រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃអាទិត្យ (ល្ងាចទី២)
(ពេលល្ងាច)
ចាប់ពីអាទិត្យទី១ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១៖ ព្រះអម្ចាស់នឹងយាងមកប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង ក្នុងអង្គប្រជុំរបស់ព្រះអង្គម្ចាស់។
| ១ | ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។ |
| ២ | សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់នឹងយាងមកប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង ក្នុងអង្គប្រជុំរបស់ព្រះអង្គម្ចាស់។
ទំនុកតម្កើងលេខ ១១១
ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអម្ចាស់
ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យស្ញប់ស្ញែងពន់ពេកណាស់ (វវ ១៥,៣)។
បន្ទរទី២៖ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាលក៏នាំគ្នាអបអរសាទរដែរ។ ដ្បិតពន្លឺដ៏ពិតប្រាកដរបស់ពិភពលោក គឺព្រះអម្ចាស់ដែលយាងមកប្រកបដោយអំណាច និងឫទ្ធានុភាព។
(បទពាក្យ ៧)
| ១- | ចូរលើកតម្កើងព្រះជាម្ចាស់ | ប្រសើរពេកណាស់លើលោកា | |
| ខ្ញុំថ្កើងព្រះអង្គហួសសិរសា | ក្នុងហ្វូងមនុស្សម្នាដែលទៀងត្រង់ | ។ | |
| ២- | គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ | ប្រសើរពេកណាស់ខ្ពស់ឧត្តុង | |
| អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ | ស្វះស្វែងយល់ផងកុំរារែក | ។ | |
| ៣- | គ្រប់ស្នាព្រះហស្តបានបញ្ចោញ | រស្មីចិញ្ចែងភ្លឺអនេក | |
| សេចក្តីសុចរិតល្អពន់ពេក | មិនប្រេះបាក់បែកនៅរហូត | ។ | |
| ៤- | ព្រះអង្គទ្រង់សព្វព្រះហឫទ័យ | ឱ្យយើងស្រមៃមិនរលត់ | |
| ដល់ការអស្ចារ្យខ្ពស់បំផុត | ហឫទ័យអាណិតចិត្តអាសូរ | ។ | |
| ៥- | ព្រះអង្គប្រទានទាំងអាហារ | ដល់អ្នកវេទនាស្រែកទ្រហោ | |
| អ្នកដែលកោតខ្លាចទ្រង់អាសូរ | សម្ពន្ធមានយូរធ្លាប់មេត្រី | ។ | |
| ៦- | ព្រះអង្គសម្តែងអានុភាព | ឱ្យរាស្ត្រជ្រួតជ្រាបឥតសង្ស័យ | |
| គឺព្រះអង្គបានឱ្យទឹកដី | ប្រជាដទៃមកពួកគេ | ។ | |
| ៧- | គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ | សុទ្ធតែអំពើល្អឥតរេ | |
| សុចរិតយុត្តិធម៌ឥតប្រួលប្រែ | ដូច្នេះគួរតែជឿទាំងស្រុង | ។ | |
| ៨- | បញ្ហាទាំងនោះឥតចន្លោះ | មិនបាត់មួយសោះស្ថិតគង់វង្ស | |
| សុចរិតល្អល្អះភ្លឺត្រចង់ | ក្តីពិតទៀងត្រង់យ៉ាងប្រពៃ | ។ | |
| ៩- | ព្រះអង្គរំដោះប្រជារាស្ត្រ | ពួកគេទាំងអស់មានសិរី | |
| ទ្រង់បានចងសម្ពន្ធមេត្រី | នឹងរាស្ត្រប្រុសស្រីរហូតទៅ | ។ | |
| ព្រះនាមព្រះអង្គគង់ទីខ្ពស់ | វិសុទ្ធឥតមោះឥតហ្មងសៅ | ||
| បារមីគួរស្ញែងខ្លាចពេកកូវ | រាល់យប់ថ្ងៃត្រូវតែគោរព | ។ | |
| ១០- | អ្នកណាដែលចង់មានប្រាជ្ញា | គួរតែគិតថាមានប្រភព | |
| ប្រាជ្ញានឹងកើតមានសព្វគ្រប់ | បើអ្នកគោរពខ្លាចព្រះម្ចាស់ | ។ | |
| អ្នកដែលធ្វើតាមប្រាជ្ញានេះ | គេអាចត្រិះរិះបានល្អល្អះ | ||
| យើងសូមតម្កើងព្រះអម្ចាស់ | ជាព្រះខ្ពង់ខ្ពស់រហូតទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាលក៏នាំគ្នាអបអរសាទរដែរ។ ដ្បិតពន្លឺដ៏ពិតប្រាកដរបស់ពិភពលោក គឺព្រះអម្ចាស់ដែលយាងមកប្រកបដោយអំណាច និងឫទ្ធានុភាព។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៨)
វិវាហមង្គលការកូនចៀម
បន្ទរទី៣ ៖ ចូរយើងរស់នៅក្នុងភាពដ៏វិសុទ្ធ និងសេចក្តីស្រឡាញ់ ទាំងទន្ទឹងរង់ចាំព្រះសង្រ្គោះដែលកំពុងយាងមក ដោយចិត្តសង្ឃឹម និងភាពអត់ធ្មត់។
| ១ | អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
| ២ | ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ អាលេលូយ៉ា! អាលេលូយ៉ា! |
| ៥ | អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង! ។ អាលេលូយ៉ា! អាលេលូយ៉ា! |
| ៦ | ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
| ៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា! អាលេលូយ៉ា! ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរយើងរស់នៅក្នុងភាពដ៏វិសុទ្ធ និងសេចក្តីស្រឡាញ់ ទាំងទន្ទឹងរង់ចាំព្រះសង្រ្គោះដែលកំពុងយាងមក ដោយចិត្តសង្ឃឹម និងភាពអត់ធ្មត់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៤,៤-៧)
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! ចូរសម្ដែងឲ្យមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវទូលព្រះជាម្ចាស់ឱ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន និងទូលអង្វរ ទាំងអរព្រះគុណព្រះអង្គផង។ ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូមិនខាន។
បន្ទរ៖ ឱព្រះអម្ចាស់អើយ *សូមសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ។ បន្ទរឡើងវិញ៖…
-ហើយសូមសង្គ្រោះយើងខ្ញុំផង!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
អាទិត្យទី៣៖ «តើលោកជាព្រះគ្រីស្ដដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?» «ចូរអ្នកទៅជម្រាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ អាលេលូយ៉ា!។
ពាក្យអង្វរសកល ៖ អាទិត្យទី១&៣
បពិត្រព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះយើងខ្ញុំ ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ចូរយើងទូលអង្វរព្រះអង្គដោយចិត្តសុភាពរាបសាថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមយាងមកគង់នៅជាមួយនឹងយើងខ្ញុំ!
បពិត្រព្រះបុត្រាដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអង្គបានចាត់ទេវទូតកាព្រីអែលឱ្យមកជូនដំណឹងព្រះនាងព្រហ្មចារិនីម៉ារី
—សូមយាងមកសោយរាជ្យលើប្រជារាស្រ្តរបស់ព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)
បពិត្រព្រះដ៏វិសុទ្ធ! លោកយ៉ូហានបាទីស្តរើបម្រះក្នុងផ្ទៃនាងអេលីសាបិត ព្រោះវត្តមានរបស់ព្រះអង្គ
—សូមព្រះអង្គប្រទានអំណរសប្បាយដល់ពិភពលោក ដោយសារព្រះអង្គសង្រ្គោះគេផង។ (បន្ទរ)
ឱព្រះយេស៊ូជាព្រះសង្គ្រោះ ទេវទូតបានថ្វាយព្រះនាមរបស់ព្រះអង្គទៅលោកយ៉ូសែប ដែលជាមនុស្សសុចរិត
—សូមព្រះអង្គយាងមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យរួចពីអំពើបាបរបស់ពួកគេផង។ (បន្ទរ)
ព្រះអង្គជាពន្លឺបំភ្លឺពិភពលោក ដែលលោកតាស៊ីម៉ូន និងមនុស្សសុចរិតជាច្រើនបានទន្ទឹងរង់ចាំ
—សូមយាងមកផ្តល់ភាពកក់ក្តៅឱ្យយើងខ្ញុំ។ (បន្ទរ)
ឱព្រះអាទិត្យដែលរះមិនចេះរលត់! លោកសាការីបានថ្លែងទុកថា ព្រះអង្គនឹងយាងពីស្ថានលើមក ដើម្បីរំដោះយើង
—សូមព្រះអង្គរះបំភ្លឺអស់អ្នកដែលស្ថិតក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
ឱព្រះបិតាដ៏សប្បុរសយ៉ាងក្រៃលែងអើយ ! ព្រះអង្គបានចាត់ព្រះគ្រីស្តឱ្យយាងមកផ្តល់សេចក្តីសុខគ្រប់យ៉ាង និងប្រោសមនុស្សលោកឱ្យបានរួចពីបាប។
សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត ដែលកំពុងយាងមករំដោះយើងខ្ញុំ ឱ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាងមែន។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន

