រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃព្រហស្បតិ៍
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១៣២
ព្រះអម្ចាស់មានព្រះបន្ទូលសន្យាជាមួយព្រះបាទដាវីឌ
ព្រះជាម្ចាស់នឹងតាំងបុត្រនោះ ឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ (លក ១,៣២)។
បន្ទរទី១ ៖ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ អាលេលូយ៉ា!
(ក)
| ១ | ឱព្រះអម្ចាស់អើយ! សូមនឹកដល់ព្រះបាទដាវីឌ និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។ |
| ២ | ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់ គឺទ្រង់បានសន្យាជាមួយព្រះដ៏មានព្រះចេស្តារបស់លោកយ៉ាកុបថា ៖ |
| ៣ | “ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ ទូលបង្គំនឹងមិនឡើងទៅដេកនៅលើគ្រែទូលបង្គំទេ |
| ៤ | ទូលបង្គំមិនព្រមបិទភ្នែក ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ |
| ៥ | ដរាបណាទូលបង្គំពុំទាន់រកកន្លែងថ្វាយព្រះអង្គបាន ដរាបណាទូលបង្គំពុំទាន់រកព្រះដំណាក់ថ្វាយព្រះដ៏មានចេស្តារបស់លោកយ៉ាកុបបានទេនោះ!” ។ |
| ៦ | យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា យើងបានរកឃើញហិបនេះនៅតំបន់យ៉ាអារ។ |
| ៧ | ចូរយើងនាំគ្នាចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ចូរយើងក្រាបនៅទាបព្រះបាទារបស់ព្រះអង្គ! |
| ៨ | ឱព្រះអម្ចាស់អើយ! សូមតើនឡើង សូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ ហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតរៀងទៅ។ |
| ៩ | សូមឱ្យអស់លោកបូជាចារ្យរបស់ព្រះអង្គប្រព្រឹត្តអំពើសុចរិតជានិច្ច សូមឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ស្រែកហ៊ោរឡើងយ៉ាងសប្បាយ! |
| ១០ | ដោយយល់ដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ សូមកុំបោះបង់ចោលស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេកនេះឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ អាលេលូយ៉ា!
បន្ទរទី២ ៖ មានតែព្រះគ្រីស្តមួយគត់ ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រ ធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា អាលេលូយ៉ា!
(ខ)
(បទព្រហ្មគីតិ)
| ១១- | ព្រះអង្គបានសន្យា | នឹងស្តេចដាវីឌល្អឯក | |
| យើងនឹងតែងតាំងពូជ | ឱ្យគ្រងរាជ្យជាបន្ត | ។ | |
| ១២- | ប្រសិនបើបុត្រអ្នក | កាន់បានជាក់សម្ពន្ធល្អ | |
| មេត្រីយើងតៗ | ហើយធ្វើតាមយើងប្រដៅ | ។ | |
| នោះពូជគេនឹងបាន | ល្អថ្កើងថ្កានមិនអាស្រូវ | ||
| ឡើងគ្រងរាជ្យតទៅ | តកូនចៅឥតស្រាកស្រាន្ត | ។ | |
| ១៣- | ព្រះអម្ចាស់បានជ្រើស | ពិនិត្យរើសក្រុងថ្កើងថ្កាន | |
| ជាទីល្អចំណាន | ស៊ីយ៉ូនបានជាលំនៅ | ។ | |
| ១៤- | យើងនឹងស្នាក់សម្រាក | រហូតជាក់មិនចេញទៅ | |
| ចង់រស់ស្ថិតនិត្យនៅ | កន្លែងនេះមិនទៅណា | ។ | |
| ១៥- | យើងនឹងប្រទានពរ | ក្រុងបវរតាមត្រូវការ | |
| ឱ្យអ្នកខ្សត់វេទនា | មានអាហារមិនខ្វះទេ | ។ | |
| ១៦- | យើងនឹងសង្គ្រោះក្រុង | ឱ្យរឿងរុងល្អឡើងទ្វេ | |
| ដោយបូជាចារ្យគេ | ឱ្យរាស្ត្រហ៊ោរអរអនេក | ។ | |
| ១៧- | ទីនេះយើងឱ្យស្តេច | មានអំណាចខ្ពស់ពន់ពេក | |
| កើតចេញមកពីពូជ | នៃដាវីឌដ៏ខ្លាំងក្លា | ។ | |
| យើងនឹងរៀបចំឱ្យ | ស្តេចអង្គក្រោយមានចេស្តា | ||
| គ្រងរាជ្យយូរវស្សា | ជំនួសស្តេចយើងអភិសេក | ។ | |
| ១៨- | យើងនឹងធ្វើឱ្យខ្មាំង | បាក់មុខខ្លាំងខ្មាសពន់ពេក | |
| តែយើងនឹងឱ្យរាជ្យ | របស់គេបានថ្កុំថ្កើង | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ មានតែព្រះគ្រីស្តមួយគត់ ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រ ធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨ និង ១២,១០-១២)
ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹងព្រះអង្គបាន? តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ អាលេលូយ៉ា!
| ១៧ | “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
| ១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញអស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។ |
| ១០ | ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា ៖ “ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
| ១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។ |
| ១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ! ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹងព្រះអង្គបាន? តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៦,១៩-២០)
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលប់ ដើម្បីលោះបងប្អូន។ ហេតុនេះ ចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
បន្ទរ៖ ព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាព្រះដ៏ជួយការពារ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ...
-ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឱ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឱ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក ព្រមទាំងមានព្រះបន្ទូលប្រាប់ឱ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ ដែលត្រូវកើតមាននៅថ្ងៃមុខផង អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តជាព្រះជាម្ចាស់ សូមលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ចូរយើងទូលសូមព្រះអង្គ ឱ្យចាត់ព្រះវិញ្ញាណដ៏វិសុទ្ធយាងមកសណ្ឋិតលើអស់អ្នកដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទតមើលមកអស់អ្នកដែលព្រះអង្គបានលោះ ដោយក្តីអនុគ្រោះ !
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចាត់ព្រះវិញ្ញាណនៃការរួបរួមគ្នាមកក្នុងព្រះសហគមន៍
—ដើម្បីដកយកការបែកបាក់គ្នា ការស្អប់ខ្ពើម និងការបែងចែកវណ្ណៈ ប្រកាន់ពូជសាសន៍ ពណ៌សប្បុរនោះចេញ។ (បន្ទរ)
ព្រះអង្គបានដោះលែងអស់អ្នកដែលត្រូវមារសង្កត់សង្កិន
—សូមព្រះអង្គរំដោះពិភពលោកឱ្យរួចពីសេចក្តីអាក្រក់ទាំងឡាយផង។ (បន្ទរ)
ព្រះអង្គបានអធិដ្ឋាន និងដឹកនាំដោយព្រះវិញ្ញាណ ដើម្បីចាប់ផ្តើមព័ន្ធកិច្ចរបស់ព្រះអង្គ
—សូមឱ្យលោកបូជាចារ្យស្វែងរកការអធិដ្ឋាន ដែលដឹកនាំដោយព្រះវិញ្ញាណ ដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ (បន្ទរ)
សូមព្រះវិញ្ញាណព្រះអង្គណែនាំមនុស្សទាំងអស់ តាមរយៈអាជ្ញាធរ
—ដើម្បីស្វែងរកផលប្រយោជន៍រួម។ (បន្ទរ)
ព្រះអង្គគង់នៅក្នុងសិរីរុងរឿងនៃព្រះបិតា
—សូមទ្រង់ព្រះមេត្តាកោះហៅអស់អ្នកដែលបានលាចាកលោកនេះទៅហើយ ឱ្យចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា ! សូមឱ្យព្រះវិញ្ញាណព្រះអង្គយាងមកសណ្ឋិតលើ យើងខ្ញុំដោយឫទ្ធានុភាព ដើម្បីឱ្យយើងខ្ញុំពោរពេញដោយព្រះអំណោយទានព្រះអង្គ។ សូមព្រះវិញ្ញាណធ្វើឱ្យដួងចិត្តយើងខ្ញុំបានគាប់ព្រះហឫទ័យព្រះអង្គ និងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើតាមព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

