១០ ឧសភា ២០២៦

Written on 02/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៦ ថ្ងៃអាទិត្យ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ ព្រះអង្គ​បាន​ប្រោស​ព្រះ‌គ្រីស្ត​ឱ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ឱ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ អាលេលូយ៉ា!

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។

សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គ​បាន​ប្រោស​ព្រះ‌គ្រីស្ត​ឱ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ឱ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១១៥

សូមលើកតម្កើងព្រះជាម្ចាស់ដ៏ពិតប្រាកដ

មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ
បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ (១ថស ១,៩)។

បន្ទរទី២៖ បងប្អូនបានលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ អាលេលូយ៉ា!

(បទកាកគតិ)

១- បពិត្រព្រះម្ចាស់ ខ្ញុំមិនគួរសោះ ឱ្យគេតម្កើង
  មានតែព្រះអង្គ ទើបត្រូវលើកឡើង ឱ្យខ្ពស់ថ្កុំថ្កើង
    ព្រោះទ្រង់សប្បុរស
២- ម្តេចក៏ប្រជា គ្រប់ជាតិនានា នាំគ្នាសួរស្រុះ
  មកយើងខ្ញុំថា "ពួកឯងទាំងអស់ តើព្រះឯងនោះ
    ស្ថិតនៅឯណា? "
៣- ព្រះរបស់ខ្ញុំ នៅទីបរម សុខឥតឧបមា
  ទ្រង់សព្វព្រះទ័យ ធ្វើកិច្ចអស្ចារ្យ អ្វីសព្វប្រការ
    បានឥតមានទាស់
៤- ឯព្រះពួកអ្នក ប្រាកដជាជាក់ ព្រះក្លែងក្លាយស្មោះ
  ខ្លះធ្វើពីឈើ គគីរកកោះ ពីប្រាក់ពីមាស
    ជាព្រះមនុស្សច្នៃ
៥- ព្រះនោះមានមាត់ និយាយមិនកើត មិនដែលចេញស្តី
  តាមតែជាងឆ្លាក់ ដាក់មកធ្វើអ្វី ភ្នែកឥតប្រស្រី
    មើលអ្វីមិនបាន
៦- រីឯត្រចៀក មានប្រាកដជាក់ តែមិនចំណាន
  ព្រោះស្តាប់មិនកើត មិនដឹងដើមដាន ច្រមុះដែលមាន
    តែមិនដឹងក្លិន
៧- មានសព្វទាំងដៃ តែមិនអាចលៃ ប៉ះពាល់ឬកាន់
  មានជើងនៅស្ងៀម ព្រោះដើរមិនបាន បំពង់កមាន
    តែគ្មានសំឡេង
៨- សូមឱ្យអស់អ្នក ដែលបានដាប់ឆ្លាក់ រូបព្រះនោះឯង
  ហើយផ្ញើជីវិត គ្មានគិតកោតក្រែង ឱ្យគេចំបែង
    ដូចព្រះទាំងនោះ
៩- អ៊ីស្រាអែលអើយ ចូរកុំកន្តើយ ជីវិតផ្ញើព្រះ
  នោះទ្រង់នឹងជួយ អ្នកបានទាំងអស់ ជាខែលគ្រឿងក្រោះ
    ពាំងអ្នករាល់គ្នា
១០- ពូជពង្សរបស់ អរ៉ុនទាំងអស់ ចូរអ្នកម្នីម្នា
  ផ្ញើជន្មជីវ៉ា លើព្រះនាមា ទ្រង់នឹងការពារ
    ឱ្យអ្នកបានសុខ
១១- អ្នកដែលកោតខ្លាច ព្រះមានអំណាច នឹងមិនជួបទុក្ខ
  បើផ្ញើជីវិត អ្នកនឹងបានសុខ ពីនេះទៅមុខ
    ផុតទុក្ខល្ហើយល្ហែ
១២- ព្រះមិនបំភ្លេច សូម្បីតួចតិច ដល់ពួកយើងទេ
  ព្រះអង្គឱ្យពរ យើងកើនឡើងទ្វេ អ៊ីស្រាអែលដែរ
    និងលោកអរ៉ុន
១៣- ព្រះអង្គប្រទាន ពរទាំងអ្នកមាន អ្នកតូចអ្នកធំ
  ដែលចេះកោតខ្លាច ក្រាបថ្វាយបង្គំ យកព្រះជាធំ
    ជាម្លប់ថ្លៃថ្លា
១៤- សូមព្រះប្រទាន ពរនោះឱ្យមាន ដល់អ្នករាល់គ្នា
  បានចម្រើនឡើង គ្រប់ពេលវេលា បានសុខរមនា
    កូនចៅប្រុសស្រី
១៥- សូមអ្នកទទួល កុំបីអំពល់ ពីម្ចាស់មេឃដី
  ទ្រង់ប្រទានពរ បវរសួស្តី ព្រះអម្ចាស់ថ្លៃ
    ជាព្រះយើងពិត
១៦- ផ្ទៃមេឃផែនដី សន្លឹមអន្លាយ គឺជាកម្មសិទ្ធ
  របស់ព្រះម្ចាស់ តែមួយអង្គគត់ ព្រះអង្គអាណិត
    ឱ្យដីមកមនុស្ស
១៧- មនុស្សស្លាប់ជាខ្មោច មានក្លិនអសោច៍ ពុំអាចថ្កើងយស
  អស់អ្នកដែលចុះ ទៅស្ថានក្រោមនោះ ក៏ពុំមានឈ្មោះ
    តម្កើងសិរី
១៨- គឺយើងនេះហើយ គ្មានអ្នកផ្សេងឡើយ ដែលរស់លើដី
  បានលើកតម្កើង ព្រះអង្គរាល់ថ្ងៃ ឥតមានសំចៃ
    ជារៀងរហូត
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ បងប្អូនបានលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

វិវាហមង្គលការកូនចៀម

បន្ទរទី៣៖ អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព អាលេលូយ៉ា!

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព

ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌
អាលេលូយ៉ា!

អាលេលូយ៉ា!
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។
អាលេលូយ៉ា!

អាលេលូយ៉ា!
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ

យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១០,១២-១៤)

រីឯ​ព្រះ‌គ្រីស្ត​វិញ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។ ឥឡូវ​នេះ ព្រះ‌អង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ឱ្យចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះ‌អង្គ។ ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រីស្ត​ធ្វើឱ្យអស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រោសឱ្យវិសុទ្ធហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ «អ្នក​ណា​ស្រឡាញ់ខ្ញុំ អ្នក​នោះ​នឹង​ប្រតិ‌បត្តិតាម​ពាក្យ​ខ្ញុំ។ ព្រះ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះ‌បិតា និង​ខ្ញុំ ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះជាម្ចាស់ជាព្រះបិតាបានលើកព្រះយេស៊ូឡើងពីចំណោមមនុស្សស្លាប់ ហើយលើកតម្កើងព្រះអង្គឱ្យអង្គុយនៅខាងស្តាំព្រះបិតា។ ចូរយើងទូលអង្វរព្រះបិតាថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គទតមកប្រជារាស្រ្តព្រះអង្គ តាមរយៈព្រះគ្រីស្តក្នុងសិរីរុងរឿង !

ឱព្រះបិតាដ៏សុចរិត! ព្រះអង្គបានលើកព្រះយេស៊ូឡើងទៅលើផែនដី តាមរយៈជ័យជម្នះនៃឈើឆ្កាង
—សូមឱ្យអ្វីៗគ្រប់យ៉ាងត្រូវលើកឡើងក្នុងព្រះអង្គដែរ។ (បន្ទរ)

សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ មកសណ្ឋិតលើព្រះសហគមន៍ តាមរយៈព្រះបុត្រាក្នុងសិរីរុងរឿង
—ដើម្បីឱ្យព្រះសហគមន៍ធ្វើជាអគ្គសញ្ញានៃការរួបរួមគ្នា សម្រាប់មនុស្សជាតិទាំងមូល។ (បន្ទរ)

ព្រះអង្គបាននាំក្រុមគ្រួសារថ្មីមួយឆ្លងកាត់នៅក្នុងទឹក និងព្រះវិញ្ញាណដ៏វិសុទ្ធ
—សូមព្រះអង្គថែរក្សាពួកគេឱ្យមានចិត្តស្មោះត្រង់ចំពោះអគ្គសញ្ញាជ្រមុជទឹក និងនាំពួកគេឱ្យមានជីវិតអស់កល្បជានិច្ច។ (បន្ទរ)

តាមរយៈព្រះបុត្រាដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គជួយដល់អស់អ្នកដែលមានទុក្ខព្រួយ អ្នកជាប់ជាឈ្លើយឱ្យមានសេរីភាព ហើយព្យាបាលអ្នកជំងឺឱ្យបានជា
—និងពិភពលោកបានទទួលនូវអំណរសប្បាយ ដោយការប្រទានពររបស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានចិញ្ចឹមបងប្អូនយើងខ្ញុំដែលបានទទួលមរណភាពទៅហើយ ដោយព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត ដែលមានព្រះជន្មរស់ឡើងវិញ
—សូមព្រះអង្គប្រោសពួកគេឱ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គសព្វព្រះហឫទ័យបង្រួបបង្រួមមនុស្សលោក ដែលបាក់បែកគ្នាឱ្យចូលរួមជាមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកណែនាំយើងខ្ញុំ ឱ្យរស់នៅសមនឹងឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។