៨ សីហា ២០២៦

Written on 03/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី១៩ ថ្ងៃអាទិត្យ

ថ្ងៃសៅរ៍ (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៣

សូមលើកតម្កើងព្រះនាមនៃព្រះអម្ចាស់

ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់ក៏លើកតម្កើងមនុស្សទន់ទាបឡើង (លក ១,៥២)។

បន្ទរទី១ ៖ តាំងពីពេលថ្ងៃរះ រហូតដល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់ !

អាលេលូយ៉ា អ្នកបម្រើរបស់ព្រះអម្ចាស់អើយ!
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់!

ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់ តាំងពីពេលនេះរហូតតរៀងទៅ!

តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច
ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់!

ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ
សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។

តើនរណាដូចព្រះអម្ចាស់ ជាព្រះរបស់យើងបាន?
ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពង់ខ្ពស់បំផុត

ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។

ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី
ព្រះអង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ

ដើម្បីឱ្យគេកាន់អំណាចរួមជាមួយពួកអ្នកដឹកនាំ
គឺរួមជាមួយពួកអ្នកដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គ។

ព្រះអង្គប្រទានឱ្យស្ត្រីអារមានកូន
ឱ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនៗរបស់នាង។
ចូរសរសើរតម្កើងព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ តាំងពីពេលថ្ងៃរះរហូតដល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់ !

ទំនុកតម្កើងលេខ ១១៦,១០-១៩

ពាក្យអរព្រះគុណនៅក្នុងព្រះវិហារ

ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ
គឺជាពាក្យហូរចេញពីបបូរមាត់យើង ដែលប្រកាសព្រះនាមព្រះអង្គ (ហប ១៣,១៥)។

បន្ទរទី២ ៖ ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះអម្ចាស់ ដែល​បាន​រំដោះ​ខ្ញុំ ខ្ញុំ​នឹង​អង្វរ​រក​ព្រះនាម​របស់ព្រះ‌អម្ចាស់។

(បទព្រហ្មគីតិ)

១០- ទោះជាខ្ញុំពោលថា រស់វេទនាទ្រូងស្ទើរប្រេះ  
  ក៏គង់រូបខ្ញុំនេះ មិនចោលព្រះសង្ឃឹមជាប់
១១- ពេលខ្ញុំមានកង្វល់ ចិត្តខ្វាយខ្វល់មិនបានស្ងប់  
  ខ្ញុំពោលឡើងគ្រប់សព្វ ថាខ្ញុំស្អប់ជនគ្រប់ប្រាណ
១២- តើខ្ញុំអាចយកអ្វី តបព្រះទ័យម្ចាស់ថ្កើងថ្កាន  
  ដែលព្រះអម្ចាស់បាន ប្រោសគ្រប់ប្រាណបានសមរម្យ
១៣- គឺខ្ញុំត្រូវលើកពែង ទាំងថ្លាថ្លែងនាមឧត្តម  
  ព្រះអង្គរំដោះខ្ញុំ យើងស្រែកសុំរកព្រះម្ចាស់
១៤- ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយក្រាបសំពះ  
  លាបំណន់ពីព្រះ ជាអម្ចាស់មុខប្រជា
១៥- ទ្រង់ព្រួយព្រះទ័យណាស់ ពេលមានរាស្រ្តស្លាប់វេទនា  
  ជនវិសុទ្ធគ្រប់គ្នា ទ្រង់ការពារមិនស្លាប់ឡើយ
១៦- ឱព្រះម្ចាស់ប្រសើរ ខ្ញុំបម្រើព្រះអង្គហើយ  
  ព្រះអង្គមិនកន្តើយ ខ្ញុំបានស្បើយពីមរណា
១៧- ទូលបង្គំសូមថ្វាយ យញ្ញទាំងឡាយដោយជ្រះថ្លា  
  អង្វរព្រះបិតា ព្រះបុត្រាខ្ពស់ពេកពន់
១៨- ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយលាបំណន់  
  នៅមុខប្រជាជន ដែលបានបន់ដល់ព្រះអង្គ
១៩- គឺនៅក្នុងទីធ្លា ព្រះវិហារស្រស់បំព្រង  
  ស្ថិតនៅកណ្តាលក្រុង សូមផ្ចិតផ្ចង់លើកតម្កើង
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះអម្ចាស់ ដែល​បាន​រំដោះ​ខ្ញុំ ខ្ញុំ​នឹង​អង្វរ​រក​ព្រះនាម​របស់ព្រះ‌អម្ចាស់។

បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ព្រះអង្គបានដាក់ខ្លួនរហូតដល់សោយទិវង្គត ប៉ុន្តែ ព្រះជាម្ចាស់​បានលើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត។

ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។

ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។

ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។

ហេតុនេះហើយ បានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០
ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១
និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គបានដាក់ខ្លួនរហូតដល់សោយទិវង្គត ប៉ុន្តែ ព្រះជាម្ចាស់​បានលើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១៣,២០-២១)

ព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសុខសាន្ត បានប្រោសព្រះយេស៊ូជាព្រះអម្ចាស់នៃយើង ឱ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះគ្រីស្តជាគង្វាលដ៏ប្រសើរឧត្តមរបស់ហ្វូងចៀម ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារព្រះលោហិតរបស់ព្រះអង្គ។ សូមព្រះជាម្ចាស់ប្រទានឱ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្តអំពើល្អគ្រប់យ៉ាង តាមព្រះហឫទ័យរបស់ព្រះអង្គ។ សូមព្រះអង្គសម្រេចការអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គនៅ​ក្នុង​យើង តាមរយៈព្រះយេស៊ូគ្រីស្ត។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។

បន្ទរ៖ ទូលបង្គំសញ្ជឹង​គិត *អំពី​កិច្ចការ​ទាំង​ប៉ុន្មានដែល​ព្រះអង្គ​បាន​ធ្វើ។ បន្ទរឡើងវិញ៖…
-ព្រះអង្គ​ធ្វើការ​ទាំង​អស់​នោះ ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឱ្យ​ខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។ ព្រះ‌យេស៊ូក៏​លូក​ព្រះ‌ហស្ដ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។

ពាក្យអង្វរសកល

ព្រះគ្រីស្តមានព្រះហឫទ័យមេត្តាករុណាចំពោះអ្នកស្រេកឃ្លាន និងបានសម្តែងសេចក្តីស្រឡាញ់ចំពោះអ្នកទាំងនោះ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គថា៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំបានឃើញផង។

ឱព្រះអម្ចាស់អើយ ! យើងខ្ញុំទទួលស្គាល់ថា រាល់ការអនុគ្រោះទាំងអស់ដែលយើងខ្ញុំបានទទួលនៅថ្ងៃនេះ គឺបានមកពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
—សូមកុំឱ្យការអនុគ្រោះទាំងនេះ ត្រឡប់ទៅព្រះអង្គវិញ ដោយដៃទទេឡើយ តែសូមឱ្យបង្កើតផលផ្លែល្អវិញ។ (បន្ទរ)

ឱព្រះអម្ចាស់ដែលជាពន្លឺ និងជាព្រះសង្គ្រោះរបស់ប្រជាជាតិទាំង​ឡាយអើយ! សូមព្រះអង្គថែររក្សាការពារសាសនទូតទាំងអស់ ដែលព្រះអង្គបានចាត់ឱ្យមកក្នុងពិភពលោក —ហើយសូមឱ្យពួកគេបានប្រកបទៅដោយភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យមនុស្ស រក្សាតម្លៃថ្លៃថ្នូរនៃជីវិតនៅលើពិភពលោកនេះ
—និងឆ្លើយតបដោយសប្បុរសចំពោះតម្រូវការ នាពេលបច្ចុប្បន្ននេះ។ (បន្ទរ)

ព្រះអង្គព្យាបាលទាំងខាងរូបកាយ និងខាងវិញ្ញាណ សូមព្រះអង្គប្រោសអ្នកជំងឺឱ្យបានជាសះស្បើយ និងសូមគង់នៅជាមួយអស់អ្នកដែលកំពុងហៀបនឹងទទួលមរណភាព —សូមព្រះអង្គលាងជម្រះយើងខ្ញុំ ក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គផង។ (បន្ទរ)

សូមឱ្យអ្នកជឿលើព្រះអង្គដែលបានទទួលមរណភាពទៅហើយនោះ បានរាប់បញ្ជូលឈ្មោះទៅក្នុងចំណោមសន្តបុគ្គលទាំងឡាយ
—គឺឈ្មោះដែលមានកត់ទុកក្នុងក្រាំងបញ្ជីនៃជីវិត។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច! ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឱ្យយើងខ្ញុំហ៊ានហៅព្រះអង្គថា «ព្រះបិតា»។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំដែលជាបុត្រធីតារបស់ព្រះអង្គ ឱ្យទទួលជីវិតអស់កល្បជានិច្ចជាមត៌កតាមព្រះបន្ទូលសន្យា។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។