១៦ ធ្នូ ២០២៦

Written on 11/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃពុធ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១២៦

អំណរសប្បាយក្នុងសេចក្តីសង្ឃឹមលើព្រះជាម្ចាស់

បងប្អូនរងទុក្ខលំបាកជាមួយពួកយើងយ៉ាងណា បងប្អូនក៏នឹងត្រូវធូរស្រាលរួមជាមួយយើងយ៉ាងនោះដែរ (២ករ ១,៧)។

បន្ទរទី១ ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញ​ពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។

១ ពេលព្រះអម្ចាស់នាំអ្នកដែលជាប់ជាឈ្លើយត្រឡប់មកក្រុងស៊ីយ៉ូនវិញ
យើងទាំងអស់គ្នាដូចជាយល់សប្តិ។
២
យើងសើចសប្បាយឥតឈប់ យើងស្រែកជ័យឃោស
ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេពោលថា ៖
“ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!”។
៣
ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យចំពោះយើងមែន
ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។
៤
ឱព្រះអម្ចាស់អើយ! សូមប្រោសប្រទានឱ្យយើងខ្ញុំបានចម្រុងចម្រើនឡើងវិញ
ដូចវាលរហោស្ថានដ៏ហួតហែង មានទឹកហូរឡើងវិញយ៉ាងនោះដែរ។
៥
អ្នកណាសាបព្រោះទាំងទឹកភ្នែក
អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។
៦
គេយកគ្រាប់ពូជចេញទៅព្រោះទាំងយំសោក
គេនឹងកាន់កណ្តាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញ​ពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។

ទំនុកតម្កើងលេខ ១២៧

ប្រសិន​បើ​ព្រះ‌អម្ចាស់មិន​សង់​ផ្ទះ​ទេ​នោះ អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!

បងប្អូនជាដំណាក់ដែលព្រះអង្គបានសង់ (១ករ ៣,៩)។

បន្ទរទី២ ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំង​ចេញពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ។

(បទពាក្យ ៧)

១- ប្រសិនបើព្រះជាអម្ចាស់ មិនជួយសង់ផ្ទះនោះទេណា  
  អ្នកសង់ខំប្រឹងឥតបានការ គឺគ្មានវាសនាខ្វះលំនឹង ។
  បើព្រះអម្ចាស់មិនរក្សា ទីក្រុងទេណាឱ្យរឹងប៉ឹង  
  អ្នកយាមទីក្រុងដែលខំប្រឹង យាមរាល់ថ្ងៃហ្នឹងក៏អសារ ។
២- អ្នករាល់គ្នាក្រោកពីព្រលឹម រកស៊ីចិញ្ចឹមជន្មជីវ៉ា  
  ខំទាំងលំបាកគ្រប់អាត្មា តែឥតបានការផលចំណេញ ។
  ព្រះជាអម្ចាស់បានប្រទាន អាហារធនធានច្រើនពាសពេញ  
  ដល់អ្នកដែលព្រះអង្គស្រឡាញ់ ក្នុងពេលយប់យន់គេនិទ្រា ។
៣- ព្រះអម្ចាស់ប្រទានកូនចៅ ស្ថិតស្ថេរគង់នៅចាត់ទុកជា  
  ចំណែកមរតកដ៏មហិមា ជាពរជ័យាពីព្រះអង្គ ។
៤- កូនប្រុសៗដែលកើតចេញមក ពេលដែលឪពុកពេញកម្លាំង  
  ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង នៃអ្នកចម្បាំងពេលប្រយុទ្ធ ។
៥- អ្នកដែលមានកូនប្រុសយ៉ាងច្រើន នោះនឹងចម្រើនសុខបំផុត  
  ពេលមានបច្ចាមកប្រយុទ្ធ គេមិនតក់ស្លុតមិនអាម៉ាស់ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់ សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំង​ចេញពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ។

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះគ្រីស្ដជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
ក្នុង​ចំណោម​មនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ។

បន្ទរទី៣ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យ
បងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី
និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៤,៥)

ហេតុ​នេះ សូម​បងប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​ដល់​សិន គឺ​ព្រះ‌អង្គ​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទី‌ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​ព្រះ‌អង្គ​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ត​មនុស្ស។ នៅ​ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូម​ទត​មក​យើង​ខ្ញុំ​ដោយព្រះ‌ហឫទ័យ​សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! គឺព្រះអង្គហើយដែលព្យាការីបានថ្លែងទុកជាមុន។ យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គយាងមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គឱ្យមានសេរីភាព។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរទៅព្រះជាម្ចាស់ជាព្រះបិតា ដែលបានប្រទានព្រះបុត្រា ដើម្បីនាំយកសេចក្តីសុខសាន្តដែលមិនចេះអស់មកឱ្យយើងខ្ញុំ។

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់!

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! សូមព្រះអង្គទតមកព្រះសហគមន៍របស់ព្រះអង្គ ដោយព្រះហឫទ័យសប្បុរស
—សូមយាងមករកដើមទំពាំងបាយជូរ ដែលព្រះអង្គបានដាំ ដោយព្រះហស្តព្រះអង្គផ្ទាល់។ (បន្ទរ)
 
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយកចិត្តទុកដាក់ដល់កូនចៅរបស់លោកអប្រាហាំ
—សូមព្រះអង្គបំពេញតាមព្រះបន្ទូលសន្យា​ ដែលព្រះអង្គបានធ្វើជាមួយដូនតារបស់ពួកគេ។ (បន្ទរ)
 
បពិត្រព្រះជាម្ចាស់ដ៏មានធម៌មេត្តាយ៉ាងក្រៃលែង ! សូមព្រះអង្គទតមកបុរស និងស្រ្តីគ្រប់ជាតិសាសន៍ ដោយព្រះហឫទ័យសប្បុរស
—សូមឱ្យពួកគេលើកតម្កើងព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា។ (បន្ទរ)
 
ឱព្រះអម្ចាស់ ដែលជាគង្វាលអស់កល្បជានិច្ច ! សូមព្រះអង្គយាងមកសួរសុខទុក្ខចៀមដែលនៅក្នុងក្រោលរបស់ព្រះអង្គ
—ហើយសូមប្រមូលផ្តុំពួកគេឱ្យនៅក្នុងហ្វូងចៀមតែមួយផង។ (បន្ទរ)
 
សូមព្រះអង្គនឹកចាំអស់អ្នកដែលបានលាចាកពីលោកនេះ ទៅដោយសុខសាន្ត
—សូមនាំពួកគេចូលក្នុងសិរីរុងរឿងរបស់ព្រះបុត្រាព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! យើងខ្ញុំសូមកោតសរសើរព្រះអង្គដែលចាត់ព្រះបុត្រាឱ្យយាងមកសង្រ្គោះមនុស្សលោក។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំ យកចិត្តទុកដាក់រៀបចំផ្លូវថ្វាយព្រះអង្គ ដោយខិតខំធ្វើកិច្ចការដែលបង្ហាញពីធម៌មេត្តាករុណារបស់ព្រះអង្គ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!