រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃពុធ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១៣៩,១-១៨.២៣-២៤
ព្រះអង្គទតឃើញអ្វីៗទាំងអស់
តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់?
តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? (រ៉ូម ១១,៣៤)។
បន្ទរទី១ ៖ ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់ដូច្នេះ គឺអស្ចារ្យពេកដែលទូលបង្គំមិនអាចយល់បានឡើយ។
(ក)
| ១ | បពិត្រព្រះអម្ចាស់! ព្រះអង្គឈ្វេងយល់ដល់ជម្រៅចិត្តទូលបង្គំ ព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។ |
| ២ | ព្រះអង្គជ្រាបពេលណាទូលបង្គំអង្គុយ ពេលណាទូលបង្គំក្រោកឈរ ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ ជាមុនស្រេចទៅហើយ។ |
| ៣ | ព្រះអង្គជ្រាបពេលណាទូលបង្គំធ្វើការ ពេលណាទូលបង្គំសម្រាក ព្រះអង្គជ្រាបច្បាស់នូវអ្វីៗទាំងអស់ ដែលទូលបង្គំប្រព្រឹត្ត។ |
| ៤ | បពិត្រព្រះអម្ចាស់! ពាក្យសម្តីមិនទាន់ចេញពីមាត់ទូលបង្គំផង ព្រះអង្គក៏ជ្រាបសេចក្តីដែលទូលបង្គំបម្រុងនឹងនិយាយនោះរួចស្រេចទៅហើយ។ |
| ៥ | ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះអង្គការពារទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។ |
| ៦ | ទូលបង្គំសែនកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ គឺអស្ចារ្យពេកណាស់ ទូលបង្គំមិនអាចយល់បានឡើយ។ |
| ៧ | តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន? តើទូលបង្គំគេចចេញទៅណាឱ្យឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គបាន? |
| ៨ | បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។ |
| ៩ | ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក៏ដោយ |
| ១០ | ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គដែរ។ |
| ១១ | ប្រសិនបើទូលបង្គំពោលថា: «សូមឱ្យភាពងងឹតគ្របពីលើខ្ញុំ ហើយសូមឱ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!» ។ |
| ១២ | ប៉ុន្តែ ចំពោះព្រះអង្គ ទោះបីងងឹតយ៉ាងណាក្តី ក៏នៅតែភ្លឺដដែល គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់ដូច្នេះ គឺអស្ចារ្យពេកដែលទូលបង្គំមិនអាចយល់បានឡើយ។
បន្ទរទី២ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ។ យើងនឹងតបស្នងឱ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
(ខ)
(បទពាក្យ ៧)
| ១៣- | ព្រះអង្គបង្កើតរូបខ្ញុំមក | ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ | |
| អ្នកម្តាយមានគុណយូរខែថ្ងៃ | សន្តោសប្រណីគ្រប់ៗគ្រា | ។ | |
| ១៤- | ទូលបង្គំសូមថ្កើងព្រះអង្គ | ស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ | |
| ខ្ញុំដឹងថាអ្វីគ្រប់ប្រការ | សុទ្ធតែអស្ចារ្យកើតពីទ្រង់ | ។ | |
| ១៥- | ពេលទូលបង្គំចាប់កំណើត | នៅក្នុងទីស្ងាត់លាក់កំបាំង | |
| ក៏មិនអាចពួននឹងព្រះអង្គ | អ្វីៗក៏ទ្រង់ជ្រាបទាំងអស់ | ។ | |
| ១៦- | កាលទូលបង្គំមិនទាន់មាន | រូបកាយមាំមួនសាច់ឈាមស្រស់ | |
| ព្រះអង្គទតខ្ញុំឃើញទាំងអស់ | ឥតមានចន្លោះត្រង់ណាឡើយ | ។ | |
| ព្រះអង្គកំណត់ពេលវេលា | អាយុសង្ខារខ្ញុំរួចហើយ | ||
| កត់ទុកជាស្រេចមិនកន្តើយ | មុននឹងដល់ថ្ងៃនោះមកទៀត | ។ | |
| ១៧- | បពិត្រព្រះម្ចាស់ព្រះតំរិះ | ព្រះអង្គជ្រៅជ្រះជាងសមុទ្រ | |
| ខ្ពស់ហួសអាកាសវេហាស៍ផុត | មិនអាចកំណត់ដឹងចំនួន | ។ | |
| ១៨- | ប្រសិនបើចិត្តខ្ញុំចង់រាប់ | ក៏មិនអាចគ្រប់ទាំងអស់បាន | |
| ពីការអស្ចារ្យទាំងប៉ុន្មាន | មានចំនួនច្រើនជាងគ្រាប់ខ្សាច់ | ។ | |
| ២៣- | ឱព្រះម្ចាស់អើយសូមពិនិត្យ | ឱ្យបានស្គាល់ចិត្តផុតកង្វល់ | |
| ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ | ដើម្បីបានយល់អ្វីខ្ញុំគិត | ។ | |
| ២៤- | សូមព្រះជាម្ចាស់ទ្រង់ទតមើល | ខ្ញុំមិនបានដើរខុសពីក្រឹត្យ | |
| ជួយដឹកនាំខ្ញុំឱ្យជួបជិត | មាគ៌ាប្រណីតនៅអស់កល្ប | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ។ យើងនឹងតបស្នងឱ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
បន្ទរទី៣ ៖ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
| ១២ | ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ |
| ១៣ | ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ១៤ | ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។ |
| ១៥ | ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក |
| ១៦ | ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ |
| ១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ |
| ១៨ | ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ |
| ១៩ | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។ |
| ២០ | ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ២,៣-៦)
ប្រសិនបើយើងកាន់តាមវិន័យរបស់ព្រះអង្គ នោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។ អ្នកណាពោលថា “ខ្ញុំស្គាល់ព្រះអង្គហើយ” តែមិនកាន់តាមវិន័យរបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្តីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។ រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះគ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្តីនេះ គឺអ្នកណាអះអាងថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
បន្ទរ៖ សូមរក្សាទូលបង្គំ *ដូចរក្សាប្រស្រីភ្នែក។ បន្ទរឡើងវិញ៖…
-សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្លើងឆ្មៃ ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។
ពាក្យអង្វរសកល
យើងខ្ញុំសូមលើកតម្កើងព្រះបិតា ដែលមានព្រះហឫទ័យមេត្តាករុណាចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដោយចិត្តអំណរសប្បាយថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យអស់អ្នកដែលសង្ឃឹមលើព្រះអង្គ មានអំណរសប្បាយឡើង។
បពិត្រព្រះអម្ចាស់! សូមព្រះអង្គនឹកចាំថា ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកក្នុងពិភពលោកនេះ ដើម្បីសង្រ្គោះ មិនមែនមកវិនិច្ឆ័យទោសមនុស្សលោកទេ
—សូមឱ្យការសោយទិវង្គតរបស់ព្រះអង្គនាំយើងខ្ញុំមកកាន់ការសង្រ្គោះផង។ (បន្ទរ)
ព្រះអង្គបានតែងតាំងអស់លោកបូជាចារ្យឱ្យបម្រើព្រះគ្រីស្ត និងព្រះអំណោយទានដ៏អស្ចារ្យរបស់ព្រះអង្គ
—សូមប្រទានឱ្យពួកគាត់មានចិត្តស្មោះត្រង់ ប្រាជ្ញាឈ្លាសវៃ និងមានសេចក្តីស្រឡាញ់ផង។ (បន្ទរ)
ព្រះអង្គបានត្រាស់ហៅបុរស និងស្ត្រីឱ្យមានព្រហ្មចរិយធម៌សម្រាប់ព្រះរាជ្យរបស់ព្រះអង្គ
—សូមឱ្យពួកគេមានចិត្តស្មោះត្រង់ដើរតាមព្រះបុត្រារបស់ព្រះអង្គ។ (បន្ទរ)
ពីដើមដំបូង ព្រះអង្គមានព្រះហឫទ័យចង់ឱ្យស្វាមីភរិយា ក្លាយទៅជារូបកាយតែមួយ
—សូមព្រះអង្គប្រទានឱ្យក្រុមគ្រួសារទាំងអស់ រួមរស់ជាមួយគ្នាដោយសេចក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្រនឹងគ្នាផង។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះគ្រីស្តយេស៊ូឱ្យមកក្នុងលោកនេះ ដើម្បីលើកលែងទោសមនុស្សឱ្យរួចពីបាប
—សូមព្រះអង្គរំដោះបាបរបស់អស់មរណបុគ្គលផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ព្រះអង្គបានប្រទានអាហារពីស្ថានបរមសុខមកអ្នកដែលស្រេកឃ្លាន។ សូមព្រះអង្គនឹកចាំពីព្រះហឫទ័យមេត្តាដែលគ្មានព្រំដែនរបស់ព្រះអង្គ។ សូមទតមើលមកភាពក្រីក្ររបស់យើងខ្ញុំ ហើយសូមឱ្យយើងខ្ញុំចេះចែករំលែកពីជីវិត និងសេចក្តីស្រឡាញ់របស់ព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

