ថ្ងៃព្រហស្បតិ៍ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ៧២
រាជ្យអំណាចរបស់ព្រះមេស្ស៊ី
គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន
គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស មកថ្វាយព្រះអង្គ (មថ ២,១១)។
បន្ទរទី១ ៖ យើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
(ក)
| ១ | ឱព្រះជាម្ចាស់អើយ! សូមប្រទានឱ្យព្រះរាជាចេះវិនិច្ឆ័យដូចព្រះអង្គ សូមឱ្យព្រះរាជបុត្រនេះ បានប្រកបដោយសេចក្តីសុចរិតរបស់ព្រះអង្គដែរ!។ |
| ២ | សូមឱ្យព្រះរាជាគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ដោយយុត្តិធម៌ ហើយគ្រប់គ្រងជនក្រីក្រត្រឹមត្រូវតាមច្បាប់។ |
| ៣ | សូមឱ្យភ្នំធំភ្នំតូចទាំងឡាយ ផ្តល់នូវភោគផលដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ ព្រមទាំងនាំសេចក្តីសុចរិតរបស់គេផង។ |
| ៤ | សូមព្រះរាជារកយុត្តិធម៌ឱ្យជនក្រីក្រក្នុងចំណោមប្រជារាស្ត្រ សូមទ្រង់ប្រោសមនុស្សកំសត់ទុគ៌ត ហើយកម្ទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ។ |
| ៥ | ដរាបណាព្រះអាទិត្យនៅតែរះ ហើយព្រះចន្ទនៅតែបញ្ចោញរស្មី សូមឱ្យព្រះរាជាមានព្រះជន្មាយុយឺនយូរអស់កល្បជាអង្វែងតរៀងទៅ។ |
| ៦ | សូមទ្រង់ផ្តល់ព្រះពរដល់ប្រជារាស្ត្រ ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ ដូចភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។ |
| ៧ | សូមឱ្យសេចក្តីសុចរិតរីកចម្រើនឡើង ក្នុងរជ្ជកាលរបស់ព្រះករុណា ដរាបណានៅមានព្រះចន្ទ សូមឱ្យមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៌។ |
| ៨ | សូមឱ្យព្រះរាជាគ្រប់គ្រងពីសមុទ្រមួយ ទៅសមុទ្រមួយ ពីទន្លេអឺប្រាតនេះ រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។ |
| ៩ | ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណា ខ្មាំងសត្រូវរបស់ព្រះអង្គត្រូវបរាជ័យងើបមុខមិនរួច។ |
| ១០ | ស្តេចទាំងឡាយនៅស្រុកតារស៊ីស និងនៅកោះនានា នឹងយកតង្វាយមកថ្វាយព្រះករុណា ស្តេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏យកសួយសារអាករមកថ្វាយព្រះអង្គដែរ។ |
| ១១ | ស្តេចទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះរាជា ប្រជាជាតិទាំងអស់នឹងបម្រើព្រះករុណា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ យើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
បន្ទរទី២ ៖ ព្រះអម្ចាស់សង្គ្រោះជីវិតមនុស្សក្រីក្រ ព្រះអង្គរំដោះពួកគេឱ្យរួចផុតពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅ។
(ខ)
(បទកាកគតិ)
| ១២- | ទ្រង់នឹងរំដោះ | អ្នកក្រទាំងអស់ | ដោយធម៌មេត្តា |
| អ្នកទុគ៌តស្រែក | សុំក្តីករុណា | ព្រះអង្គរក្សា | |
| អ្នកគ្មានទីពឹង | ។ | ||
| ១៣- | ទ្រង់សែនអាណិត | អាសូរពេកពិត | អ្នកអត់លំនឹង |
| នឹងមនុស្សកំសត់ | គ្មានអ្វីរំពឹង | ព្រះអម្ចាស់នឹង | |
| សង្គ្រោះជីវិត | ។ | ||
| ១៤- | ទ្រង់នឹងរំដោះ | ពួកគេទាំងរស់ | ពីពួកឧក្រិដ្ឋ |
| ជនកាចសាហាវ | ពាលាទុច្ចរិត | ព្រោះតែជីវិត | |
| ថ្លៃថ្លាក្រៃលែង | ។ | ||
| ១៥- | សូមឱ្យរាជា | មានព្រះជន្មា | យឺនយូរអង្វែង |
| គេនឹងយកមាស | មកថ្វាយទ្រង់ផង | អង្វរព្រះអង្គ | |
| ឥតមានឈប់ឈរ | ។ | ||
| ១៦- | សូមឱ្យក្នុងស្រុក | ស្រូវពេញជង្រុក | ផ្តល់ភោគផលល្អ |
| តាមកំពូលភ្នំ | ក៏ឱ្យសំបូរ | ប្រជាកុះករ | |
| កើនឡើងដូចស្មៅ | ។ | ||
| ១៧- | សូមឱ្យរាជា | មានព្រះនាមា | ល្បីល្បាញតទៅ |
| នាមព្រះករុណា | ស្ថិតស្ថេរគង់នៅ | ដរាបរៀងទៅ | |
| លើដីក្រោមមេឃ | ។ | ||
| ១៨- | សូមលើកតម្កើង | ព្រះអង្គខ្ពស់ឡើង | ឥតមានអល់អែក |
| ព្រះអ៊ីស្រាអែល | ល្អល្អះអនេក | ការអស្ចារ្យពេក | |
| ដែលទ្រង់សម្តែង | ។ | ||
| ១៩- | សូមលើកតម្កើង | ព្រះនាមថ្កុំថ្កើង | ព្រះអង្គគួរស្ញែង |
| សូមឱ្យផែនដី | ទាំងមូលកោតក្រែង | សិរីរុងរឿង | |
| របស់ព្រះអង្គ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់សង្គ្រោះជីវិតមនុស្សក្រីក្រ ព្រះអង្គរំដោះពួកគេឱ្យរួចផុតពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)
ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើងហើយ។
| ១៧ | “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
| ១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។ |
| ១០ | ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖ “ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
| ១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។ |
| ១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ! ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើងហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ១,៥ខ.៧)
ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស និងស្រ្តី គ្រប់សញ្ជាតិ *នឹងបានទទួលពរដោយសារព្រះអង្គ។ បន្ទរឡើងវិញ៖…
—ប្រជាជាតិនានា នឹងនាំគ្នាថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ អ្នកស្រុកសេបាទាំងអស់នឹងនាំគ្នាមក ពួកគេយកមាស និងកំញានមកជាមួយផង អាលេលូយ៉ា!។
ពាក្យអង្វរសកល
រួមជាមួយពាក្យអធិដ្ឋានរបស់បងប្អូនយើងខ្ញុំទាំងអស់ យើងសូមកោតសរសើរព្រះជាម្ចាស់ ហើយអង្វររកព្រះនាមព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមបង្ហាញក្តីមេត្តារបស់ព្រះអង្គឱ្យយើងខ្ញុំផង !
បពិត្រព្រះបិតាដ៏វិសុទ្ធ ! យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អស់អ្នកដែលមិនគ្រាន់តែស្គាល់ព្រះអង្គ តាមរយៈពន្លឺនៃប្រាជ្ញាធម្មជាតិរបស់ខ្លួនប៉ុណ្ណោះទេ
—តែសូមព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតរបស់ពួកគេឱ្យបានស្គាល់ព្រះអង្គ ដោយសារពន្លឺដ៏ភ្លឺស្វាងនៃព្រះបន្ទូលដំណឹងល្អរបស់ព្រះគ្រីស្តយ៉ាងពេញបរិបូណ៍ថែមទៀតផង។ (បន្ទរ)
សូមព្រះអង្គទតមកដោយក្តីមេត្តាចំពោះអ្នកទាំងឡាយណាដែលរស់នៅក្រៅព្រះសហគមន៍ ដូចដែលពួកគេស្វែងរកការរំដោះខ្លួនចេញពីភាពឃោរឃៅដែលបង្ខិតបង្ខំជីវិតមនុស្ស
—សូមឱ្យគេរកឃើញព្រះគ្រីស្ត ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ (បន្ទរ)
សូមព្រះអង្គជួយដល់អស់អ្នកដែលខំអនុវត្តតាមជំនឿរបស់ពួកគេយ៉ាងស្មោះត្រង់
—សូមឱ្យគេបានទទួលពន្លឺដ៏អស្ចារ្យនៃប្រេងអភិសេករបស់ព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គថែរក្សាអ្នកជឿឱ្យមានចិត្តបរិសុទ្ធ
—សូមឱ្យគេបានឃើញព្រះអង្គកាន់តែច្បាស់ឡើងៗគ្រប់វិនាទីផង។ (បន្ទរ)
សូមឱ្យអស់អ្នកដែលបានលាចាកពីលោកនេះ បានឃើញក្តីមេត្តារបស់ព្រះអង្គ
—សូមបំពាក់ពួកគេនូវសិរីរុងរឿងរបស់ប្រជាជន ដែលព្រះអង្គបានជ្រើសរើស។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ដោយសារព្រះបុត្រាដ៏ជាទីស្រឡាញ់ប្រសូតជាមនុស្ស ពន្លឺដ៏ត្រចះត្រចង់របស់ព្រះអង្គបានបំភ្លឺដល់មនុស្សគ្រប់ជាតិសាសន៍។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំទទួលសិរីរុងរឿងរបស់ព្រះគ្រីស្ត ដែលជាពន្លឺមិនចេះរលត់។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!

