០៧ ធ្នូ ២០២៥

Written on 21/11/2026
Mary Siya Khim

បុណ្យគោរពព្រះនាងព្រហ្មចារីនីម៉ារីមិនជំពាក់បាប

(បុណ្យឱឡារិក)

(ពេលល្ងាចទី១)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើង ១១៣

បន្ទរទី១៖ យើង​នឹង​ធ្វើឲ្យ​ឯង និង​ស្ត្រីព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រីក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!

តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!

ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។

តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត

ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ
និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។

ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ

ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ត្រីអារ​មាន​កូន
ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ យើង​នឹង​ធ្វើឲ្យ​ឯង និង​ស្ត្រីព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រីក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។

ទំនុកតម្កើងលេខ ១៤៧,១២-២០

បន្ទរទី២៖ ព្រះអម្ចាស់បានយកសម្លៀកបំពាក់នៃការសង្រ្គោះ និងសេចក្ដី​សុចរិតមក​ពាក់ឲ្យ​ខ្ញុំ។

(បទព្រហ្មគីតិ)

១២- ក្រុងយេរូសាឡឹម កុំស្ងាត់ស្ងៀមនៅរេរង់  
  ព្រមទាំងក្រុងស៊ីយ៉ូន ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣- ដ្បិតព្រះអង្គការពារ អ្នករាល់គ្នាបានសុខណាស់  
  ទ្រង់ឲ្យពរដល់រាស្រ្ត ដែលរស់ពាសពេញទីក្រុង
១៤- ទ្រង់ប្រទានទឹកដី មានសេរីសុខត្រចង់  
  សន្តិភាពគ្រប់ជ្រុង ស្រូវបម្រុងច្រើនមហិមា
១៥- នៅលើផ្ទៃផែនដី ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា  
  ផ្សព្វផ្សាយគ្រប់ទិសា ពីបញ្ជាព្រះអម្ចាស់
១៦- ព្រះអង្គឲ្យទឹកកក ធ្លាក់ចុះមកច្រើនដេរដាស  
  សន្សើមត្រជាក់ណាស់ ក៏ធ្លាក់ចុះតាមបញ្ជា
១៧- ព្រះអង្គធ្វើឲ្យព្រឹល ធ្លាក់មិនខ្ជិលច្រើនមហិមា  
  ឲ្យមានធាតុរងា តើនរណាអាចទ្រាំបាន ?
១៨- ពេលទ្រង់មានបន្ទូល ធ្វើឲ្យព្រឹលទាំងប៉ុន្មាន  
  ទឹកកកគ្រប់ទីស្ថាន រលាយបានជាទឹកអស់
  ធ្វើឲ្យមានទាំងខ្យល់ បោកវិលវល់មិនឈប់សោះ  
  បក់យកទឹកទាំងនោះ ហូរតាមជ្រោះទៅមិនសល់
១៩- ទ្រង់សម្តែងឲ្យពូជ លោកយ៉ាកុបស្តាប់បន្ទូល  
  ក្រឹត្យវិន័យនិមល ឲ្យអ៊ីស្រាអែលបានដឹង
២០- ព្រះអង្គពុំបញ្ជា សព្វកិច្ចការអស់ទាំងហ្នឹង  
  ឲ្យជាតិសាសន៍ផ្សេងដឹង វិន័យទ្រង់នោះសោះឡើយ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ព្រះអម្ចាស់បានយកសម្លៀកបំពាក់នៃការសង្រ្គោះ និងសេចក្ដី​សុចរិតមក​ពាក់ឲ្យ​ខ្ញុំ។

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

បន្ទរទី៣៖ បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះអង្គគង់នៅជាមួយនាង។

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង
ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាងផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​វិសុទ្ធ
និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។

ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ

ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។

ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។

ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត
គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។

ព្រះអង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំងនៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ
តាម​បំណង​ដ៏​សប្បុរស ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន ​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០
ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឲ្យ​បាន​សម្រេច​
នៅ​គ្រា​ចុង​ក្រោយបំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ
និង​នៅ​លើ​ផែន‌ដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះអង្គគង់នៅជាមួយនាង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,២៩ក.៣០ក)

ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើសរើស ព្រះ‌អង្គ​ក៏​បាន​តម្រូវ​គេ​ទុក​ជា​មុន ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ដែរ។ អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន​នោះ ព្រះ‌អង្គ​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​នោះ ព្រះ‌អង្គ​ក៏​ប្រោស​ឲ្យ​គេ​សុចរិត។

បន្ទរ៖ ឱ​ព្រះអម្ចាស់​អើយ! ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ *ព្រោះ​ព្រះអង្គ​បាន​ជួយ​ស្រោច​ស្រង់​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
—ព្រះ‌អង្គ​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវយក​រឿង​ទូល‌បង្គំ​ទៅ​លេង​សើច​ឡើយ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន។ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​បាន​សម្ដែងការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។

ពាក្យអង្វរសកល

ចូរយើងកោតសរសើរព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជំនាន់ប្រារព្ធពិធីបុណ្យគោរពព្រះនាងម៉ារី ដែលជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ។ នៅពេលនេះ យើងខ្ញុំសូមទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ! សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំផង !

ឱព្រះជាម្ចាស់ដែលប្រព្រឹត្តការអស្ចារ្យ ! ព្រះអង្គបានធ្វើឱ្យព្រះនាងព្រហ្មចារិនីមិនជំពាក់បាប ចូលរួមចំណែកទាំងរូបកាយ និងព្រលឹងក្នុងសិរីរុងរឿងរបស់ព្រះបុត្រាព្រះអង្គនៅស្ថានបរមសុខ
—សូមដឹកនាំចិត្តបុត្រធីតារបស់ព្រះអង្គ ឱ្យទៅដល់សិរីរុងរឿងដូចគ្នានោះដែរ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រោសឱ្យព្រះសហគមន៍មានចិត្តគំនិតតែមួយ ចេះរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ
—ហើយសូមព្រះអង្គថែរក្សាគ្រីស្តបរិស័ទ ឱ្យចេះរួបរួមគ្នាក្នុងការអធិដ្ឋានជាមួយព្រះនាងម៉ារី ជាព្រះមាតារបស់ព្រះយេស៊ូផង។ (បន្ទរ)

ព្រះអង្គបានប្រោសឱ្យព្រះនាងម៉ារី ធ្វើជាព្រះមាតានៃធម៌មេត្តាករុណា
—សូមឱ្យមនុស្សទាំងអស់ដែលកំពុងប្រឈមមុខនឹងទុក្ខលំបាក ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ក្នុងភាពជាម្តាយរបស់ព្រះនាង។ (បន្ទរ)

បពិត្រព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះនាងម៉ារីធ្វើជាមាតា ក្នុងក្រុមគ្រួសាររបស់ព្រះយេស៊ូ និងលោកយ៉ូសែប
—សូមឱ្យអ្នកម្តាយទាំងអស់ចិញ្ចឹមសេចក្តីស្រឡាញ់ និងភាពដ៏វិសុទ្ធ តាមរយៈពាក្យអង្វររបស់ព្រះនាង។ (បន្ទរ)

ព្រះអង្គបានបំពាក់មកុដម្ចាស់ក្សត្រីយ៍នៃស្ថានបរមសុខឱ្យព្រះនាងម៉ារី
—សូមឱ្យមរណបុគ្គលទាំងឡាយរីករាយសប្បាយ រួមជាមួយសន្តបុគ្គលទាំងអស់ ក្នុងព្រះរាជ្យរបស់ព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ដោយសារព្រះនាងព្រហ្មចារិនីម៉ារីមិនដែលជំពាក់បាប ព្រះអង្គរៀបចំឲ្យនាងធ្វើជាលំនៅស្ថានដ៏សមរម្យសម្រាប់ព្រះបុត្រាព្រះអង្គ។ ដោយសារព្រះបុត្រាសោយទិវង្គត ទ្រង់បានការពារនាងឲ្យរួចផុតពីភាពសៅហ្មងទាំងឡាយ តាមការគ្រោងទុករបស់ព្រះអង្គ។ តាមរយៈពាក្យទូលអង្វររបស់ព្រះនាង សូមព្រះអង្គមេត្តាលាងជម្រះចិត្តគំនិតយើងខ្ញុំ និងគង់ជាមួយយើងខ្ញុំ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។