០៩ ធ្នូ ២០២៥

Written on 19/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃអង្គារ

(ពេលល្ងាច)

ថ្ងៃអង្គារ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

 

ទំនុកតម្កើងលេខ ៤៩

 

កុំទុកចិត្តលើទ្រព្យសម្បត្តិ!

“អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់” (មថ ១៩,២៣)។

បន្ទរទី១ ៖ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។

(ក)

ប្រជាជនទាំងឡាយអើយ ! ចូរនាំគ្នាត្រងត្រាប់ស្តាប់ !
មនុស្សម្នាដែលរស់នៅលើផែនដីទាំងមូលអើយ !
ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ !

គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ !

ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត
ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។

ខ្ញុំនឹងផ្ចង់ចិត្តស្តាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ
ខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។

នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំមិនភ័យខ្លាចអ្វីឡើយ។

មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាងព្រោះមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ

តម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
ទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។
១០
តើមនុស្សអាចរស់រហូត គេចផុតពីរណ្តៅនៃមច្ចុរាជបានឬ?
១១
យើងឃើញច្បាស់ថា អ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់ អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឱ្យអ្នកដទៃ។
១២
ខ្ញុំនឹកក្នុងចិត្តថា គេហដ្ឋានរបស់គេនឹងស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្សពីជំនាន់មួយទៅជំនាន់មួយ
ហើយដាក់ឈ្មោះដីធ្លីរបស់គេ តាមឈ្មោះរបស់ខ្លួនថែមទៀត។
១៣
មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ
គេនឹងត្រូវបាត់បង់ជីវិត ដូចសត្វតិរច្ឆាន។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។

បន្ទរទី២ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរប្រមូលទ្រព្យ‌សម្បត្តិទុកនៅស្ថានបរម‌សុខវិញ” ។

(ខ)

១៤- អ្នកដែលទុកចិត្ត លើខ្លួនឯងពិត នោះគ្មានមារយាទ
  ពេញចិត្តពាក្យខ្លួន ជាមនុស្សមានស្នៀត អនាគតទៀត
    យ៉ាប់យ៉ឺនពេកក្រៃ
១៥- អ្នកនោះប្រៀបបាន ចៀមសត្វតិរច្ឆាន ដែលគេប្រល័យ
  មច្ចុរាជឃុំគ្រង វាយឥតសំចៃ ឃ្វាលរាល់យប់ថ្ងៃ
    មិនឱ្យឃ្លាតឆ្ងាយ
  រីមនុស្សសុចរិត នឹងជាន់ឈ្លីពិត លើរូបរាងកាយ
  របស់ពួកគេ រលាយអន្តរាយ ទៅដល់ទីឆ្ងាយ
    ក្នុងស្ថានមនុស្សស្លាប់
១៦- ប៉ុន្តែព្រះម្ចាស់ មានឫទ្ធិខ្លាំងណាស់ រំដោះខ្ញុំឆាប់
  ផុតពីអំណាច នៃសេចក្តីស្លាប់ ព្រះអង្គប្រញាប់
    មកយកខ្ញុំទៅ
១៧- ពេលអ្នកឃើញគេ សម្បត្តិឡើងទ្វេ កុំបីហ្មងសៅ
  ឃើញទ្រព្យគេច្រើន ចម្រើនតទៅ សំងំពួននៅ
    កុំភ័យខ្លាចអី
១៨- នៅពេលគេស្លាប់ គេពុំអាចចាប់ យករបស់អ្វី
  អស់ទាំងសម្បត្តិ ទ្រព្យធនផ្សេងក្តី ចូលទៅក្នុងដី
    អ្នកក្ស័យបានឡើយ
១៩- ពេលមានជីវិត គេតែងនឹកគិត ថាសុខឥតស្បើយ
  ថាខ្លួនគេនឹង មិនខ្វល់អ្វីឡើយ អ្នកផងកោតហើយ
    ដែលគេមានបាន
២០- គេគង់នឹងត្រូវ ធ្លាក់ខ្លួនចុះទៅ ជួបនឹងសន្តាន
  ជីតាជីដូន មានទាំងប៉ុន្មាន ទៅក្នុងទីស្ថាន
    ដែលគ្មានពន្លឺ
២១- អ្នកមានកិត្តិយស រុងរឿងខ្ពង់ខ្ពស់ ល្បីល្បាញរន្ទឺ
  មិនយល់អ្វីសោះ មិនភ័យព្រួយព្រឺ អ្នកនោះហើយគឺ
    ដូចសត្វដែលស្លាប់
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរប្រមូលទ្រព្យ‌សម្បត្តិទុកនៅស្ថានបរម‌សុខវិញ” ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១. ៥,៩-១០.១២)

ទំនុកតម្កើងសម្រាប់ការប្រោសលោះ

បន្ទរទី៣ ៖ «កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើយញ្ញ‌បូជា ព្រះអង្គ​សម​នឹង​ទទួល​ព្រះកិត្តិនាម សិរី‌រុង​រឿង និង​ការ​សរសើរ​តម្កើង»។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ
ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា
គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះ នឹងគ្រងរាជ្យលើផែនដី”។
១២
នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា ៖
«កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ
ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើយញ្ញ‌បូជា ព្រះអង្គ​សម​នឹង​ទទួល​ព្រះកិត្តិនាម សិរី‌រុង​រឿង និង​ការ​សរសើរ​តម្កើង»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,៧-៩)

ហេតុ​នេះ នៅ​ពេល​ដែល​បង‌ប្អូន​កំពុង​រង់‌ចាំ​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុងរឿង​នោះ បង‌ប្អូន​មិន​ខ្វះ​ព្រះ‌អំណោយ ទានអ្វី​ឡើយ។
ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​បង‌ប្អូន​បាន​ខ្ជាប់‌ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោស‌ពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក​ដល់។
ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​ព្រះ‌អម្ចាស់នៃ​យើង។

បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូម​ទត​មក​យើង​ខ្ញុំ​ដោយព្រះ‌ហឫទ័យ​សប្បុរស​ផង នោះ​យើង​ខ្ញុំ នឹង​បាន​រួច​ជីវិត!។ បន្ទរ៖*…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ មាន​សំឡេង​បុរស​ម្នាក់ស្រែក​នៅ​វាល​រហោ‌ស្ថានថាៈ “ចូរ​រៀប‌ចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ”។

ពាក្យអង្វរសកល

ព្រះគ្រីស្តជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ ដែលនឹងយាងមកយ៉ាងរុងរឿង នៅថ្ងៃចុងក្រោយបំផុត។ ចូរយើងទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ! សូមយាងមក !

បពិត្រព្រះអម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំ ដោយព្រះអង្គបានប្រសូតជាមនុស្ស ព្រះអង្គបានដោះលែងយើងខ្ញុំឱ្យរួចពីនឹមរបស់ធម្មវិន័យ
—សូមព្រះអង្គបំពេញកិច្ចមេត្តាធម៌របស់ព្រះអង្គក្នុងខ្លួនយើងខ្ញុំផង។ (បន្ទរ)

ព្រះអង្គបានយកអ្វីៗពីយើងខ្ញុំចេញ ដើម្បីមកបម្រើឫទ្ធានុភាពរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទាននូវអ្វីៗដែលយើងខ្ញុំត្រូវការ ដើម្បីបម្រើព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គមេត្តាបំពេញបំណងប្រាថ្នា ដែលយើងខ្ញុំទូលសូមនៅថ្ងៃនេះ
—ហើយសូមព្រះអង្គបង្កាត់ភ្លើងនៃសេចក្តីស្រឡាញ់ ក្នុងដួងចិត្តយើងខ្ញុំផង។ (បន្ទរ)

នៅលើផែនដីនេះ យើងខ្ញុំរួមរស់ជាមួយព្រះអង្គ ដោយសារជំនឿ
—សូមឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយបានរួមរស់ជាមួយព្រះអង្គ ក្នុងសិរីរុងរឿងនោះផង។ (បន្ទរ)

សូមព្រះអង្គទទួលយកវិញ្ញាណក្ខន្ធនៃអស់អ្នកជឿសង្ឃឹមលើព្រះអង្គ ដែលបានលាចាកពីលោកនេះ
—សូមឱ្យពួកគេបានសម្រាកនៅក្នុងធម៌មេត្តាករុណារបស់ព្រះអង្គ។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់យើងខ្ញុំអើយ ! ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងចាត់ព្រះគ្រីស្តឲ្យយាងមកសង្រ្គោះមនុស្សគ្រប់ជាតិសាសន៍។
ព្រះគ្រីស្តបានយាងមកតាមព្រះបន្ទូលសន្យារបស់ព្រះអង្គមែន សូមព្រះអង្គប្រោសឲ្យយើងខ្ញុំប្រុងស្មារតីទទួលព្រះគ្រីស្តដែលកំពុងយាងមក។
សូមប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់ប្រកាសអំពីការសង្គ្រោះនេះ នៅកន្លែងដែលយើងខ្ញុំរស់នៅ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។