១១ ធ្នូ ២០២៥

Written on 17/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃព្រហស្បតិ៍

(ពេលល្ងាច)

ថ្ងៃព្រហស្បតិ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៧២

រាជ្យអំណាចរបស់ព្រះមេស្ស៊ី

គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំព្រះ‌អង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ (មថ ២,១១)។

បន្ទរទី១ ៖ យើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែន‌ដី។

(ក)

ឱព្រះជាម្ចាស់អើយ! សូមប្រទានឱ្យព្រះរាជាចេះវិនិច្ឆ័យដូចព្រះអង្គ
សូមឱ្យព្រះរាជបុត្រនេះ បានប្រកបដោយសេចក្តីសុចរិតរបស់ព្រះអង្គដែរ!។

សូមឱ្យព្រះរាជាគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ដោយយុត្តិធម៌
ហើយគ្រប់គ្រងជនក្រីក្រត្រឹមត្រូវតាមច្បាប់។

សូមឱ្យភ្នំធំភ្នំតូចទាំងឡាយ ផ្តល់នូវភោគផលដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ
ព្រមទាំងនាំសេចក្តីសុចរិតរបស់គេផង។

សូមព្រះរាជារកយុត្តិធម៌ឱ្យជនក្រីក្រក្នុងចំណោមប្រជារាស្ត្រ
សូមទ្រង់ប្រោសមនុស្សកំសត់ទុគ៌ត ហើយកម្ទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ។

ដរាបណាព្រះអាទិត្យនៅតែរះ ហើយព្រះចន្ទនៅតែបញ្ចោញរស្មី
សូមឱ្យព្រះរាជាមានព្រះជន្មាយុយឺនយូរអស់កល្បជាអង្វែងតរៀងទៅ។

សូមទ្រង់ផ្តល់ព្រះពរដល់ប្រជារាស្ត្រ ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ
ដូចភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។

សូមឱ្យសេចក្តីសុចរិតរីកចម្រើនឡើង ក្នុងរជ្ជកាលរបស់ព្រះករុណា
ដរាបណានៅមានព្រះចន្ទ សូមឱ្យមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៌។

សូមឱ្យព្រះរាជាគ្រប់គ្រងពីសមុទ្រមួយ ទៅសមុទ្រមួយ
ពីទន្លេអឺប្រាតនេះ រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។

ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណា
ខ្មាំងសត្រូវរបស់ព្រះអង្គត្រូវបរាជ័យងើបមុខមិនរួច។
១០
ស្តេចទាំងឡាយនៅស្រុកតារស៊ីស និងនៅកោះនានា នឹងយកតង្វាយមកថ្វាយព្រះករុណា
ស្តេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏យកសួយសារអាករមកថ្វាយព្រះអង្គដែរ។
១១
ស្តេចទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះរាជា ប្រជាជាតិទាំងអស់នឹងបម្រើព្រះករុណា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ យើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែន‌ដី។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់សង្គ្រោះជីវិតមនុស្សក្រីក្រ ព្រះ‌អង្គរំដោះពួកគេឱ្យរួចផុតពីការសង្កត់‌សង្កិនរបស់មនុស្សឃោរ‌ឃៅ។

(ខ)

(បទកាកគតិ)

១២- ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា
  អ្នកទុគ៌តស្រែក សុំក្តីករុណា ព្រះអង្គរក្សា
    អ្នកគ្មានទីពឹង
១៣- ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង
  នឹងមនុស្សកំសត់ គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង
    សង្គ្រោះជីវិត
១៤- ទ្រង់នឹងរំដោះ ពួកគេទាំងរស់ ពីពួកឧក្រិដ្ឋ
  ជនកាចសាហាវ ពាលាទុច្ចរិត ព្រោះតែជីវិត
    ថ្លៃថ្លាក្រៃលែង
១៥- សូមឱ្យរាជា មានព្រះជន្មា យឺនយូរអង្វែង
  គេនឹងយកមាស មកថ្វាយទ្រង់ផង អង្វរព្រះអង្គ
    ឥតមានឈប់ឈរ
១៦- សូមឱ្យក្នុងស្រុក ស្រូវពេញជង្រុក ផ្តល់ភោគផលល្អ
  តាមកំពូលភ្នំ ក៏ឱ្យសំបូរ ប្រជាកុះករ
    កើនឡើងដូចស្មៅ
១៧- សូមឱ្យរាជា មានព្រះនាមា ល្បីល្បាញតទៅ
  នាមព្រះករុណា ស្ថិតស្ថេរគង់នៅ ដរាបរៀងទៅ
    លើដីក្រោមមេឃ
១៨- សូមលើកតម្កើង ព្រះអង្គខ្ពស់ឡើង ឥតមានអល់អែក
  ព្រះអ៊ីស្រាអែល ល្អល្អះអនេក ការអស្ចារ្យពេក
    ដែលទ្រង់សម្តែង
១៩- សូមលើកតម្កើង ព្រះនាមថ្កុំថ្កើង ព្រះអង្គគួរស្ញែង
  សូមឱ្យផែនដី ទាំងមូលកោតក្រែង សិរីរុងរឿង
    របស់ព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះ‌អម្ចាស់សង្គ្រោះជីវិតមនុស្សក្រីក្រ ព្រះ‌អង្គរំដោះពួកគេឱ្យរួចផុតពីការសង្កត់‌សង្កិនរបស់មនុស្សឃោរ‌ឃៅ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើងហើយ។

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី
ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ
ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើងហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៥,៧-៩)

ដូច្នេះ បង‌ប្អូន​អើយ ត្រូវ​មាន​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​ពេល​ព្រះ‌អម្ចាស់​យាង​មក​យ៉ាង​រុង‌រឿង។ មើល​ចុះ! អ្នក​ភ្ជួរ​រាស់​ទន្ទឹង​រង់‌ចាំ​ភោគ​ផល​ដ៏​ថ្លៃ​វិសេស​ដែល​ដី​ផ្ដល់​ឲ្យ ដោយ​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​បាន​ផល​នៅ​ដើម​រដូវ និង​ចុង​រដូវ។ បង‌ប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ តាំង​ចិត្ត​ឲ្យ​រឹង‌ប៉ឹង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។ ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។

បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូមទតមកយើងខ្ញុំដោយព្រះ‌ហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

អាទិត្យទី២ ៖ “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ” «សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង»។

ពាក្យអង្វរសកល ៖ អាទិត្យទី២

ព្រះគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំបានបន្ទាបព្រះអង្គ ដើម្បីសង្រ្គោះយើងខ្ញុំ។ យើងខ្ញុំសូមទូលទៅព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !

បពិត្រព្រះយេស៊ូជាអម្ចាស់ ! ដោយការយាងមករបស់ព្រះអង្គ ទ្រង់បានរំដោះពិភពលោកឱ្យរួចពីបាប
—សូមព្រះអង្គលាងជម្រះព្រលឹង និងរូបកាយរបស់យើងខ្ញុំឱ្យរួចពីទោសទាំងឡាយផង។ (បន្ទរ)

ដោយព្រះបុត្រាបានប្រសូតមកជាមនុស្ស យើងខ្ញុំធ្វើជាបងប្អូនប្រុសស្រីរបស់ព្រះអង្គ
—សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំឃ្លាតចេញឆ្ងាយពីព្រះអង្គឡើយ។ (បន្ទរ)

សូមព្រះអង្គកុំវិនិច្ឆ័យយ៉ាងតឹងរឹង
—ចំពោះអស់អ្នកដែលព្រះអង្គបានលោះ ដោយបង់ថ្លៃយ៉ាងលើសលប់នោះឡើយ។ (បន្ទរ)

ឱព្រះគ្រីស្តអើយ ! ព្រះហឫទ័យសប្បុរស និងទ្រព្យសម្បត្តិរបស់ព្រះអង្គនៅស្ថិតស្ថេរគ្មានទីបញ្ចប់ឡើយ
—សូមប្រទានឱ្យយើងខ្ញុំនូវមកុដនៃសិរីរុងរឿងដែលមិនចេះរីងស្ងួតនោះផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គទទួលយកវិញ្ញាណក្ខន្ធនៃអ្នកបម្រើរបស់ព្រះអង្គដែលបានលាចាកពីលោកនេះ
—សូមឱ្យពួកគាត់មានជីវិតរួមជាមួយព្រះអង្គអស់កល្បជានិច្ចផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកសង្គ្រោះយើងខ្ញុំ។ សូមព្រះអង្គមេត្តាកែប្រែចិត្តគំនិតរបស់យើងខ្ញុំ ឲ្យស្ម័គ្រចិត្តរៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលកំពុងយាងមក។ សូមប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់បម្រើព្រះអង្គ ដោយសេចក្តីស្រឡាញ់ និងជួយដល់អ្នកកម្សត់ទុគ៌ត។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!