៦ មិថុនា ២០២៦

Written on 19/02/2026
Mary Siya Khim

បុណ្យព្រះកាយ និងព្រះលោហិតដ៏វិសុទ្ធបំផុតរបស់ព្រះគ្រីស្ត

(បុណ្យឱឡារិក)

(ពេលល្ងាចទី១)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១១

បន្ទរទី១៖ ព្រះអម្ចាស់​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិតអាសូរ ព្រះ‌អង្គ​ប្រទាន​អាហារ​ឱ្យ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គ​តែង​នឹក​ដល់​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ​ជា‌និច្ច។

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ! ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់យ៉ាង​អស់​ពី​ចិត្ត
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។

ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ឧត្តុង្គ‌ឧត្ដម
ហើយ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​នេះ នាំ​គ្នា​ស្វែង​យល់។

ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រកប​ទៅ​ដោយរស្មីភ្លឺចិញ្ចែងចិញ្ចាច
សេចក្ដីសុចរិត​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ឱ្យ​យើងនឹក​ដល់​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ
ព្រះអម្ចាស់​តែងតែ​ប្រណីសន្ដោស ហើយ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិត‌អាសូរ។

ព្រះ‌អង្គ​ប្រទាន​អាហារ​ឱ្យ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
ព្រះ‌អង្គ​តែង​នឹក​ដល់​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ​ជា‌និច្ច។

ព្រះ‌អង្គ​សម្ដែង​ឫទ្ធា‌នុភាពឱ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ឃើញ
តាម‌រយៈ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ គឺ​ប្រគល់​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានាឱ្យ​ពួក​គេ។

ស្នា​ព្រះ‌ហស្ដដែល​ព្រះ‌អង្គ​ធ្វើសុទ្ធ​តែ​ពិត និង​ប្រាកដ​ប្រជា
ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គគួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។

ព្រះ‌បញ្ជា​ទាំង​នោះ​នៅ​ស្ថិត‌ស្ថេរ​រហូត ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
ដោយ​សេចក្ដីពិត និង​ត្រឹម​ត្រូវ។

ព្រះអង្គ​បាន​រំដោះ​ប្រជារាស្ដ្រ​របស់​ព្រះ‌អង្គឱ្យ​មាន​សេរី‌ភាព
ព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ជា​ព្រះ‌នាម​ដ៏‌វិសុទ្ធគួរ​ឱ្យ​កោត​ស្ញប់‌ស្ញែង។
១០
ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ជា​ប្រភព​នៃ​ប្រាជ្ញា
អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះតែង‌តែ​ដឹង​ខុស​ត្រូវ។
សូម​សរសើរ​តម្កើង​ព្រះ‌អង្គ​រហូត​ត​ទៅ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះអម្ចាស់​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិតអាសូរ ព្រះ‌អង្គ​ប្រទាន​អាហារ​ឱ្យ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គ​តែង​នឹក​ដល់​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ​ជា‌និច្ច។

ទំនុកតម្កើងលេខ ១៤៧,១២-២០

បន្ទរទី២៖ ព្រះអម្ចាស់នាំសន្តិភាពមកឱ្យព្រះសហគមន៍ ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើងមាន​ស្រូវ​ដ៏​ល្អៗយ៉ាង​បរិបូណ៌។

(បទព្រហ្មគីតិ)

១២- ក្រុងយេរូសាឡឹម កុំស្ងាត់ស្ងៀមនៅរេរង់  
  ព្រមទាំងក្រុងស៊ីយ៉ូន ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣- ដ្បិតព្រះអង្គការពារ អ្នករាល់គ្នាបានសុខណាស់  
  ទ្រង់ឱ្យពរដល់រាស្រ្ត ដែលរស់ពាសពេញទីក្រុង
១៤- ទ្រង់ប្រទានទឹកដី មានសេរីសុខត្រចង់  
  សន្តិភាពគ្រប់ជ្រុង ស្រូវបម្រុងច្រើនមហិមា
១៥- នៅលើផ្ទៃផែនដី ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា  
  ផ្សព្វផ្សាយគ្រប់ទិសា ពីបញ្ជាព្រះអម្ចាស់
១៦- ព្រះអង្គឱ្យទឹកកក ធ្លាក់ចុះមកច្រើនដេរដាស  
  សន្សើមត្រជាក់ណាស់ ក៏ធ្លាក់ចុះតាមបញ្ជា
១៧- ព្រះអង្គធ្វើឱ្យព្រឹល ធ្លាក់មិនខ្ជិលច្រើនមហិមា  
  ឱ្យមានធាតុរងា តើនរណាអាចទ្រាំបាន?
១៨- ពេលទ្រង់មានបន្ទូល ធ្វើឱ្យព្រឹលទាំងប៉ុន្មាន  
  ទឹកកកគ្រប់ទីស្ថាន រលាយបានជាទឹកអស់
  ធ្វើឱ្យមានទាំងខ្យល់ បោកវិលវល់មិនឈប់សោះ  
  បក់យកទឹកទាំងនោះ ហូរតាមជ្រោះទៅមិនសល់
១៩- ទ្រង់សម្តែងឱ្យពូជ លោកយ៉ាកុបស្តាប់បន្ទូល  
  ក្រឹត្យវិន័យនិមល ឱ្យអ៊ីស្រាអែលបានដឹង
២០- ព្រះអង្គពុំបញ្ជា សព្វកិច្ចការអស់ទាំងហ្នឹង  
  ឱ្យជាតិសាសន៍ផ្សេងដឹង វិន័យទ្រង់នោះសោះឡើយ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ព្រះអម្ចាស់នាំសន្តិភាពមកឱ្យព្រះសហគមន៍ ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើងមាន​ស្រូវ​ដ៏​ល្អៗយ៉ាង​បរិបូណ៌។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)

បន្ទរទី៣ ៖ «ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន‌មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ​ពីស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខមក​ឱ្យ​អ្នក​រាល់​គ្នា» អាលេលូយ៉ា!

១៧ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​មាន​ព្រះ‌ជន្ម​គង់​នៅតាំង​ពី​ដើម​រៀង​មក​ដែរ !
យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​យក​ឫទ្ធា‌នុភាពដ៏​ខ្លាំង​ក្លារបស់​ព្រះ‌អង្គ មក​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ឡើង។
១៨
ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង ហើយ​ពេល​ដែល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ពិរោធក៏​មក​ដល់​ដែរ
គឺ​ជា​ពេល​កំណត់​ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោសមនុស្ស​ស្លាប់។
នៅ​ពេល​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ដល់​ប្រជាជន​ដ៏‌វិសុទ្ធ និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ‌នាម​ព្រះ‌អង្គ
ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ហើយ​ក៏​ជា​ពេល​ដែល​ព្រះ‌អង្គ​ត្រូវ​បំផ្លាញ
អស់​អ្នក​ដែល​បាន​បំផ្លាញ​ផែន‌ដី​ដែរ»។
១០
«ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ
ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យព្រះ‌ជាម្ចាស់​របស់​យើង
ព្រម​ទាំង​អំណាច​ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ក៏​បាន​មក​ដល់​ដែរ
ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង‌ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ
គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង‌ប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់
នៅ​មុខ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​របស់​យើង។
១១
បង‌ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ
ហើយ​បង‌ប្អូន​ទាំង​នោះ​បាន​ស៊ូប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។
១២
ហេតុ​នេះ ស្ថាន​បរម‌សុខ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ
ចូរ​មាន​អំណរ​សប្បាយ​ឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន‌មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ​ពីស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខមក​ឱ្យ​អ្នក​រាល់​គ្នា» អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១០,១៦-១៧)

ពេល​យើង​លើក​ពែង​នៃ​ព្រះ‌ពរ​ឡើង ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ត រីឯ​ពេល​ដែល​យើង​កាច់​នំបុ័ង ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត​ដែរ។ មាន​នំបុ័ង​តែ​មួយ​ប៉ុណ្ណោះ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្តី ក៏​យើង​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពីនំបុ័ង​តែ​មួយ។

បន្ទរ៖ ព្រះអង្គបានប្រទានអាហារពីស្ថានបរមសុខឱ្យពួកគេ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-មនុស្សបានបរិភោគអាហាររបស់ពួកទេវទូត។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេដែល​ប្រកប​ដោយ​ព្រះហឫទ័យសប្បុរស ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណាចំពោះបុត្រធីតាព្រះអង្គ ដោយប្រទានអាហារពីស្ថានបរមសុខឱ្យពួកគេ។ ព្រះ‌អង្គ​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ហើយ​បណ្ដេញ​ពួក​អ្នក​មានឱ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។

ពាក្យអង្វរសកល

ព្រះគ្រីស្តអញ្ជើញមនុស្សទាំងអស់ឱ្យចូលរួមក្នុងពិធីជប់លៀង ដែលព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះអង្គ សម្រាប់ជីវិតមនុស្សលោក។ ចូរយើងទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះគ្រីស្ត ! ព្រះអង្គជាអាហារចុះពីស្ថានបរមសុខ សូមប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ !

បពិត្រព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ! ព្រះអង្គមានព្រះបញ្ជាថា អាហារអរព្រះគុណនេះ ត្រូវធ្វើដើម្បីនឹករលឹកដល់ព្រះអង្គ
—សូមព្រះអង្គពង្រឹងព្រះសហគមន៍ តាមរយៈការប្រារព្ធពិធីដ៏អាថ៌កំបាំងទាំងនេះ។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានបញ្ជាឱ្យពួកបូជាចារ្យព្រះអង្គ ថ្វាយអគ្គសញ្ញាផ្សេងៗ
—សូមឱ្យអគ្គសញ្ញាទាំងនេះ ជួយពួកលោកធ្វើជាឧបករណ៍ក្នុងជីវិតប្រចាំថ្ងៃ អំពីអត្ថន័យនៃគ្រឿងសក្ការៈ ដែលពួកលោកបានប្រារព្ធផង។ (បន្ទរ)

ព្រះគ្រីស្តជាអាហារចុះពីស្ថានបរមសុខ ព្រះអង្គបានធ្វើរូបកាយមួយចេញពីមនុស្សទាំងអស់ ដែលទទួលទានអាហារតែមួយ
—សូមព្រះអង្គធ្វើឱ្យអ្នកជឿសង្ឃឹមលើព្រះអង្គ រីកស្រស់បំព្រងឡើងជាមួយនឹងសេចក្តីសុខសាន្ត និងសុខដុមរមនា។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! តាមរយៈអាហារនេះ ព្រះអង្គបានថ្វាយឱសថសម្រាប់ភាពអមតៈ និងពាក្យសន្យាអំពីការរស់ឡើងវិញនាពេលអនាគត
—សូមព្រះអង្គប្រោសឱ្យអ្នកជំងឺបានជាសះស្បើយ និងផ្តល់សេចក្តីសង្ឃឹមដល់អ្នកបាបផង។ (បន្ទរ)

ព្រះគ្រីស្តជាព្រះមហាក្សត្រនៃយើងដែលកំពុងតែយាងមក ! ព្រះអង្គមានព្រះបញ្ជាឱ្យយើងខ្ញុំប្រកាសពីព្រះអង្គសោយទិវង្គត និងត្រូវធ្វើរហូតដល់ព្រះអង្គយាងមកវិញ —សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលបានស្លាប់ ដោយជឿសង្ឃឹមលើព្រះអង្គ បានរួមចំណែកក្នុងការរស់ឡើងវិញជាមួយព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់ដ៏វិសុទ្ធ ! ព្រះអង្គប្រទានអគ្គសញ្ញានៃព្រះកាយព្រះគ្រីស្ត ទុកជាការនឹករឭកអំពីទុក្ខលំបាករបស់ព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំ ឱ្យយកចិត្តទុកដាក់គោរពអគ្គសញ្ញាដ៏ប្រសើរឧត្តមនេះ ព្រមទាំងទទួលស្គាល់ផលផ្លែនៃការសង្គ្រោះរបស់ព្រះអង្គក្នុងជីវិតយើងខ្ញុំ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។