រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃពុធ
(ពេលល្ងាច)
ថ្ងៃពុធ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ២៧
ព្រះជាម្ចាស់ឈរនៅក្បែរយើងក្នុងគ្រាមានអាសន្ន
មើលហ្ន៎ ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! (វវ ២១,៣)។
បន្ទរទី១ ៖ ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ !
(ក)
| ១ | ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ ព្រះអម្ចាស់ជាកំពែងការពារជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។ |
| ២ | ពេលពួកមនុស្សពាល គឺបច្ចាមិត្ត និងអ្នកប្រឆាំងខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ ពួកគេបែរជាជំពប់ដួលទៅវិញ។ |
| ៣ | ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ខ្ញុំមិនភ័យខ្លាចអ្វីដែរ ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។ |
| ៤ | ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្តីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្តីនេះ គឺឱ្យស្នាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ |
| ៥ | ដ្បិតនៅពេលខ្ញុំមានអាសន្ន ព្រះអង្គតែងតែឱ្យខ្ញុំជ្រកក្នុងទីជម្រករបស់ព្រះអង្គ ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់លើថ្មដា។ |
| ៦ | ឥឡូវនេះ ព្រះអង្គលើកខ្ញុំឡើងឱ្យខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកជ័យឃោស ខ្ញុំនឹងច្រៀង ហើយស្មូតទំនុកតម្កើងថ្វាយព្រះអម្ចាស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ !
បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ។
(ខ)
មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ (មក ១៤,៥៧)។
(បទពាក្យ ៧)
| ៧- | ឱព្រះម្ចាស់អើយសូមសណ្តាប់ | ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង | |
| អាណិតឆ្លើយតបកុំឆ្មៃឆ្មើង | មកខ្ញុំវិញផងកុំកន្តើយ | ។ | |
| ៨- | ទូលបង្គំនឹកដល់ព្រះបន្ទូល | ព្រះអង្គថ្លែងពោលទុកមកហើយ | |
| ចូរស្វែងរកយើងនឹងបានស្បើយ | ខ្ញុំមិនព្រងើយស្វែងរកភក្ត្រ | ។ | |
| ៩- | សូមទ្រង់អាណិតដល់រូបខ្ញុំ | កុំពួនសំងំនៅលួចលាក់ | |
| កុំព្រះពិរោធកុំអន់អាក់ | កុំបណ្តេញអ្នកបម្រើចោល | ។ | |
| ព្រះអង្គសង្គ្រោះទូលបង្គំ | កុំទុករូបខ្ញុំនៅតែលតោល | ||
| ឱព្រះសង្គ្រោះដូចស្រមោល | កុំទុកខ្ញុំចោលដូច្នេះណា | ។ | |
| ១០- | ទោះឪពុកម្តាយទូលបង្គំ | បោះបង់ចោលខ្ញុំឱ្យឯកា | |
| ព្រះម្ចាស់នៅតែថែរក្សា | ប្រណីមេត្តាជាប់ជានិច្ច | ។ | |
| ១១- | សូមព្រះអម្ចាស់បង្រៀនខ្ញុំ | ស្គាល់ផ្លូវឧត្តមគ្មានកលកិច្ច | |
| ដើរតាមមាគ៌ាមិនបែរគេច | ព្រោះខ្មាំងមានល្បិចចាំឃ្លាំមើល | ។ | |
| ១២- | សូមកុំបណ្តោយឱ្យខ្ញុំធ្លាក់ | ចូលក្នុងអន្ទាក់ខ្មាំងងងើល | |
| សាក្សីក្លែងក្លាយបង្កាច់មួល | អ្នកនោះតែងពោលពាក្យឃោរឃៅ | ។ | |
| ១៣- | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្តមិនអាស្រូវ | |
| មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
| ១៤- | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
| ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុភមង្គល | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ។
បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)
ព្រះគ្រីស្ដជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ។
បន្ទរទី៣ ៖ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់។
| ១២ | ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យ បងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ |
| ១៣ | ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ១៤ | ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។ |
| ១៥ | ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក |
| ១៦ | ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ |
| ១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ |
| ១៨ | ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ |
| ១៩ | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។ |
| ២០ | ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៤,៥)
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗ ទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
បន្ទរ៖ ឱព្រះជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
ពាក្យអង្វរសកល
ចូរយើងទូលអង្វរទៅព្រះជាម្ចាស់ជាព្រះបិតា ដែលបានប្រទានព្រះបុត្រា ដើម្បីនាំយកសេចក្តីសុខសាន្តដែលមិនចេះអស់មកឱ្យយើងខ្ញុំ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់!
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! សូមព្រះអង្គទតមកព្រះសហគមន៍របស់ព្រះអង្គ ដោយព្រះហឫទ័យសប្បុរស
—សូមយាងមករកដើមទំពាំងបាយជូរ ដែលព្រះអង្គបានដាំ ដោយព្រះហស្តព្រះអង្គផ្ទាល់។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយកចិត្តទុកដាក់ដល់កូនចៅរបស់លោកអប្រាហាំ
—សូមព្រះអង្គបំពេញតាមព្រះបន្ទូលសន្យា ដែលព្រះអង្គបានធ្វើជាមួយដូនតារបស់ពួកគេ។ (បន្ទរ)
បពិត្រព្រះជាម្ចាស់ដ៏មានធម៌មេត្តាយ៉ាងក្រៃលែង ! សូមព្រះអង្គទតមកបុរស និងស្រ្តីគ្រប់ជាតិសាសន៍ ដោយព្រះហឫទ័យសប្បុរស
—សូមឱ្យពួកគេលើកតម្កើងព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា។ (បន្ទរ)
ឱព្រះអម្ចាស់ ដែលជាគង្វាលអស់កល្បជានិច្ច ! សូមព្រះអង្គយាងមកសួរសុខទុក្ខចៀមដែលនៅក្នុងក្រោលរបស់ព្រះអង្គ
—ហើយសូមប្រមូលផ្តុំពួកគេឱ្យនៅក្នុងហ្វូងចៀមតែមួយផង។ (បន្ទរ)
សូមព្រះអង្គនឹកចាំអស់អ្នកដែលបានលាចាកពីលោកនេះ ទៅដោយសុខសាន្ត
—សូមនាំពួកគេចូលក្នុងសិរីរុងរឿងរបស់ព្រះបុត្រាព្រះអង្គផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ ! ព្រះអង្គត្រាស់ហៅយើងខ្ញុំឲ្យមកជួបជុំគ្នានៅទីនេះ ដើម្បីរង់ចាំព្រះបុត្រាយាងមក។ សូមព្រះអង្គមេត្តាតម្រង់ចិត្តគំនិតរបស់យើងខ្ញុំឲ្យបានស្អាតបរិសុទ្ធ ហើយទទួលយើងខ្ញុំឲ្យចូលរួមជាមួយព្រះគ្រីស្តដែលយាងមក។ នៅពេលនោះ សូមព្រះអង្គមេត្តាអាណិតអាសូរយើងខ្ញុំផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

