២ មិថុនា ២០២៦

Written on 18/02/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី៩ ថ្ងៃអង្គារ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ២០

ពាក្យ​ទូល‌អង្វរ​សុំ​ជ័យ‌ជម្នះរបស់ព្រះរាជា

ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការ​សង្រ្គោះ (កក ២,២១)។

បន្ទរទី១ ៖ ព្រះអម្ចាស់នឹងសង្គ្រោះព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។

សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះករុណានៅថ្ងៃមានអាសន្ន
សូមព្រះនាមព្រះរបស់លោកយ៉ាកុបការពារព្រះករុណា

សូមព្រះអង្គជួយព្រះរាជាពីព្រះវិហាររបស់ព្រះអង្គ
សូមព្រះអង្គគាំទ្រព្រះករុណាពីភ្នំស៊ីយ៉ូនមក! ។

សូមឱ្យព្រះអង្គនឹកឃើញតង្វាយទាំងប៉ុន្មានរបស់ព្រះរាជា
សូមឱ្យព្រះអង្គគាប់ព្រះហឫទ័យនឹងយញ្ញបូជា ដែលព្រះករុណាយកមកថ្វាយ។

សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជាតាមប្រាថ្នា
និងធ្វើឱ្យគម្រោងការរបស់ព្រះករុណាបានសម្រេចទាំងអស់។

យើងនឹងអបអរសាទរជ័យជម្នះរបស់ព្រះរាជា
យើងនឹងលើកទង់ជ័យឡើងក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។
សូមព្រះអម្ចាស់សម្រេចតាមសេចក្តីទាំងប៉ុន្មានដែលព្រះរាជាទូលសុំ។

ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា
ព្រះអម្ចាស់សង្គ្រោះព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក
ព្រះអង្គឆ្លើយតបនឹងព្រះរាជាពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខមក
គឺព្រះអង្គប្រទានឱ្យស្តេចមានជ័យជម្នះ ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។

អ្នកខ្លះពឹងផ្អែកលើរទេះចំបាំង អ្នកខ្លះពឹងផ្អែកលើទ័ពសេះ
រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ជាព្រះរបស់យើង។

អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ
រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។
១០
ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះព្រះរាជាឱ្យមានជ័យជម្នះ!
ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់នឹងសង្គ្រោះព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។

ទំនុកតម្កើងលេខ ២១,២-៨.១៤

ពាក្យ​អរ​ព្រះ‌គុណ​ចំពោះ​ជ័យ‌ជម្នះរបស់ព្រះរាជា

ព្រះអង្គបានទទួលជីវិត ហេតុដូច្នេះ ព្រះអង្គអាចក្រោកឡើងពីសេចក្តីស្លាប់
ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច (សន្តហ៊ីលឡារី)។

បន្ទរទី២ ៖ ឱ​ព្រះអម្ចាស់​អើយ! យើង​ខ្ញុំ​សូម​ច្រៀង និង​ស្មូត​លើកតម្កើងឫទ្ធានុភាព​របស់​ព្រះអង្គ!។

(បទកាកគតិ)

២- បពិត្រព្រះម្ចាស់ រាជាអរណាស់ ព្រោះតែឫទ្ធា
  នុភាពព្រះអង្គ ដែលជួយការពារ ឱ្យព្រះករុណា
    មានជោគមានជ័យ
៣- ព្រះអង្គប្រទាន ឱ្យរាជាបាន ទទួលអ្វីៗ
  ទ្រង់មិនបដិសេធ ពាក្យអង្វរស្តី ទៅតាមព្រះទ័យ
    របស់រាជា
៤- ព្រះអង្គប្រទាន ពរជ័យឱ្យមាន ដល់ស្តេចគ្រប់គ្រា
  ទ្រង់ពាក់មកុដមាស ពីលើសិរសា នៃព្រះករុណា
    រុងរឿងប្រណីត
៥- រាជាទូលសូម ព្រះអង្គក៏ព្រម ប្រទានជីវិត
  ឱ្យព្រះករុណា ព្រះជន្មវែងពិត ដោយគ្មានកម្រិត
    អង្វែងឥតស្រាន្ត
៦- ដោយព្រះអម្ចាស់ មានជ័យជម្នះ រាជាក៏បាន
  ទទួលសិរី រុងរឿងថ្កើងថ្កាន អម្ចាស់ប្រទាន
    ថ្លៃថ្លាឧត្តម
៧- ព្រះអង្គតែងតាំង រាជាឱ្យនាំ ព្រះពរសក្តិសម
  ទ្រង់គង់ជាមួយ រាជារឹងមាំ ហើយមានទាំងព្រម
    អំណរបរិបូណ៌
៨- រាជាផ្អែកពឹង បង្អែកពំនឹង គ្មានចិត្តផ្លាស់ប្តូរ
  ហឫទ័យស្មោះត្រង់ បរិសុទ្ធហែហូរ ព្រះរាជ្យយឺនយូរ
    ឥតមានរង្គោះ
១៤- ឱព្រះអម្ចាស់ សូមមេត្តាប្រោស កុំផ្ទំទៀតអី
  មេត្តាតើនឡើង សម្តែងបារមី ខ្ញុំច្រៀងបទថ្វាយ
    តម្កើងព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ឱ​ព្រះអម្ចាស់​អើយ! យើង​ខ្ញុំ​សូម​ច្រៀង និង​ស្មូត​លើកតម្កើងឫទ្ធានុភាព​របស់​ព្រះអង្គ!។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)

ទំនុកតម្កើងនៃអ្នកទទួលការសង្រ្គោះ

បន្ទរទី៣ ៖ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង
ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី”។
១២
“កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ​
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ៣,១-២)

សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់​កម្រិតណា គឺ​ព្រះអង្គ​ស្រឡាញ់យើងរហូតដល់ទៅហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ ហើយ​យើង​ពិតជាបុត្រធីតារបស់ព្រះអង្គមែន!​ កូនចៅជាទីស្រឡាញ់អើយ! ពេល​នេះ​ យើង​ទាំង​អស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅ​ជាយ៉ាង​ណាៗ​នោះ ព្រះអង្គពុំទាន់សម្តែងឱ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅ​ពេល​ព្រះគ្រីស្ត​យាង​មក​ដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើង​នឹងឃើញ​ព្រះអង្គ​យ៉ាងនោះ។

បន្ទរ ៖ ឱ​ព្រះ‌អម្ចាស់​អើយ! *ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ បន្ទរឡើងវិញ៖…
-ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជាអង្វែង​តរៀង​ទៅ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ។

ពាក្យអង្វរសកល

ចូរយើងលើកតម្កើងព្រះគ្រីស្តជាអម្ចាស់ ដែលមានព្រះជន្មគង់នៅក្នុងចំណោមយើងខ្ញុំ គឺប្រជារាស្រ្តដែលព្រះអង្គបានប្រោសលោះ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ​ផង។

បពិត្រព្រះអម្ចាស់ ! ជាព្រះមហាក្សត្រដែលគ្រងរាជ្យលើប្រជាជាតិទាំង​ឡាយ សូមព្រះអង្គគង់នៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គ និងរដ្ឋាភិបាលនានា
—សូមព្រះអង្គបំភ្លឺចិត្តគំនិតពួកគេឱ្យចេះស្វែងរកអ្វីដែលល្អ ដោយអនុវត្តតាមច្បាប់របស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គរំដោះអស់អ្នកដែលជាប់ឃុំឃាំង ឱ្យរួចចាកផុតពីទុក្ខលំបាក ទាំង​ផ្លូវ​កាយ​ និងផ្លូវចិត្ត
—ហើយសូមព្រះអង្គប្រទាននូវសេរីភាពដល់បុត្រធីតារបស់​ព្រះជាម្ចាស់​ផង។ (បន្ទរ)

សូមព្រះអង្គប្រទានសេចក្តីក្លាហាន និងកម្លាំងមាំមួនដល់យុវជនទាំងឡាយ
—ហើយសូមឱ្យពួកគេដើរតាមការត្រាស់ហៅរបស់ព្រះអង្គដោយចិត្តសប្បុរសផង។ (បន្ទរ)

សូមឱ្យកូនៗរបស់យើងខ្ញុំយកតម្រាប់តាមគំរូរបស់ព្រះអង្គ
—ហើយសូមឱ្យ​ពួកគេ​ចម្រើនឡើងក្នុងព្រះប្រាជ្ញាញាណ និងព្រះហឫទ័យប្រណីសន្តោស។ (បន្ទរ)

សូមព្រះអង្គទទួលបងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះទៅហើយ ឱ្យបាន​ចូល​ទៅក្នុងព្រះរាជ្យរបស់ព្រះអង្គអស់កល្បជានិច្ច
—ជាកន្លែង​ដែលយើងខ្ញុំសង្ឃឹមថា នឹងបានសោយរាជ្យរួមជាមួយព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំសូមអរ​ព្រះគុណ​ព្រះអង្គ​ ដែលបានថែរក្សាយើងខ្ញុំឱ្យមានសុវត្ថិភាពរហូតដល់ល្ងាចនេះ។ យើង​ខ្ញុំ​សូម​បន្ទាប​ខ្លួនទូលអង្វរ ដោយសង្ឃឹមថា​ ការអធិដ្ឋានដែលយើងខ្ញុំប្រណមដៃឡើង អាច​ជា​តង្វាយ​ដ៏គាប់ព្រះហឫទ័យរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។