០៣ មករា ២០២៦

Written on 25/10/2026
Mary Siya Khim

បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ (ល្ងាចទី១)

(បុណ្យឱឡារិក)

(ពេលល្ងាចទី១)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១៣៥

បន្ទរទី១៖ នៅមុនពេលថ្ងៃរះ ឬពេលវេលាចាប់ផ្តើម ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះបិតា ជាព្រះអម្ចាស់សង្រ្គោះនៃយើង បានបង្ហាញរូបរាងនៅលើផែនដីក្នុងថ្ងៃនេះ។

(ក)

ហាលេលូយ៉ា! ចូរ​សរសើរ​តម្កើងព្រះ‌នាម​ព្រះ‌អម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!

អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​អើយ

ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចូរ​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង។

ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ពូជ‌ពង្ស​លោក​យ៉ាកុប
ហើយ​ព្រះអង្គ​យក​ជន​ជាតិ​អ៊ីស្រាអែល
ធ្វើ​ជា​ប្រជាជន​ផ្ទាល់​របស់​ព្រះ‌អង្គ។

ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម
ព្រះ‌អម្ចាស់​របស់​យើង ព្រះ‌អង្គ​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។

បើ​ព្រះអម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ការ​អ្វី
ព្រះ‌អង្គ​នឹង​សម្រេច​ការ​នោះនៅ​លើ​ផ្ទៃ​មេឃ និង​ផែន‌ដី
នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។

ព្រះអង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់
ហើយ​ព្រះ‌អង្គ​ក៏​បាន​បញ្ចេញ​ខ្យល់ឲ្យ​បក់​បោក​មក​ដែរ។

ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយនៅ​ស្រុក​អេស៊ីប
គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។

ព្រះអង្គ​សម្ដែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗនៅ​ស្រុក​អេស៊ីប
ដើម្បី​ដាក់​ទោស​ព្រះ‌ចៅ​ផារ៉ោន និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្តេច។
១០
ព្រះអង្គ​បាន​វាយ​ប្រហារ​ប្រជាជាតិ​ជា​ច្រើន
ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​ស្តេច​ដ៏​ខ្លាំង​ពូកែ
១១
គឺ​ព្រះបាទ​ស៊ីហុន ជា​ស្តេច​ស្រុក​អាម៉ូរី
ព្រះ‌បាទ​អុក​ជា​ស្តេច​ស្រុក​បាសាន
និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​កាណាន
១២
ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ
ឲ្យ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះ‌អង្គទុក​ជា​មត៌ក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នៅមុនពេលថ្ងៃរះ ឬពេលវេលាចាប់ផ្តើម ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះបិតា ជាព្រះអម្ចាស់សង្រ្គោះនៃយើង បានបង្ហាញរូបរាងនៅលើផែនដីក្នុងថ្ងៃនេះ។

បន្ទរទី២៖ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ព្រះ‌អង្គ​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។

(ខ)

(បទកាកគតិ)

១៣- បពិត្រព្រះម្ចាស់ ព្រះនាមរបស់ ព្រះអង្គគង់វង្ស
  ជារៀងរហូត ល្បីល្បាញយូរលង់ ត្រចះត្រចង់
    អស់កល្បគ្រប់គ្រា
១៤- ដ្បិតព្រះអង្គរក យុត្តិធម៌នាំមក ឲ្យរាស្រ្តប្រជា
  ព្រះអង្គអាណិត អាសូរគ្រប់គ្នា អស់កូនចៅជា
    អ្នកស្ម័គ្របម្រើ
១៥- ព្រះផ្សេងឯទៀត ជាព្រះមិនពិត កើតពីមនុស្សធ្វើ
  ពីមាសពីប្រាក់ ពីស្ពាន់ពីឈើ អ្វីសព្វសារពើ
    ជាព្រះក្លែងក្លាយ
១៦- ព្រះនោះមានមាត់ បើកបិទមិនកើត មិនអាចនិយាយ
  មាត់ដែលជាងឆ្លាក់ គេដាក់មកឲ្យ ភ្នែកដែលមានហើយ
    តែបើកមិនរួច
១៧- ត្រចៀកក៏មាន តែស្តាប់មិនបាន ដូចត្រចៀកខូច
  ស្រេចតែជាងធ្វើ តាមធំតាមតូច ខ្យល់ចូលមិនរួច
    ដង្ហើមក៏គ្មាន
១៨- សូមឲ្យអស់អ្នក ដែលខំសូនឆ្លាក់ ឥតមានស្រាកស្រាន្ត
  ធ្វើព្រះក្លែងក្លាយ មានទាំងប៉ុន្មាន ឲ្យពួកគេបាន
    ដូចព្រះទាំងនោះ
១៩- អ៊ីស្រាអែលអើយ កុំនៅកន្តើយ នាំគ្នាទាំងអស់
  ខំលើកតម្កើង ព្រះជាអម្ចាស់ ទាំងពូជរបស់
    លោកអរ៉ុនផង
២០- គ្រួសារលេវី ចូរមកមូលមីរ សរសើរផ្គូផ្គង
  និងអ្នកដែលធ្លាប់ គោរពព្រះអង្គ សរសើរថ្កើងថ្កាន
    ព្រះម្ចាស់នៃយើង
២១- ចូរយើងនាំគ្នា គ្រប់ៗអង្គា មូលផ្តុំតម្កើង
  ព្រះជាអម្ចាស់ គង់ភ្នំស៊ីយ៉ូន និងនៅក្នុងក្រុង
    យេរូសាឡឹម
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ព្រះ‌អង្គ​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។

បទលើកតម្កើងតាមលិខិតផ្ញើជូនលោកធីម៉ូថេ (១ធម ៣,១៦)

គម្រោង‌ការ​ដ៏​លាក់​កំបាំង និងសិរីរុងរឿងរបស់ព្រះគ្រីស្ត

បន្ទរទី៣ ៖ ពន្លឺផ្កាយរះឡើងប្រៀបដូចជាអណ្តាតភ្លើងឆេះឡើង ដែលចង្អុលបង្ហាញផ្លូវទៅកាន់ព្រះជាម្ចាស់ ជាព្រះមហាក្សត្រលើមហាក្សត្រនានា។ ពួកហោរាចារ្យបានឃើញទីសម្គាល់ ហើយនាំយកដង្វាយរបស់ពួកគេទៅថ្វាយព្រះមហាក្សត្រដ៏ប្រសើរឧត្តម នៅផ្ទះដែលព្រះអង្គគង់ស្នាក់។

១៦ ព្រះគ្រីស្ត​យាង​មក​មាន​ឋានៈ​ជា​មនុស្ស ព្រះអង្គ​សុចរិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ
ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ទេវទូត​ឃើញ គេ​បាន​ប្រកាស​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​ចំណោមជាតិ​សាសន៍​នានា
គេ​បាន​ជឿ​លើ​ព្រះ‌អង្គ​ក្នុង​ពិភព‌លោក ព្រះ‌ជាម្ចាស់​បាន​លើក​ព្រះ‌អង្គ​ឡើងឲ្យ​មាន​សិរី‌រុង​រឿង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ពន្លឺផ្កាយរះឡើងប្រៀបដូចជាអណ្តាតភ្លើងឆេះឡើង ដែលចង្អុលបង្ហាញផ្លូវទៅកាន់ព្រះជាម្ចាស់ ជាព្រះមហាក្សត្រលើមហាក្សត្រនានា។ ពួកហោរាចារ្យបានឃើញទីសម្គាល់ ហើយនាំយកដង្វាយរបស់ពួកគេទៅថ្វាយព្រះមហាក្សត្រដ៏ប្រសើរឧត្តម នៅផ្ទះដែលព្រះអង្គគង់ស្នាក់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ធម ១,៩-១0)

ព្រះ‌អង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​យើង​ស្គាល់​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌គ្រីស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​យាង​មក​ក្នុង​លោក​នេះ។ ព្រះ‌គ្រីស្ត​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​ឲ្យ​ស្គាល់​ជីវិត​អមតៈ ដោយ‌សារ​ដំណឹង‌ល្អ។

បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ នឹង​បានទទួលពរដោយសារ​ព្រះអង្គ។ បន្ទរឡើងវិញ៖…
—ប្រជា‌ជាតិនានា នឹងនាំគ្នាថ្លែងពីសិរី‌រុង​រឿងរបស់ព្រះ‌អម្ចាស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ នៅពេលឃើញផ្កាយ ពួកហោរាចារ្យបាននិយាយគ្នាថា៖ ផ្កាយនេះច្បាស់ជាទីសម្គាល់នៃកំណើតរបស់ព្រះមហាក្សត្រដ៏ប្រសើរឧត្តមណាមួយហើយ។ ចូរយើងនាំគ្នាទៅស្វែងរកព្រះអង្គ ហើយនាំយកដង្វាយមាស គ្រឿងក្រអូប និងជ័រល្វីងទេស ទៅថ្វាយព្រះអង្គផង។

ពាក្យអង្វរសកល

នៅថ្ងៃនេះ ពួកហោរាចារ្យបានមកថ្វាយបង្គំព្រះសង្រ្គោះរបស់យើង។ ចូរយើងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គយ៉ាងសប្បាយរីករាយ ដោយទូលថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសង្រ្គោះជនក្រីក្រកំសត់ទុគ៌តផង !

ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! ព្រះអង្គបានត្រាស់ហៅពួកហោរាចារ្យឱ្យមកក្រាបថ្វាយបង្គំព្រះអង្គ ប្រៀបដូចជាតំណាងរបស់ប្រជាជាតិនានា មុនគេបង្អស់
—សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានវិញ្ញាណនៃការគោរពប្រណិប័តន៍ និងបម្រើព្រះអង្គផង។ (បន្ទរ)

ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! ព្រះអង្គវិនិច្ឆ័យទោសប្រជារាស្រ្ត របស់ព្រះអង្គ ដោយយុត្តិធម៌
—សូមព្រះអង្គប្រទានឱ្យមនុស្សលោកមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៍ផង។ (បន្ទរ)

ឱព្រះមហាក្សត្រនៃយុគសម័យ ! ព្រះអង្គបានអត់ធ្មត់ពីជំនាន់មួយទៅជំនាន់មួយ
—សូមផ្ញើព្រះបន្ទូលព្រះអង្គមកក្នុងដួងចិត្តរបស់យើងខ្ញុំ ប្រៀបដូចជាភ្លៀងធ្លាក់នៅនិទាឃរដូវ។ (បន្ទរ)

ឱព្រះមហាក្សត្រនៃយុត្តិធម៌ ! ព្រះអង្គសព្វព្រះហឫទ័យដោះលែងជនក្រខ្សត់ដែលគ្មានមេធាវីការពារ ឱ្យមានសេរីភាព
—សូមព្រះអង្គអាណិតអាសូរដល់អ្នកដែលមានទុក្ខព្រួយ និងសោកសៅផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! មនុស្សគ្រប់ជំនាន់កោតសរសើរព្រះនាមព្រះអង្គ
—សូមសម្តែងឫទ្ធិចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ ឱ្យបងប្អូនយើងខ្ញុំដែលបានទទួលមរណភាពទៅហើយផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ ដើម្បីស្គាល់ព្រះអង្គ និងឲ្យស្គាល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យខិតខំស្វែងរកសេចក្តីពិត និងពង្រឹងជំនឿរបស់យើងខ្ញុំជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!