៧ មិថុនា ២០២៦

Written on 19/02/2026
Mary Siya Khim

បុណ្យព្រះកាយ និងព្រះលោហិតដ៏វិសុទ្ធបំផុតរបស់ព្រះគ្រីស្ត

(បុណ្យឱឡារិក)

(ពេលល្ងាចទី២)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

បន្ទរទី១៖ ព្រះគ្រីស្តជាអម្ចាស់ គឺជាបូជាចារ្យអស់‌កល្ប​ត​រៀង​ទៅ តាមរបៀបស្តេចមែលគីសេដែក។ ព្រះអង្គបានយកនំប៉័ង និងស្រា មកថ្វាយព្រះជាម្ចាស់។

ព្រះជាអម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះរាជាជា​ព្រះ‌អម្ចាស់​របស់ខ្ញុំដូច​ត​ទៅ​នេះ ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។

សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!

នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា :
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។

ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។

នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះរួច​ហើយ
ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះគ្រីស្តជាអម្ចាស់ គឺជាបូជាចារ្យអស់‌កល្ប​ត​រៀង​ទៅ តាមរបៀបស្តេចមែលគីសេដែក។ ព្រះអង្គបានយកនំប៉័ង និងស្រា មកថ្វាយព្រះជាម្ចាស់។

ទំនុកតម្កើងលេខ ១១៦,១០-១៩

បន្ទរទី២៖ ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់ដែល​បាន​រំដោះ​ខ្ញុំ ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់។

(បទព្រហ្មគីតិ)

១០- ទោះជាខ្ញុំពោលថា រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ  
  គង់តែរូបខ្ញុំនេះ មិនចោលព្រះសង្ឃឹមជាប់
១១- ពេលខ្ញុំមានកង្វល់ ចិត្តខ្វាយខ្វល់មិនបានស្ងប់  
  ខ្ញុំពោលឡើងគ្រប់សព្វ ថាខ្ញុំស្អប់ជនគ្រប់ប្រាណ
១២- តើខ្ញុំអាចយកអ្វី តបព្រះទ័យម្ចាស់ថ្កើងថ្កាន  
  ដែលព្រះអម្ចាស់បាន ប្រោសគ្រប់ប្រាណបានសមរម្យ
១៣- គឺខ្ញុំត្រូវលើកពែង ទាំងថ្លាថ្លែងនាមឧត្តម  
  ព្រះអង្គរំដោះខ្ញុំ យើងស្រែកសុំរកព្រះម្ចាស់
១៤- ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយក្រាបសំពះ  
  លាបំណន់ពីព្រះ ជាអម្ចាស់មុខប្រជា
១៥- ទ្រង់ព្រួយព្រះទ័យណាស់ ពេលមានរាស្រ្តស្លាប់វេទនា  
  ជនវិសុទ្ធគ្រប់គ្នា ទ្រង់ការពារមិនស្លាប់ឡើយ
១៦- ឱព្រះម្ចាស់ប្រសើរ ខ្ញុំបម្រើព្រះអង្គហើយ  
  ព្រះអង្គមិនកន្តើយ ខ្ញុំបានស្បើយពីមរណា
១៧- ទូលបង្គំសូមថ្វាយ យញ្ញទាំងឡាយដោយជ្រះថ្លា  
  អង្វរព្រះបិតា ព្រះបុត្រាខ្ពស់ពេកពន់
១៨- ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយលាបំណន់  
  នៅមុខប្រជាជន ដែលបានបន់ដល់ព្រះអង្គ
១៩- គឺនៅក្នុងទីធ្លា ព្រះវិហារស្រស់បំព្រង  
  ស្ថិតនៅកណ្តាលក្រុង សូមផ្ចិតផ្ចង់លើកតម្កើង
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់ដែល​បាន​រំដោះ​ខ្ញុំ ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

បន្ទរទី៣៖ ឱព្រះអម្ចាស់អើយ ! ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិតនៃមនុស្សលោក។

អាលេលូយ៉ា!
សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង ព្រះ‌អង្គ​សង្គ្រោះ​យើង
ព្រះ‌អង្គ​ប្រកប​ដោយ​សិរី‌រុង​រឿង និង​ឫទ្ធា‌នុភាព

ដ្បិត​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌។
អាលេលូយ៉ា!

អាលេលូយ៉ា!
«អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់
អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង!»។
អាលេលូយ៉ា!

អាលេលូយ៉ា!
ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ហើយ

យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឱ្យ​ខ្លាំង
ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ
ភរិយាថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិតនៃមនុស្សលោក។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១១,២៣-២៥)

រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង ព្រះ‌អង្គ​យក​នំបុ័ង​មក​កាន់ ព្រះ‌អង្គ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំបុ័ង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។ លុះ​ជប់‌លៀង​រួច​ហើយ ព្រះ‌អង្គ​ធ្វើតាម​បែប​ដដែល ព្រះ‌អង្គ​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រីថ្មី ចង​ឡើងដោយ​លោហិត​របស់​ខ្ញុំ។ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។

បន្ទរ៖ ព្រះអង្គបានប្រទានអាហារពីស្ថានបរមសុខឱ្យពួកគេ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-មនុស្សបានបរិភោគអាហាររបស់ពួកទេវទូត។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ឱបុណ្យគោរពដ៏វិសុទ្ធដែលព្រះគ្រីស្តជាអាហាររបស់យើងខ្ញុំ! យើងខ្ញុំរំឭកពីទុក្ខលំបាករបស់ព្រះអង្គឡើងវិញ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គបំពេញដួងចិត្តយើងខ្ញុំ ហើយយើងខ្ញុំក៏ទទួលសិរីរុងរឿងរបស់ព្រះអង្គដែលកំពុងតែយាងមក អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តអញ្ជើញមនុស្សទាំងអស់ឱ្យចូលរួមក្នុងពិធីជប់លៀង ដែលព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះអង្គ សម្រាប់ជីវិតមនុស្សលោក។ ចូរយើងទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះគ្រីស្ត ! ព្រះអង្គជាអាហារចុះពីស្ថានបរមសុខ សូមប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ !

បពិត្រព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ! ព្រះអង្គមានព្រះបញ្ជាថា អាហារអរព្រះគុណនេះ ត្រូវធ្វើដើម្បីនឹករលឹកដល់ព្រះអង្គ
—សូមព្រះអង្គពង្រឹងព្រះសហគមន៍ តាមរយៈការប្រារព្ធពិធីដ៏អាថ៌កំបាំងទាំងនេះផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានបញ្ជាឱ្យពួកបូជាចារ្យព្រះអង្គ ថ្វាយអគ្គសញ្ញាផ្សេងៗ
—សូមឱ្យអគ្គសញ្ញាទាំងនេះ ជួយពួកលោកធ្វើជាឧបករណ៍ក្នុងជីវិតប្រចាំថ្ងៃ អំពីអត្ថន័យនៃគ្រឿងសក្ការៈ ដែលពួកលោកបានប្រារព្ធផង។ (បន្ទរ)

ព្រះគ្រីស្តជាអាហារចុះពីស្ថានបរមសុខ ព្រះអង្គបានធ្វើរូបកាយមួយចេញពីមនុស្សទាំងអស់ ដែលទទួលទានអាហារតែមួយ
—សូមព្រះអង្គធ្វើឱ្យអ្នកជឿសង្ឃឹមលើព្រះអង្គរីកស្រស់បំព្រងឡើង ជាមួយនឹងសេចក្តីសុខសាន្ត និងសុខដុមរមនា។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! តាមរយៈអាហារនេះ ព្រះអង្គបានថ្វាយឱសថសម្រាប់ភាពអមតៈ និងពាក្យសន្យាអំពីការរស់ឡើងវិញនាពេលអនាគត
—សូមព្រះអង្គប្រោសឱ្យអ្នកជំងឺបានជាសះស្បើយ និងផ្តល់សេចក្តីសង្ឃឹមដល់អ្នកបាប។ (បន្ទរ)

ព្រះគ្រីស្តជាព្រះមហាក្សត្រនៃយើង ដែលកំពុងតែយាងមក ព្រះអង្គមានព្រះបញ្ជាឱ្យយើងខ្ញុំប្រកាសពីព្រះអង្គសោយទិវង្គត និងត្រូវធ្វើរហូតដល់ព្រះអង្គយាងមកវិញ —សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលបានស្លាប់ ដោយជឿសង្ឃឹមលើព្រះអង្គ បានរួមចំណែកក្នុងការរស់ឡើងវិញជាមួយព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់ដ៏វិសុទ្ធ ! ព្រះអង្គប្រទានអគ្គសញ្ញានៃព្រះកាយព្រះគ្រីស្ត ទុកជាការនឹករឭកអំពីទុក្ខលំបាករបស់ព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំ ឱ្យយកចិត្តទុកដាក់គោរពអគ្គសញ្ញាដ៏ប្រសើរឧត្តមនេះ ព្រមទាំងទទួលស្គាល់ផលផ្លែនៃការសង្គ្រោះរបស់ព្រះអង្គក្នុងជីវិតយើងខ្ញុំ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!