រដូវធម្មតា សប្តាហ៍ទី១៩ ថ្ងៃចន្ទ
សន្តឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
(បុណ្យគោរព)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៦,១-៩
បន្ទរទី១៖ ដោយការបូជាជីវិតរបស់លោក សន្តឡូរង់បានផ្តល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូគ្រីស្ត ហើយបានទទួលរង្វាន់នៃស្ថានបរមសុខ។
| ១ | ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ |
| ២ | ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។ |
| ៣ | មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ |
| ៤ | ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖ “ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!” |
| ៥ | ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។ |
| ៦ | ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។ |
| ៧ | ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។ |
| ៨ | ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។ |
| ៩ | ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ដោយការបូជាជីវិតរបស់លោក សន្តឡូរង់បានផ្តល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូគ្រីស្ត ហើយបានទទួលរង្វាន់នៃស្ថានបរមសុខ។
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី២៖ សន្តឡូរង់ស្រែកឡើងថា៖ ខ្ញុំរីករាយឥតឧបមា ព្រោះខ្ញុំត្រូវគេចាត់ទុកថា ជាជនរងគ្រោះដែលសមធ្វើជាយញ្ញបូជាសម្រាប់ព្រះគ្រីស្ត។
(បទព្រហ្មគីតិ)
| ១០- | ទោះជាខ្ញុំពោលថា | រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ | |
| គង់តែរូបខ្ញុំនេះ | មិនចោលព្រះសង្ឃឹមជាប់ | ។ | |
| ១១- | ពេលខ្ញុំមានកង្វល់ | ចិត្តខ្វាយខ្វល់មិនបានស្ងប់ | |
| ខ្ញុំពោលឡើងគ្រប់សព្វ | ថាខ្ញុំស្អប់ជនគ្រប់ប្រាណ | ។ | |
| ១២- | តើខ្ញុំអាចយកអ្វី | តបព្រះទ័យម្ចាស់ថ្កើងថ្កាន | |
| ដែលព្រះអម្ចាស់បាន | ប្រោសគ្រប់ប្រាណបានសមរម្យ | ។ | |
| ១៣- | គឺខ្ញុំត្រូវលើកពែង | ទាំងថ្លាថ្លែងនាមឧត្តម | |
| ព្រះអង្គរំដោះខ្ញុំ | យើងស្រែកសុំរកព្រះម្ចាស់ | ។ | |
| ១៤- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយក្រាបសំពះ | |
| លាបំណន់ពីព្រះ | ជាអម្ចាស់មុខប្រជា | ។ | |
| ១៥- | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តស្លាប់វេទនា | |
| ជនវិសុទ្ធគ្រប់គ្នា | ទ្រង់ការពារមិនស្លាប់ឡើយ | ។ | |
| ១៦- | ឱព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
| ព្រះអង្គមិនកន្តើយ | ខ្ញុំបានស្បើយពីមរណា | ។ | |
| ១៧- | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
| អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ។ | |
| ១៨- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
| នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ។ | |
| ១៩- | គឺនៅក្នុងទីធ្លា | ព្រះវិហារស្រស់បំព្រង | |
| ស្ថិតនៅកណ្តាលក្រុង | សូមផ្ចិតផ្ចង់លើកតម្កើង | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ សន្តឡូរង់ស្រែកឡើងថា៖ ខ្ញុំរីករាយឥតឧបមា ព្រោះខ្ញុំត្រូវគេចាត់ទុកថា ជាជនរងគ្រោះដែលសមធ្វើជាយញ្ញបូជាសម្រាប់ព្រះគ្រីស្ត។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)
បន្ទរទី៣៖ ទូលបង្គំសូមអរព្រះគុណព្រះអម្ចាស់យេស៊ូគ្រីស្ត ដែលបានអនុញ្ញាតឱ្យទូលបង្គំចូលទៅកាន់ទ្វារនៃស្ថានបរមសុខ។
| ១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។ |
| ១២ | នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ទូលបង្គំសូមអរព្រះគុណព្រះអម្ចាស់យេស៊ូគ្រីស្ត ដែលបានអនុញ្ញាតឱ្យទូលបង្គំចូលទៅកាន់ទ្វារនៃស្ថានបរមសុខ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៤,១៣-១៤)
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ សន្តឡូរង់និយាយថា៖ ពេលយប់មិនងងឹតសម្រាប់ខ្ញុំនោះទេ អ្វីៗគ្រប់យ៉ាងភ្លឺដូចជាពន្លឺនៅពេលថ្ងៃត្រង់។
ពាក្យអង្វរសកល
ពេលនេះ ជាពេលដែលព្រះមហាក្សត្រនៃមរណសាក្សីទាំងឡាយ បានថ្វាយជីវិតរបស់ព្រះអង្គនៅក្នុងបន្ទប់ជាន់ខាងលើ និងនៅលើឈើឆ្កាង។ ចូរយើងអរព្រះគុណព្រះអង្គ និងទូលថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ !
-ឱព្រះអម្ចាស់អើយ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ ជាព្រះសង្រ្គោះនៃយើង ដែលបានធ្វើជាគំរូ និងជួយជំរុញដល់មរណសាក្សីគ្រប់រូប ឱ្យស្រឡាញ់យើងខ្ញុំរហូតដល់ទីបំផុត។ (បន្ទរ)
-សម្រាប់ការត្រាស់ហៅអ្នកបាបទាំងអស់ ឱ្យកែប្រែចិត្តគំនិត ដើម្បីទទួលរង្វាន់នៃជីវិត។ (បន្ទរ)
-សម្រាប់ការជឿទុកចិត្តលើព្រះសហគមន៍ព្រះអង្គ គឺព្រះលោហិតដែលចងសម្ពន្ធមេត្រីថ្មី នៅគង់វង្សអស់កល្បជានិច្ច ដើម្បីបង្ហូរសម្រាប់លើកលែងទោសអំពើបាប។ (បន្ទរ)
-សម្រាប់ការតស៊ូរបស់យើងខ្ញុំ ក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គនៅថ្ងៃនេះ។ (បន្ទរ)
-សម្រាប់ការរួមបញ្ចូលបងប្អូនយើងខ្ញុំដែលបានទទួលមរណភាព ទៅក្នុងការសោយទិវង្គតរបស់ព្រះអង្គនៅថ្ងៃនេះ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គប្រោសឱ្យសន្តឡូរង់ស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង និងបម្រើព្រះសហគមន៍ដោយចិត្តស្មោះត្រង់ ព្រមទាំងទទួលសិរីរុងរឿងក្នុងនាមជាមរណសាក្សី។ សូមប្រោសឱ្យយើងខ្ញុំចេះស្រឡាញ់អ្វីៗដែលលោកបានស្រឡាញ់ និងប្រព្រឹត្តតាមការប្រៀនប្រដៅរបស់លោក។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

