រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃព្រហស្បតិ៍
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៣២
ព្រះអម្ចាស់មានព្រះបន្ទូលសន្យាជាមួយព្រះបាទដាវីឌ
ព្រះជាម្ចាស់នឹងតាំងបុត្រនោះ ឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ (លក ១,៣២)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ! ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។ ដ្បិតព្រះអង្គជាជម្រក និងជាកម្លាំងរបស់ទូលបង្គំ សូមព្រះអង្គយាងមក និងសង្រ្គោះទូលបង្គំផង។
(ក)
| ១ | ឱព្រះអម្ចាស់អើយ! សូមនឹកដល់ព្រះបាទដាវីឌ និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។ |
| ២ | ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់ គឺទ្រង់បានសន្យាជាមួយព្រះដ៏មានព្រះចេស្តារបស់លោកយ៉ាកុបថា ៖ |
| ៣ | “ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ ទូលបង្គំនឹងមិនឡើងទៅដេកនៅលើគ្រែទូលបង្គំទេ |
| ៤ | ទូលបង្គំមិនព្រមបិទភ្នែក ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ |
| ៥ | ដរាបណាទូលបង្គំពុំទាន់រកកន្លែងថ្វាយព្រះអង្គបាន ដរាបណាទូលបង្គំពុំទាន់រកព្រះដំណាក់ថ្វាយព្រះដ៏មានចេស្តារបស់លោកយ៉ាកុបបានទេនោះ!” ។ |
| ៦ | យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា យើងបានរកឃើញហិបនេះនៅតំបន់យ៉ាអារ។ |
| ៧ | ចូរយើងនាំគ្នាចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ចូរយើងក្រាបនៅទាបព្រះបាទារបស់ព្រះអង្គ! |
| ៨ | ឱព្រះអម្ចាស់អើយ! សូមតើនឡើង សូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ ហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតរៀងទៅ។ |
| ៩ | សូមឱ្យអស់លោកបូជាចារ្យរបស់ព្រះអង្គប្រព្រឹត្តអំពើសុចរិតជានិច្ច សូមឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ស្រែកហ៊ោរឡើងយ៉ាងសប្បាយ! |
| ១០ | ដោយយល់ដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ សូមកុំបោះបង់ចោលស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេកនេះឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ! ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។ ដ្បិតព្រះអង្គជាជម្រក និងជាកម្លាំងរបស់ទូលបង្គំ សូមព្រះអង្គយាងមក និងសង្រ្គោះទូលបង្គំផង។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គប្រទានព្រះពរដល់អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងត្រឡប់មកវិញ។ សូមឱ្យការអះអាងរបស់ពួកព្យាការីព្រះអង្គ ក្លាយជាការពិត។
(ខ)
(បទព្រហ្មគីតិ)
| ១១- | ព្រះអង្គបានសន្យា | នឹងស្តេចដាវីឌល្អឯក | |
| យើងនឹងតែងតាំងពូជ | ឱ្យគ្រងរាជ្យជាបន្ត | ។ | |
| ១២- | ប្រសិនបើបុត្រអ្នក | កាន់បានជាក់សម្ពន្ធល្អ | |
| មេត្រីយើងតៗ | ហើយធ្វើតាមយើងប្រដៅ | ។ | |
| នោះពូជគេនឹងបាន | ល្អថ្កើងថ្កានមិនអាស្រូវ | ||
| ឡើងគ្រងរាជ្យតទៅ | តកូនចៅឥតស្រាកស្រាន្ត | ។ | |
| ១៣- | ព្រះអម្ចាស់បានជ្រើស | ពិនិត្យរើសក្រុងថ្កើងថ្កាន | |
| ជាទីល្អចំណាន | ស៊ីយ៉ូនបានជាលំនៅ | ។ | |
| ១៤- | យើងនឹងស្នាក់សម្រាក | រហូតជាក់មិនចេញទៅ | |
| ចង់រស់ស្ថិតនិត្យនៅ | កន្លែងនេះមិនទៅណា | ។ | |
| ១៥- | យើងនឹងប្រទានពរ | ក្រុងបវរតាមត្រូវការ | |
| ឱ្យអ្នកខ្សត់វេទនា | មានអាហារមិនខ្វះទេ | ។ | |
| ១៦- | យើងនឹងសង្គ្រោះក្រុង | ឱ្យរឿងរុងល្អឡើងទ្វេ | |
| ដោយបូជាចារ្យគេ | ឱ្យរាស្ត្រហ៊ោរអរអនេក | ។ | |
| ១៧- | ទីនេះយើងឱ្យស្តេច | មានអំណាចខ្ពស់ពន់ពេក | |
| កើតចេញមកពីពូជ | នៃដាវីឌដ៏ខ្លាំងក្លា | ។ | |
| យើងនឹងរៀបចំឱ្យ | ស្តេចអង្គក្រោយមានចេស្តា | ||
| គ្រងរាជ្យយូរវស្សា | ជំនួសស្តេចយើងអភិសេក | ។ | |
| ១៨- | យើងនឹងធ្វើឱ្យខ្មាំង | បាក់មុខខ្លាំងខ្មាសពន់ពេក | |
| តែយើងនឹងឱ្យរាជ្យ | របស់គេបានថ្កុំថ្កើង | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គប្រទានព្រះពរដល់អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងត្រឡប់មកវិញ។ សូមឱ្យការអះអាងរបស់ពួកព្យាការីព្រះអង្គ ក្លាយជាការពិត។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨ និង ១២,១០-១២)
ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី៣ ៖ ព្រះអម្ចាស់អើយ សូមព្រះអង្គវិលមកវិញ ! សូមយាងមកសង្គ្រោះប្រជារាស្រ្តរបស់ព្រះអង្គជាប្រញាប់ !
| ១៧ | “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
| ១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញអស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។ |
| ១០ | ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា ៖ “ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
| ១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។ |
| ១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ! ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់អើយ សូមព្រះអង្គវិលមកវិញ ! សូមយាងមកសង្គ្រោះប្រជារាស្រ្តរបស់ព្រះអង្គជាប្រញាប់ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៥,២៣-២៤)
សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តប្រោសបងប្អូនឱ្យវិសុទ្ធទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឱ្យបានស្អាតឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងយាងមក។ ព្រះអង្គដែលបានត្រាស់ហៅបងប្អូនមក ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងសម្រេចការនេះជាពុំខាន។
បន្ទរ៖ ឱព្រះអម្ចាស់អើយ *សូមសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ!។ បន្ទរឡើងវិញ៖…
—ហើយសូមសង្គ្រោះយើងខ្ញុំផង!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱព្រះប្រាជ្ញាញាណ! ឱព្រះបន្ទូលដ៏វិសុទ្ធរបស់ព្រះជាម្ចាស់អើយ! ព្រះអង្គត្រួតត្រាលើអ្វីៗទាំងអស់ ដោយព្រះហឫទ័យសប្បុរស។ សូមយាងមក និងបង្ហាញផ្លូវទៅកាន់ការសង្រ្គោះដល់ប្រជាជនរបស់ព្រះអង្គផង។
ពាក្យអង្វរសកល
ព្រះយេស៊ូគ្រីស្តជាអំណរសប្បាយ និងជាសុភមង្គលរបស់អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងមកវិញ។ ចូរយើងទូលទៅព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមយាងមកកុំបង្អង់ឡើយ !
យើងខ្ញុំរង់ចាំការយាងមករបស់ព្រះសង្រ្គោះ ដោយអំណរសប្បាយ
—ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក។ (បន្ទរ)
ព្រះអង្គមានព្រះជន្មរួមជាមួយព្រះបិតា តាំងពីមុនពេលអ្វីទាំងអស់កើតមានឡើងទៅទៀត
—សូមព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំនៅពេលនេះ។ (បន្ទរ)
ព្រះអង្គបានបង្កើតពិភពលោក ហើយអ្វីៗទាំងអស់ដែលមានជីវិតក្នុងលោកនេះ
—សូមព្រះអង្គយាងមកសង្រ្គោះស្នាព្រះហស្តដែលព្រះអង្គបានបង្កើតមក។ (បន្ទរ)
ព្រះអង្គមិនស្ទាក់ស្ទើរក្នុងការចាប់កំណើតជាមនុស្ស រហូតដល់សោយទិវង្គត
—សូមយាងមកប្រោសយើងខ្ញុំ ឱ្យរួចផុតពីអំណាចនៃសេចក្តីស្លាប់។ (បន្ទរ)
ព្រះអង្គបានយាងមកប្រទានជីវិតដ៏ពេញបរិបូណ៍ឱ្យយើងខ្ញុំ
—សូមព្រះអង្គប្រទានជីវិតដែលមិនចេះចប់មកយើងខ្ញុំផង។ (បន្ទរ)
ព្រះអង្គប្រាថ្នាចង់ឱ្យមនុស្សទាំងអស់ រស់នៅប្រកបដោយសេចក្តីស្រឡាញ់ ក្នុងព្រះរាជ្យរបស់ព្រះអង្គ
—សូមព្រះអង្គយាងមកប្រមូលផ្តុំអស់អ្នកដែលទន្ទឹងរង់ចាំ ចង់ឃើញព្រះភក្ត្រព្រះអង្គផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គដែលជាព្រះបង្កើតមេឃ និងដី ព្រមទាំងលោះមនុស្សលោកឲ្យរួចពីបាប។ ព្រះអង្គប្រទានព្រះបន្ទូលដែលមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ឱ្យប្រសូតជាមនុស្ស ដោយសារព្រះនាងព្រហ្មចារីម៉ារី។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យរៀបចំខ្លួនទទួលព្រះបុត្រាដែលកំពុងយាងមក។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!

