រដូវធម្មតា សប្តាហ៍ទី១៨ ថ្ងៃព្រហស្បតិ៍
ព្រះអម្ចាស់សម្តែងសិរីរុងរឿងរបស់ព្រះអង្គ
(បុណ្យគោរព)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
បន្ទរទី១៖ ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ឡើងទៅលើភ្នំដ៏ខ្ពស់ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបីនាក់។
| ១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាព្រះអម្ចាស់របស់ខ្ញុំដូចតទៅនេះ ៖ «សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ |
| ២ | សូមព្រះជាអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ដ្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា : «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ឡើងទៅលើភ្នំដ៏ខ្ពស់ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបីនាក់។
ទំនុកតម្កើងលេខ ១២១
បន្ទរទី២៖ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង! ចូរស្តាប់ព្រះអង្គចុះ!» ។
(បទពាក្យ ៧)
| ១- | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
| ថាតើនរណានឹងជួយខ្ញុំ | ឱ្យផុតទុក្ខធំគ្រប់ៗគ្រា | ។ | |
| ២- | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
| ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ។ | |
| ៣- | សូមទ្រង់មេត្តាកុំបណ្តោយ | ឱ្យជើងអ្នកធ្លោយរងរបួស | |
| ករុណាអាសូរជួយសង្គ្រោះ | កុំឱ្យមានគ្រោះឬត្រូវដួល | ។ | |
| ៤- | ព្រះអង្គដែលថែទាំការពារ | អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល | |
| ព្រះអង្គមិនងុយងោកប្រែប្រួល | ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ | ។ | |
| ៥- | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
| ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ។ | |
| ៦- | ក្នុងពេលថ្ងៃមានព្រះអាទិត្យ | នឹងមិនរោមរិតធ្វើទោសទុក្ខ | |
| ឯព្រះចន្ទចរនៅពេលយប់ | ក៏មិនមានទុក្ខដល់អ្នកដែរ | ។ | |
| ៧- | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
| ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឱ្យកើតក្បែររូបអ្នកឡើយ | ។ | |
| ៨- | ព្រះអម្ចាស់ថែទាំអ្នកគ្រប់ | អ្វីៗទាំងសព្វមិនកន្តើយ | |
| កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង! ចូរស្តាប់ព្រះអង្គចុះ!» ។
បទលើកតម្កើងតាមលិខិតលោកធីម៉ូថេ (១ធម ៣,១៦)
បន្ទរទី៣៖ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ទ្រង់ហាមប្រាមគេមិនឱ្យនិយាយអំពីហេតុការណ៍ ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។
| ១៦ | យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថាៈ ព្រះគ្រីស្តយាងមកមានឋានៈជាមនុស្ស ព្រះអង្គសុចរិត ដោយសារព្រះវិញ្ញាណ ព្រះអង្គបានបង្ហាញខ្លួនឱ្យពួកទេវទូតឃើញ គេបានប្រកាសអំពីព្រះអង្គនៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះអង្គក្នុងពិភពលោក ព្រះជាម្ចាស់បានលើកព្រះអង្គឡើងឱ្យមានសិរីរុងរឿង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ទ្រង់ហាមប្រាមគេមិនឱ្យនិយាយអំពីហេតុការណ៍ ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១៦-១៧)
គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពឱ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន។ ប្រសិនបើយើងពិតជាបុត្រធីតាមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួមជាមួយព្រះគ្រីស្ដ។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
បន្ទរ៖ មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពីព្រះភក្ត្ររបស់ព្រះអង្គ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
- ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ពួកសាវ័កឮដូច្នោះ ក៏នាំគ្នាក្រាបចុះដាក់មុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្តលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!» ។
ពាក្យអង្វរសកល
នៅចំពោះវត្តមានរបស់ក្រុមសាវ័ក ព្រះសង្រ្គោះនៃយើងបានសម្តែងរូបកាយដ៏អស្ចារ្យ នៅលើភ្នំតាប៊រ។ ចូរយើងទូលអង្វរព្រះអង្គដោយមានជំនឿចិត្តថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យយើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ !
បពិត្រព្រះគ្រីស្ត ! មុនគ្រាដែលព្រះអង្គត្រូវគេបញ្ជូនឱ្យសោយទុក្ខលំបាក និងសោយទិវង្គត ព្រះអង្គសព្វព្រះហឫទ័យឱ្យក្រុមសាវ័កឃើញសិរីរុងរឿងនៃការរស់ឡើងវិញរបស់ព្រះអង្គទុកជាមុន នៅលើភ្នំតាប៊រ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ព្រះសហគមន៍ ដែលកំពុងជួយសម្រាល ទុក្ខ និងក្តីកង្វល់របស់មនុស្សលោកនាពេលបច្ចុប្បន្ននេះ
—មានអំណរសប្បាយរកថ្លែងពុំបាន ដោយសារព្រះអង្គប្រោសប្រទានឱ្យព្រះសហគមន៍ មានជ័យជម្នះរួមជាមួយព្រះអង្គជានិច្ចផង។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! ព្រះអង្គបាននាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ឡើងទៅលើកំពូលភ្នំ យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់សម្តេចប៉ាប និងលោកអភិបាល
—ដើម្បីឱ្យអស់លោកអាចបំផុសគំនិតដល់ប្រជារាស្រ្ត នូវសេចក្តីសង្ឃឹមនៃការផ្លាស់ប្រែ នៅថ្ងៃចុងក្រោយបំផុត។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! នៅលើកំពូលភ្នំ ព្រះអង្គបានអនុញ្ញាតឱ្យពន្លឺនៃព្រះភក្រ្តព្រះអង្គ រះបំភ្លឺលើលោកម៉ូសេ និងលោកអេលី
—យើងខ្ញុំសូមអង្វរព្រះអង្គ ប្រទានព្រះពរដល់ប្រជាជនជាតិយូដា ដែលព្រះអង្គបានត្រាស់ហៅឱ្យធ្វើជាប្រជាជាតិមួយដែលព្រះអង្គបានជ្រើសរើស។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានប្រទានពន្លឺមកពិភពលោក នៅពេលសិរីរុងរឿងនៃព្រះអាទិកររះឡើងមកលើព្រះអង្គ
—យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់មនុស្សដែលមានឆន្ទៈល្អៗ សូមឱ្យពួកគេដើរនៅក្នុងពន្លឺរបស់ព្រះអង្គ។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានធ្វើរូបកាយដ៏ទន់ទាបរបស់យើងខ្ញុំឡើងវិញ ឱ្យដូចជារូបកាយនៃសិរីរុងរឿងរបស់ព្រះអង្គ យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់បងប្អូនយើងខ្ញុំដែលបានចែកឋានទៅហើយ —សូមឱ្យអ្នកទាំងនោះចូលរួមចំណែកក្នុងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ចផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាតែមួយឱ្យយាងមកសម្តែងរូបកាយដ៏អស្ចារ្យពោរពេញដោយសិរីរុងរឿង និងបានអះអាងពីគម្រោងការដ៏អស្ចារ្យនៃជំនឿ ហើយបញ្ជាក់ជាមុនថា យើងខ្ញុំជាបុត្រធីតារបស់ព្រះអង្គ តាមរយៈសក្ខីភាពរបស់គ្រូបាធ្យាយនៃព្រះសហគមន៍។ សូមព្រះអង្គប្រោសយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គឱ្យយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀងនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ និងទទួលជីវិតអស់កល្បជានិច្ចជាមរតក រួមជាមួយព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!

