២៣ មករា ២០២៦

Written on 16/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី២ ថ្ងៃសុក្រ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៦,១-៩

ពាក្យអរព្រះគុណ

“យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” (កក ១៤,២២ខ)។

បន្ទរទី១ ៖ ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ

ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។

មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់
ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។

ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖
“ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!”

ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត
ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។

ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប
ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។

ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ
ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។

ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ
ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ទំនុកតម្កើងលេខ ១២១

ព្រះជាម្ចាស់ថែរក្សាការពារប្រជារាស្ត្រព្រះអង្គ

ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្តៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។

បន្ទរទី២ ៖ មានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។

(បទពាក្យ ៧)

១- ខ្ញុំងើបមុខឡើងភ្នែកសម្លឹង ឯនាយល្វើយល្វឹងទៅដល់ភ្នំ  
  ថាតើនរណានឹងជួយខ្ញុំ ឱ្យផុតទុក្ខធំគ្រប់ៗគ្រា
២- គឺមានតែអង្គព្រះអម្ចាស់ ដែលប្រណីប្រោសរាល់វេលា  
  ទ្រង់បង្កើតដីផ្ទៃមេឃា ព្រះអង្គគឺជាព្រះសង្គ្រោះ
៣- សូមទ្រង់មេត្តាកុំបណ្តោយ ឱ្យជើងអ្នកធ្លោយរងរបួស  
  ករុណាអាសូរជួយសង្គ្រោះ កុំឱ្យមានគ្រោះឬត្រូវដួល
៤- ព្រះអង្គដែលថែទាំការពារ អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល  
  ព្រះអង្គមិនងុយងោកប្រែប្រួល ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ
៥- ព្រះអម្ចាស់តែងរក្សាថែ ការពារឥតល្ហែមិនកន្តើយ  
  ទ្រង់គង់នៅខាងស្តាំអ្នកហើយ កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់
៦- ក្នុងពេលថ្ងៃមានព្រះអាទិត្យ នឹងមិនរោមរិតធ្វើទោសទុក្ខ  
  ឯព្រះចន្ទចរនៅពេលយប់ ក៏មិនមានទុក្ខដល់អ្នកដែរ
៧- ព្រះអម្ចាស់នឹងថែរក្សា រារាំងបាំងការពារថ្នមថែ  
  ហេតុការណ៍អាក្រក់ទ្រង់បង្វែរ មិនឱ្យកើតក្បែររូបអ្នកឡើយ
៨- ព្រះអម្ចាស់ថែទាំអ្នកគ្រប់ អ្វីៗទាំងសព្វមិនកន្តើយ  
  កិច្ចការអ្នកធ្វើនឹងធូរស្បើយ ពីពេលនេះហើយតរៀងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ មានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

“ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ!
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ !
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!

បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ!
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ!
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ២,៧-១០ក)

យើង​ប្រៀន‌ប្រដៅ​អំពី​ប្រាជ្ញា​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​បង្កប់​ន័យ​ទុក​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ គឺ​ព្រះ‌អង្គ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរី‌រុង​រឿង​មក​យើង។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី‌រុង​រឿង​នោះ​ឡើយ។ ប៉ុន្តែ ដូច​មាន​ចែង​ទុក​មក​ថា៖ «អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញអ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ និង​អ្វីៗ​ដែល​ចិត្ត​មនុស្ស​នឹក​មិន​ដល់​នោះព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុកសម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ» ។ ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ឱ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម‌រយៈ​ព្រះ‌វិញ្ញាណ។

បន្ទរ ៖ ព្រះ‌គ្រីស្ត​បាន​សោយ​ទិវង្គត ព្រោះ​តែ​បាប​របស់យើង *ដើម្បីនាំបងប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ បន្ទរឡើងវិញ៖…
-កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជាម្ចាស់បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ សូមព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើង។

ពាក្យអង្វរសកល

ចូរយើងកោតសរសើរព្រះគ្រីស្ត ព្រះអង្គជាព្រះដែលមានព្រះហឫទ័យមេត្តាករុណា និងអាណិតអាសូរ។ ព្រះអង្គជូតទឹកភ្នែកចេញពីភ្នែកអស់អ្នកដែលយំសោក។ ចូរយើងស្រែកហៅព្រះអង្គក្នុងសេចក្តីស្រឡាញ់ និងសូមទូលអង្វរព្រះអង្គដោយពោលថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាអាណិតដល់ប្រជារាស្រ្តរបស់ព្រះអង្គ​ផង !

ឱព្រះយេស៊ូជាអម្ចាស់អើយ! ព្រះអង្គលួងលោមអស់អ្នកដែលទន់ទាប
—សូមព្រះអង្គយកចិត្តទុកដាក់ចំពោះទឹកភ្នែករបស់ជនក្រីក្រផង។ (បន្ទរ)

ឱព្រះជាម្ចាស់ដ៏មានព្រះហឫទ័យមេត្តាករុណាអើយ ! សូមព្រះអង្គសណ្តាប់ឮសូរសម្រែករបស់អ្នកកំពុងជិតស្លាប់
—សូមព្រះអង្គជួយសម្រាលទុក្ខពួកគេ ដោយព្រះអង្គគង់នៅជាមួយផង។ (បន្ទរ)

សូមឱ្យជនភៀសខ្លួនទាំងឡាយដឹងថា ព្រះអង្គថែទាំពួកគេ
—ហើយសូមឱ្យថ្ងៃណាមួយ ពួកគេអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ នៅលើផែនដីនេះ និងជាចុងក្រោយ សូមឱ្យពួកគេចូលទៅក្នុងលំនៅដ្ឋាននៅស្ថានបរមសុខផង។ (បន្ទរ)

សូមព្រះអង្គសម្តែងធម៌មេត្តាករុណាចំពោះអស់អ្នកបាប ដែលបានឃ្លាត​ឆ្ងាយ​ពីសេចក្តីស្រឡាញ់របស់ព្រះអង្គ
—សូមព្រះអង្គសម្រុះសម្រួលពួកគេជាមួយព្រះអង្គ និងព្រះសហគមន៍របស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គសង្គ្រោះបងប្អូនយើងខ្ញុំដែលបានទទួលមរណភាពផុតទៅហើយ
—សូមឱ្យពួកគេទទួលការសង្រ្គោះយ៉ាងពេញលេញផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ភាពផ្ទុយគ្នានៃឈើឆ្កាង ប្រកាសពីព្រះប្រាជ្ញាញាណរបស់ព្រះអង្គដែលគ្មានព្រំដែន។ សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះមើលឃើញសិរីរុងរឿងរបស់ព្រះបុត្រាព្រះអង្គ ដែលបានសម្តែងនៅក្នុងទុក្ខលំបាក ហើយព្រះអង្គបានទទួលយកដោយមានសេរីភាព។ សូមប្រោសប្រទានឱ្យយើងខ្ញុំមានជំនឿ ក្នុងការប្រកាសពីសិរីរុងរឿងនៃព្រះឈើឆ្កាងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់តែមួយគត់ ដែលមានព្រះជន្មគង់នៅរួមជា​មួយ​ព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។