឡើងឱ្យខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ
ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកជ័យឃោស
ខ្ញុំនឹងច្រៀង ហើយស្មូតទំនុកតម្កើងថ្វាយព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ !

បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូល‌បង្គំឡើយ។

(ខ)

មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ (មក ១៤,៥៧)។

(បទពាក្យ ៧)

៧- ឱព្រះម្ចាស់អើយសូមសណ្តាប់ ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង  
  អាណិតឆ្លើយតបកុំឆ្មៃឆ្មើង មកខ្ញុំវិញផងកុំកន្តើយ
៨- ទូលបង្គំនឹកដល់ព្រះបន្ទូល ព្រះអង្គថ្លែងពោលទុកមកហើយ  
  ចូរស្វែងរកយើងនឹងបានស្បើយ ខ្ញុំមិនព្រងើយស្វែងរកភក្ត្រ
៩- សូមទ្រង់អាណិតដល់រូបខ្ញុំ កុំពួនសំងំនៅលួចលាក់  
  កុំព្រះពិរោធកុំអន់អាក់ កុំបណ្តេញអ្នកបម្រើចោល
  ព្រះអង្គសង្គ្រោះទូលបង្គំ កុំទុករូបខ្ញុំនៅតែលតោល  
  ឱព្រះសង្គ្រោះដូចស្រមោល កុំទុកខ្ញុំចោលដូច្នេះណា
១០- ទោះឪពុកម្តាយទូលបង្គំ បោះបង់ចោលខ្ញុំឱ្យឯកា  
  ព្រះម្ចាស់នៅតែថែរក្សា ប្រណីមេត្តាជាប់ជានិច្ច
១១- សូមព្រះអម្ចាស់បង្រៀនខ្ញុំ ស្គាល់ផ្លូវឧត្តមគ្មានកលកិច្ច  
  ដើរតាមមាគ៌ាមិនបែរគេច ព្រោះខ្មាំងមានល្បិចចាំឃ្លាំមើល
១២- សូមកុំបណ្តោយឱ្យខ្ញុំធ្លាក់ ចូលក្នុងអន្ទាក់ខ្មាំងងងើល  
  សាក្សីក្លែងក្លាយបង្កាច់មួល អ្នកនោះតែងពោលពាក្យឃោរឃៅ
១៣- ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន ឃើញសុខក្សេមក្សាន្តមិនអាស្រូវ  
  មង្គលកើតពីព្រះម្ចាស់នៅ ក្នុងលោកតទៅជាមិនខាន
១៤- ចូរទុកចិត្តលើព្រះអម្ចាស់ ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន  
  ចូរមានកម្លាំងចិត្តក្លាហាន នោះអ្នកនឹងមានសុភមង្គល
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូល‌បង្គំឡើយ។

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះគ្រីស្ដជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ។

បន្ទរទី៣ ៖ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់។

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យ
បងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក
រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ
ស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ១,២២.២៥)

ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះ​ឡើយ។ រីឯអ្នកដែលយកចិត្តទុកដាក់ពិនិត្យមើលវិន័យដ៏គ្រប់លក្ខណៈ ជាវិន័យ​ដែល​ផ្តល់សេរីភាព ហើយព្យាយាមប្រតិបត្តិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែស្តាប់​រួច​ភ្លេចអស់ទៅ អ្នកនោះនឹងមានសុភមង្គល ក្នុងកិច្ចការដែលខ្លួនធ្វើជាមិនខាន។

បន្ទរ៖ ឱព្រះអម្ចាស់អើយ សូមសង្រ្គោះទូលបង្គំ *ហើយសូមបង្ហាញធម៌មេត្តា​ករុណា​របស់ព្រះអង្គមកទូលបង្គំផង។ បន្ទរឡើងវិញ៖…
-សូមកុំបោះបង់ចោលទូលបង្គំ រួមជាមួយមនុស្សបាបឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការអស្ចារ្យចំពោះរូបខ្ញុំ ព្រះនាមរបស់​ព្រះអង្គពិតជាវិសុទ្ធមែន! ។

ពាក្យអង្វរសកល

យើងខ្ញុំសូមលើកតម្កើងព្រះនាមព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការដែលយើងខ្ញុំធ្វើព្រោះព្រះអង្គបានជ្រើសរើស​ប្រជារាស្ត្ររបស់ព្រះអង្គ ដោយសេចក្តីស្រឡាញ់អស់កល្បជានិច្ច។ សូមឱ្យពាក្យអធិដ្ឋានរបស់យើងខ្ញុំឡើងទៅដល់ព្រះអង្គ ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គដល់មនុស្ស​ទាំងអស់ផង !

បពិត្រព្រះអម្ចាស់! សូមព្រះអង្គនឹកចាំពីព្រះសហគមន៍របស់ព្រះអង្គ
—សូមការពារព្រះសហគមន៍ឱ្យរួចផុតពីសេចក្តីអាក្រក់គ្រប់យ៉ាង និងសូមឱ្យព្រះសហគមន៍រីកចម្រើនឡើង ក្នុងសេចក្តីស្រឡាញ់​ដ៏ពេញលក្ខណៈរបស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យមនុស្សគ្រប់ជាតិសាសន៍ ទទួលស្គាល់ព្រះអង្គជាព្រះជាម្ចាស់ដ៏ពិតប្រាកដតែមួយព្រះអង្គគត់
—និងទទួលស្គាល់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ ជាព្រះមេស្ស៊ី ដែលព្រះអង្គបានចាត់ឱ្យយាងមក។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យអ្នកជិតខាងរបស់យើងខ្ញុំ បានទទួលនូវភាពថ្កុំថ្កើង
—ហើយសូមព្រះអង្គប្រោសប្រទានជីវិត និងសុភមង្គលដល់ពួកគាត់ជារៀងរហូតផង។ (បន្ទរ)

សូមព្រះអង្គព្រះមេត្តាលួងលោមអស់អ្នក ដែលមានបន្ទុកការងារប្រចាំ​ថ្ងៃធ្ងន់ធ្ងរ និងលំបាកលំបិន
—សូមព្រះអង្គរក្សាសេចក្តីថ្លៃថ្នូររបស់កម្មករទាំងនោះផង។ (បន្ទរ)

សូមព្រះអង្គបើកទ្វារចំហរនៃធម៌មេត្តាករុណារបស់ព្រះអង្គ ដើម្បីទទួលអស់អ្នកដែល​បានលាចាកលោកនេះនៅថ្ងៃនេះ
—ហើយសូមព្រះអង្គទទួលពួកគាត់នៅ​ក្នុង​ព្រះរាជ្យ​របស់ព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ! សូមព្រះអង្គទតមើលមកយើងខ្ញុំទាំងថ្ងៃទាំងយប់ ដើម្បីឱ្យយើងខ្ញុំដែលជាអ្នកស្ថិតក្រោមការណែនាំរបស់ព្រះអង្គ អាចរស់នៅក្នុងពិភពលោកមួយ ដែលតែងតែផ្លាស់ប្ដូរឥតឈប់ឈរ។ សូមព្រះអង្គប្រទានកម្លាំង​ដល់យើងខ្ញុំជា​មួយ​នឹងសេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលមិនចេះប្រែប្រួលនោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។