១២ ធ្នូ ២០២៥

Written on 16/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃសុក្រ

(ពេលល្ងាច)

ថ្ងៃសុក្រ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៦,១-៩

ពាក្យអរព្រះគុណ

“យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” (កក ១៤,២២ខ)។

បន្ទរទី១ ៖ ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ

ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។

មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់
ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។

ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖
“ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!”

ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត
ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។

ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប
ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។

ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ
ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។

ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ
ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ទំនុកតម្កើងលេខ ១២១

ព្រះជាម្ចាស់ថែរក្សាការពារប្រជារាស្ត្រព្រះអង្គ

ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្តៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។

បន្ទរទី២ ៖ មានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។

(បទពាក្យ ៧)

១- ខ្ញុំងើបមុខឡើងភ្នែកសម្លឹង ឯនាយល្វើយល្វឹងទៅដល់ភ្នំ  
  ថាតើនរណានឹងជួយខ្ញុំ ឱ្យផុតទុក្ខធំគ្រប់ៗគ្រា
២- គឺមានតែអង្គព្រះអម្ចាស់ ដែលប្រណីប្រោសរាល់វេលា  
  ទ្រង់បង្កើតដីផ្ទៃមេឃា ព្រះអង្គគឺជាព្រះសង្គ្រោះ
៣- សូមទ្រង់មេត្តាកុំបណ្តោយ ឱ្យជើងអ្នកធ្លោយរងរបួស  
  ករុណាអាសូរជួយសង្គ្រោះ កុំឱ្យមានគ្រោះឬត្រូវដួល
៤- ព្រះអង្គដែលថែទាំការពារ អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល  
  ព្រះអង្គមិនងុយងោកប្រែប្រួល ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ
៥- ព្រះអម្ចាស់តែងរក្សាថែ ការពារឥតល្ហែមិនកន្តើយ  
  ទ្រង់គង់នៅខាងស្តាំអ្នកហើយ កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់
៦- ក្នុងពេលថ្ងៃមានព្រះអាទិត្យ នឹងមិនរោមរិតធ្វើទោសទុក្ខ  
  ឯព្រះចន្ទចរនៅពេលយប់ ក៏មិនមានទុក្ខដល់អ្នកដែរ
៧- ព្រះអម្ចាស់នឹងថែរក្សា រារាំងបាំងការពារថ្នមថែ  
  ហេតុការណ៍អាក្រក់ទ្រង់បង្វែរ មិនឱ្យកើតក្បែររូបអ្នកឡើយ
៨- ព្រះអម្ចាស់ថែទាំអ្នកគ្រប់ អ្វីៗទាំងសព្វមិនកន្តើយ  
  កិច្ចការអ្នកធ្វើនឹងធូរស្បើយ ពីពេលនេះហើយតរៀងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ មានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

“ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ!
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ !
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!

បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ!
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ!
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ៣,៨-១០)

បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បង‌ប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ​ដូច្នោះ​ដែរ។ ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បង‌ប្អូន ព្រោះ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មកប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែន‌ដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែន‌ដីដែរ។

បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូមទតមកយើងខ្ញុំដោយព្រះ‌ហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ឱសន្តីលូស៊ី ជាកូនក្រមុំព្រះគ្រីស្តអើយ! ដោយសារទុក្ខលំបាករបស់នាង នាងបានទទួលភាពជាម្ចាស់នៃព្រលឹងរបស់ខ្លួន។ នាងបានមើលងាយតម្លៃលោកីយ៍ ហើយនៅពេលនេះ នាងមានសិរីរុងរឿងនៅក្នុងចំណោមពពួកទេវទូត។ នាងបានយកឈ្នះលើខ្មាំងសត្រូវ ដោយសារឈាមរបស់នាងផ្ទាល់។

ពាក្យអង្វរសកល ៖ អាទិត្យទី២

ព្រះសង្រ្គោះរបស់យើងបានយាងមក នាំដំណឹងល្អមកកាន់ជនក្រីក្រ។ យើងខ្ញុំសូមទូលថា ៖

បន្ទរ៖ ចូរឱ្យមនុស្សទាំងអស់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ !

សូមបង្ហាញព្រះអង្គឱ្យអស់អ្នកដែលមិនទាន់ស្គាល់
—បានឃើញអំពីកិច្ចសង្រ្គោះរបស់ព្រះអង្គផង។ (បន្ទរ)

សូមឱ្យព្រះនាមព្រះអង្គប្រកាសដល់ទីដាច់ស្រយាលនៃផែនដី
—ដើម្បីឱ្យមនុស្សទាំងអស់ស្វែងរកផ្លូវទៅកាន់ព្រះអង្គផង។ (បន្ទរ)

លើកទីមួយ ព្រះអង្គបានយាងមកសង្រ្គោះពិភពលោក
—ឥឡូវនេះ សូមព្រះអង្គយាងមកវិញ ដើម្បីសង្រ្គោះអស់អ្នកដែលជឿលើព្រះនាមព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបាននាំសេរីភាពមកឱ្យយើងខ្ញុំ ដោយការសង្រ្គោះយើងខ្ញុំ
—សូមព្រះអង្គបន្តសង្រ្គោះ និងរំដោះយើងខ្ញុំឱ្យមានសេរីភាព។ (បន្ទរ)

ព្រះអង្គបានយាងមកក្នុងឋានៈជាមនុស្ស ព្រះអង្គក៏នឹងបង្វែរការវិនិច្ឆ័យទោសដែរ
—សូមព្រះអង្គប្រទានរង្វាន់អស់កល្បជានិច្ច ដល់អ្នកដែលបានទទួលមរណភាពទៅហើយនោះផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! សូមឲ្យពាក្យទូលអង្វររបស់សន្តីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី នាំឲ្យយើងខ្ញុំមានចិត្តគំនិតថ្មី។ សូមប្រោសឲ្យយើងខ្ញុំអាចប្រារព្ធបុណ្យកំណើតរបស់សន្តីលូស៊ីនៅស្ថានបរមសុខ នាពេលឥឡូវនេះ និងឲ្យយើងខ្ញុំសម្លឹងឆ្ពោះទៅកាន់អ្វីៗដែលអស់កល្បជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!