០៥ មករា ២០២៦

Written on 23/10/2026
Mary Siya Khim

ថ្ងៃចន្ទ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ៤៥

ចម្រៀង​នៅ​ពេល​ព្រះ‌រាជា​រៀប​អភិសេក

“ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!” (មថ ២៥,៦)។

បន្ទរទី១ ៖ ព្រះអង្គរូបល្អជាងគេក្នុងចំណោមបុរសទាំងអស់ ព្រះអង្គមានសំនួនវោហារដ៏ពូកែ។

(ក)

ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ
ខ្ញុំ​តែង​បទ​ចម្រៀង​នេះ​ថ្វាយ​ព្រះ‌មហា​ក្សត្រ។
សូម​ឲ្យ​សម្ដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។

ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ព្រះ‌អង្គ​ទេ​ ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ
ព្រះ‌អង្គ​មាន​សំនួន‌វោហារ​ដ៏​ពូកែ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ប្រទាន​ពរ​ដល់​ព្រះ‌អង្គ​រហូត​ត​ទៅ។

ឱ​វីរ‌បុរស​ដ៏​មាន​ឫទ្ធិអើយ សូម​ពាក់​ព្រះ‌ខ័នរាជ្យ​ដ៏​រុង‌រឿង
និង​ភ្លឺចិញ្ចែងចិញ្ចាច​របស់​ព្រះ‌អង្គ​ទៅ។

សូម​ព្រះ‌អង្គ​យាង​គង់​លើ​ព្រះ‌រាជ‌រថប្រកប​ដោយ​សិរី‌រុង​រឿង
ដើម្បី​ច្បាំង​ការ‌ពារ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត​ទៀង​ត្រង់
សូម​ព្រះ‌អង្គ​ទទួល​មហា​ជោគ‌ជ័យ ដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

សូម​ឲ្យ​ព្រួញ​ដ៏​មុត​របស់​ព្រះ‌អង្គបាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ
សូម​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយនៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌រាជា។

បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
ហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌

ព្រះ‌អង្គ​តែង‌តែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ជា​ព្រះ​របស់​ព្រះ‌អង្គ​
ជ្រើស‌រើស​ព្រះ‌អង្គពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះ‌អង្គ
ហើយ​ប្រទាន​ឲ្យ​ព្រះ‌អង្គមាន​អំណរ​សប្បាយ​ដ៏​លើស‌លប់ ដោយ​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ។

ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​ក្រអូប​ទៅ​ដោយក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍‌ក្រឹស្នា
មាន​ក្រុម​តន្ដ្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះ‌អង្គ នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។
១០
ស្រីស្នំ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​បុត្រីរបស់​ស្តេច​នគរ​នានា
ហើយ​ព្រះ‌មហា​ក្សត្រិ‌យានី​ ទ្រង់​គ្រឿង​អលង្ការធ្វើពី​មាស​ដ៏​ល្អ​ប្រណីត គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គរូបល្អជាងគេក្នុងចំណោមបុរសទាំងអស់ ព្រះអង្គមានសំនួនវោហារដ៏ពូកែ។

បន្ទរទី២ ៖ មើលហ្ន៎ ស្វាមីមកដល់ហើយ ! ចូរនាំគ្នារត់ទៅទទួលលោក !

(ខ)

(បទព្រហ្មគីតិ)

១១- ព្រះម្ចាស់ក្សត្រីយ៍អើយ កុំកន្តើយសណ្តាប់ខ្ញុំ  
  កុំនឹកនាពួនយំ ដល់រាជវង្សព្រះនាងអី
១២- សូមឱ្យមហាក្សត្រ បានគាប់ចិត្តអង្គក្សត្រីយ៍  
  បង្គំគាល់ក្រាបថ្វាយ កុំនឿយណាយទ្រង់ជាម្ចាស់
១៣- អ្នកមានក្រុងទីរ៉ុស ទាំងស្រីប្រុសមានច្រើនណាស់  
  នាំតង្វាយទាំងអស់ តម្រង់ឆ្ពោះផ្គាប់ក្សត្រី
១៤- ព្រះនាងគង់នៅក្នុង ព្រះរាជវាំងសុខពេកក្រៃ  
  រូបឆោមស្រស់ឥតបី ព្រះភូសារំលេចមាស
១៥- គេដង្ហែព្រះនាង ចូលក្នុងវាំងមនុស្សដេរដាស  
  ភីលៀងមានច្រើនណាស់ ហែទៅគាល់ព្រះរាជា
១៦- ព្រះនាងចូលទៅកាន់ វិមានស្ថានអង្គក្សត្រា  
  អស់ទាំងរាស្ត្រប្រជា គ្រប់ៗគ្នារីករាយក្រៃ
១៧- បពិត្រព្រះមហាក្សត្រ មេត្តាចាត់បុត្រថ្លាថ្លៃ  
  គ្រងរាជ្យដ៏ប្រពៃ តពីព្រះអយ្យកោស្តេច
១៨- ទូលបង្គំនឹងថ្លាថ្លែង រំលឹកចែងឥតមានភ្លេច  
  ព្រះនាមល្អបណ្តាច់ នាំគ្នាលើកថ្កើងព្រះអង្គ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ មើលហ្ន៎ ស្វាមីមកដល់ហើយ ! ចូរនាំគ្នារត់ទៅទទួលលោក !

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ

បន្ទរទី៣ ៖ ព្រះជាម្ចាស់ចាត់ចែងគម្រោងការនេះឱ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង
ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ
ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ
និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង
នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស
ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់ចាត់ចែងគម្រោងការនេះឱ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ១,៣-៤)

ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់ សម្រាប់​ជីវិត​រស់​នៅ និង​សម្រាប់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ ឫទ្ធា‌នុភាព​នោះ​នាំ​យើង​ឲ្យ​ស្គាល់​ព្រះ‌អង្គ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ផ្ទាល់ និង​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។ ដោយ‌សារ​សិរី‌រុង​រឿង និង​ព្រះ‌បារមី​នេះ ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌អំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​ព្រះ‌បន្ទូល​សន្យា ដើម្បី​ឲ្យ​បង‌ប្អូន​មាន​លក្ខណៈ​ជា​ព្រះ‌ជាម្ចាស់ រួម​ជា​មួយ​ព្រះ‌អង្គ​ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភ‌លន់​ក្នុង​លោកីយ៍។

បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ *នឹង​បាន​ទទួលពរ​ដោយសារ​ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ប្រជា‌ជាតិនានា នឹងនាំគ្នាថ្លែងពីសិរី‌រុង​រឿងរបស់ព្រះ‌អម្ចាស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ កាល​ហោរាចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណ គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីងទេស មក​ថ្វាយ​ព្រះ‌អង្គ។

ពាក្យអង្វរសកល

សូមលើកតម្កើងព្រះយេស៊ូគ្រីស្តជាអម្ចាស់ ដែលយាងមកនាំពន្លឺបំភ្លឺអស់អ្នកដែលស្ថិតក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយមានជំនឿយ៉ាងមុតមាំថា ៖

បន្ទរ៖ បពិត្រព្រះគ្រីស្ត សូមព្រះអង្គបំភ្លឺយើងខ្ញុំ !

បពិត្រព្រះយេស៊ូជាអម្ចាស់ ! ដោយព្រះអង្គយាងមកយកកំណើតជាមនុស្ស ព្រះអង្គបានយករូបកាយមកជាមួយ គឺព្រះសហគមន៍
—សូមឱ្យព្រះសហគមន៍ចាក់ឫសក្នុងសេចក្តីស្រឡាញ់ និងរីកចម្រើនឡើងក្នុងព្រះអំណោយទានផង។ (បន្ទរ)

ព្រះអង្គគ្រប់គ្រងផ្ទៃមេឃ និងផែនដី ដោយព្រះហស្តព្រះអង្គផ្ទាល់
—ចូរឱ្យប្រជាជន និងមេដឹកនាំទាំងអស់ ចេះទទួលស្គាល់ព្រះចេស្តាព្រះអង្គផង។ (បន្ទរ)

ដោយព្រះអង្គប្រសូតជាមនុស្ស ព្រះអង្គក្លាយទៅជាមហាបូជាចារ្យអស់កល្បជានិច្ច
—សូមឱ្យលោកបូជាចារ្យទាំងអស់ ធ្វើជាសហការីដ៏ពិតប្រាកដ ក្នុងកិច្ចសង្រ្គោះរបស់ព្រះអង្គផង។ (បន្ទរ)

នៅក្នុងផ្ទៃព្រះនាងព្រហ្មចារិនីម៉ារី ព្រះអង្គបាននាំការអាថ៌កំបាំងដ៏អស្ចារ្យពីរយ៉ាង រវាងទេវភាពរបស់ព្រះជាម្ចាស់ និងមនុស្សលោក
—សូមព្រះអង្គប្រទានពរដល់នាងព្រហ្មចារិនី ដែលថ្វាយខ្លួនទៅព្រះអង្គ ទុកជាព្រះស្វាមីរបស់ពួកនាងផង។ (បន្ទរ)

ព្រះអង្គពុំបានបង្កើតអំណាចនៃសេចក្តីស្លាប់ទេ គឺព្រះអង្គបានបំផ្លាញវា ដោយការចាប់កំណើតជាមនុស្ស
—សូមព្រះអង្គប្រែក្លាយបងប្អូនយើងខ្ញុំដែលបានទទួលមរណភាព ឱ្យចូលក្នុងជីវិតអស់កល្បជានិច្ចផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាមកធ្វើជាពន្លឺបំភ្លឺមនុស្សលោក។ សូមព្រះអង្គមេត្តាណែនាំយើងខ្ញុំដែលស្ថិតក្នុងលោកដ៏ងងឹតនេះ បានទៅដល់ពន្លឺដ៏ត្រចះត្រចង់នៃព្រះរាជ្យព្រះអង្គនៅថៃ្ងណាមួយផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!