២ សីហា ២០២៦

Written on 03/03/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១៨ ថ្ងៃអាទិត្យ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ ព្រះអង្គ​ជា​បូជាចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀបស្តេច​មែលគី‌សេដែក អាលេលូយ៉ា!

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។

សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គ​ជា​បូជាចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀបស្តេច​មែលគី‌សេដែក អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១១៥

សូមលើកតម្កើងព្រះជាម្ចាស់ដ៏ពិតប្រាកដ

មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ
បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ (១ថស ១,៩)។

បន្ទរទី២៖ ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ ព្រះអង្គធ្វើអ្វីៗក៏បាន តាមតែព្រះហឫទ័យរបស់ព្រះអង្គ អាលេលូយ៉ា!

(បទកាកគតិ)

១- បពិត្រព្រះម្ចាស់ ខ្ញុំមិនគួរសោះ ឱ្យគេតម្កើង
  មានតែព្រះអង្គ ទើបត្រូវលើកឡើង ឱ្យខ្ពស់ថ្កុំថ្កើង
    ព្រោះទ្រង់សប្បុរស
២- ម្តេចក៏ប្រជា គ្រប់ជាតិនានា នាំគ្នាសួរស្រុះ
  មកយើងខ្ញុំថា "ពួកឯងទាំងអស់ តើព្រះឯងនោះ
    ស្ថិតនៅឯណា? "
៣- ព្រះរបស់ខ្ញុំ នៅទីបរម សុខឥតឧបមា
  ទ្រង់សព្វព្រះទ័យ ធ្វើកិច្ចអស្ចារ្យ អ្វីសព្វប្រការ
    បានឥតមានទាស់
៤- ឯព្រះពួកអ្នក ប្រាកដជាជាក់ ព្រះក្លែងក្លាយស្មោះ
  ខ្លះធ្វើពីឈើ គគីរកកោះ ពីប្រាក់ពីមាស
    ជាព្រះមនុស្សច្នៃ
៥- ព្រះនោះមានមាត់ និយាយមិនកើត មិនដែលចេញស្តី
  តាមតែជាងឆ្លាក់ ដាក់មកធ្វើអ្វី ភ្នែកឥតប្រស្រី
    មើលអ្វីមិនបាន
៦- រីឯត្រចៀក មានប្រាកដជាក់ តែមិនចំណាន
  ព្រោះស្តាប់មិនកើត មិនដឹងដើមដាន ច្រមុះដែលមាន
    តែមិនដឹងក្លិន
៧- មានសព្វទាំងដៃ តែមិនអាចលៃ ប៉ះពាល់ឬកាន់
  មានជើងនៅស្ងៀម ព្រោះដើរមិនបាន បំពង់កមាន
    តែគ្មានសំឡេង
៨- សូមឱ្យអស់អ្នក ដែលបានដាប់ឆ្លាក់ រូបព្រះនោះឯង
  ហើយផ្ញើជីវិត គ្មានគិតកោតក្រែង ឱ្យគេចំបែង
    ដូចព្រះទាំងនោះ
៩- អ៊ីស្រាអែលអើយ ចូរកុំកន្តើយ ជីវិតផ្ញើព្រះ
  នោះទ្រង់នឹងជួយ អ្នកបានទាំងអស់ ជាខែលគ្រឿងក្រោះ
    ពាំងអ្នករាល់គ្នា
១០- ពូជពង្សរបស់ អរ៉ុនទាំងអស់ ចូរអ្នកម្នីម្នា
  ផ្ញើជន្មជីវ៉ា លើព្រះនាមា ទ្រង់នឹងការពារ
    ឱ្យអ្នកបានសុខ
១១- អ្នកដែលកោតខ្លាច ព្រះមានអំណាច នឹងមិនជួបទុក្ខ
  បើផ្ញើជីវិត អ្នកនឹងបានសុខ ពីនេះទៅមុខ
    ផុតទុក្ខល្ហើយល្ហែ
១២- ព្រះមិនបំភ្លេច សូម្បីតួចតិច ដល់ពួកយើងទេ
  ព្រះអង្គឱ្យពរ យើងកើនឡើងទ្វេ អ៊ីស្រាអែលដែរ
    និងលោកអរ៉ុន
១៣- ព្រះអង្គប្រទាន ពរទាំងអ្នកមាន អ្នកតូចអ្នកធំ
  ដែលចេះកោតខ្លាច ក្រាបថ្វាយបង្គំ យកព្រះជាធំ
    ជាម្លប់ថ្លៃថ្លា
១៤- សូមព្រះប្រទាន ពរនោះឱ្យមាន ដល់អ្នករាល់គ្នា
  បានចម្រើនឡើង គ្រប់ពេលវេលា បានសុខរមនា
    កូនចៅប្រុសស្រី
១៥- សូមអ្នកទទួល កុំបីអំពល់ ពីម្ចាស់មេឃដី
  ទ្រង់ប្រទានពរ បវរសួស្តី ព្រះអម្ចាស់ថ្លៃ
    ជាព្រះយើងពិត
១៦- ផ្ទៃមេឃផែនដី សន្លឹមអន្លាយ គឺជាកម្មសិទ្ធ
  របស់ព្រះម្ចាស់ តែមួយអង្គគត់ ព្រះអង្គអាណិត
    ឱ្យដីមកមនុស្ស
១៧- មនុស្សស្លាប់ជាខ្មោច មានក្លិនអសោច៍ ពុំអាចថ្កើងយស
  អស់អ្នកដែលចុះ ទៅស្ថានក្រោមនោះ ក៏ពុំមានឈ្មោះ
    តម្កើងសិរី
១៨- គឺយើងនេះហើយ គ្មានអ្នកផ្សេងឡើយ ដែលរស់លើដី
  បានលើកតម្កើង ព្រះអង្គរាល់ថ្ងៃ ឥតមានសំចៃ
    ជារៀងរហូត
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ ព្រះអង្គធ្វើអ្វីៗក៏បាន តាមតែព្រះហឫទ័យរបស់ព្រះអង្គ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៨)

វិវាហមង្គលការកូនចៀម

បន្ទរទី៣ ៖ អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ទាំងតូចទាំងធំអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់! អាលេលូយ៉ា!

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព

ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ អាលេលូយ៉ា!
អាលេលូយ៉ា!

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង! ។ អាលេលូយ៉ា!
អាលេលូយ៉ា!

ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ

យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ទាំងតូចទាំងធំអើយ ! ចូរសរសើរតម្កើងព្រះជាម្ចាស់ ! អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ថស ២,១៣-១៤)

ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ! យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ឱ្យទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនឱ្យបានវិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្តីពិត។ ព្រះអង្គត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីឱ្យបងប្អូនទទួលការសង្គ្រោះនេះ គឺឱ្យមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។

បន្ទរ៖ ព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តា *លើអ្វីៗទាំងអស់។ បន្ទរឡើងវិញ៖…
-ព្រះប្រាជ្ញាញាណរបស់ព្រះអង្គ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ចំពោះបងប្អូនដែលចង់ក្លាយទៅជាអ្នកមាន ចូរតម្រង់ចិត្តស្វែងរកទ្រព្យសម្បត្តិដ៏ពិតប្រាកដនោះទៅ។

ពាក្យអង្វរសកល

យើងខ្ញុំសូមកោតសរសើរ និងលើកតម្កើងព្រះគ្រីស្ត! ព្រះអង្គគង់នៅអស់កល្បជានិច្ច ដើម្បីទូលអង្វរព្រះបិតាឱ្យយើងខ្ញុំ។ ព្រះអង្គអាចសង្រ្គោះអស់អ្នកដែលចូលទៅជិតព្រះបិតាក្នុងនាមព្រះអង្គ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖

បន្ទរ៖ ឱព្រះជាអម្ចាស់អើយ ! សូមព្រះអង្គនឹករលឹកដល់ប្រជារាស្ត្ររបស់ព្រះអង្គផង។

យើងខ្ញុំហៅរកព្រះនាមព្រះអង្គលើគ្រប់មនុស្សជាតិសាសន៍ ដូចនៅថ្ងៃព្រះអាទិត្យនៃយុត្តិធម៌ជិតមកដល់
—ដើម្បីឱ្យមនុស្សទាំងអស់អាចរីករាយនឹងពន្លឺដែលមិនចេះអាប់រស្មី។ (បន្ទរ)

សូមព្រះអង្គថែរក្សាអនុសញ្ញាដែលព្រះអង្គបានយល់ព្រម ដោយសារព្រះលោហិតរបស់ព្រះអង្គ
—សូមប្រោសឱ្យព្រះសហគមន៍បានវិសុទ្ធផង។ (បន្ទរ)

ឱព្រះជាអម្ចាស់អើយ ! សូមព្រះអង្គនឹកចាំដល់យើងខ្ញុំដែលបានមកជួបជុំគ្នា
—ជាព្រះដំណាក់របស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គជួយណែនាំអ្នកដំណើរឱ្យដើរតាមមាគ៌ានៃសន្តិភាព និងវិបុលភាព
—រហូតដល់ពួកគេបានឈានទៅដល់ទិសដៅ ដោយសុវត្ថិភាព និងអំណរសប្បាយ។ (បន្ទរ)

ឱព្រះអម្ចាស់អើយ! សូមទទួលព្រលឹងអស់អ្នកដែលបានទទួលមរណភាព
—ហើយសូមប្រោសប្រទានឱ្យអ្នកទាំងនោះ បានទទួលសិរីរុងរឿងអស់កល្បជានិច្ច និងសេចក្តីអនុគ្រោះពីព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាអម្ចាស់អើយ! ព្រះអង្គតែងតែបង្ហាញធម៌មេត្តាករុណាដ៏លើសលប់ដល់អស់អ្នកដែលទូលអង្វរព្រះអង្គដោយចិត្តស្មោះ។ សូមព្រះអង្គមេត្តាថែរក្សាការពារ និងណែនាំយើងខ្ញុំ ដោយប្រទានជីវិតថ្មីឱ្យយើងខ្ញុំតាមព្រះហឫទ័យរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។