៣០ វិច្ឆិកា ២០២៥

Written on 28/11/2026
Mary Siya Khim

រដូវរង់ចាំ សប្តាហ៍ទី១ ថ្ងៃអាទិត្យ (ល្ងាចទី២)

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ

សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ

ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក

ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ​ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំង​ប៉ុន្មាន​ មកដាក់​ក្រោម​ព្រះបាទា​របស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១ ៖ ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ក្រុងយេរូ‌សាឡឹមអើយ ចូរសប្បាយរីក‌រាយឡើង! អាលេលូយ៉ា!

ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។

សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។

សូមកោតសរសើរ...

បន្ទរ៖ ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ក្រុងយេរូ‌សាឡឹមអើយ ចូរសប្បាយរីក‌រាយឡើង! អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១១៤,១-៨

ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប

អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីប​ផង​ដែរ​ (សន្តអូគូស្ទីន)។

បន្ទរទី២៖ ព្រះ‌គ្រីស្ត ជាព្រះមហាក្សត្ររបស់យើង នឹងយាងមក។ ព្រះអង្គជាកូនចៀម ស្របតាមពាក្យសម្ដីរបស់លោកយ៉ូហានពិតមែន។

(បទពាក្យ ៧)

១- ពេលអ៊ីស្រាអែលបានចាកចេញ ពីអេស៊ីបវិញហើយពេលនោះ  
  ពូជពង្សយ៉ាកុបចេញទាំងអស់ ពីដីបរទេសមិនសល់នៅ
២- ឯប្រជាជនជាតិយូដា បានក្លាយទៅជាឥតហ្មងសៅ  
  ជាប្រជាជាតិមិនអាស្រូវ វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ
៣- ពេលទឹកសមុទ្រឃើញពួកគេ តក់ស្លុតម៉្លេះទេមិនបង្អង់  
  គេចខ្លួនថយទៅមិនរេរង់ ទាំងយ័រដាន់ផងក៏ថយដែរ
៤- ភ្នំតូចភ្នំធំភ្នំទាំងអស់ នៅមិនស្ងៀមសោះដូចពពែ  
  លោតទៅលោតមកមិនឈប់ទេ ភ្នំតូចលោតដែរដូចកូនចៀម
៥- ឱសមុទ្រអើយម្តេចក៏អ្នក រត់គេចជាជាក់ទៅនៅស្ងៀម  
  អ្នកធ្លាប់រលកលោតរវាម ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ
  ឱទឹកទន្លេយ័រដាន់អើយ ពេលនេះម្តេចឡើយរត់លឿនម៉្លេះ  
  ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ តើរឿងទាំងនេះមកពីអ្វី
៦- ភ្នំអើយម្តេចអ្នកមិនឈប់លោត ផ្លាស់ប្តូររហូតដូចសត្វព្រៃ  
  ភ្នំតូចអើយអ្នកលោតព្រោះអ្វី មិនស្គាល់យប់ថ្ងៃមិនសម្រាក
៧- ឱផែនដីអើយចូររីករាយ អំណរសប្បាយចំពោះភក្រ្ត  
  ព្រះជាអម្ចាស់របស់អ្នក និងចំពោះភក្រ្តព្រះយ៉ាកុប
៨- គឺទ្រង់បានធ្វើឱ្យសិលា ប្រែក្លាយទៅជាបឹងសាយសព្វ  
  ឱ្យថ្មប្រែក្លាយជាប្រភព ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ព្រះ‌គ្រីស្ត ជាព្រះមហាក្សត្ររបស់យើង នឹងយាងមក។ ព្រះអង្គជាកូនចៀម ស្របតាមពាក្យសម្ដីរបស់លោកយ៉ូហានពិតមែន។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

វិវាហមង្គលការកូនចៀម

បន្ទរទី៣៖ ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ “ចូរស្ដាប់ យើងនឹងមកដល់ ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗ តាម អំពើដែលខ្លួនបានប្រព្រឹត្ត។

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព
 
ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌
អាលេលូយ៉ា!
អាលេលូយ៉ា!
 
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។
អាលេលូយ៉ា!
 
អាលេលូយ៉ា!
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
 
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
អាលេលូយ៉ា!
 
សូមកោតសរសើរ...

បន្ទរ៖ ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ( ភីល ៤,៤-៧)

ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះ‌អម្ចាស់ជា‌និច្ច ខ្ញុំសូមជម្រាបបង‌ប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! ចូរសម្ដែងឲ្យមនុស្ស‌ម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បង‌ប្អូន ព្រះ‌អម្ចាស់ជិតយាងមកដល់ហើយ។ សូមកុំខ្វល់‌ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈ‌ទេសៈទាំងអស់ ត្រូវទូលព្រះ‌ជាម្ចាស់ឲ្យជ្រាបពីសំណូមពររបស់បង‌ប្អូន ដោយអធិស្ឋាន និងទូល‌អង្វរ ទាំងអរព្រះ‌គុណព្រះ‌អង្គផង។ ធ្វើដូច្នេះ សេចក្ដីសុខ‌សាន្តរបស់ព្រះ‌ជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបង‌ប្អូន ដែលរួមក្នុងអង្គព្រះ‌គ្រីស្តយេស៊ូមិនខាន។
 
បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ *សូមសម្ដែងព្រះហឫទ័យមេត្តា‌ករុណាចំពោះ យើងខ្ញុំ។ បន្ទរឡើងវិញ៖...
—ហើយសូមសង្គ្រោះយើងខ្ញុំផង!។ បន្ទរ៖ *...
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

អាទិត្យទី១៖ កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ។ នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ  ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” អាលេលូយ៉ា!។

ពាក្យអង្វរសកល ៖ អាទិត្យទី១&៣

បពិត្រព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះយើងខ្ញុំ ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ចូរយើងទូលអង្វរព្រះអង្គដោយចិត្តសុភាពរាបសាថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមយាងមកគង់នៅជាមួយនឹងយើងខ្ញុំ!

បពិត្រព្រះបុត្រាដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអង្គបានចាត់ទេវទូតកាព្រីអែលឱ្យមកជូនដំណឹងព្រះនាងព្រហ្មចារិនីម៉ារី
—សូមយាងមកសោយរាជ្យលើប្រជារាស្រ្តរបស់ព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)
 
បពិត្រព្រះដ៏វិសុទ្ធ! លោកយ៉ូហានបាទីស្តរើបម្រះក្នុងផ្ទៃនាងអេលីសាបិត ព្រោះវត្តមានរបស់ព្រះអង្គ
—សូមព្រះអង្គប្រទានអំណរសប្បាយដល់ពិភពលោក ដោយសារព្រះអង្គសង្រ្គោះគេផង។ (បន្ទរ)
 
ឱព្រះយេស៊ូជាព្រះសង្គ្រោះ ទេវទូតបានថ្វាយព្រះនាមរបស់ព្រះអង្គទៅលោកយ៉ូសែប ដែលជាមនុស្សសុចរិត
—សូមព្រះអង្គយាងមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យរួចពីអំពើបាបរបស់ពួកគេផង។ (បន្ទរ)
 
ព្រះអង្គជាពន្លឺបំភ្លឺពិភពលោក ដែលលោកតាស៊ីម៉ូន និងមនុស្សសុចរិតជាច្រើនបានទន្ទឹងរង់ចាំ
—សូមយាងមកផ្តល់ភាពកក់ក្តៅឱ្យយើងខ្ញុំ។ (បន្ទរ)
 
ឱព្រះអាទិត្យដែលរះមិនចេះរលត់! លោកសាការីបានថ្លែងទុកថា ព្រះអង្គនឹងយាងពីស្ថានលើមក ដើម្បីរំដោះយើង
—សូមព្រះអង្គរះបំភ្លឺអស់អ្នកដែលស្ថិតក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គមានព្រះបន្ទូលសន្យាថានឹងប្រែផៃ្ទមេឃ និងផែនដីឲ្យបានថ្មីល្អឥតខ្ចោះ។
សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់នឹងសញ្ញាសម្គាល់ ដែលបង្ហាញពីព្រះបុត្រាព្រះអង្គកំពុងយាងមក។ 
សូមប្រោសឲ្យយើងខ្ញុំមានសេចក្តីក្លាហាន និងប្រុងស្មារតីជានិច្ច ក្នុងការកសាងពិភពលោកថ្មី ស្របតាមព្រះហឫទ័យព្រះអង្គ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។