៤ កក្កដា ២០២៦

Written on 27/02/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១៤ ថ្ងៃអាទិត្យ

ថ្ងៃសៅរ៍ (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល 

ទំនុកតម្កើងលេខ ១១៩,១០៥-១១២

ការស្មឹងស្មាធិ៍លើច្បាប់របស់ព្រះជាម្ចាស់

វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក (យហ ១៥,១២)។

បន្ទរទី១ ៖ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហានទូលបង្គំ។

១០៥ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀង ដែលបំភ្លឺជំហានទូលបង្គំ
និងជាពន្លឺដែលបំភ្លឺផ្លូវរបស់ទូលបង្គំ។
១០៦
ទូលបង្គំសូមសន្យាដោយឥតងាករេថា
ទូលបង្គំនឹងប្រតិបត្តិតាមសេចក្តីសម្រេចដ៏សុចរិតរបស់ព្រះអង្គ។
១០៧
បពិត្រព្រះអម្ចាស់! ទូលបង្គំរងទុក្ខវេទនាខ្លាំងពន់ពេកណាស់
សូមប្រោសប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ
ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
១០៨
ឱព្រះអម្ចាស់អើយ! សូមទទួលពាក្យអង្វររបស់ទូលបង្គំ ទុកជាតង្វាយ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!
១០៩
ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច
ប៉ុន្តែ ទូលបង្គំមិនភ្លេចធម្មវិន័យរបស់ព្រះអង្គទេ។
១១០
មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ
តែទូលបង្គំមិនវង្វេងចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ។
១១១
ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ
ដំបូន្មានទាំងនេះធ្វើឱ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។
១១២
ទូលបង្គំប្តេជ្ញាចិត្តធ្វើតាមក្រិត្យវិន័យរបស់ព្រះអង្គ
គឺជារង្វាន់របស់ទូលបង្គំរហូតដល់ទីបំផុត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហានទូលបង្គំ។

ទំនុកតម្កើងលេខ ១៦

បពិត្រព្រះអម្ចាស់! ព្រះអង្គជាចំណែកមត៌ករបស់ខ្ញុំ

ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ព្រះ‌អង្គ​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដីស្លាប់ (កក ២,២៤)។

បន្ទរទី២៖ ដោយព្រះ‌អង្គនៅជាមួយ ទូល‌បង្គំមានអំណរដ៏បរិបូណ៌។ អាលេលូយ៉ា!

(បទពាក្យ ៧)

១- ឱព្រះជាម្ចាស់ដ៏ឧត្តម សូមការពារខ្ញុំឱ្យសុខសាន្ត  
  ដ្បិតទូលបង្គំសុំផ្ញើប្រាណ ជ្រកក្រោមទីស្ថានម្លប់បារមី
២- ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា ព្រះអង្គពិតជាអម្ចាស់ថ្លៃ  
  ក្រៅពីព្រះអង្គឥតមានអ្វី ផ្តល់មង្គលជ័យគ្រាអាសន្ន
៣- អារុក្ខអារក្សអ្នកតាព្រៃ ម្ចាស់ទឹកម្ចាស់ដីកាលពីមុន  
  ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ ផ្តល់តែទារុណរាល់វេលា
៤- ទូលបង្គំនឹងមិនចូលរួម មិនទទួលព្រមរួមជាគ្នា  
  គោរពនិងថ្វាយយញ្ញបូជា មិនពោលនាមាព្រះក្លែងក្លាយ
៥- បពិត្រព្រះអម្ចាស់ឧត្តម ព្រះអង្គជាចំណែកស្រស់ស្រាយ  
  មត៌កនៃខ្ញុំឥតក្លែងក្លាយ ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
៦- ព្រះអង្គប្រទានកេរមត៌ក វិសេសឥតអាក់ដ៏ថ្លៃថ្លា  
  មកទូលបង្គំខ្ញុំនេះណា ជាកេរអស្ចារ្យប្រសើរផុត
៧- ខ្ញុំសូមតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គនេះសែនមោះមុត  
  ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ ទោះយប់ងងឹតក៏តឿនដែរ
៨- ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ ដែលជាទម្លាប់ទ្រង់គង់ក្បែរ  
  ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ ខ្ញុំមិនបែកបែរញាប់ញ័រឡើយ
៩- ហេតុនេះបានជាខ្ញុំរីករាយ ត្រេកអរសប្បាយបានល្ហែល្ហើយ  
  ខ្ញុំបានសម្រាកកាយធូរស្បើយ ដោយសុខសាន្តហើយផុតកង្វល់
១០- ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ ឱ្យរងទុក្ខធំស្លាប់សោតសល់  
  ព្រះអង្គក៏មិនបណ្តោយដល់ សពបម្រើផ្ទាល់ស្អុយរលួយ
១១- ព្រះអង្គបង្ហាញផ្លូវជីវិត ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ  
  ដោយព្រះអង្គនៅគង់ជាមួយ ទូលបង្គំគ្មានព្រួយអរសប្បាយ
  ដោយព្រះអង្គគង់នៅខាងស្តាំ ជាប់ជាប្រចាំមិនជិនណាយ  
  ទូលបង្គំសែនរីករាយសប្បាយ អស់កល្បវែងឆ្ងាយតរៀងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ដោយព្រះ‌អង្គនៅជាមួយ ទូល‌បង្គំមានអំណរដ៏បរិបូណ៌។ អាលេលូយ៉ា!

បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្តជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ចូរឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ។ អាលេលូយ៉ា!

ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។

ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។

ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។

ហេតុនេះហើយ បានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០
ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១
និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ។ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,៣-៦)

យើងសូមអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិដ្ឋានឱ្យបងប្អូន។ ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះគ្រីស្តយេស៊ូ និងអំពីសេចក្តីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់ ព្រោះតែសេចក្តីសង្ឃឹមដែលព្រះអង្គបម្រុងទុកសម្រាប់បងប្អូននៅស្ថានបរមសុខ។ បងប្អូនបានស្គាល់សេចក្តីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្តីពិត គឺដំណឹងល្អដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ស្របតាមសេចក្តីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចម្រើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។

បន្ទរ៖ តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច *ចូរសរសើរតម្កើងព្រះ‌នាមរបស់ព្រះ‌អម្ចាស់!។ បន្ទរឡើងវិញ៖…
-សិរី‌រុងរឿងរបស់ព្រះ‌អង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ..

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ថា៖ «នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។

ពាក្យអង្វរសកល

ព្រះជាម្ចាស់បានជ្រើសរើសប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីទុកជាមរតក ដោយព្រះអង្គប្រោសប្រទានជួយសង្គ្រោះ និងការពារដល់ពួកគេ។ យើងខ្ញុំទាំងអស់គ្នាសូមអរព្រះគុណព្រះអង្គ និងសូមប្រកាសពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមផ្ញើជីវិតទាំងស្រុងលើព្រះអង្គ !

យើងខ្ញុំសូមអធិដ្ឋានសម្រាប់សម្តេចប៉ាប…និងលោក…ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
—សូមព្រះអង្គការពារ និងប្រោសឱ្យអស់លោកបានវិសុទ្ធ ក្នុងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ (បន្ទរ)

សូមឱ្យអ្នកជំងឺមានអារម្មណ៍ថា ពួកគេជាដៃគូដែលរងទុក្ខលំបាករួមជាមួយព្រះគ្រីស្ត
—ហើយសូមឱ្យអ្នកទាំងនេះជ្រាបថា ពួកគេនឹងបានទទួលនូវការលួងលោមពីព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)

សូមព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់អស់អ្នកដែលគ្មានទីជម្រកស្នាក់អាស្រ័យ
—សូមជួយពួកគេឱ្យរកបានផ្ទះរស់នៅសមរម្យផង។ (បន្ទរ)

សូមព្រះអង្គប្រទាន និងការពារផលផ្លែនៅលើផែនដី តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
—ដើម្បីឱ្យមនុស្សទាំងអស់បានទទួលអាហារគ្រប់​គ្រាន់ជារៀងរាល់ថ្ងៃផង។ (បន្ទរ)

សូមព្រះអង្គមេត្តាការពារប្រជាជាតិយើងខ្ញុំ ឱ្យរួចផុតពីមារកំណាច
—ដើម្បីឱ្យប្រជាជាតិនេះបានទទួលសេចក្តីថ្កុំថ្កើង ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គផង។ (បន្ទរ)

ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាយកចិត្តទុកដាក់ដល់អស់អ្នក ដែលបានទទួលមរណភាពក្នុងធម៌មេត្តាករុណារបស់ព្រះអង្គ
—សូមប្រោសប្រទានឱ្យអ្នកទាំងនេះបានស្នាក់អាស្រ័យរស់នៅអស់កល្បជានិច្ចផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានព្រះហឫទ័យសប្បុរស ! ព្រះបុត្រាបានបន្ទាបព្រះអង្គ ដើម្បីលើកមនុស្សលោកឱ្យរួមរស់ជាមួយព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យអស់អ្នកដែលព្រះអង្គលោះចេញពីអំពើបាប បានពោរពេញដោយអំណរសប្បាយអស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។