០១ ធ្នូ ២០២៥

Written on 27/11/2026
Mary Siya Khim

រដូវរង់ចាំ សប្តាហ៍ទី១ ថ្ងៃចន្ទ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!  (អាលេលូយ៉ា!)

 

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១

ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដីសុចរិត​របស់​ខ្ញុំ
អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ! (មថ ៥,៦)។

បន្ទរទី១ ៖ ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ និងអ្នកដែលត្រូវគេជិះជាន់។

ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ
ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ
ឱ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ?
 
ពួកជនពាលបានយឹតធ្នូភ្ជាប់ព្រួញទៅនឹងខ្សែ
បម្រុងនឹងបាញ់ចេញពីទីងងឹត
សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។
 
ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់
តើមនុស្សសុចរិតនឹងធ្វើអ្វីកើត?
 
ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ
បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ
ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ដែលមនុស្សលោកធ្វើ។
 
ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត
តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល
ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។
 
សូមព្រះអង្គដាក់ទោសមនុស្សពាល
ដោយធ្វើឱ្យមានរងើកភ្លើង និងស្ពាន់ធ័របង្អុរចុះមកលើពួកគេដូចជាភ្លៀង
ហើយសូមឱ្យខ្យល់ក្ដៅបក់បោកមកលើពួកគេដែរ។
 
ដ្បិតព្រះអម្ចាស់ទ្រង់សុចរិត
ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណាដែលសុចរិត។
មនុស្សមានចិត្តទៀងត្រង់មុខជាបានឃើញព្រះភក្ត្ររបស់ព្រះអង្គ។
 
សូមកោតសរសើរ...

បន្ទរ៖ ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ និងអ្នក ដែលត្រូវគេជិះជាន់។

ទំនុកតម្កើងលេខ ១៥

តើ​នរណា​អាច​ឈរ​នៅ​ចំពោះព្រះភក្រ្តព្រះអម្ចាស់បាន ?
បងប្អូនបានចូលមកជិតភ្នំស៊ីយ៉ូន​ មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មគង់នៅ (ហប ១២,២២)។

បន្ទរទី២ ៖ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់!

(បទព្រហ្មគីតិ)

១- បពិត្រព្រះអម្ចាស់ នរណាខ្លះអាចរស់នៅក្នុង  
  ព្រះពន្លាព្រះអង្គ ស្ថិតលើខ្នងភ្នំវិសុទ្ធ
២- គឺមានតែមនុស្ស ដែលគ្មានទោសនិងប្រព្រឹត្ត  
  អំពើសុចរិត និយាយពិតជាដរាប
៣- គេមិននិយាយមួល បង្កាច់ផ្តួលមិនធ្វើបាប  
  បងប្អូនដែលទន់ទាប មិនបង្អាប់កិត្តិយស
៤- គេមិនរាប់រកអ្នក ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ  
  តែគេលើកកិត្តិយស អ្នកគោរពកោតព្រះអង្គ
៥- បើមាននរណាម្នាក់ មករកប្រាក់គេឱ្យខ្ចី  
  មិនចង់បានកម្រៃ ច្រើនតិចក្តីគេមិនយក
  អ្នកប្រព្រឹត្តដូច្នេះ ជាមនុស្សចេះអាចចូលជ្រក  
  ក្រោមបារមីរៀងមក នឹងបានសុខជានិរន្តរ៍
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច  

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៣,២០ខ-២១)

យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត​យាង​មក​ពីស្ថាន​នោះ។ ព្រះ‌អង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​ព្រះ‌កាយ​ប្រកប​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ដោយ​មហិទ្ធិ‌ឫទ្ធិ ដែល​ធ្វើ​ឲ្យ​ព្រះ‌អង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។
 
បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖...
—សូម​ទត​មក​យើង​ខ្ញុំ​ដោយព្រះ‌ហឫទ័យ​សប្បុរស​ផង នោះ​យើង​ខ្ញុំនឹង​បាន​រួច​ជីវិត!។ បន្ទរ៖...
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

អាទិត្យទី១៖ ព្រះជាម្ចាស់បានចាត់ទេវទូតមកជូនដំណឹងដល់នាងម៉ារី ហើយនាងមានគភ៌ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ អាលេលូយ៉ា។

ពាក្យអង្វរសកល ៖ អាទិត្យទី១&៣

យើងខ្ញុំស្រែកទូលអង្វរព្រះអម្ចាស់ ដែលយាងមកនាំការសង្រ្គោះដល់យើងខ្ញុំថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ សូមយាងមកសង្រ្គោះយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះសង្រ្គោះនៃយើងខ្ញុំរាល់គ្នា ! 
—សូមព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំជាប្រញាប់។ (បន្ទរ)
 
បពិត្រព្រះអម្ចាស់! ដោយព្រះអង្គយាងមកក្នុងពិភពលោកនេះ 
—សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឱ្យរួចពីបាបនៃលោកីយ៍នេះផង។ (បន្ទរ)
 
ព្រះអង្គបានយាងមកពីព្រះបិតា
—សូមព្រះអង្គបង្ហាញផ្លូវឆ្ពោះទៅកាន់ព្រះបិតាឱ្យយើងខ្ញុំឃើញផង។ (បន្ទរ)
 
ព្រះអង្គចាប់កំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ 
—សូមព្រះអង្គបង្កើតវិញ្ញាណថ្មីក្នុងដួងចិត្តយើងខ្ញុំ ដោយសារព្រះបន្ទូលរបស់ព្រះអង្គផង។ (បន្ទរ)
 
ព្រះអង្គបានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
—សូមព្រះអង្គរំដោះ រូបកាយរបស់យើងខ្ញុំ ឱ្យរួចផុតពីភាពពុករលួយនេះផង។ (បន្ទរ)
 
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយកចិត្តទុកដាក់ចំពោះមនុស្សទាំងអស់
—គឺអស់អ្នកដែលបានផ្ញើជីវិតលើព្រះអង្គតាំងពីដើមរៀងមក។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់យើងខ្ញុំអើយ !
តាំងពីដើម ព្រះអង្គសព្វព្រះហឫទ័យសង្រ្គោះមនុស្សលោក។ 
សូមព្រះអង្គមេត្តាដាស់តឿនចិត្តគំនិតយើងខ្ញុំ
ឱ្យយកចិត្តទុកដាក់ទទួលព្រះបុត្រាព្រះអង្គដែលកំពុងយាងមក។ 
សូមព្រះអង្គប្រោសឲ្យយើងខ្ញុំព្យាយាមអធិដ្ឋាន 
ព្រមទាំងប្រុងស្មារតីនៅថៃ្ងដែលព្រះគ្រីស្តគោះទ្វារ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។