បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
បន្ទរទី១៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅពាសពេញលើផែនដីទាំងមូល អាលេលូយ៉ា!
| ១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាព្រះអម្ចាស់របស់ខ្ញុំដូចតទៅនេះ ៖ «សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ |
| ២ | សូមព្រះជាអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ដ្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា : «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅពាសពេញលើផែនដីទាំងមូល អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១១៤
បន្ទរទី២៖ ឱព្រះជាម្ចាស់អើយ ! សូមប្រទានកម្លាំងរបស់ព្រះអង្គឱ្យយើងខ្ញុំពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ដែលស្ថិតនៅលើក្រុងយេរូសាឡឹម ហើយសូមព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គក្នុងយើងខ្ញុំ អាលេលូយ៉ា!
(បទពាក្យ ៧)
| ១- | ពេលអ៊ីស្រាអែលបានចាកចេញ | ពីអេស៊ីបវិញហើយពេលនោះ | |
| ពូជពង្សយ៉ាកុបចេញទាំងអស់ | ពីដីបរទេសមិនសល់នៅ | ។ | |
| ២- | ឯប្រជាជនជាតិយូដា | បានក្លាយទៅជាឥតហ្មងសៅ | |
| ជាប្រជាជាតិមិនអាស្រូវ | វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ | ។ | |
| ៣- | ពេលទឹកសមុទ្រឃើញពួកគេ | តក់ស្លុតម៉េ្លះទេមិនរេរង់ | |
| គេចខ្លួនថយទៅមិនបង្អង់ | ទាំងយ័រដាន់ផងក៏ថយដែរ | ។ | |
| ៤- | ភ្នំធំភ្នំតូចភ្នំទាំងអស់ | នៅមិនស្ងៀមសោះដូចពពែ | |
| លោតទៅលោតមកមិនឈប់ទេ | ភ្នំតូចលោតដែរដូចកូនចៀម | ។ | |
| ៥- | ឱសមុទ្រអើយម្តេចក៏អ្នក | រត់គេចជាជាក់ទៅនៅស្ងៀម | |
| អ្នកធ្លាប់រលកបោករវាម | ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ? | ។ | |
| ឱទឹកទន្លេយ័រដាន់អើយ | ពេលនេះម្តេចឡើយរត់លឿនម៉េ្លះ | ||
| ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ | តើរឿងទាំងនេះមកពីអ្វី? | ។ | |
| ៦- | ភ្នំអើយម្តេចអ្នកមិនឈប់លោត | ផ្លាស់ប្តូររហូតដូចសត្វព្រៃ | |
| ភ្នំតូចតើអ្នកលោតព្រោះអ្វី | មិនស្គាល់យប់ថ្ងៃមិនសម្រាក | ។ | |
| ៧- | ឱផែនដីអើយចូររីករាយ | ត្រេកអរសប្បាយចំពោះភក្ត្រ | |
| ព្រះជាអម្ចាស់របស់អ្នក | និងចំពោះភក្ត្រព្រះយ៉ាកុប | ។ | |
| ៨- | គឺទ្រង់បានធ្វើឱ្យសិលា | ប្រែក្លាយទៅជាបឹងសាយសព្វ | |
| ឱ្យថ្មប្រែក្លាយជាប្រភព | ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ឱព្រះជាម្ចាស់អើយ ! សូមប្រទានកម្លាំងរបស់ព្រះអង្គឱ្យយើងខ្ញុំពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ដែលស្ថិតនៅលើក្រុងយេរូសាឡឹម ហើយសូមព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គក្នុងយើងខ្ញុំ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-៧)
បន្ទរទី៣៖ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា អាលេលូយ៉ា!
| ១ | បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជា មានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖ «អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
| ២ | ដ្បិតព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ ព្រះអង្គបានវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឱ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ព្រះអង្គបានដាក់ទោសស្ត្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ព្រះអង្គ»។ |
| ៣ | មហាជនទាំងនោះពោលម្ដងទៀតថា៖ «អាលេលូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។ |
| ៤ | ពួកព្រឹទ្ធាចារ្យទាំងម្ភៃបួនរូប និងសត្វមានជីវិតទាំងបួន ក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! អាលេលូយ៉ា!»។ |
| ៥ | មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។ |
| ៦ | ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «អាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
| ៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,៣-៦)
ចូរយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្ដីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។ ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ។ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។
បន្ទរ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅពាសពេញលើផែនដីទាំងមូល *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គធ្វើឱ្យអ្វីៗទាំងអស់ភ្ជាប់ជាមួយគ្នាយ៉ាងស្អិតល្មួត ហេតុនេះហើយបានជាព្រះអង្គជ្រាបពាក្យសម្ដីទាំងអស់ដែលមនុស្សនិយាយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ នៅថ្ងៃនេះ យើងខ្ញុំប្រារព្ធបុណ្យព្រះវិញ្ញាណយាងមក អាលេលូយ៉ា!។ នៅថ្ងៃនេះ ព្រះវិញ្ញាណដ៏វិសុទ្ធបានបង្ហាញខ្លួននៅចំពោះមុខក្រុមគ្រីស្តទូត នៅក្នុងអណ្តាតភ្លើង និងបានប្រទានព្រះអំណោយខាងវិញ្ញាណរបស់ព្រះអង្គ ឱ្យទៅពួកគេ។ ព្រះអង្គបានចាត់ពួកគេឱ្យទៅប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូល និងដើម្បីប្រកាសថា អ្នកណាដែលជឿ ហើយទទួលពិធីជ្រមុជទឹក នឹងទទួលការសង្រ្គោះ អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះជាម្ចាស់ជាព្រះបិតាបានប្រមែប្រមូលព្រះសហគមន៍របស់ព្រះអង្គឱ្យទៅជាធ្លុងតែមួយ តាមរយៈព្រះគ្រីស្ត។ ចូរយើងទូលសូមព្រះអង្គ ដោយអំណរសប្បាយថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកក្នុងព្រះសហគមន៍ !
បពិត្រព្រះអម្ចាស់ ! ព្រះអង្គសព្វព្រះទ័យឱ្យគ្រីស្តបរិស័ទទាំងអស់ដែលមានអគ្គសញ្ញាជ្រមុជទឹកតែមួយ រួមគ្នាជាអង្គតែមួយក្នុងព្រះវិញ្ញាណ
—សូមព្រះអង្គប្រោសឱ្យគ្រីស្តបរិស័ទទាំងអស់ មានចិត្តថ្លើមតែមួយផង។ (បន្ទរ)
ព្រះអង្គសព្វព្រះទ័យឱ្យពិភពលោកទាំងមូល ពោរពេញទៅដោយព្រះវិញ្ញាណ
—សូមព្រះអង្គជួយដល់មនុស្សជាតិ ឱ្យចេះកសាងពិភពលោកមួយប្រកបដោយសេចក្តីសុខសាន្ត និងយុត្តិធម៌ផង។ (បន្ទរ)
បពិត្រព្រះជាអម្ចាស់ជាព្រះបិតានៃមនុស្សគ្រប់ជាតិសាសន៍ ! ព្រះអង្គសព្វព្រះទ័យប្រមូលផ្តុំបុត្រធីតាព្រះអង្គដែលខ្ចាត់ខ្ចាយ ឱ្យរួមគ្នាក្នុងជំនឿតែមួយ
—សូមព្រះអង្គបំភ្លឺពិភពលោក ដោយព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)
តាមរយៈព្រះវិញ្ញាណ ព្រះអង្គធ្វើឱ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មី
—សូមព្រះអង្គមេត្តាព្យាបាលអ្នកជំងឺ លួងលោមអ្នកបាក់ទឹកចិត្ត និងប្រទានការសង្រ្គោះឱ្យមនុស្សទាំងអស់ផង។ (បន្ទរ)
ដោយសារព្រះវិញ្ញាណ ព្រះអង្គបានលើកព្រះបុត្រាឱ្យតើនឡើងពីចំណោមមនុស្សស្លាប់
—សូមព្រះអង្គលើករូបកាយរបស់មរណបុគ្គល ឱ្យចូលក្នុងជីវិតអស់កល្បជានិច្ចផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់ ! ព្រះអង្គប្រោសឱ្យយើងខ្ញុំប្រារព្ធពិធីបុណ្យដ៏ឱឡារិកនេះ និងប្រទានឱ្យព្រះសហគមន៍នៅគ្រប់ទីកន្លែងបានវិសុទ្ធ។ សូមព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធមកលើផែនដីទាំងមូល។ សូមឱ្យព្រះហឫទ័យប្រណីសន្តោស ដែលបានណែនាំការប្រកាសដំណឹងល្អកាលពីដើម បន្តណែនាំយើងខ្ញុំជាអ្នកជឿសព្វថ្ងៃនេះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!

