០៩ មករា ២០២៦

Written on 19/10/2026
Mary Siya Khim

ថ្ងៃសុក្រ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៦,១-៩

ពាក្យអរព្រះគុណ

“យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” (កក ១៤,២២ខ)។

បន្ទរទី១ ៖ ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ

ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។

មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់
ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។

ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖
“ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!”

ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត
ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។

ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប
ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។

ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ
ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។

ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ
ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ទំនុកតម្កើងលេខ ១២១

ព្រះជាម្ចាស់ថែរក្សាការពារប្រជារាស្ត្រព្រះអង្គ

ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្តៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។

បន្ទរទី២ ៖ មានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។

(បទពាក្យ ៧)

១- ខ្ញុំងើបមុខឡើងភ្នែកសម្លឹង ឯនាយល្វើយល្វឹងទៅដល់ភ្នំ  
  ថាតើនរណានឹងជួយខ្ញុំ ឱ្យផុតទុក្ខធំគ្រប់ៗគ្រា
២- គឺមានតែអង្គព្រះអម្ចាស់ ដែលប្រណីប្រោសរាល់វេលា  
  ទ្រង់បង្កើតដីផ្ទៃមេឃា ព្រះអង្គគឺជាព្រះសង្គ្រោះ
៣- សូមទ្រង់មេត្តាកុំបណ្តោយ ឱ្យជើងអ្នកធ្លោយរងរបួស  
  ករុណាអាសូរជួយសង្គ្រោះ កុំឱ្យមានគ្រោះឬត្រូវដួល
៤- ព្រះអង្គដែលថែទាំការពារ អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល  
  ព្រះអង្គមិនងុយងោកប្រែប្រួល ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ
៥- ព្រះអម្ចាស់តែងរក្សាថែ ការពារឥតល្ហែមិនកន្តើយ  
  ទ្រង់គង់នៅខាងស្តាំអ្នកហើយ កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់
៦- ក្នុងពេលថ្ងៃមានព្រះអាទិត្យ នឹងមិនរោមរិតធ្វើទោសទុក្ខ  
  ឯព្រះចន្ទចរនៅពេលយប់ ក៏មិនមានទុក្ខដល់អ្នកដែរ
៧- ព្រះអម្ចាស់នឹងថែរក្សា រារាំងបាំងការពារថ្នមថែ  
  ហេតុការណ៍អាក្រក់ទ្រង់បង្វែរ មិនឱ្យកើតក្បែររូបអ្នកឡើយ
៨- ព្រះអម្ចាស់ថែទាំអ្នកគ្រប់ អ្វីៗទាំងសព្វមិនកន្តើយ  
  កិច្ចការអ្នកធ្វើនឹងធូរស្បើយ ពីពេលនេះហើយតរៀងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ មានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

“ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ!
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ !
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!

បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ!
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ!
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១-៥)

ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ ឥត​មាន​ទោសពៃរ៍​ទៀត​ឡើយ ដ្បិត​វិន័យ​របស់​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​ក្នុង​អង្គ​ព្រះ‌គ្រីស្ដ‌យេស៊ូ បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​បាប និង​ពី​សេចក្ដីស្លាប់។ ការ​ណា​ដែល​វិន័យ​ធ្វើពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើឲ្យ​វិន័យ​នោះ​ទៅ​ជា​អស់​ឫទ្ធិ ព្រះ‌ជាម្ចាស់​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប ព្រះ‌អង្គ​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់ឲ្យ​យាង​មក មាន​ជាតិ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប ក្នុង​ឋានៈ​ជា​មនុស្ស។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ប្រោស​យើង​ឲ្យ​សុចរិត ស្រប​តាម​ការ​តម្រូវ​របស់​វិន័យ គឺ​ចំពោះ​យើង​ដែល​មិន​រស់​នៅ​តាម​លោកីយ៍ តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​អ្នក​ដែល​រស់​នៅ​តាម​លោកីយ៍ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់‌ទង​នឹង​លោកីយ៍ រីឯ​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ គិត​តែ​ពី​ខាង​ព្រះ‌វិញ្ញាណ។

បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ *នឹង​បាន​ទទួលពរ​ដោយសារ​ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ប្រជា‌ជាតិនានា នឹងនាំគ្នាថ្លែងពីសិរី‌រុង​រឿងរបស់ព្រះ‌អម្ចាស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ទេវទូតរបស់ព្រះជាម្ចាស់បានប្រាប់ពួកហោរាចារ្យក្នុងសុបិននិមិត្ត ឱ្យពួកគេវិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។

ពាក្យអង្វរសកល

នៅពេលនេះ យើងអធិដ្ឋានទៅព្រះបិតាដែលបានចាក់ប្រេងអភិសេកព្រះគ្រីស្ត ជាពន្លឺបំភ្លឺប្រជាជាតិនានាថា ៖

បន្ទរ៖ បពិត្រព្រះបិតា ! សូមព្រះអង្គសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

សូមព្រះអង្គប្រោសប្រទានឱ្យព្រះសហគមន៍រីកចម្រើនឡើង
—ហើយសូមឱ្យសិរីរុងរឿងនៃព្រះបុត្រាព្រះអង្គមានពាសពេញយ៉ាងនោះដែរ។ (បន្ទរ)

បពិត្រព្រះបិតាដែលគង់នៅអស់កល្បជានិច្ច ! ព្រះអង្គបានដឹកនាំពួកហោរាចារ្យមកពីទិសខាងកើត មកថ្វាយបង្គំព្រះបុត្រាព្រះអង្គ
—សូមបង្ហាញព្រះអង្គឱ្យអស់អ្នកដែលស្វែងរកសេចក្តីពិតបានឃើញផង។ (បន្ទរ)

សូមព្រះអង្គទាញយកប្រជាជាតិទាំងអស់ មកកាន់ពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ
—ដើម្បីឱ្យគ្រប់ជង្គង់ត្រូវលុតចុះ នៅពេលណាឮព្រះនាមព្រះយេស៊ូ។ (បន្ទរ)

សូមព្រះអង្គផ្ញើពួកកម្មករមកក្នុងចម្ការព្រះអង្គ
—សូមឱ្យពួកគេប្រកាសដំណឹងល្អដល់ជនក្រីក្រ និងប្រកាសពីពេលដែលព្រះអង្គសម្តែងព្រះហឫទ័យប្រណីសន្តោស។ (បន្ទរ)

សូមព្រះអង្គប្រោសឱ្យមរណបុគ្គលទទួលការសង្រ្គោះយ៉ាងពេញបរិបូណ៍
—ដើម្បីឱ្យពួកគេមានអំណរសប្បាយក្នុងជ័យជម្នះរបស់ព្រះគ្រីស្ត ជាព្រះបុត្រាព្រះអង្គ។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យបង្ហាញឲ្យមនុស្សលោកដឹងថា ព្រះសង្រ្គោះបានប្រសូតមកហើយ ព្រះអង្គកំពុងបំពេញកិច្ចការក្នុងពិភពលោកសព្វថៃ្ងនេះ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យយល់ពីសញ្ញាសម្គាល់នៃព្រះរាជ្យរបស់ព្រះអង្គ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!