រដូវធម្មតា សប្ដាហ៍ទី១១ ថ្ងៃសុក្រ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៣៥
ចូរសរសើរតម្កើងព្រះជាម្ចាស់សម្រាប់ការអស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្តចំពោះយើង
បងប្អូនជាប្រជារាស្ត្រ ដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ
ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺរុងរឿងរបស់ព្រះអង្គ (១សល ២,៩)។
បន្ទរទី១ ៖ ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះទាំងប៉ុន្មាន។
(ក)
| ១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់! ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! |
| ២ | អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ! |
| ៣ | ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។ |
| ៤ | ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប ព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។ |
| ៥ | ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះដទៃទាំងប៉ុន្មាន។ |
| ៦ | បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចបានទាំងអស់ ទាំងនៅលើផ្ទៃមេឃ ទាំងនៅលើផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។ |
| ៧ | ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ ដើម្បីឱ្យភ្លៀងធ្លាក់ ព្រះអង្គក៏បញ្ចោញខ្យល់ឱ្យបក់បោកមកដែរ។ |
| ៨ | ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប គឺចាប់តាំងពីកូនមនុស្ស រហូតដល់កូនសត្វពាហនៈ។ |
| ៩ | ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។ |
| ១០ | ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន ព្រះអង្គបានវាយប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ |
| ១១ | គឺព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី ព្រះបាទអុកជាស្តេចស្រុកបាសាន និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន។ |
| ១២ | ព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ ឱ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះទាំងប៉ុន្មាន។
បន្ទរទី២ ៖ ជនជាតិអ៊ីស្រាអែលអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ចូរស្មូតទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា។
(ខ)
(បទកាកគតិ)
| ១៣- | បពិត្រព្រះម្ចាស់ | ព្រះនាមរបស់ | ព្រះអង្គគង់វង្ស |
| ជារៀងរហូត | ល្បីល្បាញយូរលង់ | ត្រចះត្រចង់ | |
| អស់កល្បឥតរា | ។ | ||
| ១៤- | ដ្បិតព្រះអង្គរក | យុត្តិធម៌នាំមក | ឱ្យរាស្ត្រប្រជា |
| ព្រះអង្គអាណិត | អាសូរគ្រប់គ្រា | អស់កូនចៅជា | |
| អ្នកស្ម័គ្របម្រើ | ។ | ||
| ១៥- | ព្រះផ្សេងឯទៀត | ជាព្រះមិនពិត | កើតពីមនុស្សធ្វើ |
| ពីមាសពីប្រាក់ | ពីស្ពាន់ពីឈើ | អ្វីសព្វសារពើ | |
| ជាព្រះក្លែងក្លាយ | ។ | ||
| ១៦- | ព្រះនោះមានមាត់ | បើកបិទមិនកើត | មិនអាចនិយាយ |
| មាត់ដែលជាងឆ្លាក់ | គេដាក់មកឱ្យ | ភ្នែកដែលមានហើយ | |
| តែបើកមិនរួច | ។ | ||
| ១៧- | ត្រចៀកក៏មាន | តែស្តាប់មិនបាន | ដូចត្រចៀកខូច |
| ស្រេចតែជាងធ្វើ | តាមធំតាមតូច | ខ្យល់ចូលមិនរួច | |
| ដង្ហើមក៏គ្មាន | ។ | ||
| ១៨- | សូមឱ្យអស់អ្នក | ដែលខំសូនឆ្លាក់ | ឥតមានស្រាកស្រាន្ត |
| ធ្វើព្រះក្លែងក្លាយ | ដែលមានប៉ុន្មាន | ឱ្យពួកគេបាន | |
| ដូចព្រះទាំងនោះ | ។ | ||
| ១៩- | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | នាំគ្នាទាំងអស់ |
| ខំលើកតម្កើង | ព្រះជាអម្ចាស់ | ទាំងពូជរបស់ | |
| លោកអរ៉ុនផង | ។ | ||
| ២០- | គ្រួសារលេវី | ចូរមកមូលមីរ | សរសើរផ្គូរផ្គង |
| និងអ្នកដែលធ្លាប់ | គោរពព្រះអង្គ | សរសើរថ្កើងថ្កាន | |
| ព្រះម្ចាស់នៃយើង | ។ | ||
| ២១- | ចូរយើងនាំគ្នា | មកផ្តុំមូលមីរ | សរសើរតម្កើង |
| ព្រះជាអម្ចាស់ | គង់ភ្នំស៊ីយ៉ូន | និងនៅក្នុងក្រុង | |
| យេរូសាឡឹម | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ជនជាតិអ៊ីស្រាអែលអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ចូរស្មូតទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
ទំនុកតម្កើងនៃការគោរពប្រណិប័តន៍
បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
| ៣ | “ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
| ៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ? តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ១,២-៤)
បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថា ជាការដែលធ្វើឱ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ ដោយដឹងថា ការល្បងលមើលជំនឿរបស់បងប្អូននឹងនាំឱ្យបងប្អូនចេះស៊ូទ្រាំ។ ក៏ប៉ុន្តែ ត្រូវឱ្យការស៊ូទ្រាំនេះ បង្កើតចេញជាផលដ៏ល្អគ្រប់លក្ខណៈ ដើម្បីឱ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។
បន្ទរ៖ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាប *ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ បន្ទរឡើងវិញ៖…
-ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ។
ពាក្យអង្វរសកល
ដោយសារតែអំពើបាបរបស់យើងខ្ញុំ ព្រះបិតាបានប្រទានឱ្យព្រះយេស៊ូសោយទិវង្គត និងដើម្បីប្រោសយើងឱ្យទៅជាបុត្រធីតាព្រះអង្គ ព្រះបិតាបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ។ យើងខ្ញុំសូមអធិស្ឋានថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរប្រជារាស្រ្តរបស់ព្រះអង្គផង។
សូមព្រះអង្គសណ្តាប់នូវពាក្យអធិស្ឋានរបស់យើងខ្ញុំ នៅពេលដែលយើងខ្ញុំទទួលសារភាពអំពើបាប
—សូមព្រះអង្គប្រោសប្រណីលើកលែងទោស និងប្រទានសេចក្តីសុខសាន្តដល់យើងខ្ញុំផង។ (បន្ទរ)
គ្រីស្តទូតរបស់ព្រះអង្គបាននិយាយថា៖ "នៅទីណាមានអំពើបាបច្រើន នៅទីនោះ ក៏មានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់យ៉ាងច្រើនលើសលប់ដែរ"
—សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់! យើងខ្ញុំបានប្រព្រឹត្តអំពើបាប ប៉ុន្តែ យើងខ្ញុំក៏ទទួលស្គាល់ពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ដែលគ្មានដែនកំណត់ផងដែរ
—សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចេះកែប្រែចិត្តគំនិតផង។ (បន្ទរ)
សូមព្រះអង្គសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យរួចពីអំពើបាបរបស់ពួកគេ
—សូមប្រោសឱ្យពួកគេបានគាប់ព្រះហឫទ័យព្រះអង្គផង។ (បន្ទរ)
ព្រះអង្គបានបើកទ្វារនៃឋានសួគ៌ទទួលចោរ ដែលបានជឿលើព្រះអង្គ
—សូមព្រះអង្គព្រះមេត្តាកុំបិទទ្វារស្ថានបរមសុខដល់អ្នកជឿ ដែលបានទទួលមរណភាពនោះឡើយ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា ! នៅក្នុងគម្រោងការនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ បានក្លាយទៅជាតម្លៃនៃការសង្រ្គោះសម្រាប់យើងខ្ញុំ។ សូមឱ្យយើងខ្ញុំចូលរួមជាមួយព្រះអង្គក្នុងទុក្ខលំបាក ដើម្បីឱ្យយើងខ្ញុំមានបទពិសោធន៍នៃការរស់ឡើងវិញរបស់ព្រះអង្គប្រកបដោយឫទ្ធានុភាព នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

