០៣ កុម្ភៈ ២០២៦

Written on 22/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃអង្គារ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៣៧,១-៦

ទន្លេនៃស្រុក​បាប៊ីឡូន

ការជាប់ឃុំឃាំងនៅស្រុកបាប៊ីឡូន គឺជាប្រភេទនៃការជាប់ឃុំឃាំងខាង​វិញ្ញាណរបស់យើង (សន្តហ៊ីលឡារី)។

បន្ទរទី១ ៖ ឱក្រុងយេរូសាឡឹមអើយ ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ។

យើងអង្គុយនៅមាត់ទន្លេស្រុកបាប៊ីឡូន
នាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។

យើងភ្ជួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។

ពេល​នោះ ពួក​អ្នក​ដែល​ចាប់​យើង​មក​ជា​ឈ្លើយសឹក បាន​សុំ​ឱ្យ​យើង​ច្រៀង
ពួក​អ្នក​ធ្វើ​ទោស​យើង បាន​សុំ​ឱ្យ​យើងច្រៀង​បទ​សប្បាយ គេ​ពោល​ថា:
«ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូនឱ្យ​យើង​ស្ដាប់​ផង!» ។

តើឱ្យយើងច្រៀងបទតម្កើងថ្វាយព្រះអម្ចាស់
នៅលើទឹកដីបរទេសដូចម្តេចកើត?

ឱក្រុងយេរូសាឡឹមអើយ !
បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ !

ប្រសិន​បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ចាត់​ទុក​អ្នក​
ជា​អំណរដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្ញុំ​ទេ​នោះ សូម​ឱ្យ​អណ្ដាត​ខ្ញុំ​រឹង​ទៅ​ចុះ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱក្រុងយេរូសាឡឹមអើយ ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ។

ទំនុកតម្កើងលេខ ១៣៨

ពាក្យអរព្រះគុណ

ជាតិសាសន៍នានា នឹងដើរក្នុងពន្លឺរបស់ក្រុងនោះ
ហើយស្តេចនានានឹងនាំរាជទ្រព្យចូលមកក្នុងក្រុងនោះដែរ (វវ ២១,២៤)។

បន្ទរទី២ ៖ ទូលបង្គំស្មូតទំនុកតម្កើងថ្វាយព្រះអង្គ នៅចំពោះមុខពពួក​ទេវទូត។

(បទកាកគតិ)

១- ខ្ញុំសូមតម្កើង ព្រះម្ចាស់ខ្ពស់ឡើង អស់ពីដួងចិត្ត
  នៅមុខទេវតា ទូលបង្គំស្មូតបទ តម្កើងថ្វាយថ្វាត់
    ដល់ព្រះអង្គថ្លៃ
២- ខ្ញុំក្រាបបែរមុខ តម្រង់ទៅរក វិហារប្រពៃ
  ខ្ញុំលើកតម្កើង ព្រះនាមថ្លាថ្លៃ ដោយព្រះហឫទ័យ
    ស្មោះស្ម័គ្រឥតស្បើយ
៣- នៅថ្ងៃដែលខ្ញុំ ស្រែកអង្វរសុំ ព្រះអង្គតបឆ្លើយ
  ព្រះអង្គប្រទាន ឥតមានកន្តើយ ឱ្យខ្ញុំបានស្បើយ
    ក្នុងចិត្តក្លាហាន
៤- ឱព្រះម្ចាស់អើយ សូមទ្រង់ផ្តល់ឱ្យ ស្តេចទាំងប៉ុន្មាន
  នៅលើផែនដី នាំគ្នាគ្រប់ប្រាណ តម្កើងពេលបាន
    ឮទ្រង់សន្យា
៥- សូមឱ្យគេនាំ គ្នីគ្នាច្រៀងរាំ តម្កើងកិច្ចការ
  ថាព្រះអម្ចាស់ រុងរឿងអស្ចារ្យ ឧត្តមថ្លៃថ្លា
    បំផុតគ្មានពីរ
៦- ទោះបីព្រះម្ចាស់ ខ្ពង់ខ្ពស់ពេកណាស់ ក៏ទ្រង់សំភី
  គិតមនុស្សលោក គ្រប់វិនាទី មនុស្សកាចយាយី
    ទ្រង់ស្គាល់ពីឆ្ងាយ
៧- ពេលទូលបង្គំ ជួបអាសន្នធំ ទ្រង់ឥតជិនណាយ
  ជួយការពារខ្ញុំ វាយខ្មាំងខ្ចាត់ខ្ចាយ សង្គ្រោះខ្ញុំដោយ
    ឫទ្ធីបារមី
៨- បពិត្រព្រះម្ចាស់ ការគ្រប់យ៉ាងនេះ ពិតជាប្រពៃ
  ព្រះអង្គប្រកប ដោយព្រះហឫទ័យ ករុណាក្រៃ
    ឥតបីបោះបង់
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ទូលបង្គំស្មូតទំនុកតម្កើងថ្វាយព្រះអង្គ នៅចំពោះមុខពពួក​ទេវទូត។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)

ទំនុកតម្កើងការប្រោសលោះ

បន្ទរទី៣ ៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញ‌បូជា ព្រះអង្គសមនឹងទទួលព្រះកិត្តិនាម សិរី‌រុងរឿង និងការសរសើរតម្កើង។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ
ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា
គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ
និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង
ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។
១២
នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញ‌បូជា ព្រះអង្គសមនឹងទទួលព្រះកិត្តិនាម សិរី‌រុងរឿង និងការសរសើរតម្កើង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ៣,១៦)

អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ យើងបានឮដំណឹងថា មានអ្នកខ្លះ ក្នុងចំណោមបងប្អូនរស់នៅដោយឥតសណ្តាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។ យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រីស្តថា សូមអញ្ជើញធ្វើការឱ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសឈាមខ្លួនឯងទៅ!។ ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្តអំពើល្អ កុំរសាយចិត្តឡើយ។

បន្ទរ៖ ដោយព្រះ‌អង្គនៅជាមួយ *ទូល‌បង្គំមានអំណរដ៏បរិបូណ៌។ បន្ទរឡើងវិញ៖…
-ហើយនៅខាងស្តាំព្រះ‌អង្គ ទូលបង្គំក៏រីក‌រាយអស់កល្ប‌ជានិច្ចដែរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ព្រះដ៏មានឫទ្ធានុភាព បានសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! ។

ពាក្យអង្វរសកល

យើងខ្ញុំសូមលើកតម្កើងព្រះគ្រីស្ត ដែលបានប្រទានតេជានុភាព និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទ្រង់ព្រះមេត្តាសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ ហើយយើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គជារៀងរហូត។

ព្រះគ្រីស្តជាកម្លាំងរបស់យើង ព្រះអង្គបានត្រាស់ហៅអ្នកជឿ ឱ្យស្គាល់ពីសេចក្តីពិតរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទានឱ្យពួកគេមានជំនឿ និងចិត្តតស៊ូផង។ (បន្ទរ)

សូមព្រះអង្គជួយតម្រង់ផ្លូវមេដឹកនាំ ឱ្យបានស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
—សូមព្រះអង្គជួយដល់មេដឹកនាំទាំងនេះ ឱ្យចេះរក្សាសន្តិភាព និងស្វែងរកផលប្រយោជន៍រួមផង។ (បន្ទរ)

ព្រះអង្គបានប្រទាននំប៉័ងដល់បណ្តាជនដែលស្រេកឃ្លាន
—សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះចែករំលែកធនធានរបស់ខ្លួន ទៅដល់អ្នកដែលខ្វះខាតផង។ (បន្ទរ)

សូមព្រះអង្គកុំបណ្តោយឱ្យមេដឹកនាំពិភពលោក យកចិត្តទុកដាក់តែចំពោះតម្រូវការរបស់ប្រជាជាតិខ្លួនប៉ុណ្ណោះ
—ប៉ុន្តែ សូមឱ្យអស់លោកទាំងនោះ ចេះគោរព និងខ្វល់ខ្វាយពីតម្រូវការរបស់ប្រជាជនទាំងអស់ផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានសុភមង្គល និងការរស់ឡើងវិញ ដល់បងប្អូនយើងខ្ញុំដែលបានទទួលមរណភាព
—ហើយសូមឱ្យអ្នកជឿលើព្រះអង្គបានទទួលសិរីរុងរឿងពីព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រទានឱ្យការអធិដ្ឋានរបស់យើងខ្ញុំនៅពេលល្ងាចនេះ ចូលមកចំពោះព្រះភក្រ្តព្រះអង្គ ហើយសូមឱ្យបបូរមាត់របស់យើងខ្ញុំប្រកាសពីជំនឿ និងរស់នៅក្នុងគំនិតដែលពោរពេញដោយការអធិដ្ឋានអស់ពីដួងចិត្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។