០៦ មករា ២០២៦

Written on 22/10/2026
Mary Siya Khim

ថ្ងៃអង្គារ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ៤៩

កុំទុកចិត្តលើទ្រព្យសម្បត្តិ!

“អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់” (មថ ១៩,២៣)។

បន្ទរទី១ ៖ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។

(ក)

ប្រជាជនទាំងឡាយអើយ ! ចូរនាំគ្នាត្រងត្រាប់ស្តាប់ !
មនុស្សម្នាដែលរស់នៅលើផែនដីទាំងមូលអើយ !
ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ !

គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ !

ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត
ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។

ខ្ញុំនឹងផ្ចង់ចិត្តស្តាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ
ខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។

នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំមិនភ័យខ្លាចអ្វីឡើយ។

មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាងព្រោះមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ

តម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
ទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។
១០
តើមនុស្សអាចរស់រហូត គេចផុតពីរណ្តៅនៃមច្ចុរាជបានឬ?
១១
យើងឃើញច្បាស់ថា អ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់ អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឱ្យអ្នកដទៃ។
១២
ខ្ញុំនឹកក្នុងចិត្តថា គេហដ្ឋានរបស់គេនឹងស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្សពីជំនាន់មួយទៅជំនាន់មួយ
ហើយដាក់ឈ្មោះដីធ្លីរបស់គេ តាមឈ្មោះរបស់ខ្លួនថែមទៀត។
១៣
មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ
គេនឹងត្រូវបាត់បង់ជីវិត ដូចសត្វតិរច្ឆាន។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។

បន្ទរទី២ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា "ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខវិញ” ។

(ខ)

១៤- អ្នកដែលទុកចិត្ត លើខ្លួនឯងពិត នោះគ្មានមារយាទ
  ពេញចិត្តពាក្យខ្លួន ជាមនុស្សមានស្នៀត អនាគតទៀត
    យ៉ាប់យ៉ឺនពេកក្រៃ
១៥- អ្នកនោះប្រៀបបាន ចៀមសត្វតិរច្ឆាន ដែលគេប្រល័យ
  មច្ចុរាជឃុំគ្រង វាយឥតសំចៃ ឃ្វាលរាល់យប់ថ្ងៃ
    មិនឱ្យឃ្លាតឆ្ងាយ
  រីមនុស្សសុចរិត នឹងជាន់ឈ្លីពិត លើរូបរាងកាយ
  របស់ពួកគេ រលាយអន្តរាយ ទៅដល់ទីឆ្ងាយ
    ក្នុងស្ថានមនុស្សស្លាប់
១៦- ប៉ុន្តែព្រះម្ចាស់ មានឫទ្ធិខ្លាំងណាស់ រំដោះខ្ញុំឆាប់
  ផុតពីអំណាច នៃសេចក្តីស្លាប់ ព្រះអង្គប្រញាប់
    មកយកខ្ញុំទៅ
១៧- ពេលអ្នកឃើញគេ សម្បត្តិឡើងទ្វេ កុំបីហ្មងសៅ
  ឃើញទ្រព្យគេច្រើន ចម្រើនតទៅ សំងំពួននៅ
    កុំភ័យខ្លាចអី
១៨- នៅពេលគេស្លាប់ គេពុំអាចចាប់ យករបស់អ្វី
  អស់ទាំងសម្បត្តិ ទ្រព្យធនផ្សេងក្តី ចូលទៅក្នុងដី
    អ្នកក្ស័យបានឡើយ
១៩- ពេលមានជីវិត គេតែងនឹកគិត ថាសុខឥតស្បើយ
  ថាខ្លួនគេនឹង មិនខ្វល់អ្វីឡើយ អ្នកផងកោតហើយ
    ដែលគេមានបាន
២០- គេគង់នឹងត្រូវ ធ្លាក់ខ្លួនចុះទៅ ជួបនឹងសន្តាន
  ជីតាជីដូន មានទាំងប៉ុន្មាន ទៅក្នុងទីស្ថាន
    ដែលគ្មានពន្លឺ
២១- អ្នកមានកិត្តិយស រុងរឿងខ្ពង់ខ្ពស់ ល្បីល្បាញរន្ទឺ
  មិនយល់អ្វីសោះ មិនភ័យព្រួយព្រឺ អ្នកនោះហើយគឺ
    ដូចសត្វដែលស្លាប់
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា "ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខវិញ” ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១. ៥,៩-១០.១២)

ទំនុកតម្កើងសម្រាប់ការប្រោសលោះ

បន្ទរទី៣ ៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលសិរីរុងរឿង និងព្រះកិត្តិនាម។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ
ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា
គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះ នឹងគ្រងរាជ្យលើផែនដី”។
១២
នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា ៖
«កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលសិរីរុងរឿង និងព្រះកិត្តិនាម។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ២,៣ខ-៥)

ពី​កំណើត​មក យើង​ជា​មនុស្ស ដែល​ត្រូវ​តែ​ទទួល​ទោស​ពី​ព្រះជាម្ចាស់ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែង‌តែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​ព្រះ‌គ្រីស្ត​វិញ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​បង‌ប្អូន មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស។

បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ *នឹង​បាន​ទទួលពរ​ដោយសារ​ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ប្រជា‌ជាតិនានា នឹងនាំគ្នាថ្លែងពីសិរី‌រុង​រឿងរបស់ព្រះ‌អម្ចាស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះគ្រីស្តជាព្រះពន្លឺចេញពីព្រះពន្លឺ នៅពេលព្រះអង្គបង្ហាញខ្លួននៅលើផែនដី ពួកហោរាចារ្យបាននាំយកដង្វាយមកថ្វាយព្រះអង្គ។ អាលេលូយ៉ា!

ពាក្យអង្វរសកល

ដោយរួមជាមួយគ្រីស្តបរិស័ទទាំងអស់ នៅក្នុងការអធិដ្ឋាន និងកោតសរសើរព្រះអង្គ យើងខ្ញុំទទួចអង្វរព្រះអម្ចាស់ថា ៖

បន្ទរ៖ បពិត្រព្រះបិតា! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់បុត្រធីតាព្រះអង្គផង !

សូមព្រះអង្គជួយដល់អស់អ្នកដែលមិនទាន់ស្គាល់ព្រះជាម្ចាស់ ឱ្យពួកគេស្វែងរកវត្តមានរបស់ព្រះអង្គនៅក្នុងស្រមោល និងការព្យាករនៃចិត្តរបស់មនុស្ស
—សូមប្រោសឱ្យពួកគេទៅជាមនុស្សថ្មី នៅក្នុងពន្លឺរបស់ព្រះគ្រីស្ត។ (បន្ទរ)

សូមព្រះអង្គទតមកអស់អ្នកដែលគោរពតម្កើងព្រះអង្គ ជាព្រះជាម្ចាស់ ដ៏ពិតប្រាកដតែមួយ និងទន្ទឹងរង់ចាំព្រះអង្គយាងមកវិញ វិនិច្ឆ័យទោស នៅថ្ងៃចុងក្រោយបំផុត ដោយក្តីមេត្តា
—សូមឱ្យពួកគេអាចទទួលស្គាល់សេចក្តីស្រឡាញ់ដ៏នៅឋិតឋេររបស់ព្រះអង្គ ចំពោះយើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គនឹកចាំដល់អស់អ្នកដែលព្រះអង្គបានផ្តល់ជីវិត ពន្លឺ និងអ្វីៗដ៏ល្អគ្រប់យ៉ាងឱ្យពួកគេ
—សូមកុំបណ្តោយឱ្យពួកគេឃ្លាតឆ្ងាយពីព្រះអង្គឡើយ។ (បន្ទរ)

សូមព្រះអង្គទតមកអ្នកដំណើរទាំងអស់ ដោយការមើលថែពីពួកទេវទូត
—សូមការពារយើងខ្ញុំ ឱ្យរួចផុតពីគ្រោះថ្នាក់ជាយថាហេតុ និងពីសេចក្តីស្លាប់ដែលមើលមិនឃើញផង។ (បន្ទរ)

ព្រះអង្គបានបង្ហាញសេចក្តីពិតដល់អ្នកស្លាប់ ពេលពួកគេនៅលើផែនដី
—សូមណែនាំពួកគេឱ្យសញ្ជឹងគិតពីព្រះភក្រ្តដ៏ស្រស់ស្អាតនៃព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចអើយ! ព្រះបុត្រាចាប់កំណើតជាមនុស្ស ដោយប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំកែប្រែចិត្តគំនិត និងប្រព្រឹត្តរាល់កិច្ចការ ដើម្បីគាប់ព្រះហឫទ័យព្រះអង្គជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!