រដូវធម្មតា សប្ដាហ៍ទី១៨ ថ្ងៃអង្គារ
សន្តយ៉ូហានម៉ារីវិយ៉ាណេ ជាបូជាចារ្យ
(បុណ្យរំឭកដោយចាំបាច់)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ៤៩
កុំទុកចិត្តលើទ្រព្យសម្បត្តិ!
“អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់” (មថ ១៩,២៣)។
បន្ទរទី១ ៖ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។
(ក)
| ២ | ប្រជាជនទាំងឡាយអើយ ! ចូរនាំគ្នាត្រងត្រាប់ស្តាប់ ! មនុស្សម្នាដែលរស់នៅលើផែនដីទាំងមូលអើយ ! ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ ! |
| ៣ | គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ! |
| ៤ | ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។ |
| ៥ | ខ្ញុំនឹងផ្ចង់ចិត្តស្តាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ ខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។ |
| ៦ | នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ ខ្ញុំមិនភ័យខ្លាចអ្វីឡើយ។ |
| ៧ | មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន គេអួតអាងព្រោះមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ |
| ៨ | ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ |
| ៩ | តម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់ ទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។ |
| ១០ | តើមនុស្សអាចរស់រហូត គេចផុតពីរណ្តៅនៃមច្ចុរាជបានឬ? |
| ១១ | យើងឃើញច្បាស់ថា អ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់ អាប់ឥតប្រាជ្ញាដែរ គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឱ្យអ្នកដទៃ។ |
| ១២ | ខ្ញុំនឹកក្នុងចិត្តថា គេហដ្ឋានរបស់គេនឹងស្ថិតស្ថេររហូតតទៅ លំនៅដ្ឋានរបស់គេនៅគង់វង្សពីជំនាន់មួយទៅជំនាន់មួយ ហើយដាក់ឈ្មោះដីធ្លីរបស់គេ តាមឈ្មោះរបស់ខ្លួនថែមទៀត។ |
| ១៣ | មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ គេនឹងត្រូវបាត់បង់ជីវិត ដូចសត្វតិរច្ឆាន។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។
បន្ទរទី២ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខ” ។
(ខ)
(បទកាកគតិ)
| ១៤- | អ្នកដែលទុកចិត្ត | លើខ្លួនឯងពិត | នោះគ្មានមារយាទ |
| ពេញចិត្តពាក្យខ្លួន | ជាមនុស្សមានស្នៀត | អនាគតទៀត | |
| យ៉ាប់យ៉ឺនពេកក្រៃ | ។ | ||
| ១៥- | អ្នកនោះប្រៀបបាន | ចៀមសត្វតិរច្ឆាន | ដែលគេប្រល័យ |
| មច្ចុរាជឃុំគ្រង | វាយឥតសំចៃ | ឃ្វាលរាល់យប់ថ្ងៃ | |
| មិនឱ្យឃ្លាតឆ្ងាយ | ។ | ||
| រីមនុស្សសុចរិត | នឹងជាន់ឈ្លីពិត | លើរូបរាងកាយ | |
| របស់ពួកគេ | រលាយអន្តរាយ | ទៅដល់ទីឆ្ងាយ | |
| ក្នុងស្ថានមនុស្សស្លាប់ | ។ | ||
| ១៦- | ប៉ុន្តែព្រះម្ចាស់ | មានឫទ្ធិខ្លាំងណាស់ | រំដោះខ្ញុំឆាប់ |
| ផុតពីអំណាច | នៃសេចក្តីស្លាប់ | ព្រះអង្គប្រញាប់ | |
| មកយកខ្ញុំទៅ | ។ | ||
| ១៧- | ពេលអ្នកឃើញគេ | សម្បត្តិឡើងទ្វេ | កុំបីហ្មងសៅ |
| ឃើញទ្រព្យគេច្រើន | ចម្រើនតទៅ | សំងំពួននៅ | |
| កុំភ័យខ្លាចអី | ។ | ||
| ១៨- | នៅពេលគេស្លាប់ | គេពុំអាចចាប់ | យករបស់អ្វី |
| អស់ទាំងសម្បត្តិ | ទ្រព្យធនផ្សេងក្តី | ចូលទៅក្នុងដី | |
| អ្នកក្ស័យបានឡើយ | ។ | ||
| ១៩- | ពេលមានជីវិត | គេតែងនឹកគិត | ថាសុខឥតស្បើយ |
| ថាខ្លួនគេនឹង | មិនខ្វល់អ្វីឡើយ | អ្នកផងកោតហើយ | |
| ដែលគេមានបាន | ។ | ||
| ២០- | គេគង់នឹងត្រូវ | ធ្លាក់ខ្លួនចុះទៅ | ជួបនឹងសន្តាន |
| ជីតាជីដូន | មានទាំងប៉ុន្មាន | ទៅក្នុងទីស្ថាន | |
| ដែលគ្មានពន្លឺ | ។ | ||
| ២១- | អ្នកមានកិត្តិយស | រុងរឿងខ្ពង់ខ្ពស់ | ល្បីល្បាញរន្ទឺ |
| មិនយល់អ្វីសោះ | មិនភ័យព្រួយព្រឺ | អ្នកនោះហើយគឺ | |
| ដូចសត្វដែលស្លាប់ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខ” ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១. ៥,៩-១០.១២)
ទំនុកតម្កើងសម្រាប់ការប្រោសលោះ
បន្ទរទី៣ ៖ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង» ។
| ១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះ នឹងគ្រងរាជ្យលើផែនដី” ។ |
| ១២ | នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា ៖ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង» ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៣,២៣-២៥)
គ្រប់ៗរូបសុទ្ធតែបានប្រព្រឹត្តអំពើបាបទាំងអស់គ្នា ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ តែព្រះជាម្ចាស់ប្រោសគេឱ្យបានសុចរិត ដោយឥតគិតពីបុណ្យដែលគេសន្សំនោះទេ គឺព្រះអង្គប្រោសគេឱ្យបានសុចរិត តាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដោយព្រះយេស៊ូគ្រីស្តលោះគេ។ ព្រះជាម្ចាស់បានតម្រូវឱ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿឱ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។
បន្ទរ ៖ ដោយព្រះអង្គនៅជាមួយ *ទូលបង្គំមានអំណរដ៏បរិបូណ៌។ បន្ទរឡើងវិញ៖…
-ហើយនៅខាងស្តាំព្រះអង្គ ទូលបង្គំក៏រីករាយអស់កល្បជានិច្ចដែរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ព្រះដ៏មានឫទ្ធានុភាពបានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន។
ពាក្យអង្វរសកល
ចូរយើងកោតសរសើរព្រះគ្រីស្តដែលជាគង្វាល និងជាអង្គរក្សការពារព្រលឹងរបស់យើង។ ព្រះអង្គស្រឡាញ់ និងការពារប្រជារាស្ត្ររបស់ព្រះអង្គ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយចិត្តជឿសង្ឃឹមថា៖
បន្ទរ ៖ ឱព្រះជាអម្ចាស់អើយ ! សូមព្រះអង្គការពារប្រជារាស្រ្តព្រះអង្គផង។
ព្រះគ្រីស្តជាអ្នកគង្វាលអស់កល្បជានិច្ច សូមព្រះអង្គជួយការពារលោក… ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
—និងជួយការពារអ្នកគង្វាលទាំងអស់នៅក្នុងព្រះសហគមន៍របស់ព្រះអង្គផង។ (បន្ទរ)
សូមព្រះអង្គអាណិតអាសូរដល់អស់អ្នកដែលត្រូវគេបៀតបៀន ដោយសារជំនឿរបស់ខ្លួន
—សូមព្រះអង្គប្រញាប់ប្រញាល់រំដោះអ្នកទាំងនោះ ឱ្យរួចចាកផុតពីគ្រោះកាចទាំងឡាយផង។ (បន្ទរ)
ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គអាណិតអាសូរដល់អស់អ្នកដែលខ្វះខាត
—សូមប្រទានអាហារដល់អ្នកដែលស្រេកឃ្លានផង។ (បន្ទរ)
សូមព្រះអង្គមេត្តាបំភ្លឺដល់អស់អ្នកតាក់តែងច្បាប់ទាំងអស់
—ឱ្យអនុម័តច្បាប់តាមវិញ្ញាណនៃព្រះប្រាជ្ញាញាណ និងយុត្តិធម៌ផង។ (បន្ទរ)
សូមព្រះអង្គទទួលវិញ្ញាណក្ខ័ន្ធរបស់បងប្អូនយើងខ្ញុំ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គ
—សូមព្រះអង្គទទួលបងប្អូនយើងខ្ញុំក្នុងពិធីមង្គលការកូនចៀមផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងព្រះហឫទ័យសប្បុរស ! ព្រះអង្គប្រោសឱ្យសន្តយ៉ូហានម៉ារីវិយ៉ាណេ ជាបូជាចារ្យខ្នះខ្នែងក្នុងការបម្រើព្រះសហគមន៍។ តាមគំរូ និងពាក្យទូលអង្វររបស់លោក សូមព្រះអង្គប្រោសឱ្យយើងខ្ញុំចេះប្រមូលបងប្អូនជាច្រើនថ្វាយព្រះគ្រីស្ត ដោយបង្ហាញធម៌មេត្តាករុណា ហើយសូមឱ្យយើងខ្ញុំទទួលសិរីរុងរឿងអស់កល្បជានិច្ចរួមជាមួយពួកគេផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

